កម្មករកម្មការិនី​ប្រមាណ​ជាង ៤០០នាក់ ធ្វើការ​​នៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ អិម អិល(ML) បានម្រមូលផ្ដុំគ្នាជាថ្មីនៅ​មុខរោងចក្រ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីតវ៉ាទាមទារប្រាក់ខែ ដោយសារមានការបើកប្រាក់ឈ្នួល​យឺត​យ៉ាវ​ញឹក​ញាប់។ 

លោក គឹម តូនិច អះអាងជាកម្មករធ្វើការ​​នៅ​រោងចក្រ ML បាន​​​​​​ឱ្យដឹងថា ពួកគាត់​បានប្រមូលផ្តុំគ្នា តវ៉ានៅមុខ​រោងចក្រ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ដោយហេតុថា ក្រុមហ៊ុនបានលើកថ្ងៃបើកលុយឱ្យ​កម្មករ​ជាងមួយខែមក​ហើយ គិតពីពាក់កណ្តាលខែមីនា មក​ដល់​ពាក់កណ្តាលខែមេសានេះ។ លោកបន្តថា ក្រុមហ៊ុន​បានលើកថ្ងៃបើកលុយឱ្យ​កម្មករជាច្រើនលើក​ច្រើនសារមកហើយ ដោយ​បាន​ប្រើពាក្យដោះសារដដែលៗថាមក​ពី​បញ្ហា​នេះ បញ្ហា​នោះ ដោយមិនមានការទទួលខុសត្រូវ។ 

លោក តូនិច និយាយថា៖ «ផលប៉ះពាល់ គឺប៉ះពាល់ដល់កម្មករគ្រប់គ្នា បញ្ហាធំ​គឺបង់​អង្គការហ្នឹងតែម្តង​ បញ្ហាធំជាង​គេ។ គាត់ជំពាក់​អង្គការលើសថ្ងៃបើកលុយ តែលើសថ្ងៃបង់ គឺគេពិន័យចឹងហើយគាត់[កម្មករ]ត្អូញត្អែរ​​គ្រប់​គ្នាគ្រប់​កម្មករទាំងអស់ មិនថាតែរូបខ្ញុំ រូបកម្មករដទៃទៀត»។ 

ប្រធានសហព័ន្ធសហជីព​កំលាំងសាមគ្គីកម្មករកម្ពុជាប្រចាំរោងចក្រML លោក បាន វណ្ណៈ បានលើកឡើងថា មូលហេតុ​ដែលកម្មករធ្វើកូដកម្ម ដោយសារតែខាងរោងចក្រសន្យា​ថា​ នឹង​បើកប្រាក់ឈ្នួល​ឱ្យ​កម្មករ​នៅល្ងាចថ្ងៃទី២៤ ខែមេសា​ ម្សិលមិញនេះ ប៉ុន្តែ​បែរជាមិនគោរពសន្យា ជាហេតុធ្វើ​ឱ្យ​កម្មករ​ប្រមូលផ្តុំ​តវ៉ា​។

លោក វណ្ណៈ បន្តថា ក្នុងអំឡុងពេលតវ៉ានោះ កម្មករ​បាន​ស្នើឱ្យមានការ​ដោះស្រាយ​វិវាទការងារនេះ​ចំនួន ៣​ចំណុច ក្នុងនោះមាន ទី១ ស្នើឱ្យ​ក្រុមហ៊ុន​បើកប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗឱ្យ​បានទៀងទាត់ ទី២ ស្នើ​ឱ្យ​​ក្រុម​ហ៊ុន​​កុំមាន​ការបន្ថែម​ម៉ោង​លើស​ពី​ម៉ោង​៦ល្ងាច ដោយ​ការបន្ថែមម៉ោងត្រូវធ្វើ​ឡើង​ដោយការស្ម័គ្រចិត្ត និង​ទី៣ ស្នើឱ្យ​ក្រុម​ហ៊ុនជួយ​ណែនាំ​ដល់​​ប្រធានផ្នែកដែលជេរប្រមាថ​​កម្មករកម្មការិនី។

