ក្រុមអង្គការសង្គមស៊ីវិល តំណាងសហជីព និងសមាគមដែលធ្វើការក្នុងវិស័យការងារ ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពន្លឿនការដោះស្រាយសំណើររួមរបស់សហជីព ដែលបានដាក់ជូនកន្លងមក និងពិនិត្យលើលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់សហជីព ដែលជាឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងសមាគម។
ការស្នើបែបនេះ ធ្វើឡើងតាមរយៈការប្រមូលផ្តុំដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល តំណាងសហជីព និងសមាគម រួមទាំងយុវជនប្រមាណ ១០០នាក់ នៅទីស្តីការក្រសួងការងារ នាថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៨ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អនុវត្តសេរីភាពមូលដ្ឋានដើម្បីយុត្តិធម៌សង្គម»។
នៅក្នុងញត្តិនោះ ក្រុមសហជីព និងសង្គមស៊ីវិល បានបង្ហាញពីតម្រូវការចាំបាច់នានារបស់កម្មករគ្រប់វិស័យដល់រដ្ឋាភិបាល ក្នុងការធានាឱ្យមានការគោរពសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ ដែលជាសេចក្តីត្រូវការអទិភាពរបស់កម្មករដើម្បីដាក់ជូនភាគីពាក់ព័ន្ធ។ ញត្តិដដែលនោះ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាលបង្កើនការទទួលខុសត្រូវចំពោះកម្មករ ដែលជាចលករក្នុងការរុញច្រានសេដ្ឋកិច្ច ជាពិសេសក្រសួងការងារដោះស្រាយនូវក្តីកង្វល់របស់កម្មករនិយោជិកឱ្យមានប្រសិទ្ធិភាព។
ក្រៅពីនោះ ក្នុងញត្តិដដែល ក៏បានស្នើដល់ក្រសួង ពិនិត្យលើលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់សហជីព ដែលជាឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងសមាគមក្នុងពេលពួកគេបំពេញការងារ។
លោស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ថ្លែងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះថា ច្បាប់ស្តីពីសហជីពនេះ មានការប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញសំឡេងរបស់កម្មករនិយោជិត ជាពិសេសនៅក្នុងសហគ្រាសតូចៗ។
លោកស្រីថា៖ «មែនទែនទៅ ច្បាប់ហ្នឹងវាបំបិតសំឡេងកម្មករនៅក្នុងវិស័យតូចៗ ខ្ញុំអាចនិយាយបានថា ដោយសារតែច្បាប់ហ្នឹងតម្រូវឱ្យមានកម្មករ ១០នាក់ នៅក្នុងការបង្កើតសហជីព។ […] ចឹងយើងមើលនៅក្នុងវិស័យសេវាកម្មភាគច្រើន ហើយនិងវិស័យសេវាកម្មដែលត្រូវបានគេជួលនៅក្នុងឧស្សាហកម្មតូចៗ គាត់មិនមានជួលកម្មករដល់១០នាក់ទេ ចឹងអត់អ្នកណាគេចុះពិនិត្យកន្លែងពួកគាត់ទេ ហើយធ្វើឱ្យពួកគាត់ហ្នឹង បាត់បង់នូវសិទ្ធិក្នុងការទាមទារ ដោយអ្វីគ្រប់យ៉ាង គឺអនុម័តដោយនិយោជកទាំងអស់»។
លោកស្រី អ៊ូ ទេពផល្លីន ក៏បានលើកឡើងពីការលំបាកនៅក្នុងការចុះបញ្ជីសហជីពផងដែរ ដែលថាមានភាពស្មុគស្មាញ និងមានឧបសគ្គច្រើន ដែលជាហេតុនាំឱ្យសហជីពខ្លះបោះបង់ការចុះបញ្ជីចោល។ ជាមួយគ្នានេះដែរ លោកស្រីថា រាល់ពេលដែលមានវិវាទកើតឡើងម្តងៗ គឺមិនដែលបានយកទៅដល់ដៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដូចអ្វីដែលក្រសួងបានលើកឡើងនោះទេ។
