នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយវិវាទការងារនៅត្រីមាសទី១ ដើមឆ្នាំនេះ មានកើនឡើងខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលនេះជាសញ្ញាវិជ្ជមានមួយ និងជាការវិវឌ្ឍដោយភាពជឿជាក់ និងភាពចាស់ទុំពីគ្រប់ភាគីដែលបានចូលរួមដោះស្រាយវិវាទការងារដោយការគោរពច្បាប់។
ការថ្លែងបែបនេះ ធ្វើឡើងនៅពេលលោកចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានយន្តការដោះស្រាយវិវាទការងារ ខណៈអត្រាផ្សះផ្សាវិវាទនៅកម្រិតក្រសួងបានកើនឡើងដល់ ៨៤% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានត្រឹមតែ ៧៦%ប៉ុណ្ណោះ។
លោកបន្តថា បើទោះជាការដោះស្រាយវិវាទការងារ មានការកើនឡើង ប៉ុន្តែនេះគឺជាភាពចាស់ទុំរបស់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមដោះស្រាយ ខណៈលោកអះអាងជាថ្មីថា រាជរដ្ឋាភិបាលនៅតែបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាយន្តការត្រីភាគីសម្រាប់ការដោះស្រាយវិវាទការងារ និងយន្តការផ្សេងៗទៀត ហើយរដ្ឋាភិបាលក៏បន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដែរ។
លោកមានប្រសាសន៍ថា៖ «មកដល់ម៉ោងនេះ កម្ពុជាមានសមាគមនិយោជក និងសហជីពគ្រប់កម្រិតជាង៦ ៣០០ កើនឡើងខ្លាំងធៀបនឹងឆ្នាំ២០១៦ មានត្រឹមតែ៣៦០ បានន័យថា រដ្ឋបានបើកទូលាយសិទ្ធិសេរីភាពរីកចម្រើនហើយ ដូច្នេះកុំយកមតិសហជីពមួយឬពីរនាក់ដែលបង្កើតបញ្ហា ហើយដើរស្រែកថាអត់សិទ្ធិសេរីភាព»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។ តែយ៉ាងណា លោកសង្ឃឹមថា វិវាទការងារនឹងមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការយល់ដឹងពីច្បាប់ យន្តការដោះស្រាយវិវាទ និងការដោះស្រាយកម្រិតរោងចក្រ និងសហគ្រាសទទួលបានជោគជ័យកើនឡើង។
អ្នកនាំពាក្យរូបនេះថា ចំនួនវិវាទដែលមិនអាចសះជាបាន នៅតែមាន បើសិនភាគីមិនគោរព និងទទួលយកយន្តការដោះស្រាយផ្លូវច្បាប់។
លោកបានថ្លែងថា៖ «កន្លងមកនេះ យើងទទួលលទ្ធផលអត្រាសះជាគ្នាមានការកើនឡើង ក្រោមយន្តការដោះស្រាយកម្រិតក្រសួង។ […] តែបើភាគីមិនគោរព និងទទួលយកយន្តការដោះស្រាយវិវាទតាមច្បាប់ នោះវិវាទរ៉ាំរ៉ៃនឹងមិនអាចសះជាទេ»។
លោកបន្តថា៖ «ជាក់ស្តែងករណីណាហ្គាវើលដ៍ យន្តការដោះស្រាយរបស់ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបញ្ចប់ហើយ ដូច្នេះមានតែយន្តការតុលាការទេដែលជាសមត្ថកិច្ចចុងក្រោយ។ […] ចឹងបើភាគីកម្មករមិនសុខចិត្តប្តឹងទៅតុលាការ នេះជាយន្តការដោះស្រាយតាមច្បាប់»។
អ្នកនាំពាក្យរូបនេះ ក៏បានស្នើឱ្យគ្រប់ភាគីនៃវិវាទត្រូវគោរពច្បាប់ និងប្រើយន្តការដោះស្រាយវិវាទដែលមានចែងក្នុងច្បាប់ ហើយទទួលយកដំណោះស្រាយទាំងនោះ ជៀសវាងការប្រព្រឹត្តខុសច្បាប់។
ពាក់ព័ន្ធនឹងករណីនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា សង្កេតឃើញថា វិវាទការងារមានការដោះស្រាយជាបន្តបន្ទាប់ ហើយទោះបីមិនទាន់បានដូចទាំងស្រុងនូវអ្វីដែលភាគីជម្លោះ ក៏ដូចជាកម្មករចង់បាន តែការដោះស្រាយយ៉ាងហោចណាស់មិនចំណាយពេលយូរដូចមុនដែរ។
