ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ស្នើ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតឡើងវិញជុំវិញ​សំណុំរឿងដែល​តំណាង​មេធាវីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹង និង​​​ទម្លាក់ចោល​បទចោទប្រកាន់ទៅលើរូបលោក ខណៈលោកថា អ្វីដែលលោកបាននិយាយ​ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំង RFI ជាសេរីភាពបញ្ចេញមតិ។

ការស្នើនេះ បានធ្វើ​ឡើង​ខណៈដែលលោក ទាវ វណ្ណុល បានចូលបំភ្លឺនៅអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹង​បណ្តឹងរបស់​មេធាវី​តំណាង​រាជរដ្ឋាភិបាល​។   

លោក​ ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការចូលបំភ្លឺ​ថា អ្វីដែល​លោកបាន​ផ្តល់បទសម្ភាសន៍​ដល់​សារ​​ព័ត៌មាន​ Nikkei Asia ​​កាលពី​ខែ​កុម្ភៈ​នោះ ​គឺ​៨០%​ជា​ពាក្យ​ពិត ហើយ​អ្វីដែលលោកបាននិយាយ​គ្រាន់តែ​ជាការបញ្ចេញមតិ តាមរយៈ​ការ​ប្រៀបធៀបអំពីស្ថានភាព​ប្រជាធិបតេយ្យ​ ក្រោមការដឹកនាំរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែប៉ុណ្ណោះ​។​

លោកបន្តថា លោក​មិន​បាន​និយាយ​ចោទ​រាជរដ្ឋា​ភិបាល​ ថា​បាន​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​របស់​លោក ​ដើម្បី​ឃ្លាំមើល​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​២៤​ម៉ោង​នោះ​ទេ​ ដោយលោកថា អាជ្ញាធរ​ទេ​ដែលជាអ្នកដាក់កាមេរ៉ានោះ។

លោក​​បាន​​ប្រាប់​ក្រុម​​អ្នក​សារ​ព័ត៌មាន​ថា៖​ «ខ្ញុំ​និយាយ​ការ​ពិត ការ​ពិត​នៅ​ក្នុង​សង្គម​យើង។​ ខ្ញុំ​សង្កេត​​ឃើញ​​ជា​មតិ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​តាំងពី​ឯកឧត្តម​​ធិបតី ​ហ៊ុន ម៉ាណែត ​បាន​ឡើង​មក​កាន់​តួនាទី​ហ្នឹង​ ការ​រឹត​ត្បិត ​ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង ​ហើយ​​អ្នក​​សម្តែង​​មតិ​ ក្នុង​ហ្នឹង ​ខ្ញុំ​បាន​លើក​ករណី​លោក ​នី ណាក់ ​អីអ៊ីចឹង […] ខ្ញុំ​បាន​ស្នើ​សុំ​អយ្យការ​ លោក​ទម្លាក់​ចោល​ការ​ចោទ​ បទ​​ចោទ​​ហ្នឹង​ ហើយ​សុំ​ឱ្យ​លោក​អយ្យការ​ទៅ​ពិនិត្យ​ដល់​ទីកន្លែង​ផ្ទាល់​ ដែល​គេ​បាន​កាមេរ៉ា​នៅ​មុខ​ផ្ទះ​ថ្នាក់ដឹក​នាំ​របស់​គណ​បក្ស​ភ្លើង​ទៀន»។​

ចំណែក លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក ទាវ វណ្ណុល មានប្រសាសន៍ប្រាប់ Newsroom នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថា អ្វី​ដែល​​កូនក្តីរបស់លោក បាននិយាយ​ជា​មួយសារព័ត៌​មាន​របស់ជប៉ុន​នោះ ​គឺជារឿងពិត និងជាសេរីភាពនៃការបញ្ចេញ​មតិ ដែល​មិនគួរមានការចោទប្រកាន់​ណា​មួយ​នោះឡើយ។​ លោកបានស្នើដល់តំណាងអយ្យការ ស៊ើបអង្កេត​សំណុំរឿងនេះឡើងវិញ និងចុះទៅពិនិត្យកាមេរ៉ា​សុវត្ថិភាពដែល​អាជ្ញាធរបានដាក់នៅមុខ​ផ្ទះកូនក្តីរបស់លោក។  

