តួអង្គអាយ៉ៃស្រីប្រុស​ពីររូបនៅលើឆាក​ ក្នុងសម្លៀកបំពាក់​បែប​ខ្មែរ មានហូល​ផាមួង​ ក្បិន ពណ៌ឆើតឆាយ ​និង​អាវ​មាន​ក្រវ៉ាត់​ក​ជា​ដើម អមជាមួយ​ការ​ច្រៀង​​​ សំនួន​វោ​ហា​ កំណាព្យ​កាព្យ​ឃ្លោង​ ការ​ដេញ​ប្រាជ្ញា និង​កាយ​វិការ​រាំ​ឥត​ព្រៀង​ទុក បានបង្កើត​ជា​ទស្សនិយ​ភាពប្លែក​មួយ​ ​ ធ្វើឱ្យ​អ្នក​មើល​ផ្ទុះស្នូរទះ​ដៃ​និង​សំលេង​ហ៊ោ​​។ ទស្សនិកជនខ្លះ ​លើក​ទូរស័ព្ទថតការ​សម្តែង​ហើយ​​បញ្ចេញ​អាក្ប​កិរិយា​ ញញឹម សើច​ និង​ហា​មាត់​បែប​ស្ងើច​សរសើរ​ចំពោះ​ការ​សម្តែង​សិល្បៈ​​អាយ៉ៃ​មួយ​បែប​នេះ​។ នៅលើឆាកខាងក្រោយតួអង្គអាយ៉ៃកំពុងឆ្លើយឆ្លងគ្នា គេឃើញមាន វង់ភ្លេង​បុរាណ​ខ្មែរ បន្លាន់​សម្លេង​​ឡើងពីបណ្តុំ​សម្លេងនៃឧបករណ៍ភ្លេងបុរាណ​ខ្មែរ ​រួម​មាន​ ស្គរ​ដៃ ឈឹង ខ្លុយ ទ្រអ៊ូ​ ទ្រសោរ តាខេ និងខឹម​ជាដើម។

នេះគឺជាទិដ្ឋភាពនៃការសម្តែងអាយ៉ៃ​ឆ្លើយ​ឆ្លងកាល​ពីចុងខែ​មេសា ក្នុងទី​ជនបទដែល​គេ​ស្គាល់​​​ថា​​ជា​​«ផ្ទះល្ខោន​ស្វាយជ្រុំ» នៅក្នុងភូមិស្វាយជ្រំ ​ក្រុង​អរិយក្សត្រ​ ខេត្ត​កណ្តាល មិនឆ្ងាយ​ប៉ុន្មានពី​ទីក្រុង​ភ្នំពេញ។ ការសម្តែងនេះជាផ្នែកមួយនៃបេកកម្មរបស់អង្គការសកម្មភាព​សិល្បៈ​ខ្មែរ ដើម្បីអភិរក្សនិងលើកកម្ពស់ទម្រង់សិល្បៈបុរាណខ្មែរ។

ទិដ្ឋភាព​ទូទៅនៃ​ការ​សម្តែង​អាយ៉ៃ​ឆ្លើយ​ឆ្លង​។​ (រូប​ភាព​៖​ ផ្តល់​ដោយ​ Khmer art action)

ថ្វី​ត្បិត​តែ អាយ៉ៃឆ្លើយឆ្លង ធ្លាប់ជា​សិល្បៈ​ខ្មែរ​មួយ​បែប​ដែល​និយម​ខ្លាំងក្នុងពិធីបុណ្យ​នានា ប៉ុន្តែបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ ​សឹង​តែ​មិនស្គាល់ ឬ​ស្ទើរតែ​ភ្លេច​​នូវ​សិល្បៈ​មួយបែបនេះ។ នេះបើតាមការលើកឡើងរបស់ លោក សួង​ សុភ័ក្រ ជាអ្នកបង្តើត​កម្មវិធី និងនាយក​ប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ (Khmer Arts Action)។

