គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ទាមទារឱ្យមានការដោះលែង កញ្ញា ឈឹម ស៊ីថរ និងអ្នកដឹកនាំសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ទៅលើពួកគេ ក្រោយពីប្រធានសហជីពនៅក្រុមហ៊ុនណាហ្គារូបនេះ បានទទួលពានរង្វាន់ ភើអែងហ្គើឆ្នាំ២០២៤ (Per Anger Price 2024) ពីរដ្ឋាភិបាលស៊ុយអែត។
សេចក្តីថ្លៃងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ថ្មីៗនេះ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៅក្រុមហ៊ុនណាហ្គាវើលដ៍ បានទទួលពានរង្វាន់ Per Anger Price 2024 ជាពានរង្វាន់ដែលរដ្ឋាភិបាលនៃប្រទេសស៊ុយអ៊ែត ផ្តល់ជូនអ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រជាធិបតេយ្យ ហើយការទទួលបានពានរង្វាន់នេះ ជាភស្តុតាងមួយដែលបង្ហាគពីការប្តេជ្ញាចិត្តរបស់កញ្ញា ដែលបានពុះពាររកយុត្តិធម៌ ការពារសិទ្ធិកម្មករ និងលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា។
តែយ៉ាងណា គណបក្សនេះ បង្ហាញការសោកស្តាយ ដែលកញ្ញា ឈឹម ស៊ីថរ នៅជាប់ពន្ធនាគារដោយអយុត្តិធម៌ ដែលមិនអាចធ្វើដំណើរទៅប្រទេសស៊ុយអ៊ែត ដើម្បីទទួលពានរង្វាន់បាន។ ករណីនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានទាមទារស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធ ពិចារណាដោះលែងកញ្ញា ឈឹម ស៊ីថរ និងអ្នកដឹកនាំសហជីពផ្សេងទៀត ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារជាបន្ទាន់ និងទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ទៅលើពួកគេ។
គណបក្សនេះ បានគូសបញ្ជាក់ថា៖ «ការឃុំឃាំងអ្នកការពារសិទ្ធិមនុស្ស សិទ្ធិការងារនៅក្នុងពន្ធនាគារបែបនេះ ជាការរំលោភបំពានយ៉ាងធ្ងន់លើគោលការណ៍សេរីភាពបង្កើតសមាគម និងសិទ្ធិបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ»។
ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ធូក បូណា មានប្រសាសន៍នៅថ្ងៃទី២៥ ខែមេសានេះថា ការបន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ក៏ដូចជាតំណាងសហជីពផ្សេងទៀត ជាការបង្ហាញពីការរឹតត្បិតសេរីភាពបញ្ចេញមតិ និងសិទ្ធិការងារ ខណៈពួកគេជាតំណាងកើតចេញពីការផ្តល់សេចក្តីទុកចិត្តពីសំណាក់កម្មករ ក្នុងការជជែកចរចាជាមួយនិយោជក ជុំវិញបញ្ហាវិវាទការងារ និងការលើកកម្ពស់លក្ខខណ្ឌការងារជាដើម។
លោកថ្លែងថា៖ «ការឃុំខ្លួននេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិកម្មករ រារាំងសេរីភាពនៃការបញ្ចេញមតិ និងរារាំងសមត្ថភាពរបស់សហជីព ដែលជាតំណាងនៃសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ដូចបានធានាដោយរដ្ឋធម្មនុញ្ញ។ ប្រសិនបើសកម្មជននៅតែជាប់គុក វាបង្ហាញថា កម្ពុជាមិននៅលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។ ការដោះលែងដោយឥតលក្ខខណ្ឌ កញ្ញា ស៊ីថរ គឺជាជំហានឆ្ពោះទៅកាន់ កម្ពុជា ជាប្រទេសមួយដែលការជំទាស់ដោយសន្តិភាព និងត្រូវបានគោរព»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ។
ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា បុគ្គលទាំងឡាយណាដែលប្រព្រឹត្តខុសច្បាប់ ហើយសំណុំរឿងក្តីរបស់ពួកគេស្ថិតនៅក្នុងដៃតុលាការ គឺមានតែតុលាការទេដែលមានឆន្ទានុសិទ្ធិក្នុងការសម្រេច ហើយពួកគេអាចស្វែងរកអ្នកជំនាញផ្នែកច្បាប់ ដើម្បីជួយការពារក្តីរបស់ពួកគេបាន។
