មន្រ្តីនាំពាក្យរដ្ឋាភិបាល ចំអកឱ្យអតីតប្រធានគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេសដោយចាត់ទុកថា ជាអ្នកនយោបាយដែលអស់ផ្លូវដើរ និងគ្មានតម្លៃអ្វីសម្រាប់ការធ្វើនយោបាយតទៅទៀត ខណៈលោកចោទប្រកាន់ថាការផ្ទុះគ្រាប់នៅក្នុងបន្ទាយយោធាក្នុងខេត្តកំពង់ស្ពឺ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការទាមទារឱ្យក្រុមគ្រួសារត្រកូលហ៊ុនចុះចេញអំពីអំណាច។
ប្រតិកម្មរបស់មន្រ្តីនាំពាក្យរដ្ឋាភិបាលនៅពេលនេះ ក្រោយពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានចោទប្រកាន់ថានេះជាគឺជាចលនាផ្ទៃរបស់គណបក្សប្រជាជនកម្ពុជា និងជាសញ្ញាចាប់ផ្តើមផ្ទុះដើម្បីទាមទារឱ្យដកក្រុមគ្រួសារ ត្រកូលហ៊ុនចេញពីអំណាច។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះថាការធ្វើនយោបាយរបៀបលោក សម រង្ស៊ី នេះជាវិធីបញ្ចប់ផ្លូវខ្លួនឯង។លោកបន្តថា ក្នុងករណីនេះការធើ្វនយោបាយមិនមែនធើ្វប្រឆំាង រហូតមិនគិតប្រយោជន៍ជាតិជាធំទេ។ម្យ៉ាងវិញទៀត របៀបធ្វើនយោបាយនេះ នឹងនាំឱ្យអតីតមេបក្សជំទាស់រូបនេះ រឹតតែកម្សត់ខ្លួន និងគ្មានទីពឹងតទៅទៀត។
លោកមានប្រសាសន៍ថា៖ «ធ្វើនយោបាយកាន់តែយូរ វ័យកាន់តែចាស់ បរាជ័យកាន់តែធំ ភាពឯកោកាន់តែខ្លាំង និយាយលែងដឹងខុសត្រូវ។ អ្វីក៏អាចហារមាត់និយាយចេញមកបានដែរដោយមិនគិតពីភាពសមទំនង។ប្រឆាំងដោយងងឹតងងុល ពុលទឹកមាត់ ទោះប្រយោជន៍ជាតិក៏ប្រឆាំង។
ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់នាំពាក្យរដ្ឋាភិបាលរូបនេះ នៅក្រោយពេលមួយថ្ងៃ បន្ទាប់ពីអតីតមេបក្សជំទាស់ បញ្ចេញសារនយោបាយរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០២៤។តាមរយៈសារនយោបាយរបស់លោក សម រង្ស៊ី បានលើកឡើងថាការផ្ទុះឃ្លាំងគ្រាប់នេះគឺជាចលនាផ្ទៃក្នុង និងកម្លាំងប្រដាប់អាវុធគឺជាការប្រឆាំងនឹងក្រុមគ្រួសារត្រកូល ហ៊ុន ហើយក៏ជាសញ្ញានៃការចាប់ផ្តើមផ្ទុះហើយដែរ ដើម្បីទាមទារឲ្យដកចេញត្រកូល ហ៊ុន ចេញ។
យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រោះជាតិ បានលើកឡើងថាចលនានេះ បានរៀបចំឲ្យផ្ទុះឃ្លាំងគ្រឿងផ្ទុះ ជិតទីក្រុងភ្នំពេញ នៅថ្ងៃ ២៧ មេសា ២០២៤ នេះ។ លោកបន្តថា ហេតុនេះហើយ បានជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ ២៤ មេសា ២០២៤ នេះ ថា ប្រទេសចិន និងកងទ័ពចិន នឹងការពារអាយុជីវិត និងសុវត្ថិភាព ក្រុមគ្រួសារ ហ៊ុន សែន។