លោក សួង​ សុភ័ក្រ​ លើកឡើងថា​ដោយ​មើល​ឃើញ​ថាបច្ចុប្បន្ន​សិល្បៈ​របស់​ខ្មែរ​​មិនសូវ​បានគេ​​ឱ្យ​តម្លៃ​ ហើយ​មិនសូវទទួលបានចំណាប់​អារម្មណ៍​ពី​​ប្រជាជន​កម្ពុជា​នោះ​ទេ។ ហេតុនេះទើបអង្គការសិល្បៈរបស់លោកចាប់​ផ្តើម​ពី​ជំហាន​តូច និងដោយ​សន្សឹមៗ ​មាន​ន័យ​ថាផ្តើមពីការសម្តែង​នៅ​តាម​ជនបទ​​ឱ្យបានទូលំទូលាយ រួចទើបបន្ត​បេសកកម្ម​​ធ្វើ​នៅ​តាម​បណ្តា​ក្រុង ​និង​ជា​លក្ខណៈទ្រង់ទ្រាយ​ធំ​។​ លោក​ចង់​ឃើញ​ប្រជាជន​ខ្មែរ​យើង​ងាក​មក​ចាប់​អារម្មណ៍​​និង​លើក​តម្កើង​សិល្បៈ​វប្បធម៌​បុរាណខ្មែរ​​បន្តិចម្តងៗ​ឡើង​វិញ​ ព្រោះ​កូន​ខ្មែរ​​យើង​លែង​​សូវ​ស្គាល់​និង​យកចិត្តទុក​ដាក់​ដូច​សម័យ​មុន​។​

លោកថ្លែង​​ប្រាប់ Newsroom Cambodia ថា​៖ «ខ្ញុំ​រក​មធ្យោបាយ​យ៉ាង​ម៉េច​ឱ្យ​ខ្លួនឯង​ចេះ​ឱ្យ​តម្លៃ​ខ្លួន​ឯង​មុន​សិន​​ ជា​ពិសេស​អ្នកសិល្បៈខ្លួន​ឯងហ្នឹង​តែ​ម្តង​ កុំអាល​ចង់ឱ្យ​គេ​ឱ្យ​តម្លៃយើង​ សំខាន់​​​ក្រុម​អ្នកសិល្បៈ​ចេះ​ឱ្យ​តម្លៃ​ខ្លួន​ឯង​ហើយ​ចាប់​ផ្តើម​ធ្វើ​ពី​សហគមន៍​ទៅ​មុន។​ គោល​បំណង​​របស់​ខ្ញុំគឺចង់ចេញពី​សហគមន៍​ទៅ​ជា​ទ្រង់ទ្រាយ​ធំ​ បើសិន​ខាង​ធំ​គេ​មិនចាប់អារម្មណ៍​ចឹង​ទេ​ មាន​តែ​យើង​ចាប់ផ្តើម​ពី​សហគមន៍​ទៅ​មុន»​។​

លោក​ សួង​ សុភ័ក្រ​ ​សង្ឃឹមថា​នឹង​មាន​ប្រជាជន​ខ្មែរ​យើង​ងាកមក​ចាប់​អារម្មណ៍​វិញ​ ណាមួយ​បើ​មាន​បងប្អូនខ្មែរ​ចូល​រួម​ច្រើន​ ធ្វើឱ្យ​គាត់ជា​អ្នក​ដឹងនាំ​មាន​កម្លាំង​ចិត្ត​បន្តទៅ​មុខ​ទៀត។ បន្ថែម​​​ពីនេះ លោក​ចង់​ឃើញ​អ្នកដែល​ស្រឡាញ់​សិល្បៈ​បុរាណ​មាន​ការងារ​ធ្វើ​ និង​យកអ្វីដែល​ពួក​គាត់​ចេះ​មក​បង្ហាញ​ប្រាប់​ប្រជាជន​ខ្មែរ។

បច្ចុប្បន្ននេះ អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ បានរៀបចំកម្មវិធីសម្តែងទម្រង់សិល្បៈនានាដោយ​ផ្តល់​នូវការ​ចូលរួម​ទស្សនា​ដោយ​​​ឥត​​គិត​ថ្លៃ​។

