យ៉ាងហោចណាស់ យោធិនចំនួន ២០នាក់ បានស្លាប់បាត់បង់ជីវិត និងមានអ្នកផ្សេងទៀតបានរងរបួសជាច្រើននាក់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅបន្ទាយទាហានភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
បើតាមការឱ្យដឹងនៅក្នុងរបាយការណ៍បឋមរបស់យោធភូមិភាគទី៣ ករណីផ្ទុះនៅឃ្លាំងស្តុកគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១៤ និង២៥នាទី ដែលបណ្តាលឱ្យយោធិនចំនួន ២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកស្លាប់នោះ គឺមាននាយទាហាននៅខេត្តកោះកុង ចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ ចំនួន ៥នាក់ ព្រមទាំងបង្កឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅជិតៗតំបន់នោះផងដែរ។
របាយការណ៍ដដែលបន្តថា យោធិនទាំង ១៥នាក់ ដែលមកពីខេត្តកោះកុង គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង មកកាន់ទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ខណៈយោធិន ៥នាក់ទៀត ដែលជានាយទាហានទីបញ្ជាការយោធនភូមិភាគ៣ខេត្តកំពង់ស្ពឺ គេនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ។
ប្រភពដដែលបន្តទៀតថា ក្នុងឧបទ្ទវហេតុនេះ បានបណ្ដាលឱ្យខូតខាតរថយន្ត ០៥ គ្រឿង អគារខូចខាតធ្ងន់ធ្ងរចំនួន ០៤ខ្នង និងខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគចំនួន ២៥ខ្នង។
ទាក់ទងនឹងករណីនេះ គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ និងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញមូលហេតុនៃការផ្ទុះ និងចំនួនអ្នករងរបួសបានទេ ដោយទូរស័ព្ទមិនអាចខលចូលបាន។
អ្នកស្រី ប៉ែន សន អះអាងជាប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរបន្ទាយទាហានភូមិភាគ៣នោះ បានឱ្យដឹងថា ករណីផ្ទុះគ្រាប់នេះ បានបណ្តាលឱ្យផ្ទះអ្នកស្រីរងការខូចខាតដំបូល និងសម្ភារៈមួយចំនួន ប៉ុន្តែពុំបានបណ្តាលឱ្យសមាជិកគ្រួសារណាមួយ រងរបួសនោះទេ។
អ្នកស្រីនិយាយថា៖ «ផ្ទះខ្ញុំនៅចម្ងាយប្រមាណ១០០ម៉ែត្រពីបន្ទាយហ្នឹង។ ពេលហ្នឹងខ្ញុំនៅធ្វើការនៅរោងចក្រ ហើយកូនខ្ញុំនៅផ្ទះ វាតេទៅប្រាប់ខ្ញុំថា ម៉ែផ្ទះយើងធ្លាក់ក្បឿងអស់ហើយ វាអត់ដឹងថាគ្រាប់ឬអីទេ។ […] កូនខ្ញុំទូរស័ព្ទមកទាំងយំផងអីផង កូនទូរស័ព្ទមកហ្នឹងប្រហែលម៉ោង២កន្លះ»។
អ្នកស្រី ប៉ែន សន បន្ថែមថា៖ «ផ្ទះខ្ញុំមិនមានអ្នកណារងរបួសទេ ប៉ុន្តែគ្រាន់តែថាយើងខូចខាតទ្រព្យសម្បត្តិអីចឹងណា។ […] តែម៉េចក៏ដោយ ខ្ញុំភ័យណាស់ ភ័យមិនទាន់ហូបបាយកើតផង តាំងពីម្សិលមិញមករហូតដល់ឥលូវហ្នឹង ហូបបាយអត់ទាន់កើតទេ ណាមួយវាអស់ផ្ទះអស់អីផង អត់មានកន្លែងឱ្យកូនដេក»។
ពាក់ព័ន្ធនឹងរឿងនេះ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា នេះជាករណីដែលគួរឱ្យសោកស្តាយបំផុត ព្រមទាំងថា ការទុកដាក់គ្រាប់មិនបានត្រឹមត្រូវ អាចជាកត្តាដែលធ្វើឱ្យមានការផ្ទុះផងដែរ។
លោកមានប្រសាសន៍ថា៖ «ករណីដែលកើតឡើងនេះ គឺជាករណីដែលគួរឱ្យសោកស្តាយ ហើយខ្ញុំយល់ថា ប្រហែលជាមានការទុកដាក់ ឬពាក់ព័ន្ធនឹងការដឹកជញ្ជូនខុសបច្ចេកទេសយ៉ាងម៉េចក៏មិនដឹងបានវាមានការផ្ទុះបែបនេះ។ […] មួយទៀតប្រហែលអាចដោយសារតែកម្តៅថ្ងៃនោះ វាក្តៅខ្លាំងផងទៀត អ៊ីចឹងទំនងជាអាចជាគួបផ្សំគ្នាផង ដូច្នេះហើយបានជាអាចធ្វើឱ្យផ្ទុះ»។
លោក យង់ គិមអេង សង្ឃឹមថា នឹងមានការស៊ើបអង្កេតពីសំណាក់កងយោធពលខេមរភូមិន្ទ ដោយសារតែករណីនេះ បានឆក់យកអាយុជីវិតរបស់យោធិនជាច្រើនរូប ក៏ដូចជាការខូចខាតដ៏ធំសម្បើមសម្រាប់ប្រជាពលរដ្ឋដែលនៅជុំវិញនោះ។
លោកថា៖ «ការដែលផ្ទុះហ្នឹង យើងឃើញថា មានការបាត់បង់អាយុជីវិតនាយទាហានផង ពលរដ្ឋដែលនៅជុំវិញហ្នឹងក៏មានការខូចខាតទ្រព្យសម្បត្តិ ចឹងប្រហែលជាអាចខាងយោធពលខេមរភូមិន្ទលោកអាចនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត ដើម្បីសិក្សាពីមូលហេតុផ្ទុះហ្នឹង ឱ្យបានច្បាស់លាស់ថែមទៀត។ […] ហើយចំពោះប្រជាពលរដ្ឋក៏គួរតែមានការផ្តល់ការជួយទៅដល់ពួកគាត់ខ្លះដែរ សម្រាប់អ្នកដែលខូចខាតផ្ទះសម្បែង ហើយគ្នាមានជីវភាពមិនសូវធូធារអីចឹង»។
ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយជាពន់ពេក និងប្រកាសថា រដ្ឋាភិបាលនឹងទទួលរ៉ាប់រងចាត់ចែងចំណាយលើការរៀបចំពិធីបុណ្យសពឱ្យសាកសមនឹងពលីកម្មរបស់យោធិន។
នៅក្នុងសំណេរមួយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកបានរៀបរាប់ថា៖ «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។
ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសពីផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលីចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល៕