ក្រុម​យុវជ​ន សកម្មជនបរិស្ថាន និងព្រះសង្ឃ​​ជាង ២០អង្គ/នាក់ ស្នើជាថ្មីដល់​​ក្រសួងយុត្តិធម៌ បន្តជំរុញឱ្យស្ថាប័នអយ្យការ ​ស៊ើបអង្កេតឡើង​វិញ​ដោយឯករាជ្យ​ លើ​ករណី​ឃាតកម្មទៅ​លើ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ដើម្បីឈានទៅរកការកំណត់អ្នកផ្តើមគំនិត និងជនល្មើស​ឱ្យ​មកទទួលខុសត្រូវតាម​ផ្លូវ​ច្បាប់។​

ការស្នើនេះ បានធ្វើឡើង​ក្នុងថ្ងៃខួប ១២​ឆ្នាំ នៃមរណភាពរបស់លោក ឈុត វុទ្ធី នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ នៅព្រឹកមិញនេះ ក្រុមយុវជន និងព្រះសង្ឃទាំងនោះ​ បានដើរ និងនិមន្ត​​ដោយ​ថ្មើរ​​ជើង​​​ចេញ​​​ពី​ផ្សាររាត្រី ទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីយកញត្តិទៅដាក់ជូនថ្នាក់ដឹកនាំ​ក្រសួង ស្នើសុំឱ្យមានការអន្តរាគមន៍ជុំវិញសំណុំរឿងឃាតកម្មទៅលើលោក ឈុត វុទ្ធី​​។

សកម្មជនបរិស្ថាន​នៃចលនាមាតាធម្មជាតិ​ កញ្ញា ឡុង គន្ធា បាន​លើកឡើង​​ថា ករណីឃាតកម្ម​ទៅលើសកម្មជនព្រៃឈើ និងបរិស្ថាន លោក ឈុត វុទ្ធី នៅមិនទាន់មានពន្លឺនៃយុត្តិធម៌នៅឡើយ​ទេ បន្ទាប់ពីគាត់ត្រូវបានជនល្មើសបាញ់សម្លាប់កាលពី ១២ឆ្នាំមុន។ កញ្ញាថា ករណីនេះ ទើបពួកគាត់​​នាំគ្នា​ប្រមូលផ្តុំ និង​ដើរ​ដង្ហែក្បួនដាក់ញត្តិនៅក្រសួងយុត្តិធម៌ ដើម្បីឱ្យ​ថ្នាក់ដឹកនាំក្រសួង​ ជួយ​​​អន្តរាគមន៍​ទៅ​ស្ថាប័នអយ្យការ ធ្វើការ​ស៊ើបអង្កេតឡើងវិញទៅលើសំណុំរឿង​​នេះ។

កញ្ញាបន្ត​ថា៖ «យើងមើលឃើញថាយុត្តិធម៌សម្រាប់លោក ហាក់នៅឆ្ងាយ ខណៈ ១២​ឆ្នាំ​ហើយនៅពុំទាន់រកឃើញឃាតករពិតប្រាកដ មិនទាន់រកឃើញអ្នកពាក់ព័ន្ធដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់»។

កញ្ញាសង្ឃឹមថា ក្រសួងយុត្តិធម៌ នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេត រកអ្នកពាក់ព័ន្ធ និង​អ្នក​នៅ​ពីក្រោយ​ករណីឃាតកម្មលោក​ ឈុត វុទ្ធី​ ដើម្បីផ្តល់យុត្តិធម៌ជូនរូបលោក និងក្រុមគ្រួសារ​លោក។

កញ្ញា ឡុង គន្ធា បន្ថែមថា៖ «យើង​ជាយុវជនជំនាន់ក្រោយ ពួកយើងនៅតែចងចាំថ្ងៃទី២៦ ខែមេសា ដែលជាថ្ងៃដែលយើងបាត់បង់សកម្ម​ជន​ការពារព្រៃឈើដ៏​ឆ្នើម គឺលោក ឈុត វុទ្ធី ហើយវីរៈភាពរបស់លោក នៅតែចងចាំក្នុងចិត្ត​យុវជ​ន​គ្រប់ៗគ្នា ហើយពួក​យើង​ជាយុវជននៅតែបន្តបេសកម្មរបស់លោក ក្នុងការការពារព្រៃឈើ និង​ការពារធនធានធម្មជាតិ»។

លោក ​ឈុត វុទ្ធី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ខេត្ត​កោះកុង​ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈពេលដែលគាត់កំពុងតែធ្វើការស៊ើបអង្កេតលើការកាប់ឈើ និងការរឹបអូសដីធ្លីដោយ​ខុសច្បាប់​ នៅតំបន់ជួរភ្នំក្រវាញ​ ​ជាមួយអ្នកកាសែតពីរនាក់។

