តុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់ស្រ្តីម្នាក់ពាក់ព័ន្ធការវិនិយោគលុយបានការប្រាក់ខ្ពស់ និង​ចេ​​ញ​​ដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត នៅបន្ទាបពីនគរបាលយុត្តិធម៌ចាប់ខ្លួនបាន។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាម បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះថាជនត្រូវចោទឈ្មោះ រ៉េត សុធីដា ត្រូវបានចៅក្របស៊ើបសួ​រចេញ​ដីកាបញ្ជូ​នឱ្យឃុំ​​ខ្លួ​​ន​បណ្តោះអាសន្នហើយ ក្រោយពីសួរចម្លើយរួចរាល់។ជាងនេះទៀត ក្រោយពី​ស្តាប់ច​​ម្លើ​យ​​សា​​រ​​ភា​​ព ពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ចៅក្របស៊ើបសួរយល់ឃើញថា អ្នកស្រី រ៉េត សុធីដា មិនមែន​​ជា​​រង​គ្រោះ​​ដោយការវិនិយោគលុយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ទេ។ផ្ទុយទៅវិញ តុលាការរកឃើញថា ជនត្រូវចោទបានប្រព្រឹត្តបទល្មើស តាមរយៈការកៀរគរអ្នកដទៃដើម្បីដាក់ប្រាក់ ហើយខ្លួនក៏ទទួល​​បានផ​​ល​​ប្រយោជន៍ពីការវិនិយោគនេះដែរ។

ប្រភពបន្តថា៖«ក្រោយពីបានសួរចម្លើយជនត្រូវចោទឈ្មោះ រ៉េត សុធីដា រួចមក និងបានពិនិត្យ​​លើភស្តុ​តាង​ក្នុងសំណុំរឿងព្រមទាំងពិចារណាលើអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ​ ចៅក្រមស៊ើប​សួរបាន​ស​​ម្រេ​​​ច​​ឃុំខ្លួនជនត្រូវចោទខាងលើបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បី​បន្ត​​កា​រ​​ស៊ើបអង្កេតតាមនីតិវិធីច្បាប់ »។

អ្នកស្រី រ៉េត សុធីដា ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ចាប់ខ្លួន កាលពីថ្ងៃទី១ ខែឧសភា នៅក្នុងហាង​​អា​​ហា​​រ​​ដ្ឋា​នមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ។ក្រោយចាប់ខ្លួនបាន ជនត្រូវចោទត្រូវបានបញ្ជូនខ្លួនភ្លាមៗ ទៅ​ខេត្តសៀមវិញ មុននឹងចៅក្របស៊ើបសួរ នៃសាលាដំបូងខេត្តនេះ សម្រេចចោទប្រកាន់អ្នក​ស្រីពីបទ​«ឆបោ​​​ក​មានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង »តាមបញ្ញត្តិមាត្រា៣៧៧ និងបញ្ញត្តិមាត្រា៣៨០ នៃ​​ក្រ​មព្រហ្មទណ្ឌ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃនេះ បង្ហាញថា យោ​ង​​ចម្លើយសារភាពរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា នៅចំពោះមុខចៅក្រមស៊ើបសួរ គឺឈ្មោះ រ៉េត សុ​​ធីដា នេះក៏មាន​​ជាប់​​ពាក់​ព័ន្ធ​​នឹ​​ង​​គ​ម្រោង នៃការឆបោកលុយពីពលរដ្ឋរបស់ក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល​​​» ​នេះដូចគ្នាដែរ។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាមនេះ។អ្នកនាំពាក្យរបស់​តុលាការ​​​ថ្នាក់​ទា​​បមួយនេះ គឺលោក យិន ស្រាង បានប្រាប់គេហទំព័រ Newsroom Cambodia ដោយខ្លីនៅថ្ងៃនេះថា តុលា​កា​​​​រនឹងមិនបកស្រាយអ្វីវែងឆ្ងាយទេ​ ជុំវិញសំណុំរឿងព្រហ្មទណ្ឌមួយនេះ។ក្នុងន័យនេះ តុលាការនឹ​​ងកា​រ​​ប​​ក​​​​ស្រាយលម្អិតនៅក្នុងនីតិវិធីរបស់ខ្លួនដាច់ដោយឡែកមួយ។

 លោកបន្តថា៖ «សូមរង់ចាំមើលសេចក្តីប្រកាសព័ត៌មានថ្មីៗទៀត។ អរគុណ»

