ក្រុមយុវជន និងព្រះសង្ឃ បាន​លើកឡើងថា អាជ្ញាធរខេត្ត​រតនគិរី ​បានតាមឃ្លាំមើល​ សាកសួរ និងសុំអត្តសញ្ញាណរបស់ពួកគេ នៅពេល​ដែល​​​​​ចុះទៅ​សហគមន៍ និង​ទស្សនកិច្ចមើលព្រំដែន កម្ពុជា-វៀតណាម​ ដោយពួកគេចាត់ទុកករណីនេះថាជាការរិតត្បិតសិទ្ធិសេរីភាព​របស់ពលរដ្ឋ។​

ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានទៅទស្សនកិច្ចពនៅខេត្តរតនៈគិរី មានសង្ឃដីកានៅថ្ងៃទី០២ ខែឧសភានេះថា ក្រុមយុវជន និងព្រះសង្ឃ ប្រមាណ ៣០អង្គ/នាក់ បាន​ចុះ​ទៅសហគមន៍ និង​ធ្វើ​ទស្សនកិច្ច​​នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ហើយ​នៅ​ពេលដែលព្រះអង្គ និងយុវជនផ្សេងទៀត បាន​និមន្តទៅដល់នៅថ្ងៃទី៣០ ខែមេសានោះ គឺមានអាជ្ញាធរមកសួរនាំ និង​សាកសួរអំពីព័ត៌មានផ្ទាល់ខ្លួនជាដើម។

ព្រះតេជគុណមានសង្ឃ​ដីកាថា៖ «ក្រុមអាជ្ញាធរបានមកសួរនាំ ចង់ឱ្យយើងទៅវិញទៀតផង។ គាត់មិនចង់ឱ្យចូល[ទៅសហគមន៍​ដែលនៅ​កៀក​ខ្សែបន្ទាត់ព្រំដែន​]។ […] ការឃាត់នេះ គឺជាការរឹតត្បិតមួយ សេរីភាពរបស់ពួកយើងមានការដើរហើរ ដូចជាក្នុងច្បាប់បានចែងថាប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិដើរហើរនៅប្រទេសកម្ពុជា មានសិទ្ធិជួបជុំផ្សេងៗ បែរជាមិនដល់ ៣០នាក់ផង ត្រឹមតែ២៧នាក់ បែរជារឹតត្បិត ត្រូវ​សុំ​ការ​អនុញ្ញាត ជូនដំណឹងមុន។ ខាង​សហគមន៍យើងជូនដំណឹងមុនហើយ ប៉ុន្តែគាត់មិនឯកភាព រកពាក្យដោះសារចង់ឱ្យយើងចេញពីកន្លែងហ្នឹង ប៉ុន្តែយើងនៅតែជំនះទៅទាល់តែបាន»។

លោក លឹម ស៊ីវម៉េង ជានិសិ្សតឆ្នាំទី២ ផ្នែកព័ត៌មានវិទ្យា​នៅសកលវិទ្យា​ល័យ​មួយក្នុងរាជធានីភ្នំពេញ ដែលបានចុះទៅទស្សនកិច្ចសិក្សានៅខេត្តរតនៈគិរីផងដែរនោះ បានឱ្យដឹងថា កាល​ដែលពួកគេ​ទៅ​នេះ ព្រោះ​ចង់ស្វែងយល់អំពីទំនៀមទម្លាប់​ជនជាតិដើមភាគតិចចារ៉ាយ នៅ​ខេត្ត​រតនៈគិរី និងចង់សិក្សាអំពីតំបន់ត្រីកោណ រវាងកម្ពុជា ឡាវ និង​វៀត​ណាម។ លោកថា ពេលដែលលោកទៅទស្សនៈកិច្ច បែរជាមានការគំរាមគំហែងពីសំណាក់អាជ្ញាធរទៅវិញ។

លោកនិយាយ​ថា៖ «អាជ្ញាធរមិនបានឃាត់ខ្លួនទេ តែទាក់ទងនឹងការគំរាមកំហែង​ដោយសួរម្តង​ហើយ​ម្តង​ទៀត គាត់បាន​ដាក់​សំណួរមកកាន់ក្រុមយុវជនថា មិនបានផ្តល់ព័ត៌មានឱ្យ​ខាង​គាត់[អាជ្ញាធរ]ជាក់លាក់ និងអត់បានសុំការអនុញាត ថាយើងមក អត់មានលិខិតស្នាម»។

តាមរយៈការចុះទស្សនកិច្ចនេះដែរ លោកសំណូមពរឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជួយផ្សព្វ​ផ្សាយ​ព័ត៌មាន​បន្ថែម​ដែលពាក់ព័ន្ធនឹង​បញ្ហាព្រំដែនឱ្យ​ពលរដ្ឋគ្រប់រូប​បាន​ដឹង និងចាប់អារម្មណ៍ ព្រោះ​ប្រជាពលរដ្ឋ​ដែលរស់នៅតំបន់ជាប់ព្រំដែនភាគច្រើន មិនបានដឹងថា​បង្គោលព្រំដែនរវាង​កម្ពុជា និងវៀតណាម​នៅចំណុច​ណា។

