ក្នុងគម្រប់ខួប១២ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ក្រុមអង្គការសង្គមស៊ីវិល និងគ្រួសារ ទាមទារឱ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតឡើងវិញដើម្បីផ្តល់យុត្តិធម៌។
លិខិតចំហរចេញកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយអង្គការចំនួន៩ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមការពារសិទ្ធិមនុស្សអាដហុកជាដើម លើកឡើងពីមរណភាពរបស់លោក ឈុត វុទ្ធី ថាមិនទាន់ទទួលបានយុត្តិធម៌នៅគើយ។ លិខិតចំហរដដែលបន្ថែមថា អំពើឃាតកម្មលើលោក ឈុត វុទ្ធី បានបង្កការឈឺចាប់ និងសោកស្តាយជាខ្លាំងសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ សកម្មជនបរិស្ថាន អ្នកស្រឡាញ់ព្រៃឈើ ពលរដ្ឋសហគមន៍ព្រៃឈើ ព្រមទាំងអ្នកស្រឡាញ់គាំទ្ររូបលោក។
តាមរយៈលិខិតចំហដដែលបញ្ជាក់ថា៖ «អស់រយៈពេល១២ឆ្នាំមកហើយនៅតែមិនទាន់បានយុត្តិធម៌ ហើយបានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋសហគមន៍ព្រៃឈើ សកម្មជនព្រៃឈើ សកម្មជនបរិស្ថាន និងអ្នកស្រឡាញ់ធនធានធម្មជាតិដទៃទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ»។
លោក រស់ សារ៉ាត់អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានប្រាប់ Newsroom Cambodia ថា CCHR ជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតឡើងវិញលើរឿងនេះ ហើយចូលរួមការពារសិទ្ធិសេរីភាពចំពោះសកម្មជនដែលហ៊ានពលីជីវិតដើម្បីជាតិ។
លោកដនិយាយថា៖ «កន្លងមកយើងឃើញថានៅពេលដែលសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថានត្រូវបានសម្លាប់ ដូចជាករណីលោក ឈុត វុទ្ធីលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី តែងរងការរិះគន់ថាករណីទាំងនោះមិនទទួលបានយុត្តិធម៌ ដោយសារកង្វះការស៊ើបអង្កេតដែលអាចជឿជាក់បាន និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដ ការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព គឺជាការចាំបាច់បំផុត ដើម្បីធានាជនដៃដល់ និងអ្នកពាក់ព័ន្ធត្រូវបាននាំមកផ្តន្ទាទោស»។
លោកបន្ថែមថា នៅពេលដែលករណីណាមួយមិនត្រូវបានផ្តល់យុត្តិធម៌ នោះវប្បធម៌និទណ្ឌភាព ឬភាពរួចទោសពីការទទួលខុសត្រូវផ្លូវច្បាប់ នៅតែមាន ដែលជាមូលហេតុធ្វើឱ្យ សាធារណជនបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
លោក ឆឺយ ឧត្តមរស្មី កូនប្រុសរបស់លោក ឈុត វុទ្ធី ប្រាប់ Newsroom Cambodia ថា លោកពិតជាមានការសោកស្តាយ៉ាងខ្លាំងដែលបានបាត់បង់ធនធានមនុស្សដូចឪពុករបស់លោក ហើយលោកចង់ឱ្យមានការស៊ើបអង្កេតឡើងវិញចំពោះការបាញ់សម្លាប់ឪពុករបស់លោក។
លោកបានថ្លែងថា៖ «បើរឿងនឹករឮករវាងកូននិងឪពុកគឺគាត់ជាឪពុកម្នាក់ដ៏ល្អ និងជាគំរូភាពម្នាក់ក្នុងសង្គមជាតិ ដែលខ្ញុំមានឪពុកជាអ្នកការពារធនធានធម្មជាតិ ជាមោទនភាពចំពោះខ្ញុំយ៉ាងធំចំពោះលោកឪពុក ហើយចំពោះយុវជនដែលបានចូលរួមគោរពនឹករឮកវិញ្ញាណក្ខន្ធរបស់លោក ឈុត វុទ្ធី ហ្នឹង គឺសុទ្ធសឹងតែយុវជនដែលមានស្មារតីការពារធនធានធម្មជាតិដូចលោក ឈុត វុទ្ធី ដែរ។ អ៊ីចឹងហើយយើងនៅតែលើកទឹកចិត្តដល់យុវជនឱ្យធ្វើកិច្ចការងារបន្តពីលោក ឈុត វុទ្ធី ដើម្បីការពារព្រៃឈើនៅកម្ពុជា»។
លោក ឆឺយ ឧត្តមរស្មី បន្ថែមថា រហូតមកដល់ពេលនេះ យុត្តិធម៌សម្រាប់ឱពុក និងក្រុមគ្រួសាររបស់លោកមិនទាន់មានពន្លឺនៅឡើយ។
លោកបន្តថា៖ «ខ្ញុំ ព្រមទាំងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់គោរពលោក ឈុត វុទ្ធី គឺមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដទេមកទល់ពេលនេះ។ ចំពោះអាជ្ញាធរ ឬក៏ប្រព័ន្ធតុលាកានៅប្រទេសកម្ពុជា ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនគួរតែរកឃាតករនៅពីក្រោយខ្នងក្នុងការបញ្ជាបាញ់សម្លាប់លោក ឈុត វុទ្ធី។ ខ្ញុំគិតថាលោក ឈុត វទ្ធី មិនមែនត្រឹមកូនប៉េអឹមហ្នឹងមកមានសិទ្ធិ ឬក៏ហ៊ានសម្រេចចិត្តបាញ់សម្លាប់គាត់ទេ ត្រូវតែចាប់អ្នកបញ្ជាហ្នឹងមកផ្តន្ទាទោស»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹមសន្តិភាពបានទេ។
លោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈពេលដែលគាត់កំពុងស៊ើបអង្កេតលើការកាប់ឈើ និងការរឹបអូសដីធ្លីដោយខុសច្បាប់ នៅតំបន់ជួរភ្នំក្រវាញ ខេត្តកោះកុង ជាមួយអ្នកកាសែតពីរនាក់។
កន្លងមក តុលាការខេត្តកោះកុងបានបិទការស៊ើបអង្កេតទៅលើសំណុំរឿងនេះ ដោយកាត់ទោសឱ្យយុវជនម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់ពន្ធនាគារ ២ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា។ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា ដែលតុលាការខេត្តកោះកុង បានវិនិច្ឆ័យថា ជាឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី បានស្លាប់ក្នុងហេតុការណ៍នោះ៕