លោកបន្តថា៖«ចលនាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធចាប់ផ្តើមផ្ទុះហើយដើម្បីទាមទារឱ្យដកចេញត្រកូល ហ៊ុន(គឺ ហ៊ុន សែន និងកូនគាត់ដែលឡើងតាមជើងខោ) ។ចលនានេះបានរៀបចំឱ្យផ្ទុះឃ្លាំងគ្រឿងផ្ទុះជិតកទីក្រុងភ្នំពេញនៅថ្ងៃទី២៧ ខែមេសា នេះ »។
ក្រៅពីនេះ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សា និងជាដៃគូនយោបាយដែលស្វិតស្វាញជាមួយនិងលោក ហ៊ុន សែន ហើយក៏ធ្លាប់រិះគន់ដោយមិនសំចៃមាត់ បានចំអកថា អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន កំពុងតែបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន។មិនតែប៉ុណ្ណោះ ដើម្បីការពារអំណាច និងក្រុមគ្រួសារលោក ហ៊ុន សែន បានស្នើសុំឱ្យប្រទេសមហាអំណាចចិនកុម្មុយនីស្ត ធានានូវអំណាចផង និងស្ថេរភាពគ្រួសារបស់លោកផង ព្រោះតែបាត់ទំនុកចិត្តលើកងការពាររបស់លោក។
លោកបន្តថា៖ «លោក ហ៊ុន សែន កំពុងតែភ័យខ្លាំងណាស់ ហើយគាត់ឈប់ទុកចិត្តអង្គរក្សគាត់ទៀតហើយ។ គាត់បានទៅពឹងពាក់ចិនកុម្មុយនីស្ត ឲ្យជួយការពារអាយុជីវិត និងសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួសារគាត់» ។
បើទោះជាបែបណា សម្រាប់លោក ប៉ែន បូណា បានថ្លែងការពារពីជំហររបស់រដ្ឋាភិបាលថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលមានមាត់អត់គម្រប ហើយការចោទប្រកាន់ណាមួយរបស់អតីតមេបក្សជំទាស់រូបនេះ គឺបង្ហាញឱ្យពីនយោបាយស្មោគគ្រោក និងពឹសពុល។
លោកបន្តថា៖«មួយជីវិតនយោបាយចេះតែញុះញង់មួលបង្កាច់ លាបពណ៌ ប្រមាថ … រកអ្វីជាគំរូល្អបន្តិចសម្រាប់មនុស្សជំនាន់ក្រោយមិនឃើញ» ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេនៅមិនទាន់មានរបាយការណ៍ណាមួយ ដែលបង្ហាញឱ្យឃើញពីមូលហេតុនៅពីក្រោយនៃការផ្ទុះឃ្លាំងផ្ទុកគ្រាប់ នៅក្នុងបន្ទាយយោធា ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនេះនៅឡើយទេ។របាយការណ៍បឋមដែលចេញដោយកងទ័ពជើងគោក នៃយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ មេសា រកឃើញថាមានមនុស្សចំនួន២០នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ សម្ភារៈ និងមនុស្សមួយចំនួនមានរងរបួសធ្ងន់ និងស្រាល។
