មន្រ្តីនាំពាក្យក្រសួង និងបណ្តុះបណ្តាលវិជ្ជាជីវ: អះអាងថាខ្លួនកំពុងស្វែងរកតម្រុយជនឆបោកលុយ ពីសមាជិកបេឡាជាតិរបបសន្តិសង្គមដែលហៅកាត់ថា ប.ស.ស តាមប្រព័ន្ធប្រតិបត្តិការរបស់ធនាគារឯកជនមួយក្នុងទំហំទឹកលុយជាច្រើនលានរៀល។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៦ ឧសភា នេះ លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា នៅចំពោះមុខនេះស្ថាប័នជំនាញរបស់ក្រសួងសាម៉ី កំពុងបើកការស៊ើបអង្កេតស្វែងរកតម្រុយ ដើម្បីកំណត់មុខសញ្ញាជនឆបោក។លោកបន្តថាក្រៅពីធ្វើការទៅតាមជំនាញហើយ កិច្ចការបន្ទាន់ទៀតនេះ គឺក្រសួងការងារបានចេញសារ ដើម្បីផ្សព្វផ្សាយ និងសារអបរំឱ្យពលរដ្ឋបានស្វែងយល់ពីបទល្មើសតាមបច្ចេកវិទ្យា ក្រោមរូបភាពផ្សេងៗថែមទៀត។
បើទោះជាបែបណា អ្នកនាំពាក្យរូបនេះ នៅមិនទាន់បានទម្លាយពីព័ត៌មានលម្អិតនៃផែនការស្រាវជ្រាវ ត្រូវធ្វើឡើងដោយរបៀបណា ហើយលទ្ធផលអាចនឹងចេញនៅពេលណាឱ្យប្រាកដនៅឡើយដែរ។
លោកបន្តថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវរកមុខសញ្ញា ចាត់ចែងទៅតាមផ្លូវច្បាប់។សមត្ថកិច្ចកំពុងស៊ើបអង្កេត សង្ឃឹមថានឹងចាប់ខ្លួនជនល្មើសឆាប់ៗ» ។
តាមរយៈព័ត៌មានដែលផ្តល់ឱ្យដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា គិតត្រឹមថ្ងៃទី៦ ឧសភានេះ សមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារត្រូវចាញ់បោកលុយអស់ចំនួន ៦៥៥.២០០រៀល។
លើសពីនេះទៀត រូបភាពនៃការឆបោកទាំង៤ករណីតាមរូបភាពនេះ គឺតាមរយៈការអូសទាញឱ្យបង់វិភាគទាន និងមានករណីផ្សេងទៀត ប៉ុន្តែជនឆបោក បោកប្រាស់មិនបានសម្រេច នៅពេលសមាជិក បានសួរព័ត៌មានមកបេឡាជាតិរបបសន្តិសុខសង្គមមុន និងទាន់ពេលវេលា។ភ្លាមៗ ការផ្ទេរសាច់ប្រាក់តាមរយៈប្រព័ន្ធប្រតិបត្តិការ ធនាគារ អេស៊ីល៉ីដា ក៏ត្រូវជាប់គាំង។
ទាក់ទិនរឿងនេះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា ថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។
បេឡាជាតិសន្តិសុខសង្គមបញ្ជាក់បន្ថែមតាមន័យដើមថា៖ «ក្នុងករណីមានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយ សូមលោកអ្នកខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page ប.ស.ស. ឬតាមរយៈ Telegram Group ផ្លូវការរបស់ ប.ស.ស. »។
យ៉ាងនេះក្តី គេហទំព័រ Newroom Cambodia នៅមិនទាន់ស្វែងរកការឆ្លើយតបជុំវិញករណីនេះ ពីសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)បាននៅឡើយទេ គិតត្រឹមថ្ងៃទី៦ ឧសភានេះ។
ចំណែក អ្នកប្រឹក្សាយោបល់ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថាករណីឆបោកនេះស្ថាប័នជំនាញមានក្រសួងមហាផ្ទៃជាដើម គួរសិក្សាស្វែងយល់ឱ្យបានល្អិតល្អន់ ដើម្បីកំណត់មុខសញ្ញាជនល្មើស។ជាងនេះទៀត ត្រូវរកឃើញថាតើក្រុមនេះមានចេតនាបែបណា ក្នុងការឆបោក ដែលជាករណីថ្មីមួយទៀត ឈានដល់មន្រ្តីរដ្ឋាភិបាលបែបនេះកើត។
លោកបន្តថា៖ «ខ្ញុំគិតថាអាជ្ញាធរគួរតែចាត់វិធានការគួរតែធើ្វការ ស៊ើបអង្កេតស៊ីជម្រៅដើម្បីពិនិត្យមើលទៅលើបញ្ហាទាំងអស់ហ្នឹងតើបញ្ហាទាំងអស់ហ្នឹងវាកើតឡើង បានយ៉ាងមិចហើយអ្វីជាចេតនាក្រុមដែលបានរៀបចំផែនការលម្អិតនឹងស៊ីជម្រៅបែបហ្នឹងបាទ»។
បេឡាជាតិរបបសន្តិសុខសង្គម បានចេញសារអប់រំ ដោយបញ្ជាក់ថាសម្រាប់សមាជិក ប.ស.ស. ដែលជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ «ប.ស.ស.» បង់ភាគទានស្វ័យនិយោជន៍ ឬជាភាសាអង់គ្លេស “NSSF Self Employed” ។ក្រៅពីនេះប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចការណែនាំនេះទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ។ករណីនេះ អាចការឆបោករបស់ក្រុមជនអនាមិក៕