ផ្ទុយពីការរកឃើញដោយតុលាការនេះ លោក ពៅ សុភ័ណ្ឌ ដែលអះអាងថាជាមនុស្សស្គាល់​​គ្នានិងជន​​ត្រូវ​​ចោ​ទឈ្មោះ រ៉េត សុធីដា ថ្លែងការពារថា ទាំងរូបលោក និងជនត្រូវចោទគឺសុទ្ធតែជាអ្ន​ករងគ្រោះដោយ​​​ក្រុម​ហ៊ុ​​ន ប្រ៊ីលាន ស៊ីធីវើលដ៍ ដូចគ្នា។មិនតែប៉ុណ្ណោះ ការចោទប្រកាន់បែបនេះប្រឆាំងពួកគេ គឺមិនសមហេ​តុផ​​ល​​ឡើយ ព្រោះមិនមែនជាអ្នកដែលរួមចំណែកក្នុងការប្រព្រឹត្តបទល្មើសទេ។

លោកបន្តថា៖«ចំពោះខ្ញុំដែលជាជនរងគ្រោះពិតប្រាកដនេះទទួលចោលអត់បានទេ ព្រោះខ្ញុំនេះជាជនរងគ្រោះហើយទទួលរងនូវការចោទប្រកាន់លើប្អូនស្រី ធីដា នោះ ខ្ញុំក៏មិនដឹងយ៉ាងណាដែរការចោទប្រកាន់ទៅលើប្អូនស្រីធីដា នេះ ប៉ុន្តែសំរាប់ខ្ញុំជាជនរងគ្រោះមួយរូបដែលបានចាញ់បោកក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី ខ្ញុំមានការខ្លោចចិត្តអាណិតមែនទែន »។

ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីបញ្ចប់គោរមងាពីឧកញ៉ា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ការចេញព្រះ​រា​ជ​​ក្រឹ​ត្យ​​​បញ្ចប់តួនាទី ក្នុងឋានៈងាជាឧកញ៉ា នេះនៅបន្ទាប់ពីតុលាការខេត្តសៀមរាប បានចេញដី​​កាបញ្ជា​ឱ្យ​ចា​​​​ប់ខ្លួនមុនមួយថ្ងៃ នៃព្រះរាជក្រឹត្យបញ្ចប់មុខងារជាឧកញ៉ានេះ។

ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ដែលនៅក្រោមបង្គាប់របស់ជនត្រូវចោទ ឡេង ចាន់ណា ត្រូវជាប់​​ចោ​ទពី​ប​ទ​​ឆ​​បោកលុយពីពលរដ្ឋប្រមាណ ៣០០ លានដុល្លារអាមេរិក តាមរយៈគំរោងវិនិយោគទ​​ទួល​​បានកា​រប្រា​ក់ខ្ព​ស់​។ជុំវិញរឿងឆបោកនេះ តុលាការបានចេញដីកាឃុំខ្លួនមនុស្សចំនួន ៥នាក់ហើយ និងបង្គាប់ឱ្យនាំ​​ខ្លួនអ្ន​​ក​​​ពាក់ព័ន្ធ២នាកផ្សេងទៀតមកតុលាការ ខណៈជនត្រូវចោទចំនួន២៤នាក់ទៀត តុលាការបានចេ​ញដី​​កា​ប​ង្គាប់ឱ្យ​ចូ​​ល​​ខ្លួ​​ន។

យ៉ាងនេះក្តីអ្នកសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តសៀមរាប លោ​​ក ចាន់ ចំរើន ហាក់មិនប្រាកដទេនៅក្នុងសំណុំរឿងមួយនេះ។ប៉ុន្តែលោកចាត់ទុកថា បើទោះជាអ្ន​ក​រង​គ្រោះ​​​​​ក៏ដោយ ប្រសិនបើតុលាការស៊ើបអង្កេតទៅ រកឃើញថាមានបទល្មើស ទំនងចៀស​មិនផុតពី​កា​រសួរ​​នាំ នៅក្នុងរឿងក្តីនេះដែរណាស់ ហើយក៏មិនប្រាកដថាអាចរួចខ្លួន​ពីការចោទប្រ​កាន់តាម​ផ្លូវតុលា​​ការ​នោះ​​ដែ​​រ ក្នុងករណីមានភស្តុតាងដាក់បន្ទុក។

លោកបន្តថា៖«មិនមែនសុទ្ធតែជាជនរងគ្រោះរួចខ្លូនទេបើសិនជាគេពិនិត្យឃើញមានពាក់ព័ន្ធបទល្មើស គេមានសិទ្ធិកោះហៅសួរនាំហើយខ្ញុំក៏មិនដឹងថាវាយ៉ាងណាដែរ។វាស៊ីសងទៅលើភស្តុតាង » សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការខេត្តសៀមរាប ដោយបញ្ជាក់ជំហររបស់ខ្លួនថា សុំរឿ​ង​​ព្រ​​​​​​ហ្មទណ្ឌមួយនេះ តុលាការនឹងពន្លឿននីតិវិធីស្រាវជ្រាវដោយម៉ត់ចត់។មិនតែប៉ុណ្ណោះ តុលាការប្តេជ្ញា​​ថា​​នឹ​ង​អនុវត្តដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរឿងក្តីមួយនេះ៕