នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយវិវាទការងារនៅត្រីមាសទី១ ដើមឆ្នាំនេះ មានកើនឡើង​ខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​នេះជា​សញ្ញាវិជ្ជមាន​មួយ​ និងជា​ការវិវឌ្ឍដោយភាពជឿជាក់ និងភាព​ចាស់ទុំពីគ្រប់ភាគី​ដែលបានចូលរួមដោះស្រាយវិវាទការ​ងារ​​​ដោយ​ការ​គោរពច្បាប់។

ការថ្លែងបែបនេះ ធ្វើឡើងនៅពេល​លោកចូលរួមក្នុងពិធី​សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៤។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរក្រសួងការងារ ​​និ​ង​​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ដែលមាន​យន្តការ​ដោះស្រាយ​វិវាទ​​ការងារ ខណៈ​អត្រា​ផ្សះផ្សា​​វិវាទ​​​​នៅ​កម្រិត​ក្រសួង​បាន​​កើនឡើង​ដល់ ៨៤% សម្រាប់​​ត្រីមាស​​ទី១​ ឆ្នាំ២០២៤ បើ​ប្រៀបធៀប​​នឹង​​រ​យៈ​ពេល​​ដូចគ្នា ​កាលពី​​ឆ្នាំមុន ​មាន​ត្រឹមតែ ៧៦%ប៉ុណ្ណោះ។

លោកបន្ត​ថា បើទោះជាការដោះស្រាយវិវាទការងារ មានការកើនឡើង ប៉ុន្តែ​នេះ​គឺ​ជា​ភាព​ចាស់​ទុំ​របស់​គ្រប់​​ភាគីពាក់ព័ន្ធដែលបានចូលរួមដោះស្រាយ ខណៈលោក​អះអាងជាថ្មីថា រាជរដ្ឋាភិបាលនៅតែ​បន្តគាំទ្រដល់ដំ​ណើរការ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដែលជា​យន្តការ​ត្រីភាគី​សម្រាប់​ការដោះស្រាយ​វិវាទ​ការងារ ​និង​យន្តការផ្សេងៗ​ទៀត ហើយ​រដ្ឋាភិបាល​ក៏​បន្ត​លើក​កម្ពស់​​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​ដែរ។

លោក​មានប្រសាសន៍ថា៖ «មកដល់​ម៉ោង​នេះ ​កម្ពុ​ជាមាន​សមាគម​និយោជក ​និង​សហជីព​គ្រប់​កម្រិត​ជាង​៦ ៣០០ កើនឡើង​ខ្លាំង​ធៀប​នឹង​ឆ្នាំ២០១៦ មាន​ត្រឹមតែ៣៦០ បានន័យ​ថា រដ្ឋ​​បាន​​បើកទូលាយ​​សិទ្ធិសេរីភាព​រីកចម្រើន​ហើយ ដូច្នេះ​កុំ​យក​មតិ​សហជីព​មួយ​​ឬ​ពីរ​នាក់​ដែល​បង្កើត​បញ្ហា ហើយ​ដើរ​​ស្រែកថា​អត់​សិទ្ធិសេរីភាព»

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក កត្តា អ៊ន បង្ហាញការគាំទ្រចំពោះការ​លើក​ឡើង​របស់​ប្រមុខរដ្ឋាភិបាល។ តែយ៉ាងណា លោក​សង្ឃឹមថា វិវាទការ​ងារ​នឹងមាន​ការ​ថយ​ចុះ​ពីមួយ​ឆ្នាំទៅមួយឆ្នាំ ដោយសារការយល់ដឹងពីច្បាប់ យន្តការដោះស្រាយវិវាទ និងការដោះស្រាយកម្រិតរោង​ចក្រ និងសហគ្រាសទទួលបានជោគជ័យកើនឡើង។

