គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ទាមទារឱ្យមានការ​ដោះលែង កញ្ញា ឈឹម ស៊ីថរ  និង​អ្នកដឹកនាំសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទប្រកាន់​ទាំងអស់​ទៅលើពួកគេ​​ ក្រោយពីប្រធាន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​រូបនេះ ​បានទទួលពានរង្វាន់ ភើអែងហ្គើឆ្នាំ២០២៤ (Per Anger Price 2024) ពីរដ្ឋាភិបាល​ស៊ុយអែត។​

សេចក្តីថ្លៃងការណ៍​របស់​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បាន​លើកឡើង​ថា ថ្មីៗនេះ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិការងារបុគ្គលិកកម្មក​រ​ខ្មែរ នៅក្រុមហ៊ុនណាហ្គាវើលដ៍ បានទទួលពានរង្វាន់ Per Anger Price 2024 ជាពាន​រង្វាន់​ដែលរដ្ឋាភិបាល​នៃប្រទេសស៊ុយអ៊ែត ផ្តល់ជូនអ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រជាធិបតេយ្យ ហើយ​ការទទួលបានពានរង្វាន់នេះ ជាភស្តុតាង​មួយដែលបង្ហាគពីការប្តេជ្ញាចិត្ត​របស់កញ្ញា ដែលបាន​ពុះពារ​រកយុត្តិធម៌ ការពារសិទ្ធិកម្មករ និងលើកកម្ពស់​ប្រជាធិបតេយ្យនៅ​កម្ពុជា។

តែយ៉ាងណា គណបក្សនេះ បង្ហាញការសោកស្តាយ ដែលកញ្ញា ឈឹម ស៊ីថរ នៅជាប់ពន្ធ​នាគារ​​ដោយ​អយុត្តិធម៌ ដែលមិនអាចធ្វើដំណើរទៅប្រទេស​ស៊ុយអ៊ែត ដើម្បីទទួលពានរង្វាន់បាន។ ករណីនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានទាមទារ​ស្ថាប័នមានសមត្ថកិច្ច​ដែល​​​ពាក់ព័ន្ធ ពិចារណា​​ដោះលែងកញ្ញា ឈឹម ស៊ីថរ និងអ្នកដឹកនាំសហជីពផ្សេងទៀត ដែលកំពុងជាប់ឃុំ​នៅក្នុងពន្ធនាគារ​ជាបន្ទាន់ និង​ទម្លាក់ចោលបទចោទប្រកាន់ទាំងអស់​ទៅលើពួកគេ។

គណបក្ស​នេះ បានគូសបញ្ជាក់ថា៖ «ការឃុំឃាំងអ្នកការពារសិទ្ធិមនុស្ស​ សិទ្ធិការងារ​នៅក្នុង​ពន្ធ​នាគារ​បែបនេះ ជាការ​រំលោភបំពាន​យ៉ាងធ្ងន់​លើគោលការណ៍សេរីភាពបង្កើត​សមាគម និង​សិទ្ធិបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិ​​ប្រជាធិប​តេយ្យ»។

ប្រធាន​គណៈកម្មាធិការ​ដោះស្រាយវិវាទ និងវិន័យនៃ​គណបក្សប្រជាធិបតេយ្យមូល​ដ្ឋាន លោក ធូក បូណា មាន​ប្រសាសន៍នៅថ្ងៃទី២៥ ខែមេសានេះថា ការ​បន្តឃុំខ្លួន​កញ្ញា ឈឹម ស៊ី​ថរ ក៏ដូចជាតំណាងសហជីពផ្សេង​ទៀត ជាការបង្ហាញពីការរឹតត្បិត​សេរីភាពបញ្ចេញ​មតិ និង​សិទ្ធិការងារ ខណៈពួកគេ​ជាតំណាងកើត​ចេញពីការផ្តល់សេចក្តីទុកចិត្ត​ពីសំណាក់កម្មករ ក្នុងការ​ជជែកចរចាជាមួយនិយោជក ជុំវិញបញ្ហាវិវាទការងារ និងការលើកកម្ពស់លក្ខខណ្ឌការងារ​ជាដើម។​

លោកថ្លែង​ថា៖​​ «​​ការឃុំខ្លួននេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិកម្មករ រារាំងសេរីភាពនៃការបញ្ចេញមតិ និងរារាំងសមត្ថភាពរបស់សហជីព ដែលជា​តំណាង​នៃ​សមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង​ប៉ះពាល់ដល់​ដំណើរការ​នៃ​លទ្ធិប្រជាធិប​តេយ្យ ដូចបានធានាដោយរដ្ឋធម្មនុញ្ញ។ ប្រសិនបើសកម្មជននៅតែជាប់គុក វាបង្ហាញថា កម្ពុជាមិននៅលើផ្លូវឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។ ការដោះលែងដោយឥតលក្ខខណ្ឌ កញ្ញា ស៊ីថរ គឺជាជំហានឆ្ពោះទៅកាន់ កម្ពុជា​ ជាប្រទេសមួយដែលការជំទាស់ដោយ​សន្តិភាព និង​ត្រូវបានគោរព»

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​​អ្នកនាំពាក្យសាលា​ដំបូង​រាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ។

ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា ​បុគ្គល​ទាំង​ឡាយណា​​​​ដែល​​ប្រព្រឹត្ត​​ខុស​​ច្បាប់ ហើយសំណុំរឿង​ក្តីរបស់ពួកគេស្ថិតនៅក្នុងដៃតុលាការ គឺ​មាន​​តែ​​​តុលាការ​ទេ​ដែលមានឆន្ទានុសិទ្ធិ​ក្នុង​ការ​​សម្រេច ហើយ​ពួកគេ​អាច​ស្វែងរក​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ដើម្បីជួយការពារក្តីរបស់ពួកគេ​បាន។

លោកបានថ្លែងថា៖​​ «​​មិនមែនជាការត្រូវពិចារណារបស់ក្រសួងយុត្តិធម៌ទេ​ គឺការ​​ដែលបុគ្គលមួយ គាត់កំពុងតែប្រព្រឹត្តខ្លួនឱ្យ​​វាពាក់ព័ន្ធទៅនឹងបញ្ហាសំណុំរឿងក្តីនៅតុលាការ វាជាសិទ្ធិសម្រេចរបស់ស្ថាប័នតុលាការ ចឹងរឿងអ្នកដែលកំពុងសិ្ថតនៅចំណាត់ការរបស់ស្ថាប័នតុលាការ​ ខ្ញុំថាគ្មាន​ជម្រើស​អ្វីដែលល្អជាងស្វែងរកនូវអ្នកជំនាញផ្នែកច្បាប់ មេធាវីដែលពូកែៗទៅជួយការពារគាត់ចុះ »

នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ​ការពារសិទ្ធិមនុស្ស​​​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា ការស្នើសុំឱ្យ​មានការ​ដោះលែងបុគ្គលណាម្នាក់នោះ ជាសិទ្ធិ និងសេរីភាពរបស់បុគ្គល គណបក្ស ​ឬស្ថាប័នណា​មួយ ខណៈដែលពួកគេមើល​ឃើញ​ថា កញ្ញា ឈឹម ស៊ីថរ ជា​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស សិទ្ធិសហជីព និង​សិទ្ធិកម្មករយ៉ាងសកម្ម។

លោកយល់​ឃើញដែរថា ការបន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ហាក់មិនមានផលចំណេញណា​មួយ​​សម្រាប់កម្ពុជា​នោះទេ។

លោកបន្ត​ថា៖​​ «កញ្ញា ឈឹម ស៊ីថរ គួរទទួលបានការលើកទឹកចិត្ត មិនគួរត្រូវបានរងការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន ការចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារនោះទេ។ សហគមន៍អន្តរជាតិ ក៏​ដូចជារដ្ឋាភិបាលស៊ុយអ៊ែត ដែលមើលឃើញពីគំរូវីរភាពនៃការការពារសិទ្ធិមនុស្ស សិទ្ធិសហជីព សិទ្ធិកម្មករ របស់កញ្ញា ឈឹម ស៊ីថរ ទើបគេប្រគល់ពានរង្វាន់សិទ្ធិមនុស្សដល់គាត់»

លោក អំ សំអាត បន្ថែម​​ថា៖​​ «របាយការណ៍របស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ បានលើកឡើងកាព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងមានការរិះគន់លើការធ្លាក់ចុះនូវស្ថានភាពសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញលើសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនបរិស្ថាន សកម្មជនគណបក្សនយោបាយ សកម្មជនធ្វើការងារសង្គម ក្នុងនោះគេក៏បានទាមទារឱ្យដោញលែង កញ្ញា ឈឹម ស៊ីថរ និងសកម្មជនផ្សេងទៀតផងដែរ»។

កាលពី​អំឡុងឆ្នាំ២០២២ ​កញ្ញា​ ឈឹម ស៊ីថរ ​ត្រូវ​បានសមត្ថកិច្ច​​​ចាប់​ខ្លួន ​ហើយ​បញ្ជូន​​ទៅ​តុលាការ ​បន្ទាប់​ពី​កញ្ញា​​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​ ​ទាម​ទារ​ឱ្យ​​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ទទួល​​យក​​បុគ្គលិក​​ជា​ច្រើន​រយ​នាក់​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​បុគ្គ​លិក​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​បង្ខំ។ កញ្ញាត្រូវបានសាលាដំបូងរាជធានីភ្នំ​ពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ​ចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់​ធ្ងរ​ដល់សន្តិសុខសង្គម»។

កញ្ញា​ឈឹម ស៊ីថរ​ ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ ​និង​តំណាងសហជីព​ណាហ្គា​វើលដ៍​ចំនួន​៩​នាក់ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ក្នុង​សំណុំ​រឿងញុះ​ញង់ ​ខណៈ​​សមាជិក​សហ​ជីព​ចំនួន ​៨​នាក់ទៀត ​​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ​​ចន្លោះ​ពី ​១ឆ្នាំ​​ទៅ​១​ឆ្នាំ​កន្លះ ពី​បទ​ល្មើស​ដូចគ្នា។

គួរបញ្ជាក់ផងដែរថា ការទទួលបាន​​​ពាន​រង្វាន់ Per Anger Price 2024 ជាពានរង្វាន់លេចធ្លោ​លើក​ទី២ហើយ ដែលកញ្ញា ឈឹម ស៊ីថរ បានទទួលពីប្រទេស​ប្រជាធិបតេយ្យ ខណៈ​កាល​ពី​ឆ្នាំ​២០២២ កញ្ញាក៏ទទួលបានពាន​រង្វាន់​​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២​ ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិកផងដែរ៕​