តំណាងអយ្យការ​អម​​​សាលាដំបូងខេត្តកំពង់ស្ពឺ បាន​សម្រេចចោទប្រកាន់ លោក ជួន គន្ធា និងបក្ស​ពួក ពាក់ព័ន្ធនឹងបទ ឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងករណីប្រកាស​ចែកដីក្នុងដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់​​ជូនប្រជាពលរដ្ឋ ដោយខុសច្បាប់។

កាលពីថ្ងៃទី២៣ និងទី២៤ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្ដកំពង់ស្ពឺ បានចាប់​​ខ្លួន​ ​លោក ជួន គន្ធា និងលោក មិន ផាន្នី ក្រោយ​ពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី «ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ ពាក់ព័ន្ធនឹងការទន្រ្ទានដីនៅ​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទំហំ ៤២០ហិកតា ដោយយកទៅពុះជាដី​ឡូតិ៍​ចែក​ឱ្យពលរដ្ឋ ហើយតម្រូវឱ្យបង់សេវាចំនួន៤៥០ដុល្លារក្នុងមួយឡូតិ៍។

អ្នកនាំពាក្យតំណាងអយ្យកាអមសាលា​ដំបូង​ខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា មានប្រសាសន៍​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ​ថា​ ការសម្រេច​ចោទ​ប្រកាន់ទៅ​លើបុគ្គលឈ្មោះ ​ជួន គន្ធា និងឈ្មោះ​ មិន ផាន្នី ព្រម​ទាំង​​បក្សពួក ដោយផ្អែកលើទង្វើរបស់ពួកគេដែលបានគប់គិតគ្នា ក្នុងការឆបោកប្រជាពលរដ្ឋ ដោយ​ថាដីរបស់រដ្ឋ​ជាកម្មសិទ្ធិរបស់ខ្លួន ហើយជនត្រូវ​ចោទ ឈ្មោះ ជួន គន្ធា បានតាំងខ្លួនជាឯកឧត្តម ដើម្បីទទួលបានទំនុកចិត្តពីមហាជន។

លោកថា សកម្មភាពនេះ បណ្តាល​​ឱ្យមនុស្សជាច្រើននាក់ ឆ្លេឆ្លារត់រកដីដែលចែកជូនដោយឈ្មោះ ជួន គន្ធា ដែលបានបង្កឱ្យមានភាពវឹកវរ និងចលាចលក្នុងសង្គម។

អ្នកនាំពាក្យតំណាងអយ្យការនិយាយ​ថា៖ «ញុះញង់អំពីការចែកដីរបស់គាត់[លោក ជួន គន្ធា] ដោយដីទាំងអស់នោះ​ វាមិនមែនជាកម្មសិទ្ធិឯកជនទេ កម្មសិទ្ធិរបស់​រដ្ឋ ហើយគាត់ផ្សព្វផ្សាយទៅធ្វើឱ្យមានការជ្រួលច្របល់នៅក្នុងសង្គម ដែលមានប្រជាពលរដ្ឋជាច្រើននាំគ្នាបំពាក់​បំពួន ដើម្បី​ទៅទ​ទួល​ថា​ ដីហ្នឹងជាដីឯកជនស្របច្បាប់របស់គាត់»។

បន្ទាប់ពីមានការចុះផ្សាយតាមរយៈគេហទំព័រអនឡាញ KH Plus News កាល​ពីថ្ងៃ​ទី២០ ខែមេសា ជុំវិញការចែកដីជូនពលរដ្ឋឥតគិតថ្លៃក្នុង១ឡូតិ៍ក្បាល១០ម៉ែត្រ បណ្ដោយ​៣០ម៉ែត្រ​ ប៉ុន្តែទាមទារឱ្យបង់សេវារដ្ឋបាលចំនួន ៤៥០ដុល្លារនោះ រដ្ឋបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី២១ ខែមេសា បានចេញលិខិតជំទាស់នឹងការប្រកាសចែកដីជូនពលរដ្ឋរបស់ លោក ជួន គន្ធា ដែល​មាន​ទីតាំនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់។

រដ្ឋបាលស្រុកនេះ បានអះអាងថា ដីមានទីតាំងនោះ​ គឺស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណាអាចកាប់ឆ្ការ ទន្រ្ទាន ឬឈូសឆាយលើដីនោះបានឡើយ។ ប្រភព​ដដែល បញ្ជាក់ថា ប្រសិនបើរដ្ឋចែកជូនដីឱ្យប្រជាពលរដ្ឋក្រីក្រគឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ច ដែលមិនតម្រូវឱ្យពលរដ្ឋក្រីក្របង់ប្រាក់នោះទេ។

យោងតាមសេចក្ដីជូនដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសានេះ ឱ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ​លើ ឈ្មោះ​ ជួន គន្ធា និងឈ្មោះ​ មិន ផាន្នី បានរកឃើញ​ថា បុគ្គលទាំង២រូបនេះ និងបក្សពួកជាច្រើននាក់​ទៀត បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងក្លែងឯកសារផ្សេងៗ ដើម្បីរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើកម្មសិទ្ធិរបស់ក្រុមខ្លួន។