ពាក់ព័ន្ធនឹងរឿងនេះអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត មាស នី យល់ឃើញថារបៀបធ្វើនយោបាយរបស់អ្នកនយោបាយខ្មែរ ហាក់ដើរហួសព្រំដែនក្នុងការប្រឆាំង។លោកបន្តថាការធ្វើនយោបាយរបៀបនេះ វានឹងទាញឱ្យតម្លៃរបស់អ្នកនយោបាយត្រូវធ្លាក់ចុះទៅវិញទេ។មិនតែប៉ុណ្ណោះ ការប្រឆាំងវាគួរធ្វើឡើងក្នុងក្របខណ្ឌមួយដែលមានហេតុផលសមរម្យ និងកាលៈទេសៈដែលអាចផ្តល់អំណោយផល សម្រាប់ការរិះគន់។ផ្ទុយទៅវិញ ការប្រឆាំងពេលខ្លះ អាចនាំឱ្យខាតប្រយោជន៍ ប្រសិនបើការរិះគន់នោះ ប្រឆាំងទិសដៅរបស់អ្នកគាំទ្រ។ហើយអ្នកនយោបាយ គួរទុកផលប្រយោជន៍ជាតិជាធំ ជាជាងការរិះគន់ណាមួយដែលនាំគ្រោះដាក់ខ្លួន។
លោកបន្តថា៖«ខ្ញុំមើលទៅហាក់ដូចជាប្រឆាំងគ្រប់រឿងទោះបី រឿងតូចរឿងតាចចេញមកគឺត្រូវប្រឆាំងទាំងអស់អាហ្នឹងវាចូលរឿងប្រឆាំងជ្រុលនិយមបាទ ពេលខ្លះខ្ញុំមានអារម្មណ៍អាចជាជ្រុលនិយមក៏អាចថាបាន។ប៉ុន្តែទោះបីយ៉ាងណាក៏ខ្ញុំមិនរិះគន់អីទេរឿងហ្នឹងព្រោះនេះជាសិទ្ធិរបស់ គាត់ដែលគ្រាន់តែថាយើងធើ្វនយោបាយយើងគួរតែមើលខ្យល់ខ្លះផង តើខ្យល់បក់ទៅខាងណាទៅហើយពេលខ្លះ ត្រូវតែទុកប្រយោជន៍ជាតិជាធំកុំមើលមកប្រឆាំងដើម្បីគឺតែ ប្រជាពិថុតិឬក៏ការធើ្វអីមួយគឺដើម្បីប្រជាពិថុតិរៀងខ្លួន ដល់ប្រយោជន៍ជាតិយើងដាក់នៅពីខាងក្រោយខ្នងចោលនេះអ្នកនយោបាយខ្មែរយើង» ។
ហាក់មិនខុសគ្នាទេ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ក៏ឯកភាពដែរថា អ្វីដែលលោក សម រង្ស៊ី រិះគន់នេះទំនងមិនបានផ្តល់ផលចំណេញណាមួយសម្រាប់ការធ្វើនយោបាយរបស់លោកទេ។ជាងនេះទៀត ការធ្វើអត្ថាធិប្បាយដោយផ្អែកលើដំណឹងដែលខ្វះប្រភពឱ្យគ្រប់ជ្រុងជ្រោយ ហាក់បីដូចជាមិនបានយល់ពីបរិបទនយោបាយទៅវិញ ហើយសារនយោបាយដែលបញ្ចេញនោះទៀតសោត គ្មានតម្លៃណាមួយ ដែលអាចទាកទាញការគាំទ្រទៀតផង។
លោកបន្តថា៖ «ខ្ញុំគិតថាសារនយោបាយលោក សម រង្ស៊ី គាត់អត់យល់ពីទិដ្ឋភាពមួយចំនួនអ្វីដែលគាត់លើកឡើងគាត់ហាក់បីដូចជាមានព័ត៌មានច្រើននៅក្នុងដៃដែលលោកទទួលបាន ប៉ុន្តែសារព័ត៌មានបែបហ្នឹងគឺជាព័ត៌មានមិនឈានទៅរកការស្រស់ស្រួលគ្នាទេអ្នកនយោបាយ»។ ក្រុមអ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ការសាចទឹកដាក់គ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយនេះ វានឹងមិនបានផ្តល់ផលចំណេញណាមួយសម្រាប់ជាតិនោះទេ។មិនតែប៉ុណ្ណោះ ការប្រកាន់យកគោលការណ៍ ធ្វើនយោបាយបែបទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនេះ វានឹងធ្វើឱ្យជាតិបែកបាក់ និងមិនមានឯកភាពផ្ទៃក្នុង ដែលកម្ពុជាធ្លាប់មានពិសោធន៍រួចហើយក្នុងរបបសាធារណៈ និងកម្ពុជាប្រជាធិបតេយ្យ ឬហៅថាវាលពិឃាត៕