គណបក្សភ្លើងទៀន ឱ្យដឹងថា សមាជិកបក្សរបស់ខ្លួនមួយរូបទៀតដែលជាចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយមិនដឹងមូលហេតុ កាលពីល្ងាចថ្ងៃទី២៨ ខែមេសាម្សិលមិញ។
តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ របស់គណបក្សភ្លើងទៀន ស្ដីពីការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន បានឱ្យដឹងថា លោក គង់ ថារ៉េត ដែលជាចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយមិនបានដឹងពីមូលហេតុ។
សេចក្ដីថ្លែងការណ៍ដដែល បានចាត់ទុកការចាប់ខ្លួនសកម្មជនគណបក្សជាបន្តបន្ទាប់ នាពេលនេះ ថាជាការគំរាមកំហែង ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់គណបក្ស និងសកម្មជនគណបក្សភ្លើងទៀននៅទូទាំងប្រទេស។
គណបក្សភ្លើងទៀន ក៏បានអំពាវនាវដល់អាជ្ញាធរឱ្យដោះលែងសកម្មជនគណបក្សទាំងអស់ ដែលត្រូវបានចាប់ខ្លួន និងបញ្ឈប់ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព លើគណបក្សភ្លើងទៀនតទៅទៀត ខណៈគណបក្សប្រឆាំងមួយនេះ អះអាងថា សកម្មជនរបស់គណបក្សតែងតែប្រកាន់ខ្ជាប់នូវការធ្វើសកម្មភាពនយោបាយ ដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់ប្រទេសកម្ពុជា ជាពិសេសច្បាប់ស្តីពីគណបក្សនយោបាយ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែមេសានេះថា ការចាប់ខ្លួនលោក គង់ ថារ៉េត បានធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ព្រោះគាត់ជាសកម្មជនសំខាន់ និងជាអង្គបោះឆ្នោតដែលនឹងចូលរួមបោះឆ្នោតនៅពេលខាងមុខ។
លោកមានប្រសាសន៍ថា៖ «ការចាប់នេះ គឺមិនល្អសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងក្នុងដំណាក់ការនៃដំណើរការបោះឆ្នោតអសកលខាងមុខ ព្រោះគាត់គឺជាអង្គបោះឆ្នោត និងជាសកម្មជនសំខាន់របស់គណបក្សភ្លើងទៀន»។
លោកស្នើឱ្យដោះលែងសមាជិក និងថ្នាក់ដឹកនាំគណក្សភ្លើងទៀនទាំងអស់ ដែលត្រូវបានចាប់ខ្លួន ព្រមទាំងបើកលំហរសេរីភាពបញ្ចេញមតិ និងនយោបាយ ដើម្បីធានានូវដំណើការប្រជាធិបបតេយ្យ ខណៈការបោះឆ្នោតអសកលនឹងប្រព្រឹត្តទៅដ៏ឆាប់នាពេលខាងមុខនេះ។
លោក គង់ លីហួរ ជាកូនប្រុសរបស់លោក គង់ ថារ៉េត បានលើកឡើងថា លោកពុំបានដឹងពីមូលហេតុនៃការចាប់ខ្លួនឪពុករបស់លោកនោះទេ ព្រោះនៅពេលសមត្ថកិច្ចទៅចាប់ខ្លួនឳពុករបស់លោកនោះ លោកបានស្នើសុំមើលដីកាដែរ ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាត។
លោកថា៖ «គេអត់មានប្រាប់ហេតុផលយើងផង គេគ្រាន់តែគាត់ខុសៗ ហើយខ្ញុំសុំមើលដីកា ក៏គេថាដីកាគេអត់អាចឱ្យខ្ញុំមើលបានគេ ឱ្យតែសាម៉ីខ្លួនទេ។ និយាយទៅគេអត់មានផ្ដល់ដំណឹងថា គាត់ខុសរឿងអី គឺអត់មានសោះហ្មង។ សូម្បីតែខ្ញុំថា ឥឡូវខ្ញុំជាគ្រួសារកូនបង្កើតគាត់ ខ្ញុំសុំមើលដីកាដែលដីកាឃាត់ខ្លួនហ្នឹង។ មេប៉ុស្តិ៍វាលវង់ប្រាប់ខ្ញុំ គាត់និយាយផ្ទាល់មាត់គាត់ គាត់ថាដីកាសួរនាំ ដល់ពេលព្រលឹមឡើងព្រឹកមិញហ្នឹង គាត់សន្លប់ គេបញ្ជូនគាត់ទៅពេទ្យ គេប្រាប់ថាដីកាឃាត់ខ្លួនវិញ ដល់អ៊ីចឹងខ្ញុំអត់យល់ដីកាមួយណាដែរ»។
លោកបន្តថា លោក គង់ ថារ៉េត ដែលមានវ័យ៦០ឆ្នាំ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីសួរនាំ។ លោកបន្ថែមថា ក្រោយពីការចាប់ខ្លួននោះ លោកបានយកថ្នាំជូនឳពុក ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាត ទើបធ្វើឱ្យជាតិស្ករក្នុងឈាមរបស់គាត់ឡើងខ្ពស់ បណ្តាលឱ្យគាត់សន្លប់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
លោក គង់ លីហួរ ស្នើភាគីពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាលដោះលែងឳពុកលោកវិញ ដោយលោកអះអាងថាឳពុកលោកមិនបានប្រព្រឹត្តកំហុសឡើយ ដោយការចាប់ខ្លួននេះជារឿងនយោបាយ។