ស្រដៀងគ្នានេះដែរ លោក អាន ផង់ ជានិស្សិតរៀនជំនាញសង្គមវិទ្យា នៅរាជធានីភ្នំពេញ សង្កេត​​ឃើញ​ថា តាមរយៈការសួរនាំប្រជាពលរដ្ឋ​នៅក្នុងតំបន់ គឺ​​ពួកគាត់​មិនបានដឹងទេថា ពួកគាត់រស់នៅ​ជិត​បង្គោល​ព្រំដែន​លេខ​២៧ ព្រោះនៅចំណុចបង្គោលព្រំនោះហ៊ុំព័ទ្ធដោយ​​ព្រៃ និងពុំទាន់រៀបចំបាន​រៀបរាយនៅឡើយ ខណៈ​បង្គោល​ព្រំដែន​ខាងប្រទេស​វៀត​ណាម មានរៀបចំជា​សួន​ច្បារ មាន​ធុងសំរាម​ ប៉ុស្តិ៍យាម​ និង​មានរនាំងសម្រាប់ផ្លូវចេញចូល។

លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំបានសង្កេតឃើញមានការកាប់ឆ្ការតែបន្តិចទេ ហើយខាងច្រករតនៈគីរី​ជាមួយវៀតណាហ្នឹង ខ្ញុំមើលឃើញថា ខុសប្លែកគ្នា គឺបង្គោល​ខាង​គេ​ដែល​មាន​ដូច​ជាប៉ោម​ធំមួយ​សម្រាប់មើល មានសួនច្បារ មានធុងសម្រាម មានប៉ុស្តិ៍ហើយមាន រនាំង​ជិត​ផ្លូវសម្រាប់​មើល​ទំនិញ និងពលរដ្ឋចេញចូល តែមកមើលខាងព្រំដែនកម្ពុជាយើងវិញ ហាក់បីដូចជាអត់​សូវរៀបចំបានរៀបរយ»។

ទាក់ទិននឹងករណីនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី បានបដិសេធចំពោះការ​លើកឡើ​ងរបស់​ក្រុមយុវជន ដែលថាអាជ្ញាធរ​បានឃ្លាំមើល និងហាមឃាត់ពួកគេ​ចុះពិនិត្យនៅ​តំបន់ព្រំដែន។ តែយ៉ាងណា លោកនៅតែបង្ហាញពីការ​​ស្វាគមន៍ចំពោះ​ក្រុមយុវជន និងពលរដ្ឋដែល​មាន​ចិត្តចង់ចេះ​ចង់ដឹង និងចង់ស្គាល់​ពីតំបន់​​ព្រំដែនរវាង​​កម្ពុជា-វៀតណាម ខណៈ​កម្ពុជា និង​វៀតណាម បាន​​កំណត់​​​និងរៀបចំ​ព្រំដែន​ច្បាស់លាស់។

លោកថ្លែងថា៖ «មិនត្រឹមត្រូវទេ! ហេតុអី ព្រោះអាជ្ញាធរបានជម្រាបមកខ្ញុំថា មានពលរដ្ឋជិត៣០នាក់ រួមទាំងព្រះសង្ឃដែរ ខ្ញុំក៏ថាអញ្ចឹង​ជួយមើល​ការខុសត្រូវ កុំឱ្យលោកមានបញ្ហាអ្វីកើតឡើង ការពារពួកគាត់។ គាំទ្រ បើគាត់ចង់ទៅណាជូនគាត់​ទៅមើលទៅ អត់មានហាមឃាត់ទេ»។

លោកបន្តថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែនមិនមែនគាត់មិនស្គាល់ទេ ប៉ុន្តែក៏អាចមានចន្លោះប្រហោងដែរ អ្នកខ្លះនៅឆ្ងាយបួនដប់គីឡូ គាត់មិនដែលទៅក៏ថាបានដែរ តែជាទូទៅប្រជាពលរដ្ឋយើងស្គាល់»

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត លើកឡើងថា បើតាមរដ្ឋធម្មនុញ្ញ សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ គឺ​ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដើរហើរដោយសេរី ដោយមិនមានការហាមឃាត់ ឬរំខាន​ពីអាជ្ញាធរឡើយ បើពួកគេមិនបានប្រព្រឹត្តបទល្មើសណាមួយដែលច្បាប់​ហាម​ឃាត់។

លោកយល់ថា ការសួរនាំព័ត៌មានផ្ទាល់ខ្លួន ការតាមឃ្លាំមើលសកម្មភាពយុវជនទាំងនោះ ជាការរឹតត្បិតសេរីភាព ការបំភិតបំភ័យ ការគំរាមកំហែង និងការរំខានដល់ការដើរហើររបស់ពួកគេ។

លោក​មានប្រសាសន៍ថា៖ «ក្នុងនាមពលរដ្ឋមានសិទ្ធិចង់ស្គាល់ និងមើលព្រំដែន មិនមានច្បាប់ហាមឃាត់ទេ កុំឱ្យតែពួក​គាត់ប្រព្រឹត្តអ្វីខុសពីច្បាប់ ព្រោះរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលកម្ពុជាទទួលស្គាល់ បានធានានូវសិទ្ធិទាំងអស់នេះរបស់ពលរដ្ឋ។ ការហាមឃាត់ ការសួរនាំព័ត៌មានផ្ទាល់ខ្លួន​លើយុវជន គឺមកពីអាជ្ញាធរទាំងនោះ ព្រួយបារម្ភហួសហេតុ និងមិនយល់ពីសិទ្ធិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលនាំឱ្យទង្វើរបស់អាជ្ញាធរមួយចំនួនក្លាយជាការរឹតត្បិត និងរំលោភសិទ្ធិលើពលរដ្ឋទៅវិញ»។

ករណីនេះ លោក អំ សំអាត យល់ថា អាជ្ញាធរគួរតែបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ក្រុម​យុវជន ជាពិសេសគោរពសិទ្ធិដើរហើររបស់ពួកគេ បើពួកគាត់មិនបានប្រព្រឹត្តអ្វីដែលច្បាប់ហាមឃាត់ ជាពិសេសរបស់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្គាល់នូវព្រំដែននៃប្រទេសរបស់ខ្លួន៕