លោក​ សួង​ សុភ័ក្រ​ ពន្យល់បញ្ជាក់ថា​៖​ «យើង​ដឹង​ស្រាប់​ហើយ​បច្ចុប្បន្ន​បញ្ហាសេដ្ឋកិច្ច​​ បើយើង​ធ្វើហើយ​គ្មាន​អ្នក​ចូល​រួម​ទស្សនាហាក់បី​ដូច​ជា​យើង​មិនបានធ្វើ​អ៊ីចឹង​។ ដើម្បី​បញ្រ្ជាប​វិស័យ​ទម្រង់សិល្បៈ​​ដើម​មួយៗ​ឱ្យ​បាន​ទៅ​ដល់​ទាំង​អ្នក​មាន​ធន​ធាន​ទាំង​អ្នក​អត់​ធនធាន​​ក៏គាត់អាច​ចូល​រួម​មើល​បាន​។ ហើយចំពោះ​​អ្នកសិល្បៈ​ក៏បាន​បញ្ចេញ​នូវ​អ្វីដែល​ខ្លួន​បាន​រៀន​បាន​ប្រឹង​ កុំប្រជាជននៅផ្សេង​ហើយ​​អ្នកប្រឹង​រៀន​ខំរៀន​រាប់ឆ្នាំ​តែ​មិនដឹង​លេង​ឱ្យ​នរណា​មើល​​»។

«អាយ៉ៃ» គឺ​ជា​ឈ្មោះ​សិល្បៈប្រជាប្រិយ​ខ្មែរ​មួយបែប ដែលតាម​ឯកសារ​ខ្លះបង្ហាញ​ថាយក​ឈ្មោះ​​តាម​អ្នកចម្រៀង​ម្នាក់​ឈ្មោះ«តាយ៉ៃ»។ «តាយ៉ៃ» កើតនៅ​ឆ្នាំ​១៨៧៨ នៅ​ភូមិ​ឈើ​នាង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ត​កំពង់​ស្ពឺ។ សិល្បៈ​អាយ៉ៃ​នេះ ចែក​ចេញ​ជាពីរ​ប្រភេទ អាយ៉ៃ​ឆ្លើយ​ឆ្លង​ និង​អាយ៉ៃ​រឿង​។

អាយ៉ៃឆ្លើយឆ្លង ជា​សិល្បៈ​ខ្មែរ​មួយ​បែប​ដែល​និយម​ខ្លាំងក្នុងពិធីបុណ្យ​នានា ដែល​អ្នកច្រៀង​មាន​ភាព​ប៉ិនប្រសប់​ខាង ជើងកាព្យ ចុងជួន សំនួនពាក្យ និងចង្វាក់ភ្លេង។ សិល្បៈប្រភេទ​នេះ​មានបង្កប់​នូវ​ចំណេះដឹង កំប្លែង បទពិសោធន៍ជីវិត លើក​យក​មករ៉ាយរ៉ាប់​ចាប់ជាចម្រៀង​ច្រៀង​បន្តាក់​គ្នារវាង​ភ្លេងនិងចម្រៀង​។ អាយ៉ៃច្រៀងឆ្លើយឆ្លងបង្កើតជា បរិយាកាសដ៏​សប្បាយ​រីករាយ ព្រមទាំងផ្តល់ចំណេះដឹងផងដែរ។​

អាយ៉ៃ​​មិនត្រឹមតែ​ជា​សិល្បៈ​ប៉ុណ្ណោះ​ទេ​ តែ​ក៏ជាអាជីព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​ផង​ដែរ។ សិល្បៈ​អាយ៉ៃ​ស្ទើរ​តែ​បាត់​រូប​រាង​ដោយ​សារ​បច្ចុប្បន្ន​ លែង​សូវ​មាន​ការគាំទ្រ​ពី​ប្រជាជន​​ខ្មែរ ម្យ៉ាងទៀត​ពួក​គាត់​មិនសូវ​​​​ចាប់អារម្មណ៍​និងមិនមានការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​។

ទិដ្ឋភាព​ទូទៅនៃ​ការ​សម្តែង​អាយ៉ៃ​ឆ្លើយ​ឆ្លង​។​ (រូប​ភាព​៖​ ផ្តល់​ដោយ​ Khmer art action)

លោក សុភ័ក្រ សម្តែង​​ការ​​ព្រួយបារម្ភ​ចំពោះ​សិល្បៈ​បុរាណ​ខ្មែរជាពិសេស​អាយ៉ៃ​ឆ្លើយ​ឆ្លង​តែ​ម្តង​ ​លោកខ្លាចតែ​បាត់បង់លែង​មានអ្នក​​សម្តែង ​ហើយ​កូន​ខ្មែរ​យើង​លែង​ស្គាល់ទៀត។ លោក​ថា នេះក៏ដោយសារលែងសូវមានវត្តមាននៃការសម្តែងអាយ៉ៃនេះនៅតាមទូរទស្សន៍ ឬ​បណ្តាញ​​​សង្គម។ ​

