មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលហៅកាត់ថា CCHR រៀបចំយុទ្ធនាការនៅការិយាល័យ និងតាមអនឡាញដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជនអំពីទិវាសេរីភាពសារព័ត៌មានពិភពលោក និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសេរីភាពខាងការបញ្ចេញមតិ និងបង្ហាញអំពីតួនាទីរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យ​។​

នៅក្នុងយុទ្ធនាការតាមអនឡាញនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងមានរៀបចំព្រឹត្តការណ៍ជាច្រើនដូចជា ចេញផ្សាយកម្រងសំណួរនៅលើប្រព័ន្ធអនឡាញស្តីពី សេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ផ្សព្វផ្សាយឡើងវិញនូវជីវប្រវត្តិរបស់អ្នកសារ ព័ត៌មាន១០រូប នៅលើទំព័រហ្វេសប៊ុករបស់ ម.ស.ម.ក។

បន្ថែមពីលើនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏នឹងចេញផ្សាយនូវបណ្ណព័ត៌មានស្តីពីស្ថានភាពនៃសេរីភាពសារ ព័ត៌មាននៅកម្ពុជាផ្សាយឡើងវិញនូវវីដេអូជីវចល ស្តីពីសេរីភាពសារព័ត៌មាន(កម្លាំងចិត្ត)និងបទចម្រៀ​​ងហ៊ីបហប់ស្តីពីសិទ្ធិទទួលព័ត៌មាន (ព័ត៌មានសេរី) នៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួន ជាដើម។

ទន្ទឹមនឹងនេះ CCHR នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ «ទស្សនៈរបស់យុវជនចំពោះស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ» ព្រមទាំងរៀបចំកម្មវិធីវិទ្យុកិច្ចពិភាក្សាផ្ទាល់ក្រោមប្រធានបទស្តីពី«បរិយាកាសនៃសេរី ភាពសារព័ត៌មាន» នៅការិយាល័យរបស់ខ្លួនថែមទៀត។

ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅកម្ពុជា លោក ហួន ផន បានឱ្យដឹងនៅថ្ងៃទី៣០ ខែមេសា  ឆ្នាំ២០២៣​នេះថា​យុ​​ទ្ធនាការស្តីពីទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ ធ្វើឡើងក្នុងគោលបំណង ចង់ឱ្យសាធារណៈជនទូទៅយល់អំពីសារៈសំខាន់ នៃសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។

លោកថ្លែងថា៖ « តាមរយៈយុទ្ធនាការនេះ យើងគិតថាសាធារណៈជនទូទៅនឹងយល់ដឹងច្រើន ពីកម្មវិធីរបស់យើងក៏ ហើយយើងគិតថាវាក៏អាចជួយជំរុញលំហសេរីភាពសារព័ត៌មាននៅក្នុងប្រទេសយើង» ។

តាមរយៈសកម្មភាព ក៏ដូចជាយុទ្ធនាការនេះ លោក ហួន ផន ថា នេះជាសារមួយសម្រាប់ផ្តល់ជូនសារធារណៈជនទូទៅក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបានទទួលព័ត៌មាននឹងចូលរួមធ្វើឱ្យប្រសើរឡើងនៅសេរីភាពសារព័ត៌មាននៅកម្ពុជា។​

លោកបន្តថា៖ « យើងគិតថាវាជាផ្នែកមួយ ក្នុងការផ្តល់ព័ត៌មានដល់សាធារណៈជនទូទៅ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ទាក់ទងជាមួយនឹងរឿងលំហសិទ្ធិសេរីភាពសារព័ត៌មាន វាជាផ្នែកមួយក្នុងការរុញច្រាន ឱ្យលំហ នៃសេរីភាពសារព័ត៌មាន មានភាពល្អប្រសើរ » ​។​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅកម្ពុជានៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី និងគ្មានការដាក់ កំហិតសិទ្ធិរបស់ខ្លួនឯង។ ការបន្តដៅមុខសញ្ញាទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យក្នុងការអនុវត្ត សិទ្ធិសេរីភាពខាងការបញ្ចេញមតិដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគេនៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា។

នៅក្នុងបរិបទនៃការបន្តធ្លាក់ចុះនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថា ទិវានេះកាន់តែមានសារៈ សំខាន់ក្នុងការរំលឹកថា បើគ្មានប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យនោះទេ លទ្ធិប្រជាធិបតេយ្យក៏មិនអាចរីកចម្រើនបានដែរ។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានដែរ ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនមានការឆ្លើយតបនៅថ្ងៃទី៣០ ខែមេសា។

ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា សាទរចំពោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ដូចអ្វីដែលរដ្ឋាភិបាលចង់បាន ប៉ុន្តែត្រូវបញ្ជាក់ថា សេរីភាពសារព័ត៌មានត្រូវមានការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងវិជ្ជាជីវៈ។

