របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សចំនួន៣ បានរកឃើញថា នៅក្នុងឆ្នាំ២០២៣ មានការកើនឡើងជាង១០ភាគរយនៃហេតុការណ៍រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋានបើធៀបនឹងឆ្នាំ២០២២។
តាមរយៈរបាយការណ៍រួមគ្នាមួយប្រចាំឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលរៀបចំដោយគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងមជ្ឈមណ្ឌលសាមគ្គីភាព(Solidarity Center) ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មានការកើនឡើង១១ភាគរយនៃហេតុការណ៍រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋានបើប្រៀបធៀបនឹងឆ្នាំ២០២២។
សេរីភាពជាមូលដ្ឋានដែលអង្គការទាំងនោះបានផ្តោតទៅលើមានចំនួន៣ គឺសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ របាយការណ៍ដដែល បង្ហាញថា ការអនុវត្តសេរីភាពជាមូលដ្ឋានដោយសន្តិវិធី បានជួបប្រទះការរឹតត្បិតកាន់តែខ្លាំងឡើងៗដូចជា ការប្រែប្រួលផ្នែកច្បាប់ រួមមានច្បាប់បោះឆ្នោតដែលបានធ្វើវិសោធនកម្ម ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិឆ្នាំ២០២៣។
របាយការណ៍ក៏បានបង្ហាញនូវរបកគំហើញសំខាន់ៗចំនួន៤ រួមមាន ទី១ មាត្រា១៤២ នៃវិសោធនកម្មច្បាប់បោះឆ្នោតកំណត់គោលដៅទៅលើអ្នកគាំទ្រនយោបាយជំទាស់ពីការអនុវត្តសេរី ភាពខាងការបញ្ចេញមតិដោយសន្តិវិធី និងការមិនអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ។ ទី២ ពលរដ្ឋកាន់តែច្រើនឡើងបង្ហាញពីការធ្លាក់ចុះការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន អ្នកសម្តែងមតិផ្នែកនយោបាយជំទាស់បានក្លាយជាគោលដៅរងគ្រោះ និងទទួលរងនូវការយាយីតាមផ្លូវច្បាប់។ ទី៣ ការយល់ដឹងរបស់សាធារណជនអំពីសេរីភាពមូលដ្ឋានបានថយចុះ ពលរដ្ឋបានកើនឡើងភាពភ័យខ្លាចពីផលវិបាកនៅពេលអនុវត្តសេរីភាពទាំងនេះ និងទី៤ អង្គការសង្គមស៊ីវិល និងសហជីពនៅតែមិនត្រូវបានមើលឃើញថាជាភាគីពាក់ព័ន្ធដ៏មានសារៈសំខាន់ ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក៏ដោយ។
ប្រភពដដែលបញ្ជាក់ថា៖ «ពលរដ្ឋត្រូវបានទទួលរងសកម្មភាព រំលោភបំពាន ការរឹតត្បិត និងការឃ្លាំមើល នៅពេលអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួនក្នុងកម្រិតមួយខ្ពស់ជាងឆ្នាំមុនៗ[…]ការកើនឡើងនៃហេតុការណ៍នេះ គឺពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ពោលគឺកើតឡើងដោយសារតែការបង្ក្រាបទៅលើអ្នកនយោបាយជំទាស់ ក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០២៣»។
