តុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់ស្រ្តីម្នាក់ពាក់ព័ន្ធការវិនិយោគលុយបានការប្រាក់ខ្ពស់ និងចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត នៅបន្ទាបពីនគរបាលយុត្តិធម៌ចាប់ខ្លួនបាន។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាម បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះថាជនត្រូវចោទឈ្មោះ រ៉េត សុធីដា ត្រូវបានចៅក្របស៊ើបសួរចេញដីកាបញ្ជូនឱ្យឃុំខ្លួនបណ្តោះអាសន្នហើយ ក្រោយពីសួរចម្លើយរួចរាល់។ជាងនេះទៀត ក្រោយពីស្តាប់ចម្លើយសារភាព ពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ចៅក្របស៊ើបសួរយល់ឃើញថា អ្នកស្រី រ៉េត សុធីដា មិនមែនជារងគ្រោះដោយការវិនិយោគលុយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ទេ។ផ្ទុយទៅវិញ តុលាការរកឃើញថា ជនត្រូវចោទបានប្រព្រឹត្តបទល្មើស តាមរយៈការកៀរគរអ្នកដទៃដើម្បីដាក់ប្រាក់ ហើយខ្លួនក៏ទទួលបានផលប្រយោជន៍ពីការវិនិយោគនេះដែរ។
ប្រភពបន្តថា៖«ក្រោយពីបានសួរចម្លើយជនត្រូវចោទឈ្មោះ រ៉េត សុធីដា រួចមក និងបានពិនិត្យលើភស្តុតាងក្នុងសំណុំរឿងព្រមទាំងពិចារណាលើអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបអង្កេតតាមនីតិវិធីច្បាប់ »។
អ្នកស្រី រ៉េត សុធីដា ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ចាប់ខ្លួន កាលពីថ្ងៃទី១ ខែឧសភា នៅក្នុងហាងអាហារដ្ឋានមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ។ក្រោយចាប់ខ្លួនបាន ជនត្រូវចោទត្រូវបានបញ្ជូនខ្លួនភ្លាមៗ ទៅខេត្តសៀមវិញ មុននឹងចៅក្របស៊ើបសួរ នៃសាលាដំបូងខេត្តនេះ សម្រេចចោទប្រកាន់អ្នកស្រីពីបទ«ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង »តាមបញ្ញត្តិមាត្រា៣៧៧ និងបញ្ញត្តិមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃនេះ បង្ហាញថា យោងចម្លើយសារភាពរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា នៅចំពោះមុខចៅក្រមស៊ើបសួរ គឺឈ្មោះ រ៉េត សុធីដា នេះក៏មានជាប់ពាក់ព័ន្ធនឹងគម្រោង នៃការឆបោកលុយពីពលរដ្ឋរបស់ក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល» នេះដូចគ្នាដែរ។
បន្ថែមលើសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាមនេះ។អ្នកនាំពាក្យរបស់តុលាការថ្នាក់ទាបមួយនេះ គឺលោក យិន ស្រាង បានប្រាប់គេហទំព័រ Newsroom Cambodia ដោយខ្លីនៅថ្ងៃនេះថា តុលាការនឹងមិនបកស្រាយអ្វីវែងឆ្ងាយទេ ជុំវិញសំណុំរឿងព្រហ្មទណ្ឌមួយនេះ។ក្នុងន័យនេះ តុលាការនឹងការបកស្រាយលម្អិតនៅក្នុងនីតិវិធីរបស់ខ្លួនដាច់ដោយឡែកមួយ។
លោកបន្តថា៖ «សូមរង់ចាំមើលសេចក្តីប្រកាសព័ត៌មានថ្មីៗទៀត។ អរគុណ»។
