ក្រសួងបរិស្ថាន នឹងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិនៅតាមបណ្តារោងចក្រសហគ្រាស​ សម្រាប់​ការត្រួត​ពិនិត្យ​គុណភាពទឹក​មុន​នឹង​បង្ហូរ​ចេញ ដើម្បីជាការរួមចំណែកកាត់បន្ថយការបង្ហូរកាកសំណល់​រាវកខ្វក់​ទៅក្នុងទឹកទន្លេ និងជាផ្នែកមួយនៃយុទ្ធនាការសម្អាតទន្លេរបស់ក្រសួងផង​ដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹង​នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ​ថា ឧបករណ៍ដែលត្រៀមនឹងបំពាក់នៅតាមរោងចក្រសហគ្រាសនេះ មានឈ្មោះថា «ឧបករណ៍ស្វ័យ​ត្រួត​ពិនិត្យ» ដែលមានសមត្ថភាពត្រួតពិនិត្យទឹកកខ្វក់​ដែលអាចហូរចូលទៅក្នុងទន្លេ។

លោក​មានប្រសាសន៍ថា៖ «វាអាចត្រួតពិនិត្យការ​បញ្ចេញទឹកកខ្វក់ចូលទៅក្នុងទឹកទន្លេតាមរយៈ​អូរ ប្រឡាយ​នានា។ […] នេះគឺជាផ្នែកមួយនៃយុទ្ធនាការសម្អាតទន្លេ ដែលដាក់ចេញក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រី ដើម្បីធានាឱ្យ​​មានទឹកស្អាតជានិច្ច​ នៅក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកប​ដោយសុខភាពល្អ»។

លោកបន្តថា ក្រសួងក៏បាន​រៀបចំឱ្យ​រោងចក្រសហគ្រាស ជាពិសេសរោងចក្រដែលប្រើប្រាស់ទឹកច្រើន ដូចជា រោង​ចក្របោក​គក់ ជ្រលក់ក្រណាត់ និងរោងចក្រវាយនភណ្ឌមួយចំនួនទៀត ត្រូវតែដាក់បំពាក់ឧបករណ៍​នេះ។

លោកថា៖ «យើងលើកទឹកចិត្តឱ្យ​រោងចក្រទាំងអស់បំពាក់ឧបករណ៍ទាំងនេះ ដោយសារតែវាមានតម្លៃថោកសមរម្យ ជាមួយនឹងគុណប្រយោជន៍ដ៏ច្រើនដល់សង្គមជាតិ ជាពិសេសចូលរួមកាត់បន្ថយការបំពុកនានា ដែលធ្វើឱ្យ​កម្ពុជាស្អាតទាំងអស់គ្នា។ […] ទិន្នន័យដែលបានផ្តល់ដោយឧបករណ៍នេះ​ គឺ​ផ្តល់ឱ្យ​ឃើញជាក់ស្តែង នៅក្រសួងបរិស្ថាន យើងអាច​មើលឃើញអំពីកំហាប់នៃគុណភាពទឹក មុននឹងអនុញ្ញាតឱ្យ​បង្ហូរចេញ»។

ពាក់ព័ន្ធនឹងកិច្ចការនេះដែរ លោក ខ្វៃ អាទិត្យា បន្តថា ឧបករណ៍ស្វ័យប្រវត្តិនេះ ​នឹងជួយសម្រួលដល់ក្រុមការងារជំនាញផងដែរ ដោយមិនទាមទារឱ្យ​មានការចុះអធិការកិច្ចជាប្រចាំនៅតាមរោងចក្រសហគ្រាសទៀតនោះទេ ខណៈ​ម្ចាស់រោងចក្រ ក៏មិនចាំបាច់ធ្វើរបាយការណ៍ជាប្រចាំជូនដល់ក្រសួងតាមតម្រូវការនីតិវិធីទៀតនោះទេ។​

