អ្នកវិភាគសង្គមមើលឃើញថា ក្នុងរយៈពេល២៥ ឆ្នាំមកនេះ កម្ពុជាបានទាញយកផលប្រយោជន៍ជាច្រើនពីសមាគមអាស៊ានទាំងផ្នែកសន្តិសុខ ការទូត និងផ្នែកសេដ្ឋកិច្ច ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដែរ ក្នុងពេលដែលកម្ពុជាទទួលបានផលវិជ្ជមាន ក្នុងក្របខណ្ឌអាស៊ាននេះ។
កម្ពុជា បានចូលជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ គិតមកដល់ពេលនេះ កម្ពុជាបានក្លាយជាសមាជិកទី១០របស់អាស៊ាន មានរយៈពេល២៥ឆ្នាំហើយ។នៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ គឺជាខួបរយៈពេល២៥ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាននេះ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានឱ្យដឹងថាក្នុងរយៈពេល២៥ឆ្នាំមកនេះ ការចូលជាសមាជិកអាស៊ាន ជួយឱ្យកម្ពុជាមានឱកាសធ្វើសមាហរណកម្មខ្លួនចូលក្នុងនិម្មាបនកម្ម ដែលមានន័ថាជាសិល្បៈផ្នែកកសាង ឬតាក់តែឱ្យល្អឆើតឆាយ(Architecture) តំបន់ ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។
លោកថ្លែងថា៖ «អាស៊ានគឺជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិក អាស៊ាន នៅឆ្នាំ១៩៩៩មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈអាស៊ាន កម្ពុជាបានដើរតូនាទីដោយស្មើមុខនិងស្មើសិទ្ធិ ទាំងក្នុងកិច្ចការតំបន់និងអន្តរជាតិ »។
លោកកត់សម្គាល់ថា ប្រទេសកម្ពុជាធ្លាប់បាន ធ្វើជាប្រធានប្តូរវេនអាស៊ាន ចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន។លើសពីនេះទៀត កម្ពុជាក៏បានរួមចំណែកសកម្មក្នុងការជួយជ្រោមជ្រែងឱ្យអាស៊ានរក្សាបានស្ថិរភាព និងសន្តិភាព ដើម្បីធ្វើឱ្យអាស៊ានអាចរក្សាបាននូវកម្រិតជឿទុកចិត្តមួយ ជាមួយនឹងទំនាក់ទំនងប្រកបដោយតុល្យភាព និងមហាអំណាចក្នុងតំបន់ ដែលពឹងពាក់លើនិម្មាបនកម្មតំបន់អាស៊ាន ដើម្បីរក្សាបានសុខសន្តិភាព និងស្ថិរភាពទូលំទូលាយ។
លោកបន្តថា៖« បញ្ហាប្រឈមរបស់កម្ពុជា គឺនៅពេលដែលគេនិយាយដល់បញ្ហាសមុទ្រខាងត្បូង ប្រទេសដែលពាក់ព័ន្ធនឹងអធិបតេយ្យដែនទឹកក្នុងសមុទ្រខាងត្បូង តែងចោទប្រកាន់កម្ពុជាថាលម្អៀងទៅរកប្រទេសចិនជ្រុលដោយមិនគិតគូរប្រយោជន៍តំបន់។ម្យ៉ាងទៀត ដោយពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ កម្ពុជាក្នុងអាស៊ាន មានការលំបាកក្នុងការរក្សាជំហររបស់ខ្លួនចំពោះមុខសម្ពាធភូមិសាស្ត្រនយោបាយ »។
ស្រដៀងគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា អាស៊ានមិនមានបងធំទេ ដូចនេះរាល់ការសម្រេចអ្វីមួយត្រូវការមតិឯកច្ឆន្ទ ហើយបើមានសមាជិកណាមួយពហិការមិនអាចសម្រេចបានឡើយ។មិនតែប៉ុណ្ណោះ អាស៊ានមិនមានប្រព័ន្ធចាយលុយរួម និងការគោរពវប្បធម៌ប្រពៃណីផ្សេងគ្នាដែរ។ក្នុងន័យនេះ សមាជិកអាស៊ាន១០ប្រពែណី១០។ក្រៅពីនេះ សមាគមអាស៊ានប្រើភាសារអង់គ្លេសជាយាន្ត។បន្ថែមពីលើនេះ ដើម្បីរុញឱ្យអាស៊ានមានភាពខ្លាំងគួរបង្កើតឱ្យមានទីផ្សារឹងមាំទាំងជំនាញ និងកម្លាំងពលកម្ម។
