មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧតុនិយម លើកឡើងថា អាកាសធាតុក្ដៅនៅកម្ពុជានឹងចុះថមថយមកជាធម្មតាវិញចាប់ពីសប្ដាហ៍ក្រោយ ខណៈមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការបង្ការ ប្រសិនបើកម្ដៅបន្តកើនឡើង។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍នៅថ្ងៃទី៣ ឧសភា នេះថា ការកើនឡើងកម្ដៅចាប់ពី៤០អង្សាសេដែលបានវាយលុកនៅតំបន់អាស៊ី ជាពិសេសអាស៊ីខាងត្បូង និងតំបន់អាស៊ីគ្នេយ៍ក្នុងរយៈ៣សប្ដាហ៍កន្លងមកនេះ ដែលបណ្តាលមកពីការបន្សល់ទុកនៃឥទ្ធិពលរបស់បាតុភូតអេលីណូ (El Nino)។
ទោះជាយ៉ាងនេះក្ដី លោកបានអះអាងថា ចាប់ពីថ្ងៃទី០៥ ខែឧសភា សីតុណ្ហភាពនៅកម្ពុជានឹងត្រលប់ទៅកាន់ភាពប្រក្រតីវិញ ពោលគឺក្នុងចន្លោះ៣៦ទៅ៣៨អង្សាសេ ដោយសារកត្តាភ្លៀងកក់ខែ ដែលកើតមានពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែសភា នៅទូទាំងប្រទេស។
លោកបន្តថា៖ « [កម្ដៅ] វាបានធូរស្រាលទៅវិញគឺនៅថ្ងៃ០៥។ ថ្ងៃ៥ សីតុណ្ហភាព ធ្លាក់មកប្រក្រតីវិញ អាចក្នុងរង្វង់ពី៣៦ទៅ៣៨អង្សា តែប៉ុណ្ណឹង គឺដោយសារមានភ្លៀងកក់ខែធ្លាក់ជាពិសេសពីថ្ងៃ៣ រហូតដល់ថ្ងៃទី០៨ [ខែឧសភា]»។
បើតាមអ្នកនាំពាក្យរូបនេះ រដូវវស្សាពេញលេញក្នុងឆ្នាំ២០២៤នេះ នឹងចាប់ផ្ដើមពីសប្ដាហ៍ទី៤នៃឧសភានេះទៅ។គេសង្កេតឃើញថា នៅកម្ពុជានិងប្រទេសក្នុងតំបន់អាស៊ី មួយរៈពេលចុងក្រោយនេះ អាកាសធាតុឡើងកម្តៅខុសពីធម្មតាដែលពុំធ្លាប់មាន។
នៅតំបន់ខ្លះនៃភាគយព្យប្រទេសកម្ពុជាកម្ពៅឡើងដល់៤១អង្សាសេក៏មាន។កត្តានេះបណ្តាលបណ្តាលឱ្យមានការគំរាមកំហែងដល់ជីវិតមនុស្ស សត្វ និងធម្មជាតិជាដើម។របាយការណ៍នានាបានលើកឡើងពីការបាត់បង់ជីវិតមនុស្ស ហើយសាលារៀនមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ នៅក្នុងប្រទេសមួយចំនួន ព្រោះតែការឡើងកម្តៅនេះ។
កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ឱ្យនាយកសាលាទាំងអស់ ត្រូវកាត់បន្ថយម៉ោងសិក្សារបស់សិស្សានុសិស្ស និងបន្ថែមម៉ោងចេញលេង រួមទាំងត្រៀមទឹកសម្រាប់គ្រូ និងសិស្សប្រើប្រាស់។លើសពីនេះទៀត ជំរុញសិស្សឱ្យយកទឹកឆ្អិនពីផ្ទះមកទទួលទានទៀតផង។
