សមាជិកគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតកំពុងពិនិត្យលទ្ធភាពក្នុងការរៀបចំសំណើរសម្រាប់ស្នើសុំគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសបម្រើឱ្យសេចក្តីត្រូវការសម្រាប់បុណ្យជាតិសំខាន់ៗ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានដឹកនាំការពិនិត្យបញ្ជីឈ្មោះទណ្ឌិត លោក គឹម សន្តិភាព ឱ្យដឹងតាមរយៈការចុះផ្សាយរបស់កាសែតក្នុងស្រុក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះថា នៅចំពោះមុខនេះ គណៈកម្មការជាតិដែលមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផង បានរៀបចំកិច្ចពិគ្រោះយោបល់ ដោយពិនិត្យទៅលើការបើកផ្លូវឱ្យមានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់បុណ្យចូលឆ្នាំថ្មី និងបុណ្យវិសាខបូជា ខាងមុខនេះ។
ប្រភពបន្តថា៖«ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមជាមួយឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរួមដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដើម្បីពិនិត្យ ពិភាក្សាលើសំណុំឯកសារនៃសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤នេះ នាសាលប្រជុំក្រសួងយុត្តិធម៌ » ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាពបានទេ នៅថ្ងៃទី៣០ មេសា នេះ ខណៈដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខ: ក៏ពុំអាចស្នើសុំការផ្តល់ព័ត៌មានបានដែរ។
បើទោះជាបែបណា សម្រាប់អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ សាទរចំពោះផែនការដែលដាក់ឱ្យមានការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់បុណ្យជាតិសំខាន់ៗនេះឡើង។ក្រៅពីនេះ ក្នុងនាមជាអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ក៏ចង់ឃើញការអនុវត្តការងារនេះ ធ្វើឡើងដោយស្មើភាពគ្នាដោយមិនចំពោះបក្សនយោបាយ ឬក្រុមណាមួយនោះទេ ប្រសិនបើរកឃើញថាស្ថានភាពទោសនោះ ត្រូវលើកលែង ឬត្រូវបន្ធូរបន្ថយគួរដាក់ឱ្យស្ថិតក្នុងកម្មវិធីលើកលែងទោស។
លោកបន្តថា៖«គណបក្សភ្លើងទៀនអបអរសាទរចំពោះព័ត៌មានដែលថានឹងមានការបន្ធូរបន្ថយទោសដល់អ្នកដែលមានទោសហើយកំពុងតែនៅក្នុងពន្ធនាគារ។ជាមួយគ្នានេះ សូមស្នើដល់រាជរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយទោស និងដោះលែងដល់មន្រ្តី និងសកម្មជននយោបាយ និងសកម្មជនសង្គមនានាដែលកំពុងតែស្ថិតនៅក្នុងពន្ធនាគារឲ្យមានសិទ្ធិសេរីភាពឡើងវិញ ដើម្បីពួកមានសេរីភាពចូលរួមក្នុងគណបក្សនយោបាយដែលគេពេញចិត្តស្របតាមឆន្ទៈ និងរដ្ឋធម្មនុញ្ញរបស់ជាតិ » ។
បើតាមលោក លី សុធារ៉ាយុត្តិ ចាប់ពីដើមឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា មានន្រ្តីគណបក្សភ្លើងទៀនចំនួន១៤នាក់ហើយ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ។របាយការណ៍របស់គណបក្សជំទាស់មួយនេះ បង្ហាញថា លោក ខឹម ចាន់វណ្ណៈ ប្រធានប្រតិបត្តិស្តីទី រាជធានីភ្នំពេញ លោកស្រី ឆាយ ចិន្តា ប្រធានចលនាស្រ្តីខណ្ឌជ្រោយចង្វា អ្នកទាំងពីរត្រូវចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២៤។
