ក្រុមអង្គការសង្គមស៊ីវិល បានធ្វើយុទ្ធនាការបង្ហោះរូបថតនៅលើបណ្តាញសង្គម ដោយអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងទម្លាក់បទចោទលើ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដោយពួកគេលើកឡើងថា មន្ត្រីសង្គមស៊ីវិលរូបនេះ ជាអ្នកនិយាយការពិត និងពុំបានធ្វើសកម្មភាពណាមួយប្រាសចាកពីផ្លូវច្បាប់ ដូចការចោទប្រកាន់នោះឡើយ។
អង្គការសង្គមស៊ីវិល ដែលបានធ្វើយុទ្ធនាការនេះ រួមមាន អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ សមាគមបណ្តាញយុវជនកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) សមាគមអាដហុក និងអង្គការសង់ត្រាល់ ជាដើម។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន បាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការកាន់រូបថត និងបដាផ្សេងៗដោយសរសេរថា៖ «សូមដោះលែងលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត័ខ្មែរ » ។
លោកបន្តថា ការបង្ហោះរូបថតតាមស្ថាប័ននីមួយៗនេះ គឺជាផ្នែកមួយនៃសកម្មភាពរួមគ្នារបស់អង្គការសង្គមស៊ីវិល ដើម្បីទាមទារឱ្យតុលាការពិចារណានៅក្នុងការទម្លាក់បទចោទប្រកាន់ និងដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។
លោកថ្លែងថា៖ «យើងទាំងអស់គ្នាយល់ឃើញថា លោក កើត សារ៉ាយ គាត់ជាអ្នកនិយាយការពិត ហើយគាត់មិនបានធ្វើអ្វីខុសនឹងច្បាប់នោះទេ សកម្មភាពដែលគាត់ឡើងទៅជួបប្រជាពលរដ្ឋនៅខេត្តព្រះវិហារ វាគឺជាសកម្មភាពមួយដែលអង្គការសង្គមស៊ីវិល ជាទូទៅទៅជួបប្រជាពលរដ្ឋរងគ្រោះដើម្បីសម្ភាសន៍ ដើម្បីសាកសួរពីព័ត៌មានទូទៅ ក៏ដូចជាទៅចង់ដឹងអំពី ជីវភាពរស់នៅ ផលលំបាកដែលកើតចេញអំពីទំនាស់ដីធ្លីនៅទីនោះ» ។
លោករំពឹងថា យុទ្ធនាការនៅតាមបណ្តាញសង្គមដែលកើតចេញពីការរួមគ្នារបស់អង្គការដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បរិស្ថាន សិទ្ធិការងារ យុវជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ជាផ្នែកមួយដែលជំរុញឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ និងធ្វើការដោះស្រាយយ៉ាងហ្មត់ចត់ ជាពិសេសវាក៏ជាផ្នែកមួយដែលជំរុញឱ្យសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សធំៗ កាន់តែយកចិត្តទុកដាក់ទៅលើករណី លោក កើត សារ៉ាយ បន្ថែមផងដែរ។
លោកបន្តថា៖ « ការចាប់ខ្លួនលោក កើត សារ៉ាយ វាជារូបភាពមិនល្អមួយប៉ះពាល់ទៅដល់សិទ្ធិសេរីភាពអង្គការសមាគម ជាពិសេសប្រាចាកអំពីមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដែលធានាអំពីការចូលរួមចំណែករបស់ ពលរដ្ឋគ្រប់រូបក្នុងការងារសង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌ហ្នឹងបាទ ហើយរដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ផងដែរថារាល់សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវតែទទួលបានការយកចិត្តទុកដាក់ ពិនិត្យនិងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការដ្ឋ » ។
ចំណែក សមាគមបណ្តាញយុវជនកម្ពុជា ដែលចូលរួមធ្វើយុទ្ធនាការនេះ បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ការដោះលែង និងការទម្លាក់ចោលបទចោទលើលោក កើត សារ៉ាយ នេះ គឺជាការគោរពសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងការអភិវឌ្ឍន៍ បរិយាបន្នសង្គម ព្រមទាំងយុត្តិធម៌សង្គម។
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង បានឱ្យដឹងថាក្រុមអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការទៅលើរឿងសិទ្ធិមនុស្ស សង្គមស៊ីវិល និងបរិស្ថានកំពុងតែធ្វើការចូលរួមទាំងអស់គ្នា ដើម្បីធ្វើការស្នើសុំអំពាវនាវឱ្យមានការដោះលែងលោក កើត សារ៉ាយ ដែលជាសកម្មជនមួយរូបដែលធ្វើការងារសង្គម ការលើកកម្ពស់សិទ្ធិមនុស្ស។