លោក​បន្តទៀតថា កិច្ចការនេះស្ថិតក្នុងមុំមួយក្នុងចំណោមមុំទាំងបីនៃយុទ្ធសាស្ត្រចក្រា ដែល​ផ្តោត​សំខាន់​​លើ​ភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតទៀតសោតនោះ សំដៅលើបីផ្សេងៗគ្នារួមមាន ភាពស្អាតលើគោក ភាពស្អាតក្នុងទឹក និងភាពស្អាតលើអាកាស។

លោកមានប្រសាសន៍ថា៖ «កន្លងមកនេះ​ យើងបានតម្រូវឱ្យ​​រោងចក្រសហគ្រាស ធ្វើការគ្រប់គ្រងនិងបញ្ចេញទឹកកខ្វក់តាមរយៈការរៀបចំជាបទដ្ឋានបច្ចេកទេស ដើម្បីធ្វើឱ្យ​ការបន្សុតប្រតិកម្មក្លាយជាទឹកស្អាត ហើយបានយើងបញ្ចេញតាមរយៈការសាងសង់អាងបច្ចេកទេសអីជាដើម ដែលមានការបំពាក់ឧបករណ៍ត្រួតពិនិត្យមួយចំនួនដែរ ប៉ុន្តែយើងត្រូវពង្រឹងបន្ថែមទៀត»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសម្ចាស់រោងចក្រសហគ្រាស ចូលរួមគិតគូទៅលើបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដោយគ្រប់គ្រងឱ្យ​​បានល្អនៅក្នុងការបញ្ចេញកាកសំណល់ ការ​ទុក​ដាក់​សំរាម និង​សហការជាមួយក្រសួងបរិស្ថាននៅក្នុងការ​បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដើម្បីបញ្ជៀសការបង្ហូរទឹកបំពុលចូលទៅក្នុងទឹកទន្លេ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីទទួលបានជោគជ័យក្នុងជំហានទី១នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤កន្លងទៅ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាន​ប្រកាស​ដាក់​ចេញ​នូវយុទ្ធនាការសំអាតបឹង​ទន្លេសាប ដើម្បីការពារត្រីដែលជាប្រភពអាហារូបត្ថម្ភដ៏សំខាន់ ដែលបានផ្គត់ផ្គង់អាហារដល់ប្រជាជនកម្ពុជាប្រមាណ ៧លាននាក់។

បើតាមការឱ្យ​​ដឹងពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន កន្លងមក ទន្លេសាប បាន​ទទួលរងការបោះសំរាម-ប្លាស្ទិកចូលយ៉ាងច្រើន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីលោកបានចុះត្រួតពិនិត្យមើល សកម្មភាព​សម្អាតដង​ទន្លេសាប នៅ​មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយម៉ាស៊ីនប្រមូល​សំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwave កាលពីថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា៖ «យុទ្ធនាការសម្អាតលើផ្ទៃទឹ​ក គឺ​សម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់​ស្កាត់​មិន​ឱ្យ​ហូរ​ចូល​ទន្លេ​សាប តែ​ម្តង ដែល​ជា​អាទិភាព​ចម្បង។ […] ក្រសួងបរិស្ថាន ចង់​ឱ្យត្រីជា​ប្រភពប្រូតេអ៊ីនរបស់​ប្រជាជន​យើង ដែល​អាច​ចិញ្ចឹម​ជីវិ​ត​បានប្រមាណ ៧លាននាក់ នៅគង់​វង្ស»។

នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​យុវជន​កម្ពុជា លោក ហេង គីម​ហុង ​សាទរចំពោះ​វិធាន​ការ​​នេះ ប៉ុន្តែ​លោក​ក៏​​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរថា អាចនឹងមានចន្លោះប្រហោង​ដែល​មន្ត្រីខិល​ខូច​អាចនៅតែឆ្លៀតឱកាស​​នៅក្នុងការប្រព្រឹត្តិអំពើពុករលួយ ដើម្បីទាញយកផលប្រយោជន៍បុគ្គល។

