ក្រុមយុវជន សកម្មជនបរិស្ថាន និងព្រះសង្ឃជាង ២០អង្គ/នាក់ ស្នើជាថ្មីដល់ក្រសួងយុត្តិធម៌ បន្តជំរុញឱ្យស្ថាប័នអយ្យការ ស៊ើបអង្កេតឡើងវិញដោយឯករាជ្យ លើករណីឃាតកម្មទៅលើ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ ដើម្បីឈានទៅរកការកំណត់អ្នកផ្តើមគំនិត និងជនល្មើសឱ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់។
ការស្នើនេះ បានធ្វើឡើងក្នុងថ្ងៃខួប ១២ឆ្នាំ នៃមរណភាពរបស់លោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ នៅព្រឹកមិញនេះ ក្រុមយុវជន និងព្រះសង្ឃទាំងនោះ បានដើរ និងនិមន្តដោយថ្មើរជើងចេញពីផ្សាររាត្រី ទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីយកញត្តិទៅដាក់ជូនថ្នាក់ដឹកនាំក្រសួង ស្នើសុំឱ្យមានការអន្តរាគមន៍ជុំវិញសំណុំរឿងឃាតកម្មទៅលើលោក ឈុត វុទ្ធី។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា បានលើកឡើងថា ករណីឃាតកម្មទៅលើសកម្មជនព្រៃឈើ និងបរិស្ថាន លោក ឈុត វុទ្ធី នៅមិនទាន់មានពន្លឺនៃយុត្តិធម៌នៅឡើយទេ បន្ទាប់ពីគាត់ត្រូវបានជនល្មើសបាញ់សម្លាប់កាលពី ១២ឆ្នាំមុន។ កញ្ញាថា ករណីនេះ ទើបពួកគាត់នាំគ្នាប្រមូលផ្តុំ និងដើរដង្ហែក្បួនដាក់ញត្តិនៅក្រសួងយុត្តិធម៌ ដើម្បីឱ្យថ្នាក់ដឹកនាំក្រសួង ជួយអន្តរាគមន៍ទៅស្ថាប័នអយ្យការ ធ្វើការស៊ើបអង្កេតឡើងវិញទៅលើសំណុំរឿងនេះ។
កញ្ញាបន្តថា៖ «យើងមើលឃើញថាយុត្តិធម៌សម្រាប់លោក ហាក់នៅឆ្ងាយ ខណៈ ១២ឆ្នាំហើយនៅពុំទាន់រកឃើញឃាតករពិតប្រាកដ មិនទាន់រកឃើញអ្នកពាក់ព័ន្ធដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់»។
កញ្ញាសង្ឃឹមថា ក្រសួងយុត្តិធម៌ នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេត រកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយករណីឃាតកម្មលោក ឈុត វុទ្ធី ដើម្បីផ្តល់យុត្តិធម៌ជូនរូបលោក និងក្រុមគ្រួសារលោក។
កញ្ញា ឡុង គន្ធា បន្ថែមថា៖ «យើងជាយុវជនជំនាន់ក្រោយ ពួកយើងនៅតែចងចាំថ្ងៃទី២៦ ខែមេសា ដែលជាថ្ងៃដែលយើងបាត់បង់សកម្មជនការពារព្រៃឈើដ៏ឆ្នើម គឺលោក ឈុត វុទ្ធី ហើយវីរៈភាពរបស់លោក នៅតែចងចាំក្នុងចិត្តយុវជនគ្រប់ៗគ្នា ហើយពួកយើងជាយុវជននៅតែបន្តបេសកម្មរបស់លោក ក្នុងការការពារព្រៃឈើ និងការពារធនធានធម្មជាតិ»។
លោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈពេលដែលគាត់កំពុងតែធ្វើការស៊ើបអង្កេតលើការកាប់ឈើ និងការរឹបអូសដីធ្លីដោយខុសច្បាប់ នៅតំបន់ជួរភ្នំក្រវាញ ជាមួយអ្នកកាសែតពីរនាក់។
កន្លងមក តុលាការខេត្តកោះកុងបានបិទការស៊ើបអង្កេតទៅលើសំណុំរឿងនេះ ដោយកាត់ទោសឱ្យយុវជនម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ មនុស្សឃាតដោយអចេតនាលើមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា ដែលតុលាការខេត្តកោះកុង បានវិនិច្ឆ័យថា ជាឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី។
បើទោះបីជាសំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី ត្រូវបានបិទបញ្ចប់រួចហើយក៏ដោយ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសិទ្ធិមនុស្ស សកម្មជនព្រៃឈើ ព្រមទាំងសមាជិកគ្រួសារជនរងគ្រោះ នៅតែមានការយល់ឃើញផ្សេងគ្នា អំពីដំណើរការស្វែងរកយុត្តិធម៌នេះ។
កញ្ញា រៀម ស្រីពេជ្ររតនា ជានិសិ្សតសិក្សាផ្នែកច្បាប់នៅពុទ្ធិកសកលវិទ្យាល័យ ដែលបានចូលរួមដាក់ញត្តិដែរនោះ ហាក់មិនសង្ឃឹមថា នឹងមានការឆ្លើយតបជាវិជ្ជមានពីខាងក្រសួងយុត្តិធម៌ ក្រោយការដាក់ញត្តិនេះទេ។
កញ្ញាថ្លែងថា៖«យើងឃើញថា មិនទាន់មានយុត្តិធម៌មួយដែលបង្ហាញច្បាស់លាស់ថា តើការបាញ់សម្លាប់ លោក ឈុត វុទ្ធី នេះគឺមានជនល្មើសអ្វីពិតប្រាកដទេ តាមរយៈការឆ្លើយផ្តល់ព័ត៌មានមកម្តងបែបនេះ ម្តងបែបនោះ»។
កញ្ញា រតនា ស្នើឱ្យក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល ស៊ើបអង្កេតករណីនេះឡើងវិញ ឱ្យបានម៉ត់ចត់ជាងមុន ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនលោក ឈុត វុទ្ធី និងក្រុមគ្រួសាររបស់លោក។
លោក ឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសលោក ឈុត វុទ្ធី បានប្រាប់ Newsrooom Cambodia ក៏បានស្នើឱ្យក្រសួងយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់ឪពុករបស់លោកផងដែរ។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះខ្ញុំ ក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់គោរព លោក ឈុត វុទ្ធី គឺមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដទេ។ សម្រាប់អាជ្ញាធរ ឬប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន គួតែរកឃាតករនៅពីក្រោយខ្នងនៃកាបញ្ជាបាញ់សម្លាប់លោក ឈុត វុទ្ធី»។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព ដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបនៅឡើយ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដាក់ញត្តិរបស់ក្រុមយុវជន និងសកម្មជនទាំងនោះ ដោយសារតែពួកគាត់ស្រឡាញ់នូវវីរភាពដ៏អង់អាចរបស់លោក ឈុត វុទ្ធី និងចាត់ទុកលោកជាវិរជនការពារព្រៃឈើ និងបរិស្ថាន។ លោកបន្តថា នេះជាសិទ្ធិសេរីភាពរបស់ពួកគាត់ ដើម្បីទាមទាររកយុត្តិធម៌ឱ្យបានពេញលេញសម្រាប់លោក ឈុត វុទ្ធី និងក្រុមគ្រួសារ ក៏ដូចជាយុត្តិធម៌ក្នុងសង្គម។
លោកថ្លែងថា៖ «សង្គមស៊ីវិល និងយុវជនដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បរិស្ថាន និងព្រៃឈើ មើលឃើញថាយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី និងក្រុមគ្រួសារមិនទាន់មានពេញលេញនៅឡើយទេ គឺសំណុំរឿងនេះនៅមានមន្ទិលសង្ស័យច្រើន»។
ករណីនេះដែរ លោក អំ សំអាត ក៏បានស្នើយ៉ាងទទូចដល់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួរតែបន្តការស៊ើបអង្កេតឱ្យបានម៉ត់ចត់ និងពេញលេញ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដសម្រាប់សពលោក ឈុត វុទ្ធី និងក្រុមគ្រួសារ ក៏ដូចជាមានយុត្តិធម៌ក្នុងសង្គម៕