ប្រជាពលរដ្ឋដែលរត់ភាសន៍ខ្លួនចូលព្រៃពីការតាមប្រមាញ់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុង​​ជ​​ម្លោះ​​ដីធ្លីនៅ​​​ខេ​ត្តព្រះវិហារ បានចាក់ចេញពីព្រៃមកវិញហើយ ប៉ុន្តែពួកគេអះអាងថាក្រុមអ្នកតស៊ូមតិដើ​ម្បីដីធ្លី​នៅ​តែ​​ត្រូវរង់ការគំរាមកំហែងតាមចាប់ខ្លួននៅឡើយ។

ពលរដ្ឋដែលអះអាងថារងគ្រោះនៅស្រុកគូលែន ខេត្តព្រះវិហារ លោក ចឹក វ៉ាត លើកឡើងនៅថ្ងៃនេះថា អាជ្ញាធរមិនទាន់បញ្ឈប់តាមចាប់ខ្លួនប្រជាពលរដ្ឋនៅឡើយនោះទេ។លោកស្នើឱ្យអាជ្ញាធរបញ្ឃប់ការចោទប្រ​​កា​ន់​​ម​កលើប្រជាពលរដ្ឋ និងរៀបចំកន្លែងសមស្របជូនពួកគេដែលរងគ្រោះដោយដីធ្លីវិញផង។

លោកបន្តថា៖ « ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយរៀបចំដីធ្លីឱ្យប្រជាពលរដ្ឋ និងសូមកុំឱ្យមានការតាមដាន ឈប់ចោទប្រកាន់មកលើប្រជាពលរដ្ឋទៅ សម្រាប់ខ្ញុំផ្ទាល់ចោទថាខ្ញុំមានគ្រឿងញៀន មានគ្រាប់បែកមានអី ថាខ្ញុំមេប៉ះបោរ មេអី ខ្ញុំមេប៉ះបោរអីខ្ញុំ ខ្ញុំអត់មានគ្រឿងញៀន មានគ្រាប់បែកអីហ្នឹង ខ្ញុំគ្មានទេ ឈប់ចោទខ្ញុំទៅ ខ្ញុំអ្នកអត់អ្នកឃ្លានទេ »។

ស្រដៀងគ្នានេះដែរ ពលរដ្ឋរងគ្រោះនៅខេត្តព្រះវិហារម្នាក់ទៀត អ្នកស្រី ច្រឹប បានឱ្យដឹងនៅពីព្រឹកថ្ងៃទី៦ ខែឧសភា នេះថា អ្នកស្រីមិនបានទៅរស់នៅកន្លែងដើមរបស់អ្នកស្រីវិញទេ  ក្រោយវិលត្រឡប់ពីការលាក់ខ្លួ​ននៅ​​ក្នុ​ង​ព្រៃមួយរយៈពេលកន្លងទៅនេះ។អ្នកស្រីបន្តថា ក្រុមអ្នករត់ភាសន៍ខ្លួនសុទ្ធតែ​មិនអាចចូលស្រុកកំណើ​តវិ​​ញ​​​​បាន ដោយអាជ្ញាធរចោទប្រកាន់ថា​មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ជាពិសេសដីផ្ទះរបស់អ្នកស្រី​មាន​​ទំ​ហំ​ធំផង ហេតុនេះគឺជាមុខសញ្ញាដែលត្រូវគេចោទ និងបិទផ្លូវមិនឱ្យវិលចូលស្រុកវិញកើត។

បើតាមអ្នកស្រី ច្រឹប ដោយគ្មានជម្រើសណាដែលល្អជាងនេះ និងដើម្បីសុវត្ថិភាពផង រូបគេសុខចិត្តស្វែ​ងរក​​កា​​រ​ងា​រធ្វើនៅទីតាំងផ្សេងវិញ ខណៈអ្នកភូមិផ្សេងទៀតក៏ត្រូវបង្ខំចិត្តធ្វើជនអន្តប្រវេសន៍ទៅស្រុកថៃក៏មានដែរ។

អ្នកស្រីបន្តថា៖ « ផ្ទះខ្ញុំធំជាងគេ គេអត់ឱ្យខ្ញុំចូលវិញទេ ខ្លាចខ្ញុំទាមទារផ្ទះសម្បែងខ្ញុំមកវិញ បើសិនជាគេដោះដូរឱ្យខ្ញុំ ដីកន្លែងណាក៏ខ្ញុំយកដែរ ខ្ញុំសំណូមពរឱ្យបានដីផ្ទះខ្ញុំវិញឱ្យបានរស់នៅសមរម្យ និងសូមឈប់តាមចា​ប់​ខ្ញុំទៀតទៅ ព្រោះខ្ញុំមិនបានប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្តែគាត់មិនមានដំណោះស្រាយអីបានខ្ញុំសូម បើខ្ញុំមិ​នក្រោកឈរ ខ្ញុំពឹងអី ខ្ញុំអស់គ្មានសល់អ្វីទេ »។

កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២៣ សាលាដំបូងខេត្ត​ព្រះវិហារ​បាន​ដោះលែង​ពលរដ្ឋ​ប្រមាណ៣០ នាក់ ឱ្យ​​នៅ​​​ឃុំបណ្តោះអាសន្ន។ការផ្តល់សេរីភាពដែលស្ថិតក្រោមការរិះគន់ ដ៏ចម្រូងចម្រាស់​ពីក្រុមអង្គការមិនមែន​​រដ្ឋា​​​ភិបា​លនេះ ក្រោយអ្នកភូមិ ត្រូវឃុំខ្លួនជាង១ខែនៅក្នុងពន្ធនាគារខេត្តព្រះវិហារ។

ពលរដ្ឋដែលទំនាស់ដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច(Seila Damex) ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចោទប្រកាន់ថា អាជ្ញាធរបានចុះបង្រ្កាប់ ដុតផ្ទះសំបែង និងបណ្តេញពួកគេចេញដោយបង្ខំ កា​​ល​ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ក៏ប៉ុន្តែ កាលពីថ្ងៃទី១២ មីនា អភិបាលខេត្តព្រះវិហារលោគ គីម រឹទ្ធី បានប្រ​​កា​​ស​កាត់ឆ្វេលដីជាង១ពាន់ហិកតារ និងធ្វើប្លង់រឹងជូនពលរដ្ឋ១៥០គ្រួសារ។បើទោះបែបណា ការប្រកា​​ស​​ផ​ង និងបង្ហោះតាមទំព័រហ្វេសប៊ុកនេះ មិនដឹងថាតើដីទំហំជាង១ពាន់ហិកតារ នៅក្បែរដីក្រុមហ៊ុន សិលា​ដា​​ម៉ិ​​ច ដែលរដ្ឋបាលខេត្តកាត់ឆ្វេលនោះ ក្រុមពលរដ្ឋដែលរងការបង្រ្កាប់ដោយហិង្សា អាចនឹងទទួល​​បានដែ​​រឬ​​យ៉ា​ងនោះទេ។

មិនខុសគ្នាទេ ពលរដ្ឋម្នាក់ទៀតដែលថ្លែងសុំមិនបញ្ជេញឈ្មោះ ហើយធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនដែរឱ្យដឹងថារូបលោកមិនបានទៅរស់នៅផ្ទះដូចមុនទៀតនោះទេ ព្រោះអាជ្ញាធរហាមឃាត់មិនឱ្យចូល ហើយបច្ចប្បន្ន​​លោ​​​​ករស់នៅខេត្តផ្សេងមួយទៀតដើម្បីមានសុវត្ថិភាព។

លោកបន្តថា៖ « អត់ឱ្យយើងទៅរស់នៅលើដីនោះទៀតទេ ប្រសិនបើយើងទៅទៀត គេនឹងចាប់យើងទៅវិញហើយ គេនឹងបូកទោសយើងដែលព្យួរទុកហ្នឹងហើយអត់ឱ្យយើងមានសកម្មភាពចូលរួមផ្តល់ជាសារព័ត៌មាន អត់ឱ្យខមិនលើវិដេអូពាក់ព័ន្ធ បើមិនអីចឹងទេ គេគំរាមយើងថានឹងចាប់យើងទៅវិញ »។

លើសពីនេះ លោកស្នើឱ្យរដ្ឋាភិបាលផ្តល់ជាដីកម្មសិទ្ធិផ្ទាល់ខ្លួនសម្រាប់រូបលោកអាចស្នាក់នៅបានសមរម្យ​ ដូ​​ច​​​មុនវិញផង។

លោកបន្តថា៖ « ឱ្យរាជរដ្ឋាភិបាលជួយយកចិត្តទុកដាក់ សម្រាប់អ្នកដែលមានបញ្ហាបង្ក្រាបដីហ្នឹង សូមឱ្យគាត់ផ្តល់ដីកន្លែងណាមួយមិនមែនជាដីដែលបង្ក្រាបលើកមុន សម្រាប់ពួកយើងទាំងអស់គ្នា ដោយសារពួកយើងទាំងអស់គ្នានេះ គឺអត់មានពិតប្រាកដមែន អាជ្ញាធរក៏គាត់បានដឹងលឺ ក៏គាត់ទទួលស្គាល់ សូមឱ្យមានដីកម្មសិទ្ធិមានផ្ទះសម្បែង កម្មសិទ្ធផ្ទាល់ខ្លួនឱ្យកក់ក្តៅ »។

ពលរដ្ឋដែលរត់ភាសន៍ខ្លួនចូលព្រៃ គេចចេញពីការតាមប្រមាញ់របស់អាជ្ញាធរ បានអះអាងថាពួកគេបានវិលត្រ​​ឡប់ចូលស្រុកវិញអស់ហើយ ប៉ុន្តែអ្នកទាំងនោះមិនបានទៅតាំងទីលំនៅក្នុងភូមិកំណើតវិញទេ។អ្នកខ្លះខ្វែ​​ង​រកការងារធ្វើនៅកន្លែងផ្សេង ហើយអ្នកខ្លះទៀតចាក់ចេញទៅប្រទេសជិតខាងកម្ពុជាជាដើម។

