ក្រសួងការពារជាតិ បញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់នៅទីបញ្ជាការ​​យោធភូមិភាគ​៣ នៅខេត្តកំពង់ស្ពឺ កើត​ឡើង​ដោយ​សារ​បញ្ហា​​បច្ចេកទេស និងកត្តាអាកាសធាតុ​ក្តៅ​​ មិនមែនជាអំពើភេរវកម្ម ដូចការចោទប្រកាន់ពីសំណាក់​ក្រុម​អ្នក​ប្រឆាំង​នោះ​ឡើយ។  

សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការពារជាតិ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២៤ បាន​លើកឡើង​ថា នាពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បាន​ផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាម​បណ្តាញ​សង្គ​ម​នានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។

ក្រសួងបន្តថា៖ «តាមរយៈការចុះស្រាវជ្រាវផ្ទាល់​នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ​ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេស ដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុក្តៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំភ្លើសឡើយ»។

ក្រសួងការពារជាតិ បានអំពាវនាវដល់សាធារណជន និង​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយការ​សន្និដ្ឋាន ឬយល់ឃើញ​ណាមួយ​ដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។

ពាក់ព័ន្ធនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងបដិសេធ និងប្រតិកម្មតបដែរ​ថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកង​ទ័ព​បះ​បោរ ដូចក្រុមប្រឆាំងបំផ្លើសឡើយ។ លោក​បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ​និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៤។

លោកមានប្រសាសន៍ថា៖ «ថ្ងៃមុន ជារឿងអកុសលដែលយើងមានផ្ទុះគ្រាប់ដោយសារបញ្ហាបច្ចេក​ទេស​នៅ​ភូមិ​ភាគ​៣ [អាកាសធាតុ]ក្តៅ ហើយ​ជា​អកុសលមានយោធិនយើង ២០រូប បានទទួលមរណៈភាព។ […] ដោយសាររឿងបច្ចេកទេស ប៉ុន្តែមានអ្នកទៅបំភ្លៃថា ឥលូវហ្នឹងទ័ពចាប់ផ្តើមបះបោរ វៃស្អី ប្រជាជន​មិន​ភ័យ មិនស្រួលអ្នកខ្លះវេចបង្វិចរួចហើយមិនដឹង»។

ការឆ្លើយតបប្រតិកម្មរបស់រដ្ឋាភិបាល​បែបនេះ ទំនង​សំដៅទៅកាន់​លោក សម រង្ស៊ី បន្ទាប់ពី​អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook​ របស់លោក កាលពីថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២៤។

លោក សម រង្ស៊ី បានលើកឡើង​ក្នុងទំព័រហ្វេសប៊ុក​ថា៖ «ចលនាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ ដើម្បីទាមទារឱ្យ​​ដកចេញត្រកូល ហ៊ុន (គឺ ហ៊ុន សែន និងកូន​គាត់ ដែលឡើងតាមជើងខោគាត់)។ […] ចលនានេះ បានរៀបចំផ្ទុះឃ្លាំងគ្រឿង​ផ្ទុះ ជិត​ទី​ក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ»។

លោក សម រង្ស៊ី បានសរសេររៀបរាប់ទៀត​​ថា៖ «ហ៊ុន សែន កំពុងតែភ័យខ្លាំងណាស់ ហើយគាត់ឈប់​ទុកចិត្តអង្គរក្សគាត់ទៀតហើយ។ គាត់បានទៅពឹងពាក់ចិនកុម្មុយនីស្ត ឱ្យ​ជួយការពារអាយុជីវិត និងសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួសារគាត់»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ​បានទេនៅរសៀលនេះ។​

ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បាន​ថ្លែង​ប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី៣០ ខែមេសា ដោយ​​បដិសេដទាំង​ស្រុង​ចំពោះការ​ប្រឌិត និង​បំភ្លៃរបស់​លោក សម រង្ស៉ី នេះ។ លោក​​បានចាត់ទុក​ការបំភ្លៃរបស់ លោក សម រង្ស៉ី ថា​មានចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ខណៈដែលអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ តែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិ​កន្លងមក។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ​ការ​ចោទប្រកាន់​របស់​អ្នកប្រឆាំង​មកលើក​រណីផ្ទុះនៅខេត្តកំពង់ស្ពឺនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់​លាស់។