បើតាមលោក សុខ ទូច ភាពអំណោយផលនេះហើយ ទើបបច្ចុប្បន្ន សហរដ្ឋអាមេរិក ចិន និងសមគមន៍អ៊ឺរ៉ុបកំពុងសំឡឹងមើលអាស៊ានក្នុងទិសដៅដៃគូជាយុទ្ធសាស្រ្ត។កត្តាទាំងនេះអាចនឹងនាំឱ្យកម្ពុជាទទួលបានឱកាស នាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារដែលសក្កានុពលជាងនេះ។
លោកបន្តថា៖« សម្រាប់ប្រជាជនកម្ពុជានៅពេលដែលយើងទៅណា មិនប្រើប្រាស់វីហ្សា គ្រាន់តែបង្ហាញ ប៉ាស្ព័រអាចបានជោកជ័យ ទី២ទៀតស្មើរមុខស្មើមាត់គ្នា មិនលិចលើស្មើក្រោម មិនថាប្រទេសគេអ្នកមានទេ អញ្ជឹងចូលជាសមាជិកអាស៊ានវាជាការងារល្អមួយ »។
ហាក់មិនខុសគ្នាទេ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ឯកភាពដែរថាការដែលកម្ពុជាចូលជាសមាជិកអាស៊ាននេះគឺជាជោគជ័យមួយរបស់កម្ពុជា។
លោកបន្ថែមថាការចូលជាសមាជិកអាស៊ាននេះ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន ទោះជាយ៉ាងនេះក្តី កម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដែរ ព្រោះតែរបប ប៉ុល ពត ធ្វើឱ្យកម្ពុជាចាប់ផ្តើមក្រោយគេ។
លោកបន្តថា៖«ការចូលទៅក្នុងសមាជិកអាស៊ាននេះ យើងមានប្រយោជន៍ច្រើនយ៉ាងណាស់ កម្ពុជាយើងទទួលបានគឺប្រយោជន៍សំខាន់ៗដែលខ្ញុំចង់រំលេចហ្នឹង គឺទីមួយ បញ្ហានយោបាយនិងសន្តិសុខ[…]ហើយនៅតំបន់អាស៊ានមានប្រជាជនជាងប្រាំមួយរយលាននាក់ដែលធំមែនទែន អញ្ជឹងអនុញ្ញាតឱ្យយើងមានទំនាក់ទំនងពាណិជ្ជកម្មធំធេង អាស៊ានជាច្រកសេដ្ឋកិច្ច ច្រកពាណិជ្ជកម្មមួយធំរបស់កម្ពុជា អញ្ជឹងយើងមានឱកាសច្រើននៅក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ជាដើម ដើម្បីយកមកពង្រឹង សេដ្ឋកិច្ចជាតិរបស់យើងឱ្យកាន់តែរឹងមាំ »។
លោកបន្តថា៖«ចំណុចប្រឈម យើងដឹងហើយតាំងពីប៉ុលពតមក ផ្តើមកសាងប្រទេសឡើងវិញក្រោយគេបង្អស់ ពីចំណុចសូន្យ ដូច្នេះយើងត្រូវរត់ទាំងយប់ទាំងថ្ងៃខណៈដែលគេដើរជាធម្មតា ប៉ុន្តែចំណុចប្រឈមអស់ទាំងហ្នឹង ដែលយើងខ្វះធនធានមនុស្ស ខ្វះសព្វ ខ្វះគ្រប់ហ្នឹង ដោយសារតែភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំរបស់យើង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស យើងឃើញថាកម្ពុជាយើង បានមកដល់ទីតាំងមួយស្មើមុខស្មើមាត់គេយ៉ាងរឹងមាំ»។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន បានបង្កើតឡើងក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៨ សីហា ១៩៦៧។ ប្រទេស៥ គឺថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសសឹង្ហបុរី គឺជាស្ថាបនិកនៃអង្គការអន្តររដ្ឋាភិបាលថ្នាក់តំបន់មួយនេះ។
បើទោះបែបណា គេសង្កេតឃើញថា សម្រាប់ធម្មនុញ្ញអាស៊ាន ហាក់ខុសពីធម្មនុញ្ញរបស់សហភាពអឺរ៉ុប បន្តិចនៅត្រង់ថានៅក្នុងប្លុកអឺរ៉ុប ប្រសិនបើចូលជាសមាជិកលុះត្រារដ្ឋជាភាគីនីមួយៗនោះ ត្រូវសម្អាតខ្លួនឱ្យស្អាតជាមុនសិន ទាក់ទងនឹងអំពើពុករលួយ និងប្រជាធិបតេយ្យ៕