លោក​ថ្លែង​ថា​៖ «បើ​កាលពី​​សម័យ​ខ្ញុំ កាល​ខ្ញុំនៅ​តូច​មិនថាមិនមាន​ផ្ទាល់​ទេ​ ក៏​អាច​មាន​នៅតាម​ទូរទស្សន៍​CTNជាដើម​ តែ​ឥឡូវ​ឃើញ​ថា​ស្ងាត់​ចឹង​ខ្ញុំ​បារម្ភ​ ខ្ញុំ​គិត​ថា​វិស័យហ្នឹង​បើ​យើង​មិនធ្វើ​ទេ​ អ្នកដែល​ចង់​រៀន​អ្នកដែលគាត់​មាន​ដុង​គាត់​ក៏​គាត់​មិនទៅ​រៀន​ ហើយ​អ្នក​ដែល​ស្រឡាញ់​អាហ្នឹង​​ អ្នកដែល​ចង់​ស្គាល់​អាហ្នឹង​ក៏​គាត់​មិនបាន​ស្គាល់​ មុននិង​ក្រោយ​វានឹង​បាត់​​»។

លោក សុភ័ក្រ ថា​វិស័យ​សិល្បៈបុរាណ​ខ្មែរ​ស្ទើរតែ​បាត់​បង់ហើយ មិនដូចកាល​សម័យ​លោក​ធ្លាប់បាន​ឃើញ​ទេ ដូច្នេះលោក សុភ័ក្រ ចង់ឃើញមានការចូលរួម​​ថែ​ទាំងអស់គ្នា ចៀសវាងមានការ​ស្តាយ​ក្រោយ ​ពេល​បាត់​បង់​។

លោក​បន្ថែម​ទៀតថា៖ «ស្ទើ​រតែ​គ្រប់​ទម្រង់​ទាំង​អស់​មិនថា​តែ​អាយ៉ៃ​ទេគឺ​បាត់​បង់ម្តងបន្តិចៗ​ហើយ​ បើកាល​ខ្ញុំ​នៅ​​រៀន​ជំនាន់​៩០ កាល​សម័យ​រដ្ឋ​កម្ពុជា​ខ្ញុំ​ឃើញ​ថា​​ ​អាវិស័យសិល្បៈហ្នឹង​គឹ​វា​​បាន​មាន​សកម្មភាព​ទៅ​តាម​សហគមន៍​ទៅ​តាម​ស្រុក​ភូមិ​តែ​ឥឡូវ​វាអត់ទេ។​​ វាទៅ​ជា​ខាង​​តន្រ្តី​​សម័យ​​ឬមួយ​ពួក​ចម្រៀង​អ៊ីចឹងទៅ​ ខ្ញុំមើល​ឃើញថា​វា​បញ្ច្រាស​ពី​មុន​ ហើយ​កុំចេះ​តែ​ចោទ​គេ​យក​របស់​យើង​ គឺ​មក​ពី​យើង​មិនចេះ​ថែ​អ្វី​ដែល​មាន​ស្រាប់ខ្លួនឯង​។ ដូចថ្ងៃនេះអ៊ីចឹង​ខ្ញុំមិនដឹង​ថា​មាន​ប៉ុន្មាន​នាក់​មកមើល​ទេ​ ខ្ញុំ​ខ្លាច​តែ​ខ្ញុំ​មិនបាន​ធ្វើ​តែ​បើ​បង​ធ្វើ​ហើយ​អត់មាន​អ្នក​មក​មើល​អត់​មាន​អ្នក​មកចូល​រួម​ទៀត​ អាហ្នឹង​ក៏​បង​អស់​ចិត្ត​ដែរ»។

ទិដ្ឋភាព​ទូទៅនៃ​ការ​សម្តែង​អាយ៉ៃ​ឆ្លើយ​ឆ្លង​។​ (រូប​ភាព​៖​ ផ្តល់​ដោយ​ Khmer art action)

ក្រឡេកមកមើលទស្សនិកជនដែលបានចូលរួមទស្សនាកាល​​ពី​ថ្ងៃទី​២៧ ខែ​មេសា​ ឆ្នាំ​២០២៤ វិញ គេមានលឺសំឡេង​​សើច​តិចៗ ខណ:កំពុង​​​​ទាញ​ទូរស័ព្ទថតហើយ​ញញឹម​​ពេល​ឃើញ​ទស្សនិយភាព​​សម្តែង។ អ្នក​ចូល​រួម​​ខ្លះ​ទៀត​ស្រែក​ហ៊ោ​ព្រម​ទាំង​ទះ​ដៃឮៗ​តាម​ការ​ច្រៀង​អាយ៉ៃ​របស់​តួអង្គ។