លោក​ថា៖ «ការដែលក្រុមប្រឆាំងចោទករណីផ្ទុះនៅកំពង់ស្ពឺ ថាជាករណីបះបោរផ្ទៃក្នុងនេះ ខ្ញុំគិតថាជាការចោទប្រកាន់ ជាការប្រឌិតរឿងមួយ​ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលជាហេតុធ្វើឱ្យ​មានការយល់ច្រឡំ ហើយក៏ជាយុទ្ធសាស្ត្រនយោបាយមួយដ៏កខ្វក់។ […] យើងអាចនិយាយថាជាយុទ្ធសាស្ត្រមួយដែលបំផ្លាញនូវសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា។ […] ការចោទប្រកាន់គ្នាបែបនេះ មិនគួរចេះតែប្រឌិតព័ត៌មានទេ វាប៉ះពាល់ប្រទេសជាតិណាស់ នេះជាយុទ្ធសាស្ត្រញុះញង់ បំបែកបំបាក់ ដើម្បី​ឱ្យ​គណបក្សប្រជាជនមានការយល់ច្រឡំលើគ្នា មានការមិនទុកចិត្តគ្នា និងសាធារណជនមានការយល់ច្រឡំចំពោះភក្តីភាពរបស់កងទ័ពចំពោះរដ្ឋាភិបាល»។

លោកក៏បានបង្ហាញពីគោលជំហរគាំទ្រទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ថារឿងនេះ ពិតជាបានកើតឡើងដោយសារតែបញ្ហាបច្ចេកទេសពិតប្រាកដមែន មិនមានអ្វីលើសពីនេះទៀតទេ។

លោកថា៖ «អ៊ីចឹង បញ្ហាបច្ចេកទេសគឺជាការពិតហើយ​ បើយើងមើលទៅលើការដឹកជញ្ជូន និងការទុកដាក់គ្រាប់តាមឡានដែលយើងឃើញមានការបង្ហោះនៅតាមបណ្តាញសង្គមអីហ្នឹង ខ្ញុំគិតថាការលើកឡើងពីបញ្ហាបច្ចេកទេសគឺជារឿងត្រឹមត្រូវហើយ។ […] ប៉ុន្តែបញ្ហាមួយត្រង់ថាខាង យុទ្ធភូមិភាគ៣ ហាក់ដូចជាមានការឆកល្វែង និងឃ្ជីឃ្ជាទៅបញ្ហាបច្ចេកទេសនៅក្នុងការទុកដាក់ និងដឹកជញ្ជូនគ្រាប់​ចាស់ៗទាំងអស់ហ្នឹង​ ដែលនាំឱ្យមានឧបទ្ទវហេតុដែលគួរឱ្យ​សោកសង្រែង ដែលនាំឱ្យ​ទាហាន២០នាក់ស្លាប់នៅក្នុងបន្ទាយ ដែលមិនមែននៅក្នុងចម្បាំង»។

លោក គិន ភា ក៏បានអំពាវនាវកុំឱ្យ​មានការលាបពណ៌ និងការប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយនឹងការបះបោរ ឬក៏អំពើភេរវកម្មតទៅទៀត ដោយលោកថា ការធ្វើបែបនេះ មិនបាននាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិទេ។ លោកក៏បានអំពាវនាវឱ្យ​​ក្រសួងការពារជាតិ បង្កើនការយកចិត្តទុកដាក់ឱ្យ​កាន់​តែ​ខ្ពស់​នៅក្នុងការដឹកជញ្ជូនគ្រាប់ផ្ទុះផ្សេងៗនាពេលអនាគត និងគួរតែមានការបំភ្លឺព័ត៌មានឱ្យ​បានទាន់​ពេល​វេលា​ផងដែរ។   គួរបញ្ជាក់ថា ក្នុងឧបទ្ទវហេតុ​ផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគ២នេះ មាន​យោធិន យ៉ាងហោចណាស់ចំនួន ​២០នាក់ បានស្លាប់​បាត់បង់ជីវិត និងអ្នក​រង​​របួស​ជា​ច្រើន​នាក់ ខណៈ​ផ្ទះរបស់ប្រជាពលរដ្ឋ​ដែលនៅជុំវិញតំបន់​នោះ​ជាច្រើនខ្នង ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ៕​