ក្រុមអង្គការសង្គមស៊ីវិល តំណាង​សហជីព និង​សមាគមដែលធ្វើការ​ក្នុងវិស័យការងារ ស្នើក្រសួងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពន្លឿនការដោះស្រាយសំណើររួមរបស់ស​ហជីព​ ដែល​បាន​ដាក់​ជូនកន្លង​មក និង​ពិនិត្យលើលទ្ធភាពលើការ​ធ្វើ​​​វិសោធនកម្មច្បាប់​សហជីព ដែលជាឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងសមាគម។

ការស្នើបែបនេះ​ ធ្វើឡើងតាមរយៈការប្រមូលផ្តុំ​ដាក់ញត្តិរបស់ក្រុមអង្គការ​សង្គមស៊ីវិល តំណាងសហជីព និងសមាគម រួមទាំងយុវជនប្រមាណ ១០០នាក់ នៅទីស្តីការក្រសួងការងារ នា​​ថ្ងៃប្រារព្ធ​​ទិវាពលកម្មអន្តរជាតិលើកទី១៣៨ នា​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អនុវត្តសេរីភាពមូលដ្ឋានដើម្បីយុត្តិធម៌សង្គម»​។

នៅក្នុងញត្តិនោះ ក្រុមសហជីព និងសង្គមស៊ីវិល បានបង្ហាញពីតម្រូវការចាំបាច់នានារបស់កម្មករគ្រប់វិស័យ​ដល់រដ្ឋាភិបាល ក្នុងការធានាឱ្យមានការគោរពសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ ដែលជាសេចក្តីត្រូវការ​អទិភាពរបស់កម្មករដើម្បីដាក់ជូនភាគីពាក់ព័ន្ធ។ ញត្តិដដែលនោះ ក៏បានជំរុញឱ្យ​រាជរដ្ឋាភិបាលបង្កើនការទទួលខុសត្រូវចំពោះកម្មករ ដែលជាចលករក្នុងការរុញច្រានសេដ្ឋកិច្ច ជាពិសេសក្រសួងការងារដោះស្រាយនូវក្តីកង្វល់របស់កម្មករនិយោជិកឱ្យមានប្រសិទ្ធិភាព។

ក្រៅពីនោះ ក្នុងញត្តិដដែល ក៏បានស្នើដល់​ក្រសួង ពិនិត្យលើលទ្ធភាពលើការ​ធ្វើ​​​វិសោធនកម្មច្បាប់​សហជីព ដែលជាឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងសមាគម​ក្នុងពេល​ពួកគេ​បំពេញការងារ​។

លោស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ថ្លែង​នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះថា ច្បាប់ស្តីពីសហជីពនេះ មានការប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញសំឡេង​របស់កម្មករនិយោជិត ជាពិសេស​នៅក្នុងសហគ្រាសតូចៗ។

លោកស្រីថា៖​ «មែនទែនទៅ ច្បាប់ហ្នឹងវាបំបិតសំឡេង​កម្មករនៅក្នុងវិស័យតូចៗ ខ្ញុំអាចនិយាយបានថា ដោយសារតែច្បាប់ហ្នឹងតម្រូវឱ្យ​មានកម្មករ ១០នាក់ នៅក្នុងការបង្កើតសហជីព។ […] ចឹងយើងមើលនៅក្នុងវិស័យសេវាកម្មភាគច្រើន ហើយនិងវិស័យសេវាកម្មដែលត្រូវបានគេជួលនៅក្នុងឧស្សាហកម្មតូចៗ គាត់មិនមានជួលកម្មករដល់១០នាក់ទេ ចឹងអត់អ្នកណាគេចុះពិនិត្យកន្លែងពួកគាត់ទេ ហើយ​ធ្វើឱ្យ​ពួកគាត់ហ្នឹង បាត់បង់នូវសិទ្ធិក្នុងការទាមទារ ដោយអ្វីគ្រប់យ៉ាង គឺអនុម័តដោយនិយោជកទាំងអស់»។

លោកស្រី អ៊ូ ទេពផល្លីន ក៏បាន​លើកឡើង​​ពីការលំបាកនៅក្នុងការចុះបញ្ជីសហជីព​ផងដែរ ដែលថាមានភាពស្មុគស្មាញ និងមានឧបសគ្គច្រើន ដែលជាហេតុនាំឱ្យ​​សហជីពខ្លះបោះបង់ការចុះបញ្ជីចោល។ ជាមួយគ្នានេះដែរ លោកស្រី​ថា រាល់ពេលដែលមានវិវាទកើតឡើងម្តងៗ គឺមិនដែលបានយកទៅដល់ដៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដូចអ្វីដែលក្រសួងបានលើកឡើងនោះទេ។