ដោយឡែក លោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិខណ្ឌដូនពេញ អ្នកទាំងពីរត្រូវចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២៤ដែរ។
ក្រៅពីនេះ លោក សរ សុខា ប្រធានប្រតិបត្តិស្រុកស្ទឹងហាវ លោក ស៊ុន ស៊ន សកម្មជនឃុំកែវផុស លោក ឯក បេន អតីតប្រធានស្តីប្រតិបត្តិខេត្តកំពង់ស្ពឺ លោក ដាង ប៊ុនហាក់ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ លោក កឹម ហុង ចៅសង្កាត់រងទី២ សង្កាត់អូរឬស្សី៤ លោក សាន សឿង អតីតសមាជិកគណៈកម្មាធិការនាយក គណបក្សភ្លើងទៀន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ លោក យិន ភាន បេក្ខជនលេខរៀងទី៣ ស្រុកស្ទឹងត្រង់ លោក ស្រ៊ី មាន បេក្ខជនលេខរៀងទី៤ ស្រុកស្ទឹងត្រង់ និងលោក គង់ ថារ៉េត អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ក្រុងកំពង់ចាម អ្នកទាំងបីនាក់ ត្រូវចាប់ខ្លួនក្នុងពេលតែមួយ កាលពីថ្ងៃទី៩ ខែមេសា ដែរ។
អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លើកឡើងថា ក្នុងចំណោមន្រ្តីបក្សនយោបាយទាំងនោះ ការចាប់ខ្លួនពួកគេគឺធ្វើឡើងដោយគ្មានហេតុផល គ្មានដីកា និងគ្មានភស្តុតាងអ្វីទាំងអស់។
យ៉ាងនេះក្តី លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ចាត់ទុកថា ការអនុវត្តក្នុងការបន្ធូរបន្ថយទោស តាមពិតទៅគឺមានចែងនៅក្នុងច្បាប់រួចហើយ។លោកបន្តថា បើទោះជាបែបណា ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល ក៏ឃើញការអនុវត្តសម្រាលស្ថានទម្ងន់ទោស ឬលើកលែងទោសនេះ ធ្វើឡើងដោយភាពស្មោះត្រង់ និងអាចជឿទុកចិត្តបាន។
លោកបន្តថា៖«កិច្ចប្រជុំដើម្បីពិនិត្យឯកសារលើសំណុំឯកសារស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលកន្លងហួស និង ពិធីបុណ្យវិសាខបូជាខាងមុខនេះជាការអនុវត្តន៍តាមព្រះរាជក្រឹត្យ។ប៉ុន្តែយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សចង់ឃើញការបន្ធូរបន្ថយទោដ និងការលើកលែងទោសដល់ទណ្ឌិតគឺមានតម្លាភាព គឺទណ្ឌិតដែលគោរពតាមលក្ខខណ្ឌនៃច្បាប់ត្រូវទទួលបានសិទ្ធិក្នុងការបន្ធបន្ថយទោស និងការលើកលែងទោសដូចគ្នាដោយគ្មានការរើសអើងនិន្នាការនយោបាយ ឬអ្នកមាន អ្នកក្រ» ។
គេសង្កេតឃើញថា កន្លងទៅការអនុវត្តគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសនេះ ក៏ត្រូវរង់ការរិះគន់ដែរថា ជាយន្តការដែលធ្វើឡើង ហាក់មិនបានឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ ជាពិសេសការអនុវត្តទៅលើទណ្ឌិតជាបក្សប្រឆាំង សកម្មជនសង្គម និងអង្គការ សមាគមទេ។ស្ថានទម្ងន់ទោសភាគច្រើន សម្រាប់ពួកគេ គឺតែងអនុវត្តជាអតិបរិមានៃទោស ដែលរកឃើញដោយតុលាការតែម្តង។ បើទោះជាបែបណា ព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដែលចេញកាលពីខែមករា ឆ្នាំ២០២១ នៅក្នុងបញ្ញត្តិមាត្រា ៣ កំណត់ថា ពិធីបុណ្យសំខាន់ៗ ដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវអនុវត្តសម្រាប់បុណ្យ៖ ចូលឆ្នាំ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក និងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។មិនតែប៉ុណ្ណោះ ទណ្ឌិតដែលត្រូវពិចារណាក្នុងការលើកលែងទោស និងបន្ធូរបន្ថយទោសទៅបាន លុះត្រាអនុវត្តឱ្យបាន១ភាគបី នៃទោសនៅក្នុងពន្ធនាគារសិន៕