ក្រុមអង្គការ​​សង្គមស៊ីវិល បានធ្វើយុទ្ធនាការ​បង្ហោះរូបថតនៅលើបណ្តាញសង្គម ដោយ​អំពាវនាវ​ឱ្យ​​មានការដោះលែងជាបន្ទាន់ និងទម្លាក់បទចោទលើ លោក កើត សារ៉ាយ ​ប្រធានសមាគមសម្ព័ន្ធ​និស្សិតបញ្ញវន្តខ្មែរ ដោយពួកគេ​លើកឡើងថា មន្ត្រីសង្គមស៊ីវិលរូបនេះ ជាអ្នកនិយាយការពិត និងពុំបានធ្វើសកម្មភាពណាមួយប្រាសចាកពីផ្លូវច្បាប់ ដូចការចោទប្រកាន់នោះឡើយ។

អង្គការសង្គមស៊ីវិល ដែលបានធ្វើយុទ្ធនាការនេះ រួមមាន អង្គការភាពជាដៃគូដើម្បីបរិស្ថាន  និង​ការ​អភិវឌ្ឍ សមាគមបណ្តាញយុវជនកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) សមាគមអាដហុក និងអង្គការ​សង់ត្រាល់ ជាដើម។

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និង​ការ​អភិវឌ្ឍ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន បាន​នាំ​គ្នាធ្វើយុទ្ធនាការនៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការកាន់រូបថត និង​​បដាផ្សេង​ៗដោយសរសេរ​​ថា៖ «សូមដោះលែងលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត័ខ្មែរ » ។

លោកបន្ត​ថា ​ការ​បង្ហោះរូ​ប​ថត​តាម​ស្ថាប័ន​នីមួយៗនេះ គឺជាផ្នែកមួយនៃសកម្មភាពរួមគ្នារបស់អង្គការសង្គមស៊ីវិល ដើម្បីទាមទារឱ្យតុលាការពិចារណានៅក្នុងការទម្លាក់​បទចោទប្រកាន់ និងដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។

លោកថ្លែងថា៖ «យើងទាំងអស់គ្នាយល់ឃើញថា លោក កើត សារ៉ាយ គាត់ជាអ្នកនិយាយការពិត ហើយ​គាត់​មិនបា​នធ្វើអ្វី​ខុសនឹងច្បាប់នោះទេ សកម្មភាពដែលគាត់ឡើងទៅជួបប្រជាពលរដ្ឋនៅខេត្តព្រះវិហារ វាគឺជាសកម្មភាពមួយដែលអង្គការសង្គមស៊ីវិល ជាទូទៅ​ទៅជួបប្រជាពលរដ្ឋរងគ្រោះដើម្បីសម្ភាសន៍​ ដើម្បីសាកសួរពីព័ត៌មានទូទៅ ក៏ដូចជា​ទៅចង់​ដឹង​អំពី ជីវភាពរស់នៅ ផលលំបាកដែលកើតចេញអំពីទំនាស់ដីធ្លីនៅទីនោះ» ។

លោករំពឹងថា យុទ្ធនាការនៅតាមបណ្តាញ​សង្គម​ដែលកើតចេញពីការរួមគ្នារបស់អង្គការ​ដែល​​ធ្វើការ​​លើ​​វិស័យ​សិទ្ធិមនុស្ស បរិស្ថាន សិទ្ធិការងារ យុវជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ជាផ្នែកមួយដែល​ជំរុញឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ និងធ្វើការដោះស្រាយយ៉ាងហ្មត់ចត់ ជាពិសេសវាក៏ជាផ្នែកមួយដែលជំរុញឱ្យ​សហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សធំៗ កាន់តែយកចិត្តទុកដាក់ទៅលើករណី លោក កើត សារ៉ាយ បន្ថែម​ផងដែរ។

លោកបន្តថា៖ « ការចាប់ខ្លួនលោក កើត សារ៉ាយ វាជារូបភាពមិនល្អមួយប៉ះពាល់ទៅដល់សិទ្ធិសេរីភាពអង្គការសមាគម ជាពិសេសប្រាចាកអំពីមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដែលធានាអំពីការចូលរួមចំណែករបស់ ពលរដ្ឋគ្រប់រូបក្នុងការងារសង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌ហ្នឹងបាទ ហើយរដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ផងដែរថារាល់សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវតែទទួលបានការយកចិត្តទុកដាក់ ពិនិត្យនិងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការដ្ឋ » ។

ចំណែក សមាគមបណ្តាញយុវជនកម្ពុជា ដែលចូលរួមធ្វើយុទ្ធនាការនេះ បានលើកឡើងក្នុងទំព័រ​ហ្វេសប៊ុករបស់ខ្លួន​ថា ការដោះលែង និងការទម្លាក់ចោលបទចោទលើលោក កើត សារ៉ាយ នេះ គឺជាការគោរពសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងការអភិវឌ្ឍន៍ បរិយាបន្នសង្គម ព្រមទាំងយុត្តិធម៌សង្គម។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង បានឱ្យដឹងថាក្រុមអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការទៅលើរឿងសិទ្ធិមនុស្ស សង្គមស៊ីវិល និងបរិស្ថានកំពុងតែធ្វើការចូលរួមទាំងអស់គ្នា ដើម្បីធ្វើការស្នើសុំអំពាវនាវឱ្យមានការដោះលែងលោក កើត សារ៉ាយ ដែលជាសកម្មជនមួយរូបដែលធ្វើការងារសង្គម ការលើកកម្ពស់សិទ្ធិមនុស្ស។

