ក្រសួងការពារជាតិ បញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគ៣ នៅខេត្តកំពង់ស្ពឺ កើតឡើងដោយសារបញ្ហាបច្ចេកទេស និងកត្តាអាកាសធាតុក្តៅ មិនមែនជាអំពើភេរវកម្ម ដូចការចោទប្រកាន់ពីសំណាក់ក្រុមអ្នកប្រឆាំងនោះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា នាពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។
ក្រសួងបន្តថា៖ «តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេស ដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុក្តៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំភ្លើសឡើយ»។
ក្រសួងការពារជាតិ បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។
ពាក់ព័ន្ធនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងបដិសេធ និងប្រតិកម្មតបដែរថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសឡើយ។ លោកបានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករនិយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
លោកមានប្រសាសន៍ថា៖ «ថ្ងៃមុន ជារឿងអកុសលដែលយើងមានផ្ទុះគ្រាប់ដោយសារបញ្ហាបច្ចេកទេសនៅភូមិភាគ៣ [អាកាសធាតុ]ក្តៅ ហើយជាអកុសលមានយោធិនយើង ២០រូប បានទទួលមរណៈភាព។ […] ដោយសាររឿងបច្ចេកទេស ប៉ុន្តែមានអ្នកទៅបំភ្លៃថា ឥលូវហ្នឹងទ័ពចាប់ផ្តើមបះបោរ វៃស្អី ប្រជាជនមិនភ័យ មិនស្រួលអ្នកខ្លះវេចបង្វិចរួចហើយមិនដឹង»។
ការឆ្លើយតបប្រតិកម្មរបស់រដ្ឋាភិបាលបែបនេះ ទំនងសំដៅទៅកាន់លោក សម រង្ស៊ី បន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook របស់លោក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
លោក សម រង្ស៊ី បានលើកឡើងក្នុងទំព័រហ្វេសប៊ុកថា៖ «ចលនាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ ដើម្បីទាមទារឱ្យដកចេញត្រកូល ហ៊ុន (គឺ ហ៊ុន សែន និងកូនគាត់ ដែលឡើងតាមជើងខោគាត់)។ […] ចលនានេះ បានរៀបចំផ្ទុះឃ្លាំងគ្រឿងផ្ទុះ ជិតទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ»។
លោក សម រង្ស៊ី បានសរសេររៀបរាប់ទៀតថា៖ «ហ៊ុន សែន កំពុងតែភ័យខ្លាំងណាស់ ហើយគាត់ឈប់ទុកចិត្តអង្គរក្សគាត់ទៀតហើយ។ គាត់បានទៅពឹងពាក់ចិនកុម្មុយនីស្ត ឱ្យជួយការពារអាយុជីវិត និងសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួសារគាត់»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានទេនៅរសៀលនេះ។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី៣០ ខែមេសា ដោយបដិសេដទាំងស្រុងចំពោះការប្រឌិត និងបំភ្លៃរបស់លោក សម រង្ស៉ី នេះ។ លោកបានចាត់ទុកការបំភ្លៃរបស់ លោក សម រង្ស៉ី ថាមានចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ខណៈដែលអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ តែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិកន្លងមក។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ការចោទប្រកាន់របស់អ្នកប្រឆាំងមកលើករណីផ្ទុះនៅខេត្តកំពង់ស្ពឺនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។
លោកថា៖ «ការដែលក្រុមប្រឆាំងចោទករណីផ្ទុះនៅកំពង់ស្ពឺ ថាជាករណីបះបោរផ្ទៃក្នុងនេះ ខ្ញុំគិតថាជាការចោទប្រកាន់ ជាការប្រឌិតរឿងមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលជាហេតុធ្វើឱ្យមានការយល់ច្រឡំ ហើយក៏ជាយុទ្ធសាស្ត្រនយោបាយមួយដ៏កខ្វក់។ […] យើងអាចនិយាយថាជាយុទ្ធសាស្ត្រមួយដែលបំផ្លាញនូវសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា។ […] ការចោទប្រកាន់គ្នាបែបនេះ មិនគួរចេះតែប្រឌិតព័ត៌មានទេ វាប៉ះពាល់ប្រទេសជាតិណាស់ នេះជាយុទ្ធសាស្ត្រញុះញង់ បំបែកបំបាក់ ដើម្បីឱ្យគណបក្សប្រជាជនមានការយល់ច្រឡំលើគ្នា មានការមិនទុកចិត្តគ្នា និងសាធារណជនមានការយល់ច្រឡំចំពោះភក្តីភាពរបស់កងទ័ពចំពោះរដ្ឋាភិបាល»។
លោកក៏បានបង្ហាញពីគោលជំហរគាំទ្រទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ថារឿងនេះ ពិតជាបានកើតឡើងដោយសារតែបញ្ហាបច្ចេកទេសពិតប្រាកដមែន មិនមានអ្វីលើសពីនេះទៀតទេ។
លោកថា៖ «អ៊ីចឹង បញ្ហាបច្ចេកទេសគឺជាការពិតហើយ បើយើងមើលទៅលើការដឹកជញ្ជូន និងការទុកដាក់គ្រាប់តាមឡានដែលយើងឃើញមានការបង្ហោះនៅតាមបណ្តាញសង្គមអីហ្នឹង ខ្ញុំគិតថាការលើកឡើងពីបញ្ហាបច្ចេកទេសគឺជារឿងត្រឹមត្រូវហើយ។ […] ប៉ុន្តែបញ្ហាមួយត្រង់ថាខាង យុទ្ធភូមិភាគ៣ ហាក់ដូចជាមានការឆកល្វែង និងឃ្ជីឃ្ជាទៅបញ្ហាបច្ចេកទេសនៅក្នុងការទុកដាក់ និងដឹកជញ្ជូនគ្រាប់ចាស់ៗទាំងអស់ហ្នឹង ដែលនាំឱ្យមានឧបទ្ទវហេតុដែលគួរឱ្យសោកសង្រែង ដែលនាំឱ្យទាហាន២០នាក់ស្លាប់នៅក្នុងបន្ទាយ ដែលមិនមែននៅក្នុងចម្បាំង»។
លោក គិន ភា ក៏បានអំពាវនាវកុំឱ្យមានការលាបពណ៌ និងការប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយនឹងការបះបោរ ឬក៏អំពើភេរវកម្មតទៅទៀត ដោយលោកថា ការធ្វើបែបនេះ មិនបាននាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិទេ។ លោកក៏បានអំពាវនាវឱ្យក្រសួងការពារជាតិ បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់នៅក្នុងការដឹកជញ្ជូនគ្រាប់ផ្ទុះផ្សេងៗនាពេលអនាគត និងគួរតែមានការបំភ្លឺព័ត៌មានឱ្យបានទាន់ពេលវេលាផងដែរ។ គួរបញ្ជាក់ថា ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគ២នេះ មានយោធិន យ៉ាងហោចណាស់ចំនួន ២០នាក់ បានស្លាប់បាត់បង់ជីវិត និងអ្នករងរបួសជាច្រើននាក់ ខណៈផ្ទះរបស់ប្រជាពលរដ្ឋដែលនៅជុំវិញតំបន់នោះជាច្រើនខ្នង ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ៕