លោកយល់ថាការឃាត់ខ្លួនលោក កើត សារ៉ាយ គឹជាផ្នែកមួយដែលធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកថានៅថ្ងៃខាងមុន និងមានសកម្មភាពជាបន្តបន្ទាប់ទៀត តាមរយៈអង្គការសង្គមស៊ីវិលរៀងៗខ្លួន ជាបន្តបន្ទាប់ ធ្វើយ៉ាងណាឱ្យលោក កើត សារ៉ាយ មានសិទ្ធិសេរីភាពឡើងវិញ។
លោកមានប្រសាសន៍ថា៖ « យើងយល់ថាការឃាត់ខ្លួនលោក កើត សារ៉ាយ នេះ ហាក់បីដូចជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិនៅកម្ពុជា ហើយយើងអំពាវនាវឱ្យមានការដោះលែងនឹងទម្លាក់បទចោទ ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាឱ្យមានភាពល្អប្រសើរ »។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា យុទ្ធនាការនេះ មានគោលបំណងក្នុងការសុំឱ្យមានការដោះលែងលោក កើត សារ៉ាយ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន ក៏ដូចជាសកម្មជនការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងសកម្មជនការពារបរិស្ថាន និងធនធានធម្មជាតិផ្សេងៗទៀត ដែលរងការចោទប្រកាន់ ខណៈពួកគេគ្រាន់តែធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់។
លោកថ្លែងថា៖ «យុទ្ធនាការនេះ គឺបង្ហាញអំពីការគាំទ្រដល់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សង្គម សហជីព និងសកម្មជនការងារសង្គម គួរត្រូវបានលើកទឹកចិត្ត មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនដោយគ្រាន់តែពួកគេធ្វើសកម្មភាពការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ការពារសិទ្ធិកម្មករ និងការពារធនធានធម្មជាតិនោះទេ»។
លោកថា យុទ្ធនាការនេះនឹងនៅតែបន្ត ដោយសង្គមស៊ីវិលសង្ឃឹមថា លោក កើត សារ៉ាយ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព និងសកម្មជនបរិស្ថានផ្សេងទៀតត្រូវបានទម្លាក់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពវិញ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេ នៅរសៀលថ្ងៃចន្ទនេះ ។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានបដិសេធនៅក្នុងការឆ្លើយតប ដោយសារជាប់ប្រជុំ។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា មានតែស្ថាប័នតុលាការទេ ដែលអាចវិនិច្ឆ័យបានថានរណាមានទោស ហើយការសម្រេចសេចក្តី ជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកថា៖ «មានតែស្ថាប័នតុលាការតែមួយគត់ ដែលអាចសម្រេចសេចក្តីថានរណាមានទោស នរណាអត់ទោសយ៉ាងណា គឺជាឆន្ទានុសិទ្ធិផ្តាច់មុខរបស់តុលាការ អត់មានបុគ្គលណា ឬស្ថាប័នណាទៅបង្គាន់បញ្ជាតុលាការឱ្យធ្វើអញ្ចេះអញ្ចោះដោះលែងអ្នកនេះ ដោះលែងអ្នកនោះ តាមអំពើចិត្តរបស់ខ្លួនបានទេ»។
លោកថ្លែងបន្តថា៖ «សូមឱ្យសង្គមស៊ីវិលទាំងអស់ហ្នឹង ដែលគាត់ធ្វើសកម្មភាពអីហ្នឹងឱ្យគាត់គិតមើលពីផ្លូវច្បាប់ផង តើគាត់មានសិទ្ធិយ៉ាងណាទៅដាក់សម្ពាធលើតុលាការ វាជារឿងមួយមិនសមរម្យ ចឹងតុលាការមិនអាចទៅធ្វើតាមអ្នកនេះ តាមអ្នកនោះបានទេ»។
លោក កើត សារ៉ាយ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ខណៈពេលដែលលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ នេះជាលើកទី២ ដែលលោក កើត សារ៉ាយ ត្រូវបានចាប់ខ្លួន និងរងបទចោទប្រកាន់ «ញុះញង់»។ ការចាប់ខ្លួនលោក កើត សារ៉ាយ កើតមានឡើងបន្ទាប់ពីលោកបានទៅជួបប្រជាពលរដ្ឋដែលរត់ចូលព្រៃដោយផ្ទាល់ និងអត្ថាធិប្បាយពាក់ព័ន្ធនឹងស្ថានភាពរបស់ពួកគេ ក្រោយពេលប្រជាពលរដ្ឋមួយចំនួនដែលរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានប៉ះទង្គិចហិង្សាជាមួយសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី៦ ខែមីនា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះ។ ក្នុងការប៉ះទង្គិចនោះ ក៏មានការចាប់ខ្លួនប្រជាពលរដ្ឋប្រមាណ ៣០នាក់ ហើយបច្ចុប្បន្នពួកគេមួយចំនួន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