គណបក្សភ្លើងទៀន ឱ្យដឹងថា សមាជិក​បក្សរបស់ខ្លួនមួយរូបទៀត​​ដែល​ជា​ចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់​ ក្រុងកំពង់ចាម ត្រូវ​បានស​មត្ថកិច្ចចាប់ខ្លួន ដោយមិនដឹងមូលហេតុ កាលពីល្ងាចថ្ងៃទី២៨ ខែមេសាម្សិលមិញ។

តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ របស់គណបក្សភ្លើងទៀន ស្ដីពីការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន បានឱ្យដឹងថា លោក គង់ ថារ៉េត ដែលជាចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់ ក្រុងកំពង់​ចាម ខេត្តកំពង់ចាម និងជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ច​​ចាប់ខ្លួន ដោយមិនបាន​ដឹងពីមូលហេតុ។

សេចក្ដីថ្លែងការណ៍ដដែល បាន​ចាត់ទុកការចាប់ខ្លួនសកម្មជនគណបក្ស​ជាបន្តបន្ទាប់ នាពេលនេះ ថា​ជាការគំរាម​កំហែង ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់គណបក្ស​​ និង​សកម្មជន​គណបក្សភ្លើងទៀននៅទូទាំងប្រទេស។

គណបក្សភ្លើងទៀន ក៏បានអំពាវនាវដល់អាជ្ញាធរឱ្យដោះលែងសកម្មជនគណបក្សទាំងអស់ ដែលត្រូវបានចាប់ខ្លួន និង​បញ្ឈប់ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ​តាមគ្រប់រូបភាព លើគណបក្សភ្លើងទៀនតទៅទៀត ខណៈគណបក្សប្រឆាំងមួយនេះ អះអាងថា សកម្មជនរបស់គណបក្សតែងតែប្រកាន់ខ្ជាប់នូវការធ្វើសកម្មភាពនយោ​បាយ ដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ និង​ច្បាប់ជាធរមាននានារបស់ប្រទេសកម្ពុជា ជាពិសេសច្បាប់ស្តីពីគណបក្សនយោបាយ។

អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន លោក ​លី សុធារ៉ាយុត្តិ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែ​មេសានេះថា ការចាប់ខ្លួនលោក គង់ ថារ៉េត បានធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ព្រោះគាត់ជាសកម្មជនសំខាន់ និងជាអង្គបោះឆ្នោតដែលនឹងចូលរួមបោះឆ្នោតនៅពេលខាងមុខ។

លោកមានប្រសាសន៍ថា៖ «ការចាប់នេះ គឺ​មិនល្អសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងក្នុងដំណាក់ការនៃដំណើរការបោះឆ្នោតអសកលខាងមុខ ព្រោះគាត់គឺជាអង្គបោះឆ្នោត និងជាសកម្មជនសំខាន់របស់គណបក្សភ្លើង​ទៀន»

លោក​ស្នើឱ្យដោះលែង​សមាជិក និងថ្នាក់ដឹកនាំគណក្សភ្លើងទៀនទាំងអស់ ដែលត្រូវបានចាប់ខ្លួន ព្រមទាំងបើកលំហរសេរីភាពបញ្ចេញមតិ និងនយោបាយ ដើម្បីធានា​នូវដំណើការ​​ប្រជាធិបបតេយ្យ ខណៈការបោះឆ្នោតអសកលនឹងប្រព្រឹត្តទៅដ៏ឆាប់នា​​ពេល​ខាងមុខនេះ។

លោក គង់ លីហួរ ជាកូនប្រុសរបស់លោក គង់ ថារ៉េត បានលើកឡើង​ថា លោកពុំបានដឹងពីមូលហេតុនៃការចាប់ខ្លួនឪពុករបស់​លោកនោះទេ ព្រោះ​នៅ​ពេលសមត្ថកិច្ច​ទៅចាប់ខ្លួន​ឳពុករបស់​លោកនោះ លោកបានស្នើ​សុំ​មើលដីកាដែរ ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាត។