លោក​ស្រីអះអាងថា៖ «វិវាទការងារត្រូវបានដាក់រកការដោះស្រាយរបស់ក្រសួង តែនៅពេលដែលមានវិវាទកើតឡើង គឺអត់ដែលបានយករឿងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេ គឺរឿងហ្នឹងត្រូវបានបញ្ជូនទៅតុលាការ ដែលកម្មករយើងអត់មានលទ្ធភាពទៅដោះស្រាយតាមនីតិវិធីរបស់តុលាការ ព្រោះយើងត្រូវបង់លុយ»។

លោកស្រី​ ផល្លីន បានទទូចឱ្យ​​មានការធ្វើវិសោធនកម្ម​ច្បាប់​សហជីព ត្រង់​មាត្រា​មួយចំនួន ក្នុង​នោះ​លោកស្រីស្នើ​ឱ្យ​ការចងក្រងសហជីព គឺមិនចាំបាច់កំណត់ចំនួនទេ ដើម្បីឱ្យ​កម្មករដែលមានគ្នាតិច អាច​មានឱកាសបញ្ចញសំឡេងដោយស្មើភាព។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មាន​ប្រសាសន៍ថា ក្រសួង បាន​ទទួល​ញត្តិ​ពីក្រុម​តំណាង​​សហជីព និង​អង្គការសង្គមស៊ីវិលរួចហើយ ហើយ​​ក្រសួងនឹងពិនិត្យអ្វីដែល​ជាការលើកឡើងរបស់ពួកគេ​។

តែយ៉ាងណា លោក​​សង្កត់ធ្ងន់ថា កន្លងមក រាជរដ្ឋាភិបាល ក៏ធ្លាប់​បាន​​ធ្វើវិសោធនកម្មច្បាប់សហជីព និងច្បាប់ការងារ ដែល​មានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលក្នុងការចុះបញ្ចីកា និងការប្រព្រឹត្តទៅរបស់សហជីព។

លោកថា៖ «កន្លងមកនេះ​ រាជរដ្ឋាភិបាលបានទទួលអំពីអនុសាសន៍មួយចំនួនរបស់សហជីព ក៏ដូចជាអង្គការសង្គមស៊ីវិល លើការធ្វើវិសោធនកម្មច្បាប់ការងារ ក៏ដូចជាច្បាប់សហជីព។ […] រដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ទាំង២នេះ ជាច្រើនមកហើយ ការធ្វើ​វិសោធនកម្មច្បាប់ទាំង២នេះ គឺ​ក្នុង​ការធានា​ផល​ប្រយោជន៍ និងសិទ្ធិរបស់និយោជិត និយោជក ក៏ដូចជាសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលនៅក្នុងការចុះបញ្ជី ការប្រព្រឹត្តិទៅរបស់សហជីព។ […] ចឹងហើយបានយើងឃើញថា សព្វថ្ងៃនេះ យើងមានសហជីពជាង ៦ ០០០ ហើយបើយើងប្រៀបធៀប ទៅនឹងប្រជាជន ១៧លាននាក់ ចំនួនសហជីពនេះវាច្រើនណាស់ វាច្រើននេះ ដោយសារភាពងាយស្រួលនៅក្នុងការចុះបញ្ជីការសហជីព»។

បើតាម លោក កត្តា អ៊ន ច្បាប់សហជីពរបស់កម្ពុជា ផ្តល់លក្ខខណ្ឌបង្កើតសហជីព ដោយ​តម្រូវឱ្យ​​មាន​កម្មករនិយោ​ជិត ១០នាក់ គឺល្អប្រសើរជាងនៅ​បណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO ដែល​តម្រូវឱ្យ​មានកម្មករនិយោជិក ៥០នាក់ ខណៈប្រទេស​អូស្ត្រាលី ហ្វីលីពីន និង​បង់ក្លាដែស​ជាដើម​ តម្រូវឱ្យ​មានកម្មករនិយោជិត ៥០នាក់ ឬ២០ទៅ​៣០%។

ទោះជាយ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងការងារ ដោយថាការដោះស្រាយវិវាទការងារនៅត្រីមាសទី១ ដើមឆ្នាំនេះ មានកើនឡើង​ខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​នេះជា​សញ្ញាវិជ្ជមាន​មួយ​ និងជា​ការវិវឌ្ឍដោយភាពជឿជាក់ និងភាព​ចាស់ទុំពីគ្រប់ភាគី​ដែលបានចូលរួមដោះស្រាយវិវាទការ​ងារ​​​ដោយ​ការ​គោរពច្បាប់។

គួរឱ្យ​ដឹងផងដែរថា អត្រា​ផ្សះផ្សា​​វិវាទ​​​​នៅ​កម្រិត​ក្រសួង ​បាន​​កើនឡើង​ដល់ ៨៤% សម្រាប់​​ត្រីមាស​​ទី១​ ឆ្នាំ២០២៤ បើ​ប្រៀបធៀប​​នឹង​​រ​យៈ​ពេល​​ដូចគ្នា ​កាលពី​​ឆ្នាំមុន ​មាន​ត្រឹមតែ ៧៦%ប៉ុណ្ណោះ៕​