អ្នកនាំពាក្យរូបនេះថា ចំនួនវិវាទដែលមិនអាចសះជាបាន នៅតែមាន បើសិនភាគីមិនគោរព និង​ទទួលយក​យន្តការដោះស្រាយ​ផ្លូវច្បាប់។

លោកបានថ្លែង​ថា៖ «កន្លងមកនេះ យើងទទួលលទ្ធផលអត្រាសះជាគ្នា​មាន​ការកើនឡើង ក្រោម​យន្តការ​ដោះស្រាយកម្រិតក្រសួង។ […] តែបើភាគីមិនគោរព និងទទួលយកយន្តការដោះស្រាយវិវាទតាមច្បាប់ នោះវិវាទរ៉ាំរ៉ៃនឹងមិនអាចសះជាទេ»។

លោកបន្តថា៖ «ជាក់ស្តែងករណីណាហ្គាវើលដ៍ យន្តការដោះស្រាយរបស់​ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបញ្ចប់ហើយ ដូច្នេះមានតែយន្តការតុលាការទេដែលជាសមត្ថកិច្ចចុងក្រោយ។ […] ចឹងបើភាគី​កម្មករមិនសុខចិត្តប្តឹងទៅតុលាការ នេះជាយន្តការដោះស្រាយតាមច្បាប់»។

អ្នកនាំពាក្យរូបនេះ ក៏បានស្នើឱ្យ​គ្រប់ភាគីនៃវិវាទត្រូវគោរពច្បាប់ និងប្រើយន្តការដោះស្រាយវិវាទដែលមានចែងក្នុងច្បាប់ ហើយទទួលយកដំណោះស្រាយទាំងនោះ ជៀសវាងការប្រព្រឹត្តខុសច្បាប់។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា សង្កេត​ឃើញ​ថា វិវាទការងារ​មាន​ការដោះស្រាយជាបន្តបន្ទាប់ ហើយ​ទោះបីមិនទាន់បាន​ដូច​ទាំង​ស្រុង​នូវអ្វីដែលភាគីជម្លោះ ក៏ដូចជាកម្មករចង់បាន តែការដោះស្រាយយ៉ាងហោចណាស់មិនចំណាយពេលយូរដូចមុនដែរ។

លោកថា៖ «ខ្ញុំគិតថា វិវាទ វាដូចជាមានការដោះស្រាយជាបន្តបន្ទាប់ ហើយវិវាទខ្លះក៏ដោះបានវិវាទខ្លះក៏ដោះមិន​បាន។​ […] ឃើញដូចករណីកន្លងមកនៅ Y&W ចឹងឃើញខាងរដ្ឋាភិបាលអន្តរាគមន៍​លឿនជាងមុន បើយើងប្រៀបធៀបកាលពីមុន»។

យោងតាម ​របាយ​កា​​រណ៍​ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤​ របស់​ក្រសួង​កា​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យដឹងថា ការដោះស្រាយ​វិវាទ​ការងារ​នៅ​ឆ្នាំ​ ២០២៣ មាន​ភាពល្អប្រសើរ ដោយ​ក្រសួង​បាន​ដោះស្រាយ​វិវាទ​សរុប​ចំនួន ១ ០០៥ ​ករណី​។​

របាយការណ៍ដដែលបន្តថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ ក្រសួង​​​​បាន​ធ្វើ​ឡើង​​តាម​​រយៈ​​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ការងារ និង​ការពង្រឹង​សមត្ថ​​ភាព​មន្ត្រី​ផ្សះផ្សា ភាពជា​ដៃគូ​នៃ​កិច្ចសន្ទនា​សង្គម យន្តការ​ត្រីភាគី និង​គាំទ្រ​និរន្តរភាព​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ការដោះស្រាយ​​វិវាទ​​ការ​ងារ​​ក្រៅ​ប្រព័ន្ធតុលាការ ព្រមទាំង​ការកែលម្អ​នីតិវិធី​នៃ​ការដោះស្រាយ វិវាទ​ការងារ​ជា​​ប្រចាំ​។ 