លោកថា៖ «គេអត់មានប្រាប់ហេតុផលយើងផង គេគ្រាន់តែគាត់ខុសៗ ហើយខ្ញុំសុំមើលដីកា ក៏គេថាដីកាគេអត់អាច​ឱ្យខ្ញុំមើលបានគេ ឱ្យតែសាម៉ីខ្លួនទេ។ និយាយទៅគេអត់មានផ្ដល់ដំណឹងថា គាត់ខុសរឿងអី គឺអត់មានសោះហ្មង។ សូម្បីតែខ្ញុំថា ឥឡូវខ្ញុំជាគ្រួសារកូនបង្កើតគាត់ ខ្ញុំសុំមើលដីកាដែលដីកាឃាត់ខ្លួនហ្នឹង។ មេប៉ុស្តិ៍វាលវង់ប្រាប់​ខ្ញុំ​ គាត់និយាយផ្ទាល់មាត់គាត់​ គាត់​ថាដីកាសួរនាំ ដល់ពេលព្រលឹមឡើងព្រឹកមិញហ្នឹង គាត់សន្លប់ គេបញ្ជូន​គាត់​ទៅ​ពេទ្យ គេប្រាប់ថាដីកាឃាត់ខ្លួនវិញ ដល់អ៊ីចឹងខ្ញុំអត់យល់ដីកាមួយណាដែរ»

លោកបន្តថា លោក គង់ ថារ៉េត ដែលមានវ័យ៦០ឆ្នាំ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ​ផង​​នោះ ត្រូវបានសមត្ថកិច្ច​​​បញ្ជូន​ទៅស្នងការនគរបាល​ខេត្ត​កំពង់ចាម​ ដើម្បីសួរនាំ​។ លោកបន្ថែមថា ក្រោយពីការចាប់ខ្លួននោះ លោកបាន​​​យកថ្នាំជូនឳពុក ប៉ុន្តែសមត្ថកិច្ច​មិន​អនុញ្ញាត ទើបធ្វើ​​ឱ្យ​ជាតិស្ករក្នុងឈាមរបស់គាត់​ឡើងខ្ពស់ បណ្តាល​​ឱ្យ​គាត់សន្លប់ និងត្រូវបានបញ្ជូនទៅព្យាបាល​នៅ​មន្ទីរពេទ្យខេត្តកំពង់ចាម ។

លោក គង់ លីហួរ ស្នើភាគីពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាលដោះលែងឳពុកលោកវិញ ដោយលោកអះអាងថាឳពុកលោកមិនបានប្រព្រឹត្តកំហុសឡើយ ដោយការចាប់ខ្លួននេះជារឿងនយោបាយ។

លោកថា៖ «ខ្ញុំសុំសំណូមពរដល់ភាគីពាក់ព័ន្ធនឹងរដ្ឋាភិបាល ជួយដោះលែងគាត់មកវិញ ដោយសារគាត់អត់មានកំហុសទេ[…]ការចាប់ខ្លួននេះ​ធ្វើឡើងគឺជាមិនមែនរឿងបុគ្គលទេ ប៉ុន្តែគេនៅតែនិយាយថាជារឿងបុគ្គល។ អានេះជាធម្មតាការចាប់ខ្លួនរបស់អ្នកនយោបាយបក្សប្រឆាំងណាមួយ តែងតែមានការនិយាយចេញពីខាងមន្ត្រី ឬក៏ដែន​សមត្ថកិច្ចអ្នកដែលមានការងារពាក់ព័ន្ធ គេនិយាយថា ជារឿងផ្ទាល់ខ្លួនទេ មិនមែនរឿងនយោបាយទេអ្នកណាក៏គេតែងតែនិយាយអញ្ចឹង​ដែរ»