ប្រធានមន្ទីរ​ការ​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ លោក នួន ស៊ី​ណា មានប្រសាសន៍ថា ជុំវិញវិវាទការងារនៅរោងចក្រ​​ ML នេះ ក្រុមការងារ​របស់មន្ទីរ បាន​ទៅសម្របសម្រួល​រកដំណោះស្រាយ​រួច​ហើយ ដោយ​​​​ខាងភាគីរោង​ចក្រ បានយល់ព្រមបើកប្រាក់ឈ្នួលជូនកម្មករ​ ហើយកម្មករ​ក៏បានចូលធ្វើការ​វិញនៅព្រឹក​ថ្ងៃដដែលនេះ។ 

លោកបន្ត​​ថា៖« បើសិនជានិយោជិតគាត់មានបញ្ហាអីកើតឡើង គឺគាត់មិនបាច់ប្រជុំគ្នាទេ គាត់​អាច​ដាក់​ពាក្យ​មក​មន្ទីរការងារ រឺក៏ផ្តល់ដំណឹងមកមន្ទីរការងារ ដើម្បីឱ្យ​បានដឹង គឺយើង​ខាងមន្ទីរការងារនឹងទៅដោះស្រាយ អាហ្នឹងដូចជាការដាក់ពាក្យបណ្តឹងចឹង ក្នុងករណីគាត់[កម្មករ]ធ្វើកូដកម្មចឹង វាធ្វើឱ្យ​ប៉ះពាល់ទាំងសងខាង​ ទាំង​​ខាង​និយោជក ក៏ដូចជាបងប្អូនកម្មករនិយោជិតដែរ ព្រោះថ្ងៃធ្វើកូដកម្ម គឺបងប្អូនកម្មករនិយោជិតគាត់​មិនទទួលបាននូវប្រាក់ខែ​នៅថ្ងៃគាត់​ធ្វើកូដកម្មនោះទេ»។ 

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់​ លោក ឃុន ថារ៉ូ យល់​ថា ការ​មិន​បើក​ប្រាក់ឈ្នួលជូ​នកម្មករឱ្យបាន​ទៀងទាត់ ជាការមិនគោរពច្បាប់ការងារ និងធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ជីវភាពរបស់កម្មករនិយោជិត។ 

លោក​ថា៖ «បើយើងនិយាយអំពីគោលការណ៍ច្បាប់នេះ ជាការអនុវត្តមិនត្រឹមត្រូវរបស់និយោជក នេះជាកំហុសធ្ងន់ ចាត់ថ្នាក់ថា​ជាកំហុសធ្ងន់​របស់​និយោជក ខណៈពេលដែល​មាន​ការពន្យារពេល​នៅក្នុងការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ហើយវាមែនជាលើកទីមួយទេ នៅក្រុមហ៊ុនMLនេះ មានករណីរំលោភបំពានសិទ្ធិការងារច្រើន​ណាស់ ជាពិសេសទាក់ទងទៅនឹងការបញ្ឈប់ថ្នាក់ដឹកនាំសហជីព ការបន្តនូវការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី ហើយនិងទម្រង់នៃការធ្វើទុក្ខបុកម្នេញទៅដល់សកម្មជន និងថ្នាក់ដឹកនាំសហជីព»។ 

ជាមួយគ្នានេះ​ដែរ​ លោក ឃុន ថារ៉ូ ក៏បាន​ស្នើឱ្យក្រសួងការងារ ឬស្ថាប័នពាក់ព័ន្ធ​ ធ្វើអធិការរកិច្ចពិសេស នៅរោងចក្រ ML នេះ ដើម្បីឱ្យក្រុមហ៊ុនមានការគោរពតាមកាតព្វកិច្ចរបស់ខ្លួន។ 

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មករ​​ធ្វើ​ការ​​នៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ អិម អិល(ML)នេះ បានប្រមូល​​ផ្ដុំគ្នាតវ៉ា​នៅ​មុខរោងចក្រម្តងរួចមកហើយ ក្រោយពីរោងចក្របាន​ពន្យាពេល​បើកប្រាក់ឈ្នួល​ជូន​កម្មករ។ ក្នុងការតវ៉ានៅពេលនោះ ​ពួកគេបាន​​​ទាមទារឱ្យថៅកែបើកប្រាក់ខែឱ្យបាន​ទៀង​ទាត់ ផ្ដល់​ប្រាក់​រង្វាន់ និងត្រូវ​អនុញ្ញាតឱ្យ​​កម្មករ​​សម្រាកថ្ងៃបុណ្យជាតិ ទៅតាមច្បាប់ស្តីពីការងារ៕