តុលាការកំពូលនាព្រឹកថ្ងៃសុក្រនេះ បានសម្រេចតម្កល់សាលដីការបស់តុលាការជាន់ទាបទុកជាបានការ និងនាំខ្លួនកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ទៅឃុំបន្តនៅពន្ធនាគារពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលត្រូវបានតុលាការផ្តន្ទាទោស រយៈពេលពីរឆ្នាំ។
ក្រុមមេដឹកនាំសហជីព នៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលតុលាការចោទប្រកាន់ក្នុងសំណុំរឿងញុះញង់នេះមានចំនួន៧នាក់ រួមមានកញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំ។ក្រៅពីនេះ ស្រ្តី៦នាក់ផ្សេងទៀត ត្រូវដាក់ឱ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន មានដូចជាកញ្ញា ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ស៊ុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព និងកញ្ញា ទូច សិរីមាស។
លោក និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសនៅក្នុងសវនាការនាព្រឹកមិញថា តុលាការកំពូលសម្រេចតម្កល់សាលដីការរបស់តុលាការជាន់ទាបទុកជាបានការ និងសម្រេចបន្តឃុំខ្លួនមេដឹកនាំសហជីព ប្រចាំនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បន្តក្នុងពន្ធនាគារ។
ក្នុងចំណោមជនជាប់ចោទទាំង៧នាក់នោះ មាន៥នាក់អាចនឹងបញ្ចូនទៅពន្ធនាគារជាមួយទោសជាប់ឃុំរយៈពេល១ឆ្នាំ ៨ខែ រីឯ២នាក់ត្រូវសម្រេចកាត់ទោសរយៈពេល១ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។
ក្រោយស្តាប់ការប្រកាសសាលដីការតុលាការកំពូល កញ្ញា ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករ នៃក្រុមហ៊ុនណាហ្គា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការតម្កល់សាលដីការបស់តុលាការកំពូលនេះបានបង្ហាញពីភាពអយុត្តិធម៌សម្រាប់កញ្ញា និងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ដទៃទៀត។ កញ្ញានៅតែបន្តអះអាងថា កញ្ញាមិនបានប្រព្រឹត្តសកម្មភាពខុសច្បាប់ណាមួយឡើយ ដែលបង្កជាអំពើញុះញង់ប៉ះពាល់ដល់សន្តិសុខសង្គម។
កញ្ញាថ្លែងថា៖ «ខ្ញុំអត់បានធ្វើអីខុសទេ ប៉ុន្តែពួកខ្ញុំដើរតាមនីតិវិធីច្បាប់តាំងពីសាលាដំបូង សាលាឧទ្ធរណ៍រហូតមកដល់សាលាកំពូល ខ្ញុំសង្ឃឹមថាវាមានយុត្តិធម៌ គេយកផ្លូវច្បាប់មកកាត់ឱ្យពួកខ្ញុំបានទទួលយុត្តិធម៌។ ប៉ុន្តែជាក់ស្តែងអត់សោះ អ្វីដែលខ្ញុំសង្ឃឹមគឺទទួលរងភាពអយុត្តិធម៌វិញដដែល »។
យ៉ាងនេះក្តី កញ្ញា ឈឹម សុខន បញ្ជាក់ទៀនថា ក្រុមសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍នឹងនៅតែបន្តធ្វើកូដកម្មអហិង្សាស្វែងរកយុត្តិធម៌នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ដដែល។
ចំណែកជនជាប់ចោទមួយរូបទៀត គឺអ្នកស្រី រី សុវណ្ណឌី សមាជិកសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយប្រកាសសាលដីកាថា អ្នកស្រីមិនអាចទទួលយកការតម្កល់សាលដីការបស់តុលាការកំពូលបានឡើយ ដោយអ្នកស្រីថាបញ្ហារបស់ក្រុមសហជីពណាហ្គាវើលដ៍គឺជារឿងវិវាទការងារ ប៉ុន្តែតុលាការបានចោទប្រកាន់ក្រុមរបស់អ្នកស្រីជាសំណុំរឿងញុះញង់ទៅវិញ។
