សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងពលរដ្ឋ ព្រមទាំងព្រះសង្ឃប្រមាណ ១០០អង្គ/នាក់ បានប្រមូលផ្តុំ និងដាក់ញត្តិទៅក្រសួងការបរទេសកម្ពុជា ស្នើឱ្យមានការអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឱ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមជាង១០អង្គ/នាក់ ដែលកំពុងជាប់ឃុំនៅប្រទេសវៀតណាម។
ការប្រមូលផ្តុំនេះ បានធ្វើឡើងនៅវត្តសាមគ្គីរង្ស៊ី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា ការប្រមូលផ្តុំដោយសន្តិវិធីនេះ ធ្វើឡើងក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមចំនួន ១៣អង្គ/នាក់ ដែលកំពុងជាប់ឃុំនៅវៀតណាម ឱ្យមានសេរីភាពវិញ ខណៈលោកថា ការចាប់ពួកគាត់ឃុំខ្លួននោះ ជារឿងអយុត្តិធម៌។
លោកថ្លែងថា៖ «ការចាប់ខ្លួននេះ មានការផ្ដន្ទាទោសដាក់ពន្ធនាគារ គឺវាផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្ស។ គេអនុលោមទៅតាមច្បាប់របស់គេមែន ប៉ុន្តែច្បាប់ហ្នឹងវាមិនមានលក្ខណៈទូលំទូលាយ នៅក្នុងការផ្ដល់សិទ្ធិសេរីភាពដល់ជនជាតិដើមដែលជាខ្មែរក្រោមជាដើម។ អ៊ីចឹងទៅ យើងគិតថា ជារឿងភាពអយុត្តិធម៌មួយសម្រាប់ពួកគាត់ ហើយនៅក្នុងដំណាក់កាលនៃសវនាការជំនុំជម្រះហ្នឹង ក៏មិនមានមេធាវីសម្រាប់ការពារពួកគាត់ អាហ្នឹងជារឿងអយុត្តិធម៌មួយដែលមិនអាចទទួលយកបាន»។
ក្រៅពីនោះ លោកថា ការប្រមូលផ្តុំ និងដាក់ញត្តិនេះ ក៏ជាការស្នើដល់អង្គការសហប្រជាជាតិ ជំរុញទៅរដ្ឋាភិបាលវៀតណាម ឱ្យគោរពសិទ្ធិមនុស្ស ជាពិសេសពលរដ្ឋខ្មែរកម្ពុជាក្រោម ពីព្រោះប្រទេសវៀតណាម នឹងរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន ទៅអង្គការសហប្រជាជាតិ នៅខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។
លោក សឺន ជុំជួន សង្ឃឹមថា៖ «អង្គការសហប្រជាជាតិ នឹងលើកបញ្ហារបស់យើងដាក់ទៅរាជរដ្ឋាភិបាលវៀតណាម ដើម្បីឱ្យរាជរដ្ឋាភិបាលរៀតណាម គោរពសិទ្ធិមនុស្សមកលើខ្មែរក្រោម ហើយនឹងបន្ធូរបន្ថយនូវការរឹតត្បិតសិទ្ធិសេរីភាពផ្សេងៗមកលើខ្មែរក្រោម»។
លោក ថាច់ ចន្ទ្រា ជាប្រជាពលរដ្ឋម្នាក់ដែលបានចូលរួមសម្ដែងមតិ នៅព្រឹកមិញដែរនោះ មានប្រសាសន៍ថា ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរស់នៅប្រទេសវៀតណាម បានរងនូវការធ្វើទុក្ខបុកម្នេញ និងរឹតត្បិតសេរីភាពផ្សេងៗ ពីសំណាក់អាជ្ញាធរវៀតណាម។ ករណីនេះ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាស្ថានទូតនានាប្រចាំនៅប្រទេសវៀតណាម ជួយជំរុញ និងដាក់សម្ពាធទៅលើរដ្ឋាភិបាលវៀតណាម ដើម្បីឱ្យមានដំណោះស្រាយទៅលើបញ្ហាចាប់ខ្លួនពលរដ្ឋ និងព្រះសង្ឃកម្ពុជាក្រោមនេះ។