លោក​ថា៖ «វិធាន​ការ​ហ្នឹង​ល្អ ដើម្បីចូលរួមការពារកុំឱ្យ​មានការហូរសាយ​ភាយ​សារធាតុ​គីមី​អី​ចូល​ទៅក្នុង​ទឹក វាល្អក្នុងការការពារទប់ស្កាត់បម្រែបម្រួលសុខុមាលភាពទន្លេ ហើយនឹង​ប្រព័ន្ធអេកូឡូស៊ីនៅក្នុង​ទន្លេផងដែរ។ […] ប៉ុន្តែទន្ទឹម​ជាមួយ​នឹង​ឧបករណ៍ហ្នឹង ក៏ត្រូវតែធានាឱ្យ​បានពីគុណភាពមន្ត្រីដែរ កុំ​ឱ្យ​មន្ត្រីរបស់យើងគាត់ កន្លែងណា​មាន​ការ​បង្ហូរ​ទឹក​ដែល​គាត់​ដឹង​ទៅ វា​ទៅ​ជាឱកាស​នៅ​ក្នុង​ការប្រ​ព្រឹត្តិ​អំពើ​ពុក​រលួយ​អី​ផ្សេងៗ​ ត្រូវ​តែ​មាន​ការអនុ​វត្តកាតព្វកិច្ចដោយអាក់ខានពុំបានអាហ្នឹង​បាន​ល្អ»។

លោក​ក៏បាន​អំពាវនាវឱ្យ​មាន​ការចាត់វិធានការឱ្យ​បានល្អ និងមិនលើកលែងដល់បុគ្គលទាំងឡាយណាដែលប្រព្រឹត្តិផ្ទុយនឹងច្បាប់ ដែលមិនអនុញ្ញាតឱ្យ​នរណាម្នាក់ឆ្លៀតយកឪកាសនៃការអនុវត្តគោលនយោ​បាយល្អប្រសើររបស់រាជរដ្ឋាភិបាល ទៅធ្វើជាឧបករណ៍បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ក៏បានបង្ហាញពី​ការ​គាំទ្រ​របស់លោក​ចំពោះការ​ដាក់ចេញនូវគ្រោងការ​សកម្មភាពទប់ស្កាត់ការបំពុលប្រភពទឹក ខណៈ​លោកបានកត់សម្គាល់ឃើញថាកន្លងមកមានការបំពុលច្រើន។

លោកថា៖ «ខ្ញុំគិតថា វាជាការល្អដែលក្រសួងបានដាក់ចេញនូវវិធានការមួយនេះ ព្រោះកន្លងមកមានក្រុមហ៊ុនផ្ដេសផ្តាសច្រើនណាស់ ដែលបានបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក ដែលហូរចូលទៅក្នុងទន្លេ ហើយបង្កឱ្យ​​មានការបំពុលទឹក ហើយវាមានការប៉ះពាល់បរិស្ថាន​ខ្លាំង​ណាស់»។

លោកក៏បានជំរុញ​ និង​លើកទឹកចិត្តឱ្យ​​រោងចក្រសហគ្រាសទាំងអស់ ចូលរួមក្នុងការការពារប្រភពទឹកស្អាត តាម​រយៈការសហការនៅក្នុងការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដើម្បីធានាឱ្យ​​បាន​នូវសុខុមាល​ភាព​ទឹក​ស្អាតសម្រាប់ការប្រើប្រាស់ប្រកបដោយចីរភាព។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការសម្អាតទន្លេនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៨ ដែលរួមមានប្រតិបត្តិការសំអាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើ​ការ​យល់ដឹ​ង​អំពី​ការ​ទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ក្នុង​ភូមិសាស្រ្តចម្បង​​របស់​រាជធានីភ្នំពេញ និងខេត្តជាប់ដងទន្លេ។

កាលពី​ឆ្នាំ២០២២ កម្ពុជាក៏បានអនុវត្តយុទ្ធនាការសម្អាតទន្លេមេគង្គ ដើម្បីសោភណភាព​ទីក្រុង ដោយ​​​ប្រើប្រា​ស់​ទូក​ប្រមូល​សំរាម​ បំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ដែល​មាន​សមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែល​មាន​សំរាម​បាន​រហ័ស តាមរយៈដ្រូន និងកាមេរ៉ា ដែលមានសមត្ថភាពប្រមូលសំរាម​​ក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ៕