ផ្ទុយពីការរកឃើញដោយតុលាការនេះ លោក ពៅ សុភ័ណ្ឌ ដែលអះអាងថាជាមនុស្សស្គាល់គ្នានិងជនត្រូវចោទឈ្មោះ រ៉េត សុធីដា ថ្លែងការពារថា ទាំងរូបលោក និងជនត្រូវចោទគឺសុទ្ធតែជាអ្នករងគ្រោះដោយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ដូចគ្នា។មិនតែប៉ុណ្ណោះ ការចោទប្រកាន់បែបនេះប្រឆាំងពួកគេ គឺមិនសមហេតុផលឡើយ ព្រោះមិនមែនជាអ្នកដែលរួមចំណែកក្នុងការប្រព្រឹត្តបទល្មើសទេ។
លោកបន្តថា៖«ចំពោះខ្ញុំដែលជាជនរងគ្រោះពិតប្រាកដនេះទទួលចោលអត់បានទេ ព្រោះខ្ញុំនេះជាជនរងគ្រោះហើយទទួលរងនូវការចោទប្រកាន់លើប្អូនស្រី ធីដា នោះ ខ្ញុំក៏មិនដឹងយ៉ាងណាដែរការចោទប្រកាន់ទៅលើប្អូនស្រីធីដា នេះ ប៉ុន្តែសំរាប់ខ្ញុំជាជនរងគ្រោះមួយរូបដែលបានចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ខ្ញុំមានការខ្លោចចិត្តអាណិតមែនទែន »។
ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីបញ្ចប់គោរមងាពីឧកញ៉ា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ការចេញព្រះរាជក្រឹត្យបញ្ចប់តួនាទី ក្នុងឋានៈងាជាឧកញ៉ា នេះនៅបន្ទាប់ពីតុលាការខេត្តសៀមរាប បានចេញដីកាបញ្ជាឱ្យចាប់ខ្លួនមុនមួយថ្ងៃ នៃព្រះរាជក្រឹត្យបញ្ចប់មុខងារជាឧកញ៉ានេះ។
ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ដែលនៅក្រោមបង្គាប់របស់ជនត្រូវចោទ ឡេង ចាន់ណា ត្រូវជាប់ចោទពីបទឆបោកលុយពីពលរដ្ឋប្រមាណ ៣០០ លានដុល្លារអាមេរិក តាមរយៈគំរោងវិនិយោគទទួលបានការប្រាក់ខ្ពស់។ជុំវិញរឿងឆបោកនេះ តុលាការបានចេញដីកាឃុំខ្លួនមនុស្សចំនួន ៥នាក់ហើយ និងបង្គាប់ឱ្យនាំខ្លួនអ្នកពាក់ព័ន្ធ២នាកផ្សេងទៀតមកតុលាការ ខណៈជនត្រូវចោទចំនួន២៤នាក់ទៀត តុលាការបានចេញដីកាបង្គាប់ឱ្យចូលខ្លួន។
យ៉ាងនេះក្តីអ្នកសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តសៀមរាប លោក ចាន់ ចំរើន ហាក់មិនប្រាកដទេនៅក្នុងសំណុំរឿងមួយនេះ។ប៉ុន្តែលោកចាត់ទុកថា បើទោះជាអ្នករងគ្រោះក៏ដោយ ប្រសិនបើតុលាការស៊ើបអង្កេតទៅ រកឃើញថាមានបទល្មើស ទំនងចៀសមិនផុតពីការសួរនាំ នៅក្នុងរឿងក្តីនេះដែរណាស់ ហើយក៏មិនប្រាកដថាអាចរួចខ្លួនពីការចោទប្រកាន់តាមផ្លូវតុលាការនោះដែរ ក្នុងករណីមានភស្តុតាងដាក់បន្ទុក។
លោកបន្តថា៖«មិនមែនសុទ្ធតែជាជនរងគ្រោះរួចខ្លូនទេបើសិនជាគេពិនិត្យឃើញមានពាក់ព័ន្ធបទល្មើស គេមានសិទ្ធិកោះហៅសួរនាំហើយខ្ញុំក៏មិនដឹងថាវាយ៉ាងណាដែរ។វាស៊ីសងទៅលើភស្តុតាង »។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការខេត្តសៀមរាប ដោយបញ្ជាក់ជំហររបស់ខ្លួនថា សុំរឿងព្រហ្មទណ្ឌមួយនេះ តុលាការនឹងពន្លឿននីតិវិធីស្រាវជ្រាវដោយម៉ត់ចត់។មិនតែប៉ុណ្ណោះ តុលាការប្តេជ្ញាថានឹងអនុវត្តដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរឿងក្តីមួយនេះ៕