លោកថា៖ «វាអាស្រ័យលើរដ្ឋាភិបាល[កម្ពុជា] ធ្វើការទូតជាមួយរដ្ឋាភិបាលវៀតណាម ទី១។ ទី២ វាអាស្រ័យលើក្រសួងការបរទេសហ្នឹង គាត់ដាក់ញត្តិទៅដល់ស្ថានទូត ស្ថានកុងស៊ុលបរទេសនៅស្រុកខ្មែរ ដើម្បីដាក់គំនៀបឱ្យរដ្ឋាភិបាលវៀតណាម ហើយប្រសិនជាពួកគាត់ជួយអាហ្នឹង ខ្ញុំមានសង្ឃឹម ដោយសារថារដ្ឋាភិបាលវៀតណាម ក៏មិនមែននៅក្រៅសង្វៀនច្បាប់នៅក្នុងសហគមន៍អន្តរជាតិ។ ខ្ញុំគិតថា ការទូតទាំងអស់ហ្នឹង អាចគាបសង្កត់រដ្ឋាភិបាលវៀតណាមកាន់តែខ្លាំងទៅ ពួកគាត់នឹងចូលរួមដោះស្រាយយើងហើយ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានទេ នៅរសៀលថ្ងៃទី២៤ ខែមេសានេះ។
ការប្រមូលផ្តុំ និងដាក់ញត្តិរបស់ពលរដ្ឋ ព្រះសង្ឃ និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ពីការចាប់ខ្លួនព្រះសង្ឃ និងសកម្មជនខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់។
បើតាមសេចក្តីថ្លែងការណ៍របស់សមាគមន៍ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គឺអាជ្ញាធរប្រទេសវៀតណាម បានចាប់ផ្សឹកព្រះចៅអធិការវត្តទ្រនុំសេក ព្រះនាម ថាច់ ច័ន្ទតារា និងចាប់ខ្លួនលោក គឹម ឃីម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយចោទពីបទ «កេងផលប្រយោជន៍ពីសេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល»។ ប្រភពដដែលបន្តថា ក្រៅពីនោះ អាជ្ញាធរវៀតណាម ក៏បានចាប់ខ្លួន លោក ថាច់ វាសនា សកម្មជនផ្នែកសាសនា ដោយចោទពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលលោកចេញអន្តរាគមន៍លើក្រុមក្មេងទំនើងដែលចូលលុកលុយវត្តអារាម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា មានការផ្សព្វផ្សាយជាបន្តបន្ទាប់ ពីការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការរំលោភបំពានសិទ្ធមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម។
លោកបន្តថា៖ «នៅក្នុងរដ្ឋធម្មនុញ្ញ បានទទួលស្គាល់ខ្មែរដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស គឺជាខ្មែរដូចគ្នា ដូច្នេះកម្ពុជាមានសិទ្ធិក្នុងការស្នើសុំ ឬសុំកិច្ចការពារប្រជាពលរដ្ឋខ្មែរ ដូចវៀតណាមធ្លាប់ស្នើសុំកម្ពុជាចំពោះប្រជាពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា គ្រាន់តែខុសគ្នាត្រង់វៀតណាមអនុវត្តច្បាប់វៀតណាម ឯកម្ពុជាអនុវត្តច្បាប់កម្ពុជា តែទោះយ៉ាងណាក៏ឈរលើគោលការគោរពសិទ្ធិមនុស្ស។ កម្ពុជាមានសិទ្ធិស្នើសុំទៅប្រទេសវៀតណាមដូចប្រទេសផ្សេងៗ ក្នុងពិភពលោក គេធ្វើចំពោះប្រជាពលរដ្ឋគេដែរ»៕