ចំណែក លោក គង់ ចន្ថា នាយកវិទ្យាល័យ ហ៊ុន សែន កណ្ដៀង ដែលស្ថិតនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ដោយសារអាកាសធាតុក្ដៅហួតហែង ព្រមទាំងបារម្ភពីសុខភាពរបស់សិស្ស លោកសម្រេចឱ្យបន្ថយម៉ោងសិក្សាតាំងពីសប្ដាហ៍មុន គឺមុនគោលការណ៍ណែនាំដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡាអំពាវនាវទៅទៀត។
បន្ថែមពីលើនេះសាលារបស់លោកបានសម្រេចទិញទឹកពីនគរបាលចំនួន២ឡានទឹកក្នុងមួយថ្ងៃ ក្នុងតម្លៃ១៤ម៉ឺនរៀលដើម្បីបាញ់ស្រោចស្របនៅលើដំបូងអគារ និងក្នុងបរិវេណសាលារៀន។ការធ្វើដូចនេះ ក្នុងន័យជួយកាត់បន្ថយកម្តៅដែលចេះតែបន្តឡើងមិនឈប់ឈរ។
ដោយឡែក អ្នកស្រី អ៊ុក ផល្លា ដែលកំពុងបម្រើការងារនៅរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលមានកូនតូចរៀនថ្នាក់មត្តេយ្យ និយាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រូបង្រៀនតម្រូវឱ្យអ្នកស្រីដាក់ខោអាវសម្រាប់ផ្លាស់ងូតទឹកឱ្យកូនជារៀងរាល់ថ្ងៃ។
អ្នកស្រីបន្តថា៖ «បារម្ភដែរ តែមិនដឹងធ្វើម៉េច បើឱ្យកូនផ្អាកទៅរៀន ខ្លាចកូនអត់ចេះ តែណាមួយដោយសារជិតផ្ទះ ហើយចូលម៉ោង៨ចេញម៉ោង១០កន្លះ»។
ជុំវិញរឿងនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ក្រសួងអប់រំបានដាក់ចេញនូវវិធានការមួយចំនួនដល់សិស្សានុសិស្សពាក់ព័ន្ធនឹងការបរិភោគទឹក អាហារ និងការស្លៀកពាក់ អំឡុងពេលអាកាសធាតុក្ដៅនេះ។ប្រភពបន្តថាបច្ចុប្បន្នក្រសួងអប់រំក៏កំពុងតាមដាន និងពិនិត្យមើលអំពីស្ថានភាពអាកាសធាតុជាប្រចាំដែរ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅចំពោះមុខនេះ។
លោកបន្តថា៖ «ក្រសួងនឹងបន្តធ្វើការងារជិតស្និទជាមួយនឹងសាលារៀន ដើម្បីពិនិត្យមើលតម្រូវការជាក់ស្ដែងនៅតាមសាលារៀននីមួយៗ។ នៅក្នុងករណីដែលមានតម្រូវការជាក់ស្ដែងនៅក្នុងការផ្អាកការសិក្សាឬក៏នៅក្នុងការរៀបចំយន្តការដោះស្រាយដទៃណាមួយទៀតនោះ ក្រសួងនឹងបន្តធ្វើការងារជិតស្និទ្ធជាមួយសាលាដើម្បីដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលា»។ ស្របពេលដែលកម្ពុជា បង្ហាញពីរបាយការណ៍នៃការស្លាប់សត្វគោ និងក្របីនៅតាមដំបន់មួយចំនួន ព្រោះតែគ្មានទឹកគ្រប់គ្រាន់ និងការឡើងកម្ពៅមិនឈប់ ដោយឡែកទិន្នន័យដែលចេញដោយក្រសួងសុខាភិបាលរបស់ប្រទេសថៃឯណោះវិញ បានឱ្យដឹងថា មនុស្ស៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺដាច់សរសៃឈាម (Heat stroke) អំឡុងពេលអាកាសធាតុឡើងកម្ដៅនេះ៕