យ៉ាងហោចណាស់ យោធិនចំនួន ​២០នាក់ បានស្លាប់​បាត់បង់ជីវិត និងមានអ្នកផ្សេងទៀត​បាន​រង​​របួស​ជា​ច្រើន​នាក់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់​​នៅបន្ទាយ​ទាហាន​ភូមិ​ភាគ​៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

បើតាមការឱ្យ​ដឹងនៅក្នុងរបាយការណ៍បឋមរបស់យោធភូមិភាគទី៣ ​ករណីផ្ទុះនៅ​ឃ្លាំងស្តុកគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១៤ និង២៥នាទី ដែលបណ្តាលឱ្យ​យោធិនចំនួន ២០នាក់ បានស្លាប់​បាត់បង់ជីវិត ក្នុងចំណោមអ្នកស្លាប់​នោះ​ គឺមាននាយទាហាននៅ​ខេត្ត​កោះកុង ចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ ចំនួន ៥នាក់ ព្រមទាំង​បង្កឱ្យមានការ​ប៉ះពាល់ដ​ល់លំនៅដ្ឋានរបស់​ប្រជាពលរដ្ឋនៅ​ជិតៗតំបន់​នោះផង​ដែរ។

របាយការណ៍ដដែលបន្តថា យោធិនទាំង ១៥នាក់ ដែលមកពីខេត្តកោះកុង គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង មកកាន់ទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ខណៈ​យោធិន ៥នាក់ទៀត ដែលជានាយទាហានទីបញ្ជាការយោធនភូមិភាគ៣ខេត្តកំពង់ស្ពឺ គេនៅមិនទាន់​កំណត់អត្តសញ្ញាណបាននៅឡើយទេ។

ប្រភពដដែលបន្តទៀត​ថា​ ក្នុងឧបទ្ទវហេតុនេះ បានបណ្ដាលឱ្យ​ខូតខាត​​រថយន្ត ០៥ គ្រឿង អគារខូចខាត​ធ្ងន់ធ្ង​រ​ចំនួន ០៤ខ្នង និង​ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគចំនួន ២៥ខ្នង។

ទាក់ទងនឹងករណីនេះ គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការ​ពារ​ជាតិ លោក ឈុំ សុជាតិ និងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដើម្បី​សុំការអត្ថាធិប្បាយ​បន្ថែមជុំវិញមូលហេតុនៃការផ្ទុះ និងចំនួនអ្នករងរបួសបាន​ទេ​ ដោយទូរស័ព្ទ​មិនអាចខលចូលបាន។

អ្នកស្រី ប៉ែន សន អះអាង​ជាប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរ​បន្ទាយទាហានភូមិភាគ៣នោះ បាន​ឱ្យដឹងថា ករណីផ្ទុះគ្រាប់នេះ បានបណ្តាលឱ្យផ្ទះអ្នកស្រីរងការខូចខាតដំបូល និងសម្ភារៈមួយចំនួន ប៉ុន្តែ​ពុំបាន​បណ្តាល​ឱ្យ​សមាជិកគ្រួសារណាមួយ​ រងរបួសនោះទេ។​

អ្នកស្រី​និយាយ​ថា៖ «ផ្ទះ​ខ្ញុំនៅចម្ងាយប្រមាណ១០០ម៉ែត្រពីបន្ទាយហ្នឹង។ ពេលហ្នឹងខ្ញុំនៅធ្វើការនៅរោងចក្រ ហើយកូនខ្ញុំនៅផ្ទះ វាតេទៅប្រាប់ខ្ញុំថា ម៉ែផ្ទះយើងធ្លាក់ក្បឿងអស់ហើយ វាអត់ដឹងថាគ្រាប់​ឬអីទេ។ […] កូនខ្ញុំទូរស័ព្ទមកទាំងយំផងអីផង កូនទូរស័ព្ទមកហ្នឹងប្រហែលម៉ោង២កន្លះ»។