បើតាមរបាយការណ៍របស់សង្គមស៊ីវិលទាំង៣ស្ថាប័ន នៅក្នុងចំណោមហេតុការណ៍ចំនួន៦៣៣ ហេតុការណ៍ពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ក្នុងនោះមានហេតុការណ៍ចំនួន ២៥៥ករណី ជាប់ពាក់ព័ន្ធនឹងការរឹតត្បិតយ៉ាងតិចមួយ និង ៣៧៧ ជាប់ពាក់ព័ន្ធករណីរំលោភបំពានមានយ៉ាងតិចមួយ។
អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោកស្រី ប្រាក់ ចាន់ម្លី បានប្រាប់ Newsroom Cambodia នៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៤នេះថា ករណីរឹតត្បិតសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ គឺកើតមានឡើងអំឡុងពេលបោះឆ្នោត ដែលជាពលពលរដ្ឋ និងគណបក្សនយោបាយ ព្រមទាំងសង្គមស៊ីវិលផងនោះ អនុវត្តនូវសិទ្ធិមូលដ្ឋានរបស់ខ្លួន។
លោកស្រីមានប្រសាសន៍ថា៖ «ហេតុការណ៍ទាំងអស់នេះ ច្រើនកើតឡើងដោយសារតែវាជាពេលវេលាមួយនៅក្នុងការរៀបចំបោះឆ្នោតជាតិ ចឹងហើយប្រជាពលរដ្ឋឬក៏អ្នកនយោបាយហ្នឹង នៅក្នុងអំឡុងពេលហ្នឹង គាត់អាចអនុវត្តនូវសេរីភាពមូលដ្ឋានរបស់ពួកគាត់ រួមមានដូចជា សេរីភាពប្រជុំ ឬក៏បញ្ចេញមតិជាដើម ឬក៏ការធ្វើសកម្មភាពរបស់សមាគម ឬគណបក្សនយោបាយ ចឹងហើយនៅពេលដែលប្រជាពលរដ្ឋគាត់ចាប់ផ្តើមអនុវត្តសេរីភាពរបស់គាត់ នៅពេលនោះដែរ ក៏យើងរកឃើញមាននូវការរឹតត្បិត ឬក៏ការរំលោភបំពានទៅលើការអនុវត្តសេរីភាពរបស់ពួកគាត់»។
លោកស្រី ប្រាក់ ចាន់ម្លី បន្តថា រូបភាពនៃការរឹតត្បិត ឬក៏ការរំលោភបំពានសិទ្ធិមូលដ្ឋាន រួមមាន ការឃ្លាំមើលពីសំណាក់អាជ្ញាធរនៅពេលមានការជួបជុំ ការថតរូប និងការកោះហៅទៅសាកសួរជាដើម។
លោកស្រីថ្លែងថា៖ «យើងរកឃើញមានការឃ្លាំមើលពីខាងសំណាក់អាជ្ញាធរ ទៅលើការអនុវត្តសកម្មភាពរបស់អង្គការសមាគម ដែលគាត់ធ្វើសកម្មភាព ឬក៏បើកវគ្គបណ្តុះបណ្តាលអីចឹង ហើយក៏មានអាជ្ញាធរគាត់មកឃ្លាំមើល ឬក៏មកថតរូបកិច្ចប្រជុំ ឬក៏វគ្គបណ្តុះបណ្តាលនៅទីកន្លែងឯកជនរបស់អង្គការសង្គមស៊ីវិល ហើយយើងក៏ឃើញមានការទទួលរងនូវទណ្ឌកម្មផ្នែកព្រហ្មទណ្ឌ ដូចជា ការចាប់ខ្លួន ការកោះហៅទៅសាកសួរ ដោយសារតែការអនុវត្តសេរីភាពទាំង៣នឹងផងដែរ»។
ករណីនេះ លោកស្រី ប្រាក់ ចាន់ម្លី ស្នើឱ្យអ្នកអនុវត្តច្បាប់ពិចារណាធ្វើបែបណាកុំឱ្យមានការរឹតត្បិត ឬការគាបសង្កត់ដល់ពលរដ្ឋ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកនយោបាយ ដើម្បីធានាថាពួកគេអាចអនុវត្តសិទ្ធិរបស់ពួកគេបានស្របទៅតាមច្បាប់។
កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ មានប្រសាសន៍ថា កន្លងមក សកម្មជនបរិស្ថាន ក៏ដូចជាអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីជាដើមនោះ ពិតជាបានរងនូវការរឹតត្បិតសេរីភាពជាមូលដ្ឋាន និងត្រូវបានអាជ្ញាធរឃ្លាំមើលសកម្មភាពរបស់ពួកគេជាប្រចាំ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពផ្លូវចិត្តផងដែរ។
កញ្ញាថា៖ «យើងដឹងហើយថា យើងរស់នៅក្នុងប្រទេសដែលអត់មាននីតិរដ្ឋ គ្មានការគោរពសិទ្ធិទាល់តែសោះហ្នឹង ទាក់ទងជាមួយនឹងសេរីភាពដើរហើរមួយចំនួន ដែលយើងជាសកម្មជន យុវជន និងជាពិសេសអ្នកដែលការពារសិទ្ធិមនុស្ស អ្នកការពារធនធានធម្មជាតិ ដែលពួកគាត់ធ្វើដំណើរ ក៏ត្រូវបានរឹតត្បិត មានន័យថា ចុះទៅតំបន់ព្រៃ ឬក៏ចុះទៅតំបន់ការពារធម្មជាតិនានា ដើម្បីអនុវត្តនូវសិទ្ធិរបស់ពួកគាត់ក្នុងកិច្ចការពារបរិស្ថានហ្នឹង ក៏ត្រូវបានរឹតត្បិតយ៉ាងឃោឃៅច្រើនដែរ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា មិនបានធ្លាក់ចុះដូចរបាយការណ៍នេះទេ។ ផ្ទុយទៅវិញ លោកថា ចំនួនអ្នកបំពានច្បាប់មានការកើនឡើងទៅវិញទេ។
លោកមានប្រសាសន៍ថា៖ «សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការបញ្ចេញមតិនយោបាយអីហ្នឹង គឺអត់មានថយចុះទេ ប៉ុន្តែអ្វីដែលអាចកើតឡើង គឺអ្នកបំពានច្បាប់ អ្នកបញ្ចេញមតិដោយរំលោភសិទ្ធិអ្នកដទៃ រំលោភក្រមសីលធម៌ហ្នឹងអាចកើន ចឹងយើងត្រូវបែងចែងឱ្យច្បាស់រវាងពីរហ្នឹង បើសិនជាការបញ្ចេញមតិក្នុងក្របខណ្ឌរង្វង់ច្បាប់ក្នុងការគោរពសិទ្ធិអ្នកដទៃ ប្រទេសកម្ពុជាយើងហ្នឹង វាបរបូណ៍ហូរហៀរ អត់មានពីណាទៅធ្វើអីទេ កុំឱ្យតែធ្វើខុសច្បាប់ កុំឱ្យតែទៅបំពារបំពានអ្នកដទៃ អាហ្នឹងគេមានវិធានការណ៍»។
របាយការណ៍ប្រចាំ២០២២ ស្តីពី ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលចេញដោយអង្គការ-សមាគមទាំង៣ដដែលនេះ កាលពីខែកញ្ញា ឆ្នាំ២០២៣ បានកត់ត្រាហេតុការណ៍សរុបចំនួន ៥៦៦ករណី ទាក់ទងនឹងការអនុវត្តសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២២។ ក្នុងចំណោមនោះមាន ៣៥៤ ករណី បង្ហាញថា មានការរឹតត្បិតឬការរំលោភសេរីភាពមូលដ្ឋានយ៉ាងហោចណាស់មួយករណី។
របាយការណ៍នោះ បន្តថា ហេតុការណ៍ពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភសេរីភាពមូលដ្ឋាន ត្រូវបានកត់ត្រានូវ គ្រប់រាជធានី-ខេត្តនៃប្រទេសកម្ពុជា ក៏ប៉ុន្តែករណីភាគច្រើន កើតឡើងនៅក្នុងរាជធានីភ្នំពេញ ដោយមានហេតុការណ៍ចំនួន ២៨៧ ករណីត្រូវបានកត់ត្រា៕