អ្នកស្រី​ ចាន់ធា​ មាន​អាយុ​ ៤៣ឆ្នាំ​ រស់នៅ​រាជ​ធានី​ភ្នំពេញ​​ ប្រាប់​ Newsroom Cambodia ថា​គាត់​​មាន​អារម្មណ៍​រំភើប​ពេល​ឃើញ​ការ​សម្តែង​សិល្បៈ​បុរាណ​ព្រោះ​ជា​លើកទី​១របស់​អ្នកស្រី​។​ អ្នកស្រី​ចង់ឃើញ​ការសម្តែង​នេះ​មាន​ការ​ផ្សាយ​ឱ្យ​ទូលំទូលាយ​ ជា​ពិសេស​ចង់ឱ្យ​ក្មេងៗ​ជំនាន់ក្រោយ​បាន​ឃើញ​និងចូលរួម​ថែរក្សា​។​

អ្នកស្រី​ថ្លែងថា​៖ «ពេល​មើល​ការ​សម្តែងនេះ​ចប់ មានអារម្មណ៍ថា​ភ្លេង​ប្រពៃ​ណី​របស់​ខ្មែរ​ពីរោះ​ស្តាប់ទៅ​ជក់ចិត្ត។​ ខ្ញុំនាំកូន​មកមើល​ដោយ​ចង់ឱ្យ​កូន​ស្គាល់​របៀបម៉េច​ជាអាយ៉ៃ​របៀប​ម៉េច​ជា​ចាប៉ីជា​អីអ៊ីចឹង​ ហើយ​ព្យាយាម​ឱ្យ​គាត់​យល់ពី​ឳបករណ៍​ភ្លេង​ខ្មែរ​ ព្រោះអី​ក្មេងៗ​ឥឡូវ​ភាគច្រើន​គាត់​អត់​ស្គាល់ទេ​ គាត់ស្គាល់តែ​បទ​ចម្រៀង​បទ​អី​សម័យ​អ៊ីចឹង​ទៅ»។

លោក​ មករា​ មាន​អាយុ​២៦​ឆ្នាំ​ នៅ​រាជ​ធានី​ភ្នំពេញ​ជាមន្ត្រីរាជការ​​ ប្រាប់​ Newsroom Cambodia ថា​​រាល់ពេល​​មើល​សិល្បៈ​បុរាណ​គឺ​មាន​អារម្មណ៍ថា​អស្ចារ្យ​ ជម្រុះ​អស់​ភាព​​តាន​តឹង​ ទុក្ខ​សោក​នានា ​ហើយ​រំភើប​គ្រប់​ពេល​បាន​ឃើញ​ការ​សម្តែង​ម្តងៗ។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​ទាក់​ចិត្ត​គឺ​វប្បធម៌​ខ្មែរ​ដ៏ផូរផង់ វាពិតជាស្រស់​ស្អាត​ហើយ​វា​មើល​ទៅ​គួរ​ឱ្យ​​ចង់​ថែ​រក្សា​ ព្រឺ​រោម​ពេល​មក​មើល​លើកណាក៏​អ៊ីចឹង​ លក្ខណៈ​ថា​ដូច​អី​មួយ​ មាន​អារម្មណ៍​ថា​កំពុង​តែ​មើល​ បើបកទៅ​ក្រោយ​វិញគឺ​ដូច​សម័​យ​បុរាណ​អ៊ីចឹង»។

បើនិយាយពី​​សិល្បៈ​អាយ៉ៃ​មិនត្រឹម​តែ​មិនសូវ​មាន​អ្នកស្គាល់​ប៉ុណ្ណោះទេ​ សូម្បី​អ្នកចូលរួម​ហាត់​រៀន​​ក៏​លែង​សម្បូរ​ដូច​មុន​ទៀត​ដែរ​។ ចំណែក​ប្រាក់​ចំណូលក៏​មិនច្រើន​ដូច​អា​ជីព​ផ្សេង​ទៀត​​ដែរ ភាគ​ច្រើន​អ្នក​ដែល​ចាប់​អាជីព​នេះ​ដោយសារ​តែ​ការ​ស្រឡាញ់វប្បធម៌ខ្មែរ​​និង​ចង់​ថែ​រក្សា​កេរដំណែល​ដូន​តា​ប៉ុណ្ណោះ​។ នេះបើតាមការឲ្យដឹងពីក្រុមសិល្បករ។​