តំណាងអយ្យការសម្រេចចោទប្រកាន់ពួកគេពីបទ ប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង,​ កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅ​ចំណុច​ភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុង​ដើម​ខែ​មេសា រហូតដល់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា​២៧, ២៩, ៣៧៧​, ៣៧៨, ៤៩៤, ៤៩៥, ៦២៩, និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងតាមបញ្ញតិ្ត មាត្រា៥៦ ចំណុចទី៤ និងមាត្រា៦២ ចំណុចទី១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។​

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា សំណុំរឿងនេះ មានមនុស្សជាប់ពាក់ព័ន្ធប្រមាណ ១០នាក់ ហើយសមត្ថកិច្ចនឹងតាម​ចាប់ខ្លួនជាបន្តបន្ទាប់។ លោកបន្ត​​ថា បច្ចុប្បន្ន អាជ្ញាធរក៏កំពុងស្រង់ចំនួនពលរដ្ឋដែលបង់ប្រាក់ ដើម្បីទទួលបានដីនេះផងដែរ។
លោកបញ្ជាក់ថា៖«មនុស្សក្បែរ១០នាក់[ជាប់ពាក់ព័ន្ធ]»។

ចំណែក​នាយករដ្ឋបាលខេត្តកំពង់ស្ពឺ លោក កែវ​​ គុជសី ថ្លែងយ៉ាងខ្លីថា៖ «ឥលូវកំពុងរៀបចំនីតិវិធី មិនទាន់បានរាយការណ៍ [ប្រាប់អ្នកសារព័ត៌មាន] ថាម៉េចទេ»។ 

អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ កាលពីថ្ងៃទី២២ ខែមេសា បាន​ដាក់ពាក្យបណ្ដឹងប្តឹង​បុគ្គលចំនួន ៤នាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ថា ពួកគេបានញុះញង់ពលរដ្ឋឱ្យទន្ទ្រានដីរដ្ឋដែលជាដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ហើយយកទៅលក់ឱ្យលោក ជួន គន្ធា។

ការប្ដឹងនេះធ្វើឡើង​ក្រោយពី​អង្គការនេះ​ រកឃើញថា ដីដែលលោក ជួន គន្ធា ប្រកាសចែកជូនពលរដ្ឋក្រីក្រចំនួន ៦ ០០០ឡូតិ៍ ហើយតម្រូវឱ្យបង់ប្រាក់ក្នុងមួយឡូតិ៍ចំនួន ៤៥០ដុល្លារ ដែលមានទំហំ១០ម៉ែត្រគុណនឹង​៣០ម៉ែត្រ គឺជាដីស្ថិតកក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានការពារដោយព្រះរាជក្រឹត្យ។

ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋ​ លោក ជា ហ៊ាន ថ្លែងថា ការដាក់ពាក្យប្ដឹងប្រឆាំងនឹងបុគ្គលទាំង៤នាក់នេះ ដោយ​សារពួកគេគប់គិតគ្នាក្នុងការលក់ដីរបស់រដ្ឋជាច្រើនហិកតាទៅឱ្យ លោក ជួន គន្ធា ដែលជាដីស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

លោកថា៖ «ពួកគាត់បានទៅទន្រ្ទានដីរបស់រដ្ឋលក់តែម្ដង ដូច្នេះខ្ញុំត្រូវតែប្ដឹងក្នុងនាមការពារដីរដ្ឋ»។ 

លោក​សង្ឃឹមថា តុលាការនឹងចាត់វិធានការតាមច្បាប់លើអ្នកទន្រ្ទានដីរដ្ឋ ខណៈលោកអះអាងថា ប្រសិនបើតុលាការសម្រេចលើកលែងការចោទប្រកាន់នោះ ជនល្មើសនឹងនៅតែធ្វើសកម្ម​ភាព​ច្បាម​យកដីរបស់រដ្ឋជាបន្តទៀត។ 

លោក ហេង គឹមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរគួរបង្កើនការអប់រំផ្សព្វផ្សាយ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ចំពោះជនដែលទន្រ្ទានដីរបស់រដ្ឋ ដើម្បីចៀសវាងកុំឱ្យពលរដ្ឋមួយចំនួនយល់ថា សកម្មភាពរបស់ខ្លួនស្របទៅនឹងច្បាប់។

លោកបញ្ជាក់ថា៖ «រដ្ឋត្រូវការអប់រំបន្ថែមទៀត អាជ្ញាធរមូលដ្ឋានត្រូវបង្កើនវិធានការកុំឱ្យមានការបំផ្លិចបំផ្លាញ [អាជ្ញាធរ] កុំឱ្យមានការពាក់ព័ន្ធជួញដូរដីរដ្ឋ ឬក៏អីជាដើម ចឹងបើសិនជាមានសញ្ញាណាកើតឡើងត្រូវតែមានការធ្វើអន្តរាគមន៍ឱ្យបានលឿន ចៀសវាងមានការទិញលក់ ពេលខ្លះពលរដ្ឋ លោកមានការភ័ន្តច្រលំ ហើយបានមានអន្តរា​គមន៍​ចឹង»៕