លោកថា៖ «ខ្ញុំសុំសំណូមពរដល់ភាគីពាក់ព័ន្ធនឹងរដ្ឋាភិបាល ជួយដោះលែងគាត់មកវិញ ដោយសារគាត់អត់មានកំហុសទេ[…]ការចាប់ខ្លួននេះធ្វើឡើងគឺជាមិនមែនរឿងបុគ្គលទេ ប៉ុន្តែគេនៅតែនិយាយថាជារឿងបុគ្គល។ អានេះជាធម្មតាការចាប់ខ្លួនរបស់អ្នកនយោបាយបក្សប្រឆាំងណាមួយ តែងតែមានការនិយាយចេញពីខាងមន្ត្រី ឬក៏ដែនសមត្ថកិច្ចអ្នកដែលមានការងារពាក់ព័ន្ធ គេនិយាយថា ជារឿងផ្ទាល់ខ្លួនទេ មិនមែនរឿងនយោបាយទេអ្នកណាក៏គេតែងតែនិយាយអញ្ចឹងដែរ»។
ជុំវិញរឿងនេះស្នងការនគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានប្រាប់ថា ការចាប់ខ្លួនលោក គង់ ថារ៉េត គឺធ្វើឡើងតាមដីការតុលាការ។ លោកថា៖ «ទាល់តែមានបទល្មើសបានគេចាប់ បើអត់មានបទល្មើសគេអត់ចាប់ទេ[…]ខ្ញុំនៅចាប់បទល្មើសចាប់រាប់រយរាប់ពាន់នាក់គ្មានដែលតេសួរសោះ មនុស្សម្នាក់ហ្នឹងម៉េចសួរមូលហេតុអ្វី? វាយ៉ាងម៉េច? វាត្រូវម៉េចបងឯង? ឥឡូវដូចខ្ញុំនិយាយអ៊ីចឹងថា ខ្ញុំចាប់ខ្លួនធ្វើតាមដីការតុលាការទេ អ៊ីចឹងមានអីបន្តទៅគាត់ទៅ»។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មិនឆ្លើយតបទេ ដោយលោកឱ្យទៅសួរខាងអយ្យការសាលាដំបូងខេត្តកំពង់ចាម។
លោកថា៖«សុំសួរទៅកាន់ស្ថាប័នអយ្យការ ព្រោះការចាប់មនុស្សទាល់តែមានដីកា អ៊ីចឹងសុំសួរទៅខាងហ្នឹងបានច្បាស់ជាង ព័ត៌មានពាក់ព័ន្ធនឹងបណ្ដឹងយ៉ាងម៉េចហ្នឹង»។
ចំណែក លោក តូច ឧត្តម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម មានប្រសាសន៍ថា ការអនុវត្តរបស់សមត្ថកិច្ច គឺដោយសារតែសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលទាមទារឱ្យមានចំណាត់ការទៅលើ លោក គង់ ថារ៉េត និងទាមទារនូវសំណងការខូចខាតរបស់ពួកគាត់។
លោកថា៖ «ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពិតជាបានធ្វើការឃាត់ខ្លួនឈ្មោះ គង់ ថារ៉េត ពិតប្រាកដមែន ហើយការឃាត់ខ្លួននេះ គឺធ្វើឡើងតាមរយៈបណ្តឹងរបស់ឈ្មោះ ញ៉ែម សុខជា ភេទប្រុស និងឈ្មោះ ហៀក លាងសេង ភេទស្រី ដែលមានទីលំនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយធ្វើការប្តឹងឈ្មោះ ថារ៉េត ថាបានធ្វើការក្លែងបន្លំមេដៃរបស់ពួកគាត់ទាំងពីរនាក់។ […] ការអនុវត្តរបស់សមត្ថកិច្ច គឺធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការបារម្ភពីបរិកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ និងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ ទៅលើការចាប់ខ្លួនសកម្មជនគណបក្សនយោបាយជាបន្តបន្ទាប់។ ករណីនេះ លោកស្នើឱ្យអ្នកនយោបាយធ្វើឱ្យលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមានភាពប្រសើរ ដោយយកប្រយោជន៍ជាតិជាធំ ទើបអាចទទួលបានផលចំណេញពីសហគមន៍អន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «អ្នកនយោបាយគួរតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ ហើយរួមគ្នាដោះស្រាយបញ្ហានយោបាយដែលសេសសល់ និងធ្វើការកែលម្អលើលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឱ្យមានភាពល្អប្រសើរ ទើបអាចទទួលបានផលចំណេញច្រើនពីសហគមន៍អន្តរជាតិ»។ បើតាមអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ គិតមកដល់ពេលនេះ មានថ្នាក់ដឹកនាំ និងសមាជិក និងសកម្មជនគណបក្សសរុបប្រមាណ ២០នាក់ហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទផ្សេងៗ ក្នុងនោះមានដូចជាបទចោទ ញុះញង់ ការក្លែងបន្លំឯកសារសាធារណៈ និងការក្លែងបន្លំស្នាមមេដៃជាដើម៕