ក្នុងគម្រប់ខួប​១២​ឆ្នាំ​នៃការ​​បាញ់​សម្លាប់​សកម្ម​ជន​ព្រៃឈើ លោក ឈុត វុទ្ធី ក្រុម​​​អង្គការ​​សង្គម​ស៊ីវិល និង​គ្រួសារ ទាម​ទារ​ឱ្យក្រសួង​យុត្តិធម៌​បើក​​​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ដើម្បី​ផ្តល់​យុត្តិធម៌​។ ​

​​លិខិត​​ចំហរ​​ចេញកាលពីថ្ងៃទី​២៦​ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​អង្គការ​​ចំនួន​៩ រួមមាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា​ ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ជាដើម លើក​ឡើង​ពីមរណភាព​របស់​លោក ឈុត វុទ្ធី​ ថា​មិនទាន់​ទទួលបាន​យុត្តិធម៌​​នៅគើយ។ លិខិត​ចំហរ​ដដែល​បន្ថែម​ថា អំពើ​ឃាតកម្ម​លើលោក ឈុត វុទ្ធី​​ បាន​បង្កការ​ឈឺចាប់ ​និង​សោក​ស្តាយជា​ខ្លាំងសម្រាប់​ក្រុម​គ្រួសារ មិត្តភក្តិ សកម្មជនបរិស្ថាន​ អ្នក​ស្រឡាញ់ព្រៃ​ឈើ ពលរដ្ឋសហគមន៍ព្រៃឈើ​ ព្រមទាំង​អ្នកស្រឡាញ់​គាំទ្ររូប​លោក​។​

តាមរយៈ​លិខិតចំហ​ដដែល​បញ្ជាក់ថា​៖​ «អស់រយៈពេល​១២ឆ្នាំមកហើយ​នៅតែមិនទាន់បាន​យុត្តិធម៌​ ហើយ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមានជាខ្លាំង​ដល់សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​សហគមន៍​​ព្រៃឈើ​ សកម្មជន​ព្រៃ​ឈើ សកម្មជនបរិស្ថាន និងអ្នកស្រឡាញ់​ធនធានធម្មជាតិ​ដទៃ​​ទៀត​ ក្នុងការ​ការពារ​និង​អភិរក្សធនធានធម្មជាតិ»។​

លោក រស់ សារ៉ាត់អ្នកសម្របសម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​(CCHR)​ បានប្រាប់ Newsroom Cambodia ថា CCHR ជំរុញ​ឱ្យ​​​រដ្ឋាភិបាល​ស៊ើបអង្កេតឡើងវិញ​លើរឿងនេះ​ ហើយ​ចូលរួម​ការពារ​សិទ្ធិសេរីភាព​ចំពោះ​សកម្មជន​ដែល​ហ៊ាន​ពលីជីវិត​ដើម្បី​ជាតិ។  

លោកដនិយាយ​ថា៖ «កន្លងមក​យើងឃើញ​ថានៅ​ពេលដែល​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន​ត្រូវបានសម្លាប់ ដូចជាករណីលោក ឈុត វុទ្ធីលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី តែងរង​ការរិះគន់​ថាករណីទាំងនោះ​មិនទទួល​បានយុត្តិធម៌ ដោយសារកង្វះការ​ស៊ើបអង្កេត​ដែល​អាចជឿ​ជាក់បាន និងឯករាជ្យភាព​នៃប្រព័ន្ធ​តុលាការ។ ដើម្បី​ផ្ដល់យុត្តិធម៌​ពិតប្រាកដ ការស៊ើប​អង្កេតដោយឯករាជ្យ និងតម្លាភាព គឺជា​ការចាំបាច់​បំផុត ដើម្បីធានា​ជនដៃដល់ និងអ្នក​ពាក់ព័ន្ធ​ត្រូវបាននាំមកផ្តន្ទាទោស»។

លោកបន្ថែម​ថា នៅពេល​ដែល​ករណី​ណាមួយ​មិនត្រូវបាន​ផ្តល់​យុត្តិធម៌ នោះ​វប្បធម៌​និទណ្ឌភាព ឬភាពរួចទោសពីការ​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់ នៅ​តែមាន ដែលជា​មូលហេតុ​ធ្វើ​ឱ្យ​ សាធារណជន​បាត់បង់​ទំនុកចិត្ត​លើប្រព័ន្ធ​យុត្តិធម៌។