ជុំវិញរឿងនេះស្នងការនគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានប្រាប់ថា ការចាប់ខ្លួនលោក គង់ ថារ៉េត គឺធ្វើឡើងតាមដីការតុលាការ។ លោកថា៖ «ទាល់តែមានបទល្មើសបានគេចាប់ បើអត់មានបទល្មើសគេអត់ចាប់ទេ[…]ខ្ញុំនៅចាប់បទល្មើសចាប់រាប់រយរាប់ពាន់នាក់គ្មានដែលតេសួរសោះ មនុស្សម្នាក់ហ្នឹងម៉េចសួរមូលហេតុអ្វី? វាយ៉ាងម៉េច? វាត្រូវម៉េចបងឯង? ឥឡូវដូចខ្ញុំនិយាយអ៊ីចឹងថា ខ្ញុំចាប់ខ្លួនធ្វើតាមដីការតុលាការទេ អ៊ីចឹងមានអីបន្តទៅគាត់ទៅ»។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មិនឆ្លើយតបទេ ដោយលោកឱ្យទៅសួរខាងអយ្យការសាលាដំបូងខេត្តកំពង់ចាម​។

លោកថា៖«សុំសួរទៅកាន់ស្ថាប័នអយ្យការ ព្រោះការចាប់មនុស្សទាល់តែមានដីកា អ៊ីចឹងសុំសួរទៅខាងហ្នឹងបានច្បាស់​ជាង ព័ត៌មានពាក់ព័ន្ធនឹងបណ្ដឹងយ៉ាងម៉េចហ្នឹង»។

ចំណែក លោក តូច ឧត្តម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម មាន​ប្រសាសន៍ថា ការអនុវត្តរបស់សមត្ថកិច្ច គឺដោយសារតែសមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹងពី​ប្រជាពលរដ្ឋ ដែល​ទាមទារឱ្យ​មាន​ចំណាត់ការទៅលើ លោក គង់ ថារ៉េត និងទាមទារនូវ​សំណងការខូចខាតរបស់ពួកគាត់។

លោកថា៖ «ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពិតជាបានធ្វើការឃាត់ខ្លួនឈ្មោះ គង់ ថារ៉េត ពិតប្រាកដមែន ហើយការឃាត់ខ្លួននេះ គឺធ្វើឡើងតាមរយៈបណ្តឹងរបស់ឈ្មោះ ញ៉ែម សុខជា ភេទប្រុស និង​ឈ្មោះ ហៀក លាងសេង ភេទស្រី ដែលមានទីលំនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយធ្វើការប្តឹងឈ្មោះ ថារ៉េត ថាបានធ្វើការក្លែង​បន្លំ​មេដៃរបស់ពួកគាត់ទាំងពីរនាក់។ […] ការអនុវត្តរបស់សមត្ថកិច្ច គឺធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញ​​ការ​បារម្ភពីបរិកាស​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី​​៤ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី​២៦ ខែ​ឧសភា ​ឆ្នាំ​២០២៤​ខាងមុខនេះ និងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ ទៅលើការចាប់ខ្លួនសកម្មជនគណបក្សនយោបាយ​ជា​បន្តបន្ទាប់។ ករណីនេះ លោក​ស្នើឱ្យអ្នកនយោបាយធ្វើឱ្យលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមាន​ភាពប្រសើរ ដោយយកប្រយោជន៍​ជាតិ​ជាធំ ទើបអាចទទួលបានផលចំណេញពីសហគមន៍អន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «អ្នកនយោបាយគួរតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ ហើយរួមគ្នាដោះស្រាយបញ្ហានយោបាយដែលសេសសល់ និងធ្វើការកែ​លម្អ​លើលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឱ្យ​មាន​​ភាព​ល្អប្រសើរ ទើបអាចទទួលបានផលចំណេញច្រើនពីសហគមន៍អន្តរជាតិ»។​ បើតាម​អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន លោក ​លី សុធារ៉ាយុត្តិ គិតមកដល់ពេលនេះ មានថ្នាក់ដឹកនាំ និង​សមាជិក​ និងសកម្មជនគណបក្សសរុបប្រមាណ ២០នាក់​ហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារ ក្រោមបទចោទផ្សេងៗ ក្នុងនោះមានដូចជាបទចោទ ញុះញង់ ការក្លែងបន្លំឯកសារសាធារណៈ និង​ការក្លែងបន្លំស្នាមមេដៃជាដើម៕