លោក​​ ស្មៀន​ ស៊ាវម៉ៅ មាន​អាយុ ៦០ឆ្នាំ​ជាតួអង្គអាយ៉ៃ ​និង​សិល្បៈ​បុរាណ​ខ្មែរ។​ លោក​ចាប់​​អាជីព​នេះ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ។​ លោក​បាន​ប្រាប់​ Newsroom Cambodia ថា​សិល្បៈ​​​​​គឺ​ជា​អត្តសញ្ញាណរបស់​ជាតិ ដែលបាន​ចូល​​រួម​ចំណែក​ថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ។

លោក​ថ្លែង​ថា​៖ «​ការ​បម្រើ​ជាតិ​មិនចាំបាច់​ទាល់តែ​បម្រើ​កង​ទ័ព​ បម្រើ​ឬក៏​បំពេញ​ការងារ​ក្រសួង​ស្ថាប័ន​រាជការ​​មន្ត្រី​អី​ទេ​ សិល្បៈ​គឺ​ជា​គ្រឿង​លម្អរបស់ជាតិ​ដែរ។ អ៊ីចឹង​បាន​យើង​​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​នេះ​ហាក់​បី​ដូច​ជា​យើង​ជួយ​បម្រើ​ជាតិ​ យក​វប្បធម៌​នៃ​សិល្បៈ​ខ្មែរ​ហ្នឹង។ […] យើង​អាចបម្រើ​អារម្មណ៍មហា​ជន​​​តាម​រយៈ​របាំ​អាយ៉ៃ​»។

លោកបន្តថា​ ទោះ​បាន​ប្រាក់តិច​តូចក៏​លោកនៅ​តែ​បន្ត​អាជីព​នេះទៅ​មុខ​ទៀត ព្រោះ​លោក​រំពឹង​​ថា​ថ្ងៃ​ណា​មួយ​​នឹង​សម្បូរទី​ផ្សារវិញ​ ព្រោះ​វា​ជា​របស់​ដូន​តាបន្សល់ទុក​ឱ្យ​។

លោកថ្លែងថា៖ «យើង​អ្នកសម្តែង​ យើង​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង។​ អ្វី​ដែល​យើង​មាន​យើង​ត្រូវ​តែ​ខំ​ ជាពិសេស​បើ​យើង​មិន​វិវត្តន៍​ចំណុច​យល់​ដឹង​របស់​យើង​ផ្នែក​អាយ៉ៃហ្នឹង​ឱ្យទាន់​យុគសម័យ​ឥឡូវ​នេះ​ទេ​ ប្រហែលជា​គេ​ឈប់មើល​ឈប់​ជួល​។ អ៊ីចឹង​យើង​ត្រូវ​ដឹង​ពី​តម្រូវ​ការ​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន​ ចេះ​កែ​​ច្នៃ​ឱ្យ​មាន​ល្បឿន​មាន​សម្រស់​ មានពណ៌ឱ្យ​លិច​ត្រដែត​ឡើង​នោះ​មហា​ជន​នឹង​ទទួល​ស្គាល់​»។

គួរ​បញ្ជាក់ផងដែរថា​ អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ (Khmer arts action) តែងតែ​រៀបចំ​កម្មវិធី​សិល្បៈ​បុរាណ​ខ្មែរ ដូចជា​ល្ខោន​ស្បែក​ធំ ស្បែកតូច​ អាយ៉ៃឆ្លើយ​ឆ្លង​​និង​ការ​សម្ដែង​សិល្បៈ​ផ្សេង​​​ទៀត​​នៅ​​សហគមន៍​ល្ខោន​​ស្វាយ​​ជ្រំ​​ ភូមិ​ស្វា​យ​ជ្រំ​​ ឃុំ​ស្វាយ​ជ្រំ ក្រុង​អរិយក្សត្រ​ ខេត្ត​​​កណ្តាល​ ​ធ្វើ​ឡើង​​រៀង​រាល់​ថ្ងៃសៅរ៍​​នៃសប្ដាហ៍​ទី៤ ក្នុង​ខែ​នីមួយៗ៕