​ជាក់ស្តែង​តាមរយៈ​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ ក្រសួង​ថា​៖ «​នៅក្នុង​ឆ្នាំ​២០២៣ ក្រសួង​បាន​ដោះស្រាយ វិវាទ​សរុប​ចំនួន ១ ០០៥ ​ករណី ក្នុងនោះ សះជា​ចំនួន ៨២៩ ​ករណី (​ស្មើនឹង ៨២,៤៩%) មិន​សះជា ចំនួន ១៤៨ ​ករណី ​(​ស្មើនឹង ១៤,៧៣%) មោ​ឃៈ ចំនួន ២៨ ​ករណី (​ស្មើនឹង ​២,៧៩%)​។ ក្នុងករណី​វិវាទ​ទាំងអស់នេះ វិវាទ​បុគ្គល​មាន​ចំនួន ៨១៨ ​ករណី (​ស្មើនឹង ៨១,៣៩%)​ និង​វិវាទ​ការងារ​រួមមាន​ចំនួន ​១៨៧ ​ករណី (​ស្មើនឹង ១៨,៦១%)​»។​

ដោយឡែក កញ្ញា ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បាន​លើកឡើងថា អត្រាភាគរយដែលថាមានការកើនឡើងនេះ ​មិនបានឆ្លុះបញ្ចាំងពីតថភាព​ពិត​ទេ ខណៈវិវាទនៃក្រុមកូដករណាហ្កាវើលដ៍ នៅតែមិនអាចទទួលបានដំណោះស្រាយសមស្រប។

កញ្ញាថា៖ «បើសម្រាប់ខ្ញុំអ្នកប្រឈមផ្ទាល់ និងកំពុងតែមានវិវាទផ្ទាល់ហ្នឹង ខ្ញុំគិតថា វាអត់ឆ្លុះបញ្ចាំងទេ ដោយសារវិវាទខ្ញុំជាវិវាទយូរជាងគេ វិវាទយើងឡើងយូរអង្វែងហើយ អត់ត្រូវបានគេសួរនាំអីផង និងរម្លឹក​ពីវិវាទហ្នឹងផង។ […] សំខាន់ [ក្រសួង] គាត់ឆ្លើយជាក់ស្តែង ឆ្លើយលក្ខណៈឱ្យ​តែរួចខ្លួនទេ បើ​ឆ្លុះបញ្ចាំងពីរឿងវិញ គាត់ធ្វើតាមយន្តការ ប៉ុន្តែវាជាយន្តការដោះស្រាយអ្វីដែលភាគីក្រសួងចង់បាន និងក្រុមហ៊ុនចង់បាន វាអត់ឆ្លុះបញ្ចាំងពីអ្វីដែលភាគីកម្មករចង់បាន»។

បើតាមកញ្ញា សុខន ក្រុមកូដករណាហ្កាវើលដ៍ នៅតែមិនទាន់មានការងារធ្វើនៅឡើយទេ ហើយ​ពួកគាត់​នឹងនៅតែបន្តទាមទារឱ្យមានដំណោះស្រាយសមស្របមួយ​​ ដើម្បីបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃនេះ។ ក្រុម​កូដករ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​កូដកម្មអស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ដែលពួកគេចោទ​ក្រុម​ហ៊ុនថា​ បាន​បញ្ឈប់​បុគ្គលិក​ជាង​ ១ ០០០​​នាក់ និង​​ការ​​មិន​​ទូទាត់​​សំណង​​សម​ស្រប​តាម​ច្បាប់​ការងារ។ ក្រុម​កូដករ​​តែង​​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​​ស្ទើ​រ​រៀង​រាល់​ថ្ងៃ​ ដោយ​ថ្ងៃ​ខ្លះ​មាន​​ការ​តុបតែង​ខ្លួន​ និង​អំពាវនាវ​ប្លែកៗ​ ទៅ​តាម​ពេល​វេលា​ និង​ព្រឹត្តិការណ៍ផ្សេងៗ៕