លោកបន្តថា៖ «ដើម្បីចូលរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មាន ខ្ញុំសុំស្នើឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជួយរំឭកជាប្រចាំអំពីសេរីភាព អំពីការទទួលខុសត្រូវដែនកំណត់នៃសេរីភាពស្របតាមមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ស្របតាមមាត្រា ១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឱ្យស្របតាមមាត្រា ២៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលគេចែងថា ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនមនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមតែកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ គឺដើម្បីធានានូវការទទួលស្គាល់សិទ្ធិ និងគោរពសិទ្ធិអ្នកដទៃហើយនឹងបំពេញសេចក្តីត្រូវការចាំបាច់ត្រឹមត្រូវខាងសីលធម៌សណ្តាប់ធ្នាប់សាធារណៈសុខុមាលភាពទូទៅក្នុងសង្គមប្រជាធិបតេយ្យ »។

យ៉ាងនេះក្តី អ្នកស្រី ឆន សុគន្ធា​ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មើលឃើញថានៅក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤​នេះស្ថានភាពសារព័ត៌មាននៅកម្ពុជាមិនទាន់មានភាព​ប្រសើ​រ​​ឡើង​នោះទេ។

អ្នកស្រីបន្តថា៖ «យើងមើលឃើញថាចំនួនអ្នកសារព័ត៌មានមានការកើនឡើង ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានដែលគាត់ហ៊ាននៅក្នុងការសរសេរអត្ថបទ ឬក៏សារព័ត៌មានដែលគាត់ហ៊ាននៅក្នុងការធ្វើព័ត៌មានរស៊ើបនេះកាន់តែមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ហើយយើងឃើញថាសម្រាប់អ្នកសារព័ត៌មានមួយចំនួនធ្វើការរឹតត្បឹតខ្លួនឯងដោយសារ យើងមើលឃើញថាសម្រាប់អ្នកដែលគាត់ហ៊ានធ្វើការរាយការណ៍ព័ត៌មានបែបរស៊ើបតែងតែទទូលរងផលជះត្រឡប់មកវិញតាមរយៈការចោទប្រកាន់តាមរយៈផ្លូវតុលាការជាដើម» ។

ហាក់មិនខុសគ្នាទេ សម្រាប់នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ លោក ណុប វី យល់​​ឃើញ​ថាយុទ្ធនាការនេះ គឺជារឿងចាំបាច់ និងទាមទារឱ្យមានការចូលរួមពីសាធារណៈជនទូទៅរួមជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងរដ្ឋាភិបាល និងវិស័យឯកជន ព្រោះប្រព័ន្ធផ្សព្វផ្សាយគឹជាស្ថាប័នមួយដែលចាំ​បា​ច់​ ដើម្បីធានាអំពីប្រសិទ្ធភាពនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន និងអង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅ។

លោកបន្តថា៖ « អ្នកសារព័ត៌មានឯករាជ្យនៅមានបញ្ហាប្រឈមច្រើន ការប្តឹងផ្តល់ ផ្លូវច្បាប់ គឺជាបញ្ហាមួយដែលយើងព្រួយបារម្ភនៅក្នុងពេលបច្ចប្បន្ននេះ ដោយសារកាលពីឆ្នាំ២០២៣ មានការកើនឡើង មួយទ្វេជាពីរ មួយវិញទៀតយើងមើលឃើញអំពីកង្វះនៃការធានាអំពីសន្តិសុខសុវត្ថិភាព និងលុបបំបាត់អំពីរាល់នៃការរើសអើង និងការប្រើប្រាស់នៅពាក្យពេជន៍ដែលគំរាមកំហែង ឬពាក្យពេជន៍ដែលហិង្សាទៅលើអ្នកសារព័ត៌មានស្ត្រីជាដើម គឺនៅមានប្រើប្រាស់នៅលើបណ្តាញសង្គម» ។

ហាក់ផ្ទុយពីការការរិះគន់អំពីសេរីភាពសារព័ត៌មានមានការធ្លាក់ចុះ​ក្នុងរយៈ​ពេ​​ល​​​ចុ​ង​​ក្រោ​យនេះ មន្រ្តីរដ្ឋា​ភិបា​ល​​​​វិញ​​ធ្លាប់ថ្លែងការពារថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ មានភាពរីកចំរើន​​ផ្នែក​ប្រ​​ព័​ន្ធ​​​​ផ្ស​ព្វ​​ផ្សាយ និងសេរីភា​​ពខាង​​​សា​​​​រព័ត៌មាន។ក្រសួងព័ត៌មានអះអាងថា នៅក្នុងឆ្នាំ២០២២ អង្គភាពព័ត៌មាននៅក្នុង​​ប្រទេសកម្ពុជាមា​ន ដែ​ល​​​​កំពុងបម្រើឱ្យសេចក្តីត្រូវការរបស់សង្គមមាន​​​ជា​​​ង៦០០ ស្ថាប័ន។ប៉ុន្តែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅ​​តែ​​មើលឃើញថា បញ្ហានៃការរឹតត្បិតសិទ្ធិសេរីភាព ប្រឆាំងអ្នកសារព័ត៌មាននៅតែបន្ត​​កើនឡើងគួរឱ្យព្រួ​យបារ​ម្ភ។

របាយការណ៍ដែលចេញផ្សាយដោយ CCHR កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញថា ចាប់តាំងពីមុន​​ការបោះ​​ឆ្នោ​​ត​​ថ្នាក់ជាតិ ក្នុងខែកក្កដា ស្ថានភាពនៃសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិ​ទ្ធិទទួល​បានព័​​ត៌មានត្រូវរង់ការយាយី និងជាគោលដៅនៃការវាយប្រហារ៕