លោកថា៖ «ខ្ញុំគិតថា វិវាទ វាដូចជាមានការដោះស្រាយជាបន្តបន្ទាប់ ហើយវិវាទខ្លះក៏ដោះបានវិវាទខ្លះក៏ដោះមិនបាន។ […] ឃើញដូចករណីកន្លងមកនៅ Y&W ចឹងឃើញខាងរដ្ឋាភិបាលអន្តរាគមន៍លឿនជាងមុន បើយើងប្រៀបធៀបកាលពីមុន»។
យោងតាម របាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថា ការដោះស្រាយវិវាទការងារនៅឆ្នាំ ២០២៣ មានភាពល្អប្រសើរ ដោយក្រសួងបានដោះស្រាយវិវាទសរុបចំនួន ១ ០០៥ ករណី។
របាយការណ៍ដដែលបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងារ ក្រសួងបានធ្វើឡើងតាមរយៈយន្តការនៃការដោះស្រាយវិវាទការងារ និងការពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សា ភាពជាដៃគូនៃកិច្ចសន្ទនាសង្គម យន្តការត្រីភាគី និងគាំទ្រនិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំងការកែលម្អនីតិវិធីនៃការដោះស្រាយ វិវាទការងារជាប្រចាំ។
ជាក់ស្តែងតាមរយៈការពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងារនេះ ក្រសួងថា៖ «នៅក្នុងឆ្នាំ២០២៣ ក្រសួងបានដោះស្រាយ វិវាទសរុបចំនួន ១ ០០៥ ករណី ក្នុងនោះ សះជាចំនួន ៨២៩ ករណី (ស្មើនឹង ៨២,៤៩%) មិនសះជា ចំនួន ១៤៨ ករណី (ស្មើនឹង ១៤,៧៣%) មោឃៈ ចំនួន ២៨ ករណី (ស្មើនឹង ២,៧៩%)។ ក្នុងករណីវិវាទទាំងអស់នេះ វិវាទបុគ្គលមានចំនួន ៨១៨ ករណី (ស្មើនឹង ៨១,៣៩%) និងវិវាទការងាររួមមានចំនួន ១៨៧ ករណី (ស្មើនឹង ១៨,៦១%)»។
ដោយឡែក កញ្ញា ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានលើកឡើងថា អត្រាភាគរយដែលថាមានការកើនឡើងនេះ មិនបានឆ្លុះបញ្ចាំងពីតថភាពពិតទេ ខណៈវិវាទនៃក្រុមកូដករណាហ្កាវើលដ៍ នៅតែមិនអាចទទួលបានដំណោះស្រាយសមស្រប។
កញ្ញាថា៖ «បើសម្រាប់ខ្ញុំអ្នកប្រឈមផ្ទាល់ និងកំពុងតែមានវិវាទផ្ទាល់ហ្នឹង ខ្ញុំគិតថា វាអត់ឆ្លុះបញ្ចាំងទេ ដោយសារវិវាទខ្ញុំជាវិវាទយូរជាងគេ វិវាទយើងឡើងយូរអង្វែងហើយ អត់ត្រូវបានគេសួរនាំអីផង និងរម្លឹកពីវិវាទហ្នឹងផង។ […] សំខាន់ [ក្រសួង] គាត់ឆ្លើយជាក់ស្តែង ឆ្លើយលក្ខណៈឱ្យតែរួចខ្លួនទេ បើឆ្លុះបញ្ចាំងពីរឿងវិញ គាត់ធ្វើតាមយន្តការ ប៉ុន្តែវាជាយន្តការដោះស្រាយអ្វីដែលភាគីក្រសួងចង់បាន និងក្រុមហ៊ុនចង់បាន វាអត់ឆ្លុះបញ្ចាំងពីអ្វីដែលភាគីកម្មករចង់បាន»។
បើតាមកញ្ញា សុខន ក្រុមកូដករណាហ្កាវើលដ៍ នៅតែមិនទាន់មានការងារធ្វើនៅឡើយទេ ហើយពួកគាត់នឹងនៅតែបន្តទាមទារឱ្យមានដំណោះស្រាយសមស្របមួយ ដើម្បីបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃនេះ។ ក្រុមកូដករសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មអស់រយៈពេលជាង ២ឆ្នាំមកហើយ ពាក់ព័ន្ធនឹងវិវាទការងារដែលពួកគេចោទក្រុមហ៊ុនថា បានបញ្ឈប់បុគ្គលិកជាង ១ ០០០នាក់ និងការមិនទូទាត់សំណងសមស្របតាមច្បាប់ការងារ។ ក្រុមកូដករតែងប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ស្ទើររៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះមានការតុបតែងខ្លួន និងអំពាវនាវប្លែកៗ ទៅតាមពេលវេលា និងព្រឹត្តិការណ៍ផ្សេងៗ៕