លោក​ថ្លែង​ថា៖ «គាត់[លោក ទាវ វណ្ណុល]ស្នើឱ្យ​តុលាការជួយចុះទៅអង្កេត​តាម​កាមេរ៉ាសុវត្ថិភាព​នៅមុខផ្ទះរបស់ គាត់ ហើយ​សុំឱ្យ​​តំណាង​អយ្យការអម កុំចោទប្រកាន់គាត់ ពីព្រោះគាត់ថាអ្វីដែលគាត់លើកហ្នឹង ជាការបញ្ចេញមតិ ហើយ​អ្វីដែល​គាត់​ផ្តល់​កិច្ច​សម្ហាសន៍​ដល់​សារ​ព័ត៌មាន គឺជារឿងពិត»។

បើតាមលោក ជូង ជូងី ក្រោយកូនក្តីរបស់លោកចូលបំភ្លឺរួច តំណាងអយ្យការនៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ ដោយ​ថាត្រូវការពេលវេលាពិចារណាថាតើត្រូវតម្កល់រឿងមិន​ចាត់ការ ឬបន្តនីតិវិធីរបស់តុលាការ។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យអយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បានទេ។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ គណបក្សភ្លើងទៀន​បានបញ្ជាក់​ថា មេធាវីតំណាង​​រាជ​រដ្ឋាភិបាល​​បាន​​​ប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍​របស់លោក​​ជាមួយនឹងកាសែត Nikkei Asia និងត្រូវបានយកមកផ្សព្វផ្សាយ​បន្ត​​ដោយវិទ្យុ​បារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែង​ថា រដ្ឋាភិបាលក្រោមការ​ដឹកនាំ​របស់​ លោក ហ៊ុន ម៉ាណែត បានរឹត​ត្បិត គ្រប់​គ្រង​​លើ​​​គូប្រជែង និង​ចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ​បាន​និងកំពុង​ដើរ​ថយ​ក្រោយ​ចាប់​តាំង​ពី​ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក​បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើលដោយកាមេរ៉ា ២៤ម៉ោង​»។

ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច​ក្ដី​ថ្លែង​ការណ៍ ដោយ​ច្រានចោល​​ការ​អះអាងរបស់លោក​ វណ្ណុល ហើយចាត់ទុក​ការលើកឡើង​របស់លោក​ ថា​​មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរ​បស់​រាជរដ្ឋាភិបាល។អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយ​ដែលបញ្ជាក់ពី​ការ​បញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់។

សាស្រា្តចារ្យផ្នែក​វិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា អ្វីដែល​មេដឹក​នាំ​គណបក្សជំទាស់រូបនេះ បានច្រាលចោលនូវការចោទប្រកាន់ពីសំណាក់មេធាវីតំណាងរដ្ឋាភិបាល​នោះ ដោយសារ​​គាត់ចង់បាននូវលំហរសេរីភាពសម្តែងមតិ​ និងសិទ្ធិនយោបាយ ប៉ុន្តែលោកគិតថា ប្រហែលជាមិនអាចទៅរួចនោះទេ។

លោកថា៖ «បើយើងនិយាយទៅ អ្នកនយោបាយចង់បាននូវលំហសេរីភាពសិទ្ធិនយោបាយក្នុងការសម្តែងដែរ ប៉ុន្តែ​ខ្ញុំ​គិតថា គណបក្សកាន់អំណាច ឬក៏រដ្ឋាភិបាលមិនទម្លាក់ចោលទេ គឺអនុវត្តទៅតាមយន្តការ ឬក៏គេហៅថា​យុទ្ធសាស្រ្តIF [Isolate and Finish]របស់អតីតនាយករដ្ឋមន្រ្តី​ បានន័យថា​ធើ្វឱ្យឯកោនិងបញ្ចប់នោះ គឺប្រហែលជានឹងធើ្វយន្តការហ្នឹង​បន្តទៀត ដើម្បីធើ្វឱ្យ​គណបក្សប្រឆាំង​​កាន់​តែ​ខ្សោយ​មែន​ទែន​​ ហើយខ្ញុំគិតថា អ្វីដែលជាការលើកឡើងដែលទាមទាររបស់លោក ទាវ វណ្ណុល ក៏មិនមានការឆ្លើយតបជាវិជ្ជមាន ឬក៏មានការជួយជ្រុំជ្រែងពីសហគមន៍អន្តរជាតិដែរ ព្រោះ​សហគមន៍អន្តរជាតិក៏ហាក់ដូចជាមិនសូវយកចិត្តទុកដាក់លើកម្ពុជាទេនាពេលបច្ចុប្បន្ន​»៕