អ្នកស្រីថ្លែងថា៖ «ភស្តុតាងទាំងអស់ហ្នឹងគឺសុទ្ធតែរឿងទាមទារសិទ្ធិការងារទាំងអស់ វាអត់មានអីពាក់ព័ន្ធនឹងបទញុះញង់ទេ »។
អ្នកស្រី រី សុវណ្ណឌី រៀបរាប់ទាំងសេចក្តីសោកស្តាយថា អ្នកស្រីចង់បានការដោះស្រាយវិវាទការងាររបស់ក្រុមសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ដោយយុត្តិធម៌ ហើយអ្នកស្រីក៏បន្តអំពាវនាវដល់រដ្ឋាភិបាលឱ្យមានការដោះស្រាយវិវាទការងារដែលអូសបន្លាយជាង៣ឆ្នាំជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ និងនាំខ្លួន កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករ នៃក្រុមហ៊ុនណាហ្កាវើលដ៍ (LRSU) ទៅឃុំខ្លួនបន្តនៅពន្ធនាគារ បន្ទាប់ពីត្រូវបានសាលាដំបូងផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ដែលចូលរួមតាមដានសវនាការរបស់ក្រុមសហជីពណាហ្គាវើលដ៍ ប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការកំពូលថា ការតម្កល់សាលដីការនេះបានបង្ហាញពីភាពអយុត្តិធម៌ ដោយអ្នកស្រីថាពួកគេទាំងនោះមិនបានចោទប្រកាន់ដូចអ្វីដែលតុលាការលើកឡើងឡើយ។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ប្រាប់ Newsroom Cambodia ថា លោកមានការសោកស្តាយចំពោះសាលដីការតុលាការកំពូលដែលតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការចំពោះមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ហើយលោកក៏មានការព្រួយបារម្ភថានៅពេលដែលសាលដីកានេះត្រូវបានអនុវត្តក្រុមមេដឹកនាំសហជីពទាំងនោះនឹងត្រូវជាប់ទោសក្នុងពន្ធនាគារ។ លោកបន្តថា ការកាត់ទោសទៅលើក្រុមមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថាជាការគំរាមកំហែង និងរំលោភសិទ្ធិរបស់សហជីព ហើយទាមទារឱ្យមានការដោះលែងពួកគេទាំងនោះដោយឥតលក្ខខណ្ឌដែរ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះសហគមន៍ជាតិ សហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គេមានការយកចិត្តទុកដាក់ទៅលើការកាត់ទោសមេដឹកនាំសហជីពណាហ្គាវើលដ៍កន្លងមកហ្នឹង ហើយគេលើកឡើងថាការចោទប្រកាន់ និងការកាត់ទោស និងការដាក់ឃុំទៅលើមេដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍កន្លងមកហ្នឹងគឺជាការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ ការរំលោភសិទ្ធិទៅលើសហជីព។ គេទាមទារឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ ក៏ដូចជាអ្នកផ្សេងទៀតដោយឥតលក្ខខណ្ឌ»។
យ៉ាងណាមិញ លោក អំ សំអាត មើលឃើញថា ការបន្តឃុំខ្លួន និងការកាត់ទោសផ្សេងៗមកលើក្រុមសហជីពក្រុមហ៊ុនណាហ្គាវើលដ៍មិនបានផ្តល់ផលប្រយោជន៍ណាមួយមកកម្ពុជាឡើយ ប៉ុន្តែមានតែការរិះគន់ថាបានរំលោភសិទ្ធិការងារ និងសិទ្ធិសហជីពទៅវិញ។ បើតាមលោក អំ សំអាត វិវាទរបស់ក្រុមសហជីព និងក្រុមហ៊ុនណាហ្គាវើលដ៍ នេះជាវិវាទការងារដែលត្រូវប្រើច្បាប់ការងារមកដោះស្រាយ៕