លោកស្រីអះអាងថា៖ «វិវាទការងារត្រូវបានដាក់រកការដោះស្រាយរបស់ក្រសួង តែនៅពេលដែលមានវិវាទកើតឡើង គឺអត់ដែលបានយករឿងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេ គឺរឿងហ្នឹងត្រូវបានបញ្ជូនទៅតុលាការ ដែលកម្មករយើងអត់មានលទ្ធភាពទៅដោះស្រាយតាមនីតិវិធីរបស់តុលាការ ព្រោះយើងត្រូវបង់លុយ»។
លោកស្រី ផល្លីន បានទទូចឱ្យមានការធ្វើវិសោធនកម្មច្បាប់សហជីព ត្រង់មាត្រាមួយចំនួន ក្នុងនោះលោកស្រីស្នើឱ្យការចងក្រងសហជីព គឺមិនចាំបាច់កំណត់ចំនួនទេ ដើម្បីឱ្យកម្មករដែលមានគ្នាតិច អាចមានឱកាសបញ្ចញសំឡេងដោយស្មើភាព។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ក្រសួង បានទទួលញត្តិពីក្រុមតំណាងសហជីព និងអង្គការសង្គមស៊ីវិលរួចហើយ ហើយក្រសួងនឹងពិនិត្យអ្វីដែលជាការលើកឡើងរបស់ពួកគេ។
តែយ៉ាងណា លោកសង្កត់ធ្ងន់ថា កន្លងមក រាជរដ្ឋាភិបាល ក៏ធ្លាប់បានធ្វើវិសោធនកម្មច្បាប់សហជីព និងច្បាប់ការងារ ដែលមានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលក្នុងការចុះបញ្ចីកា និងការប្រព្រឹត្តទៅរបស់សហជីព។
លោកថា៖ «កន្លងមកនេះ រាជរដ្ឋាភិបាលបានទទួលអំពីអនុសាសន៍មួយចំនួនរបស់សហជីព ក៏ដូចជាអង្គការសង្គមស៊ីវិល លើការធ្វើវិសោធនកម្មច្បាប់ការងារ ក៏ដូចជាច្បាប់សហជីព។ […] រដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ទាំង២នេះ ជាច្រើនមកហើយ ការធ្វើវិសោធនកម្មច្បាប់ទាំង២នេះ គឺក្នុងការធានាផលប្រយោជន៍ និងសិទ្ធិរបស់និយោជិត និយោជក ក៏ដូចជាសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលនៅក្នុងការចុះបញ្ជី ការប្រព្រឹត្តិទៅរបស់សហជីព។ […] ចឹងហើយបានយើងឃើញថា សព្វថ្ងៃនេះ យើងមានសហជីពជាង ៦ ០០០ ហើយបើយើងប្រៀបធៀប ទៅនឹងប្រជាជន ១៧លាននាក់ ចំនួនសហជីពនេះវាច្រើនណាស់ វាច្រើននេះ ដោយសារភាពងាយស្រួលនៅក្នុងការចុះបញ្ជីការសហជីព»។
បើតាម លោក កត្តា អ៊ន ច្បាប់សហជីពរបស់កម្ពុជា ផ្តល់លក្ខខណ្ឌបង្កើតសហជីព ដោយតម្រូវឱ្យមានកម្មករនិយោជិត ១០នាក់ គឺល្អប្រសើរជាងនៅបណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO ដែលតម្រូវឱ្យមានកម្មករនិយោជិក ៥០នាក់ ខណៈប្រទេសអូស្ត្រាលី ហ្វីលីពីន និងបង់ក្លាដែសជាដើម តម្រូវឱ្យមានកម្មករនិយោជិត ៥០នាក់ ឬ២០ទៅ៣០%។
ទោះជាយ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងការងារ ដោយថាការដោះស្រាយវិវាទការងារនៅត្រីមាសទី១ ដើមឆ្នាំនេះ មានកើនឡើងខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលនេះជាសញ្ញាវិជ្ជមានមួយ និងជាការវិវឌ្ឍដោយភាពជឿជាក់ និងភាពចាស់ទុំពីគ្រប់ភាគីដែលបានចូលរួមដោះស្រាយវិវាទការងារដោយការគោរពច្បាប់។
គួរឱ្យដឹងផងដែរថា អត្រាផ្សះផ្សាវិវាទនៅកម្រិតក្រសួង បានកើនឡើងដល់ ៨៤% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានត្រឹមតែ ៧៦%ប៉ុណ្ណោះ៕