លោក ឆឺយ ឧត្តមរស្មី កូនប្រុស​​របស់​លោក ឈុត វុទ្ធី ប្រាប់ Newsroom Cambodia ថា លោក​ពិតជា​មានការសោកស្តាយ៉ាង​ខ្លាំងដែល​បានបាត់​បង់ធនធានមនុស្ស​ដូចឪពុករបស់លោក ហើយលោក​ចង់ឱ្យ​មាន​ការ​ស៊ើប​អង្កេតឡើងវិញ​​ចំពោះ​ការ​បាញ់សម្លាប់ឪ​ពុករបស់លោក។

លោកបាន​ថ្លែង​ថា៖ «បើរឿងនឹករឮករវាងកូន​និង​​ឪពុក​គឺគាត់ជា​ឪពុកម្នាក់​ដ៏ល្អ​ និងជាគំរូភាព​ម្នាក់​ក្នុង​សង្គមជាតិ​ ដែលខ្ញុំមាន​ឪពុកជាអ្នក​ការពារធនធាន​ធម្មជាតិ​ ជាមោទ​នភាព​ចំពោះ​ខ្ញុំយ៉ាង​ធំ​ចំពោះ​លោក​ឪពុក​ ហើយ​ចំពោះ​យុវ​ជន​ដែលបាន​ចូលរួម​គោរព​នឹក​រឮក​វិញ្ញាណក្ខន្ធ​​​របស់លោក​ ឈុត​ វុទ្ធី ហ្នឹង​ គឺ​សុទ្ធ​សឹងតែ​យុវជន​ដែល​មាន​ស្មារតី​ការពារធនធាន​ធម្មជាតិ​ដូច​លោក​ ឈុត វុទ្ធី​ ដែរ​។ អ៊ីចឹងហើយ​យើង​នៅតែ​លើកទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ធ្វើកិច្ចការងារ​បន្ត​ពី​លោក ឈុត​ វុទ្ធី​ ដើម្បី​​ការពារ​ព្រៃឈើ​នៅកម្ពុជា»។

លោក ឆឺយ ឧត្តមរស្មី បន្ថែម​ថា រហូត​មកដល់ពេល​នេះ យុត្តិធម៌​សម្រាប់​ឱពុក និង​ក្រុមគ្រួសារ​របស់​លោក​មិនទាន់​មាន​ពន្លឺ​នៅឡើយ។​

លោក​បន្តថា៖ «​ខ្ញុំ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​គោរព​លោក​ ឈុត វុទ្ធី គឺ​មិនទាន់​ទទួល​បាន​យុត្តិធម៌ពិត​ប្រាកដ​ទេ​មក​ទល់​ពេលនេះ​។ ចំពោះ​អាជ្ញាធរ ​ឬក៏​ប្រព័ន្ធ​តុលាកានៅ​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​គួរ​តែ​រក​ឃាត​ករ​នៅពី​ក្រោយ​ខ្នង​ក្នុង​ការ​បញ្ជាបាញ់​សម្លាប់​​លោក ឈុត វុទ្ធី។​​ ខ្ញុំ​គិត​ថា​លោក​ ឈុត​ វទ្ធី​ មិនមែន​ត្រឹម​កូន​ប៉េអឹមហ្នឹង​មកមានសិទ្ធិ ឬក៏​ហ៊ានសម្រេចចិត្ត​បាញ់​សម្លាប់​​គាត់​ទេ​ ត្រូវ​តែ​ចាប់អ្នកបញ្ជាហ្នឹងមកផ្តន្ទាទោស»។

Newsroom Cambodia មិនអាចទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​លោក គឹម​សន្តិភាព​បាន​ទេ។​

លោក ​ឈុត វុទ្ធី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈពេលដែលគាត់កំពុងស៊ើបអង្កេតលើការកាប់ឈើ និងការរឹបអូសដីធ្លីដោយ​ខុសច្បាប់​ នៅតំបន់ជួរភ្នំក្រវាញ​ ​ខេត្តកោះកុង ជាមួយអ្នកកាសែតពីរនាក់។

កន្លង​មក តុលាការ​ខេត្ត​កោះកុង​បាន​បិទ​ការស៊ើបអង្កេត​ទៅលើ​សំណុំ​រឿង​នេះ ដោយ​កាត់ទោស​​ឱ្យ​យុវជន​ម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់ពន្ធនាគារ​​ ២​ឆ្នាំ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​។ មន្ត្រីកងរាជអាវុធហត្ថ​ម្នាក់ ឈ្មោះ អ៊ិន រតនា ដែល​តុលាការ​ខេត្ត​កោះកុង បាន​វិនិច្ឆ័យ​ថា ជា​ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី បាន​ស្លាប់​ក្នុង​ហេតុការណ៍នោះ៕