លោកបានថ្លែងថា៖ «មិនមែនជាការត្រូវពិចារណារបស់ក្រសួងយុត្តិធម៌ទេ គឺការដែលបុគ្គលមួយ គាត់កំពុងតែប្រព្រឹត្តខ្លួនឱ្យវាពាក់ព័ន្ធទៅនឹងបញ្ហាសំណុំរឿងក្តីនៅតុលាការ វាជាសិទ្ធិសម្រេចរបស់ស្ថាប័នតុលាការ ចឹងរឿងអ្នកដែលកំពុងសិ្ថតនៅចំណាត់ការរបស់ស្ថាប័នតុលាការ ខ្ញុំថាគ្មានជម្រើសអ្វីដែលល្អជាងស្វែងរកនូវអ្នកជំនាញផ្នែកច្បាប់ មេធាវីដែលពូកែៗទៅជួយការពារគាត់ចុះ »។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការស្នើសុំឱ្យមានការដោះលែងបុគ្គលណាម្នាក់នោះ ជាសិទ្ធិ និងសេរីភាពរបស់បុគ្គល គណបក្ស ឬស្ថាប័នណាមួយ ខណៈដែលពួកគេមើលឃើញថា កញ្ញា ឈឹម ស៊ីថរ ជាសកម្មជនការពារសិទ្ធិមនុស្ស សិទ្ធិសហជីព និងសិទ្ធិកម្មករយ៉ាងសកម្ម។
លោកយល់ឃើញដែរថា ការបន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ហាក់មិនមានផលចំណេញណាមួយសម្រាប់កម្ពុជានោះទេ។
លោកបន្តថា៖ «កញ្ញា ឈឹម ស៊ីថរ គួរទទួលបានការលើកទឹកចិត្ត មិនគួរត្រូវបានរងការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន ការចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារនោះទេ។ សហគមន៍អន្តរជាតិ ក៏ដូចជារដ្ឋាភិបាលស៊ុយអ៊ែត ដែលមើលឃើញពីគំរូវីរភាពនៃការការពារសិទ្ធិមនុស្ស សិទ្ធិសហជីព សិទ្ធិកម្មករ របស់កញ្ញា ឈឹម ស៊ីថរ ទើបគេប្រគល់ពានរង្វាន់សិទ្ធិមនុស្សដល់គាត់» ។
លោក អំ សំអាត បន្ថែមថា៖ «របាយការណ៍របស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ បានលើកឡើងការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងមានការរិះគន់លើការធ្លាក់ចុះនូវស្ថានភាពសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញលើសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនបរិស្ថាន សកម្មជនគណបក្សនយោបាយ សកម្មជនធ្វើការងារសង្គម ក្នុងនោះគេក៏បានទាមទារឱ្យដោញលែង កញ្ញា ឈឹម ស៊ីថរ និងសកម្មជនផ្សេងទៀតផងដែរ»។
កាលពីអំឡុងឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ បន្ទាប់ពីកញ្ញាបានដឹកនាំការធ្វើកូដកម្ម ទាមទារឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ទទួលយកបុគ្គលិកជាច្រើនរយនាក់ចូលធ្វើការវិញ និងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក ដែលត្រូវបានបណ្តេញចេញពីការងារទាំងបង្ខំ។ កញ្ញាត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
កញ្ញាឈឹម ស៊ីថរ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំ និងតំណាងសហជីពណាហ្គាវើលដ៍ចំនួន៩នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងញុះញង់ ខណៈសមាជិកសហជីពចំនួន ៨នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី ១ឆ្នាំទៅ១ឆ្នាំកន្លះ ពីបទល្មើសដូចគ្នា។
គួរបញ្ជាក់ផងដែរថា ការទទួលបានពានរង្វាន់ Per Anger Price 2024 ជាពានរង្វាន់លេចធ្លោលើកទី២ហើយ ដែលកញ្ញា ឈឹម ស៊ីថរ បានទទួលពីប្រទេសប្រជាធិបតេយ្យ ខណៈកាលពីឆ្នាំ២០២២ កញ្ញាក៏ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ពីក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ៕