បើទោះជាបែបណា អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី ចោទប្រកាន់ពលរដ្ឋដែលរងកា​របង្រ្កាប់​កាល​ពី​​​ដើមខែ មីនាថាគឺសុទ្ធតែអ្នកមកតាំងទីលំនៅខុសច្បាប់។មិនតែប៉ុណ្ណោះពួកគេ មានដីធ្លី និងលំនៅឋាន​ពិ​ត​ប្រា​កដរួចទៅហើយ ប៉ុន្តែនេះគឺជាក្រុមចលនាប៉ះបោរ និងបំផុសឱ្យមានសកម្មភាពប្រឆាំងអាជ្ញាធរ។

លោកបន្តថា៖ «ពលរដ្ឋទាំងនោះមិនមែនអត់ដីធ្លីទេ គាត់មានផ្ទះមានសម្បែងត្រឹមត្រូវ ហើយគាត់សុទ្ធតែអា​​ណាធិបតេយ្យមកតាមពួកដែលបំបះបំបោរឱ្យពួកគាត់មកចាប់ដី យកដីដែលជាដីរដ្ឋចុះបញ្ជីរួចហើយ អីចឹងគាត់អត់មានត្រូវការមកទារសំណង ទារអីខាងយើងទេ ព្រោះពួកគាត់សុទ្ធតែមានដី មានធ្លីនៅស្រុកកំណើតពួកគាត់អស់ហើយ […] គាត់មករំលោភបំពានដីរដ្ឋដែលបានចុះបញ្ជីរួចហើយ មិនមែនគាត់សុខៗ ដើរមកយកដីគ្រប់គ្នា​ អីចឹងប្រទេសជាតិលែងមានច្បាប់អស់ហើយ យើងត្រូវការអនុវត្តច្បាប់ទាំងអស់គ្នា ហើយគាត់សុទ្ធតែមានផ្ទះសម្បែងរបស់គាត់ត្រឹមត្រូវនៅស្រុកកំណើតរបស់គាត់ » ។

សម្រាប់ នាយក​ប្រតិបត្តិ​ នៃអង្គការ​ពន្លក​ខ្មែរ ប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ ប្រាប់គេហទំព័រ Ne​​w​s​r​oom Cambodia ថាប្រជាពលរដ្ឋដែលត្រូវបានដោះលែងដោយអាជ្ញាធរ មិនបានទៅរស់នៅលើទឹកដីរបស់ខ្លួននោះទេ ព្រោះទីតាំងនោះត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលទៅរស់នៅ ហើយលោកក៏មិនដឹងថាអា​​ជ្ញា​ធរដោះស្រាយដីនៅតំបន់ណាដោះដូរជូនពួកគាត់នោះដែរ។លោកថាអាជ្ញារធរគួរស្វែងរកកន្លែងណាសមរម្យជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋទាំងនោះគ្មានទីពឹងនោះទេ។

លោកបន្តថា៖ « បើបានដោះលែងពួកគាត់ទាំងអស់នោះហើយ គួរតែលៃលករកមើលដីសម្បទានសង្គមកិច្ចណាមួយដែលអាចផ្តល់ឱ្យគាត់រស់នៅបានក្រៅពីជម្លោះហ្នឹង ដើម្បីកុំឱ្យពួកគាត់ប្រឈមទាំងសងខាង ទោះ​​បីថាគាត់មកពីខេត្តផ្សេងក៏ដោយ ក៏អាជ្ញាធរខេត្តផ្សេងបានចាត់ទុកពួកគាត់រស់នៅខេត្តផ្សេងរួចទៅហើយ ហើ​​​​យអាជ្ញាធរខេត្តព្រះវិហារក៏បានចាត់ទុកប្រជាពលរដ្ឋមកពីខេត្តផ្សេង ដូច្នេះពួកគាត់រារែកទាំងសង​​ខាង ត្រូវ​​​បានគេទាត់ចោលទាំងសងខាង អត់មានទីលំនៅអីស្នាក់នៅ »​។

អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កងកម្លាំង​ប្រ​​ដាប់​អាវុធ​មួយ​ក្រុម ​ដូចជា​កង​រាជ​អាវុធហត្ថ​ ​និង​មន្ត្រី​នគរបាល​ជាច្រើន​នាក់​ ​រួម​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួ​​យ​​ចំនួន​ ​បាន​ប្រមូលផ្តុំ​គ្នា​​ ​ដើម្បី​ការ​ពារ​​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​ហើយបាន​បាញ់​គ្រា​​ប់​​​ពិតប្រឆាំងអ្នកភូមិ​ និង​ចាប់​ខ្លួន​ពលរដ្ឋ​មួយ​ចំនួនថែមទៀត៕