កន្លង​មក តុលាការ​ខេត្ត​កោះកុង​បាន​បិទ​ការស៊ើបអង្កេត​ទៅលើ​សំណុំ​រឿង​នេះ ដោយ​កាត់ទោស​​ឱ្យ​យុវជន​ម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់ពន្ធនាគារ​​ ២​ឆ្នាំ ពី​បទ ​មនុស្ស​ឃាត​ដោយ​អចេតនា​លើ​មន្ត្រីកងរាជអាវុធហត្ថ​ម្នាក់ ឈ្មោះ អ៊ិន រតនា ដែល​តុលាការ​ខេត្ត​កោះកុង បាន​វិនិច្ឆ័យ​ថា ជា​ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី។

បើ​ទោះបីជា​សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ត្រូវ​បាន​បិទ​បញ្ចប់​រួចហើយ​ក៏ដោយ ប៉ុន្តែ​ ​មន្ត្រី​​រដ្ឋាភិបាល និង​មន្ត្រី​សិទ្ធិមនុស្ស សកម្មជន​ព្រៃឈើ ព្រមទាំង​សមាជិកគ្រួសារ​ជនរងគ្រោះ នៅ​តែមានការ​យល់ឃើញផ្សេងគ្នា អំពី​ដំណើរការ​ស្វែងរក​យុត្តិធម៌នេះ។

កញ្ញា រៀម ស្រីពេជ្ររតនា ជានិសិ្សតសិក្សាផ្នែកច្បាប់នៅពុទ្ធិកសកលវិទ្យាល័យ ដែលបាន​ចូលរួម​ដាក់​ញត្តិដែរនោះ ហាក់មិនសង្ឃឹមថា នឹងមានការឆ្លើយតបជាវិជ្ជមានពីខាងក្រសួងយុត្តិធម៌ ក្រោយការដាក់ញត្តិនេះទេ។

កញ្ញាថ្លែងថា៖«យើងឃើញថា មិនទាន់មានយុត្តិធម៌មួយដែលបង្ហាញច្បាស់លាស់ថា តើការបាញ់​សម្លាប់ លោក ឈុត វុទ្ធី នេះគឺ​មានជនល្មើសអ្វីពិតប្រាកដទេ តាមរយៈការឆ្លើយផ្តល់ព័ត៌​មាន​មក​ម្តង​បែប​នេះ ម្តងបែបនោះ»។

កញ្ញា រតនា ស្នើឱ្យក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល ស៊ើបអង្កេតករណីនេះឡើងវិញ ឱ្យបានម៉ត់​ចត់​ជាង​មុន ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនលោក ឈុត វុទ្ធី និងក្រុមគ្រួសាររបស់​លោក។

លោក ឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសលោក ឈុត វុទ្ធី បានប្រាប់ Newsrooom Cambodia ក៏បាន​ស្នើ​ឱ្យក្រសួងយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយ​នៃការ​បាញ់សម្លាប់ឪពុករបស់​លោកផង​ដែរ។

លោកថ្លែងថា៖ «រហូតមកដល់ពេលនេះខ្ញុំ ក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់គោរព លោក ឈុត វុទ្ធី គឺមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដទេ។ សម្រាប់អាជ្ញាធរ ឬប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន គួតែរកឃាតករនៅពីក្រោយខ្នងនៃកាបញ្ជាបាញ់សម្លាប់លោក ឈុត វុទ្ធី»។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព ដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតប​នៅឡើយ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤​នេះ។​

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​​ថា​ ការ​ដាក់​ញត្តិ​របស់​ក្រុម​យុវជន និង​សកម្មជន​ទាំងនោះ ដោយសារតែពួកគាត់​ស្រឡាញ់នូវវីរភាពដ៏​អង់អាចរបស់លោក ឈុត វុទ្ធី និងចាត់ទុកលោកជាវិរ​ជន​ការ​ពារ​ព្រៃឈើ និងបរិស្ថាន។ លោក​បន្តថា នេះ​ជាសិទ្ធិសេរីភាពរបស់ពួកគាត់ ដើម្បីទាមទាររកយុត្តិធម៌ឱ្យបានពេញលេញសម្រាប់​លោក ឈុត វុទ្ធី និងក្រុមគ្រួសារ ក៏ដូចជាយុត្តិធម៌ក្នុងសង្គម​។

លោក​ថ្លែង​ថា៖ «សង្គមស៊ីវិល និងយុវជនដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បរិស្ថាន និងព្រៃឈើ មើលឃើញថាយុត្តិ​ធម៌​សម្រាប់​លោក ឈុត វុទ្ធី និងក្រុមគ្រួសារមិនទាន់មានពេញលេញនៅ​ឡើយទេ គឺសំណុំរឿងនេះ​នៅមានមន្ទិលសង្ស័យច្រើន»។

ករណីនេះដែរ លោក អំ សំអាត ក៏បានស្នើយ៉ាងទទូចដល់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួរតែ​បន្ត​ការ​ស៊ើបអង្កេត​ឱ្យបាន​ម៉ត់​ចត់ និងពេញលេញ ដើម្បីផ្តល់​​យុត្តិធម៌ពិតប្រាកដ​​សម្រាប់សព​លោក ឈុត វុទ្ធី និង​ក្រុមគ្រួសារ ក៏ដូចជាមានយុត្តិធម៌ក្នុងសង្គម៕