លោកយល់ថាការឃាត់ខ្លួនលោក កើត សារ៉ាយ គឹជាផ្នែកមួយដែលធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកថានៅថ្ងៃខាងមុន និងមានសកម្មភាពជាបន្តបន្ទាប់ទៀត តាមរយៈអង្គការសង្គមស៊ីវិលរៀងៗខ្លួន ជាបន្តបន្ទាប់ ធ្វើយ៉ាងណាឱ្យលោក កើត​ សារ៉ាយ មានសិទ្ធិសេរីភាពឡើងវិញ។

លោកមានប្រសាសន៍ថា៖ «​ យើងយល់ថាការឃាត់ខ្លួនលោក កើត សារ៉ាយ នេះ ហាក់បីដូចជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិនៅកម្ពុជា ហើយយើងអំពាវនាវឱ្យមានការដោះលែងនឹងទម្លាក់បទចោទ ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាឱ្យមានភាពល្អប្រសើរ »។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក​ អំ សំអាត មានប្រសាសន៍​ថា យុទ្ធនាការ​នេះ មានគោលបំណងក្នុងការសុំឱ្យមានការដោះលែងលោក កើត សារ៉ាយ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន ក៏ដូចជា​សកម្មជនការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងសកម្មជនការពារបរិស្ថាន និងធនធានធម្មជាតិផ្សេងៗទៀត ដែលរង​ការចោទប្រកាន់ ខណៈពួក​គេ​​គ្រាន់តែ​ធ្វើសកម្មភាពស្រប​តាម​រដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្ស កតិ​កាសញ្ញា និងអនុសញ្ញា​អន្តរជាតិដែលកម្ពុជាបានទទួលស្គាល់។

លោកថ្លែងថា៖ «យុទ្ធនាការនេះ គឺបង្ហាញអំពីការគាំទ្រដល់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សង្គម សហជីព និងសកម្មជនការងារសង្គម គួរត្រូវបានលើកទឹកចិត្ត មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនដោយគ្រាន់តែពួកគេធ្វើសកម្មភាពការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ការពារសិទ្ធិកម្មករ និងការពារធនធានធម្មជាតិនោះទេ»។

លោកថា យុទ្ធនាការនេះនឹងនៅតែបន្ត ដោយសង្គមស៊ីវិលសង្ឃឹមថា លោក កើត សារ៉ាយ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស សកម្មជនស​ហជីព និងសកម្មជនបរិស្ថានផ្សេងទៀតត្រូវបានទម្លាក់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពវិញ។

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងយុត្តិ​ធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេ​ នៅ​រសៀលថ្ងៃចន្ទនេះ ។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានបដិសេធនៅក្នុងការឆ្លើយតប ដោយសារជាប់ប្រជុំ។​

ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍​ថា មានតែស្ថាប័ន​តុលាការទេ ដែល​អាច​វិនិច្ឆ័យ​បានថានរណាមានទោស ហើយការសម្រេចសេចក្តី ជាឆន្ទានុសិទ្ធិរបស់តុលា​ការ។

លោកថា៖ «មានតែស្ថាប័នតុលាការតែមួយគត់ ដែលអាចសម្រេចសេចក្តីថានរណាមានទោស នរណាអត់ទោសយ៉ាងណា គឺជាឆន្ទានុសិទ្ធិផ្តាច់មុខរបស់តុលាការ អត់មានបុគ្គលណា ឬស្ថាប័នណាទៅបង្គាន់បញ្ជាតុលាការឱ្យធ្វើអញ្ចេះអញ្ចោះ​ដោះលែងអ្នកនេះ ដោះលែងអ្នកនោះ តាមអំពើចិត្តរបស់ខ្លួនបានទេ»។

លោកថ្លែងបន្តថា៖ «សូមឱ្យសង្គមស៊ីវិលទាំងអស់ហ្នឹង ដែលគាត់ធ្វើសកម្មភាពអីហ្នឹងឱ្យគាត់គិតមើលពីផ្លូវច្បាប់ផង  តើគាត់មានសិទ្ធិយ៉ាងណាទៅដាក់សម្ពាធលើតុលាការ វាជារឿងមួយមិនសមរម្យ ចឹងតុលាការមិនអាចទៅធ្វើតាមអ្នកនេះ តាមអ្នកនោះបានទេ»។

លោក កើត សារ៉ាយ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​ចាប់ខ្លួន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ខណៈពេលដែលលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាម​ដីកា​បញ្ជាឱ្យចូលខ្លួន​របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ។ នេះ​ជា​លើក​ទី២ ដែល​លោក កើត សារ៉ាយ ​ត្រូវ​បាន​ចាប់​ខ្លួន និង​រង​​បទ​ចោទ​ប្រកាន់​ «ញុះញង់»។ ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ កើត​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ដែល​រត់​ចូល​ព្រៃ​ដោយ​ផ្ទាល់ និង​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​របស់​ពួកគេ ក្រោយ​ពេល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ បាន​ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​សមត្ថកិច្ច​ចម្រុះ កាល​ពី​ថ្ងៃ​ទី​​៦ ខែ​​មីនា ដើម្បី​ការពារ​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ។ ក្នុង​ការ​ប៉ះទង្គិច​នោះ ក៏​មាន​ការ​ចាប់​ខ្លួនប្រជា​ពលរដ្ឋ​ប្រមាណ​ ៣០នាក់ ហើយបច្ចុប្បន្នពួកគេមួយចំនួន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