អ្នកស្រី ប៉ែន សន បន្ថែម​ថា៖ «ផ្ទះខ្ញុំមិនមានអ្នកណារងរបួសទេ ប៉ុន្តែគ្រាន់តែថាយើងខូចខាតទ្រព្យសម្បត្តិអីចឹងណា។ […] តែម៉េចក៏ដោយ ខ្ញុំភ័យណាស់ ភ័យមិនទាន់ហូបបាយកើតផង តាំងពីម្សិលមិញមករហូតដល់ឥលូវហ្នឹង ហូបបាយអត់ទាន់កើតទេ ណាមួយវាអស់ផ្ទះអស់អីផង អត់មានកន្លែងឱ្យ​កូន​ដេក»។ 

ពាក់​ព័ន្ធនឹង​រឿង​នេះ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា នេះជាករណីដែលគួរឱ្យ​សោកស្តាយបំផុត ព្រមទាំងថា ការទុកដាក់​គ្រាប់មិន​បាន​ត្រឹមត្រូវ អាចជាកត្តាដែលធ្វើឱ្យ​មានការផ្ទុះផងដែរ។

លោកមានប្រសាសន៍ថា​៖ «ករណីដែលកើតឡើងនេះ គឺជាករណីដែលគួរឱ្យ​សោកស្តាយ ហើយខ្ញុំយល់ថា ប្រហែលជាមានការទុកដាក់ ឬពាក់ព័ន្ធនឹងការដឹកជញ្ជូនខុសបច្ចេកទេសយ៉ាងម៉េច​ក៏មិនដឹងបានវាមានការផ្ទុះបែបនេះ។ […] មួយទៀតប្រហែលអាចដោយសារតែកម្តៅថ្ងៃនោះ វាក្តៅខ្លាំងផងទៀត អ៊ីចឹងទំនងជាអាចជាគួបផ្សំគ្នាផង ដូច្នេះហើយបានជាអាចធ្វើឱ្យ​ផ្ទុះ»។

លោក យង់ គិមអេង សង្ឃឹមថា នឹងមានការស៊ើបអង្កេតពីសំណាក់កងយោធ​ពល​ខេមរភូមិន្ទ ដោយ​សារ​តែ​ករណី​នេះ បានឆក់យកអាយុជីវិតរបស់យោធិនជាច្រើនរូប ក៏ដូចជាការខូចខាតដ៏ធំសម្បើមសម្រាប់ប្រជាពលរដ្ឋដែលនៅជុំវិញនោះ។

លោកថា៖ «ការដែលផ្ទុះហ្នឹង យើងឃើញថា មានការបាត់បង់អាយុជីវិតនាយទាហានផង ពលរដ្ឋដែល​នៅ​ជុំវិញហ្នឹងក៏មានការខូចខាតទ្រព្យសម្បត្តិ ចឹងប្រហែលជាអាចខាងយោធ​ពលខេមរភូមិន្ទលោកអាចនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត ដើម្បីសិក្សាពីមូលហេតុផ្ទុះហ្នឹង ឱ្យ​បានច្បាស់លាស់ថែមទៀត។ […] ហើយចំពោះប្រជាពលរដ្ឋក៏គួរតែមានការផ្តល់ការជួយទៅដល់ពួកគាត់ខ្លះដែរ សម្រាប់អ្នកដែ​ល​ខូចខាតផ្ទះសម្បែង ហើយគ្នាមានជីវភាពមិនសូវធូធារអីចឹង»។

ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់នេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែង​ការសោកស្តាយជាពន់ពេក និងប្រកាសថា រដ្ឋាភិបាលនឹងទទួលរ៉ាប់រងចាត់ចែងចំណាយលើការរៀបចំពិធីបុណ្យសពឱ្យ​សាកសមនឹងពលីកម្មរបស់យោធិន។

នៅក្នុងសំណេរមួយនៅក្នុងទំព័រហ្វេសប៊ុករបស់​លោក​បានរៀបរាប់ថា៖ «ខ្ញុំមាន​ក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០​នាក់ បានពលីជីវិត និងយោធិនមួយ​ចំនួន​ទៀតបាន​របួស»។

លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន ម៉ាណែត បន្តថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូល​រួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។

ជាមួយគ្នានេះដែរ ប្រមុខ​រាជរដ្ឋាភិបាល ក៏​បានប្រកាសពី​ផ្តល់ការឧបត្ថម្ភជាថវិកា​ជូនគ្រួសារយោធិនពលី​ចំនួន ២ម៉ឺន​ដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុង​ឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០​លានរៀល៕​