អង្គការសង្គមស៊ីវិល និងក្រុមយុវជនចំនួន ២៥នាក់ បានធ្វើយុទ្ធនាការជិះកង់ចម្ងាយជិត ១ពាន់គីឡូម៉ែត្រ ដោយផ្តើមចេញពីខេត្តរតនៈគិរី ទៅកាន់ខេត្តកំពត ដើម្បីជំរុញឱ្យពលរដ្ឋនិងអាជ្ញាធរត្រូវថែទាំបរិស្ថាននិងការពារធនធានធម្មជាតិ ជាពិសេសត្រៀមខ្លួនក្នុងការទប់ស្កាត់និងបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ។
យុទ្ធនាការជិះកង់នេះ បានធ្វើឡើងស្របពេលដែលអង្គការសង្គមស៊ីវិលចំនួន ១៣ស្ថាប័ន និងក្រុមយុវជនប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា រហូតដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី «សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ដែលចូលរួមយុទ្ធនាការនេះ មានប្រសាសន៍នៅថ្ងៃទី០៦ ខែឧសភានេះថា ការបង្កើតឱ្យមានព្រឹត្តការណ៍ជិះកង់នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់ពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងផ្លូវដែលក្បួនកង់ឆ្លងកាត់ ឱ្យចូលរួមការពារបរិស្ថាន និងការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ ហើយក៏ជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតពាក់ព័ន្ធនឹងការការពារបរិស្ថាន។
លោកថា៖ «បញ្ហាបរិស្ថានស្រុកខ្មែររាល់ថ្ងៃ ព្រៃឈើគេកាប់ច្រើនណាស់ រ៉ែមាសក៏គេជីក កម្ដៅក៏ក្ដៅ សីតុណ្ហភាពកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាសំរាមបញ្ហាអីច្រើន។ ចឹងអាហ្នឹង វាជាកត្តាលីករដែលនាំឱ្យយើងនាំគ្នាធ្វើយុទ្ធនាការនេះឡើង»។
លោក គឹមហុង បន្តថា ការជិះកង់ជានិមិត្តសញ្ញានៃការមិនបញ្ចេញឧស្ម័នពុលផ្សេងៗ ទៅកាន់បរិយាកាស ហើយវាក៏បានបង្ហាញអំពីការតាំងចិត្តខ្ពស់ ក្នុងការការពារបរិស្ថានរបស់ក្រុមយុវជនឱ្យសាធារណជនបានឃើញផងដែរ។
បន្ទាប់ពីបញ្ចប់ព្រឹត្តការណ៍ជិះកង់នេះ លោករំពឹងថា អាជ្ញាធរនឹងបើកលម្ហសិទ្ធិក្នុងការចូលរួមការពារបរិស្ថានឱ្យបានទូលំទូលាយជាងនេះ ហើយសាធារណជនគួរបង្កើនការទទួលខុសត្រូវលើកិច្ចការពារបរិស្ថាន និងទប់ស្កាត់កត្តាដែលនាំឱ្យប្រែប្រួលអាកាសធាតុផងដែរ។
យុវតីមួយរូបដែលចូលរួមក្នុងយុទ្ធនាការជិះកង់នេះដែរ កញ្ញា ដាំ សុស្រីនាង មានវ័យ ២៤ឆ្នាំ បានជំរុញដល់យុវជនដទៃទៀត ហ៊ានចូលរួមក្នុងសកម្មភាពផ្សេងៗដើម្បីការពារបរិស្ថាន។
កញ្ញានិយាយថា៖ «ខ្ញុំសង្ឃឹមថាទី១ បងប្អូនប្រជាជនគ្រប់គ្នា គាត់នឹងចូលរួមម្នាក់បន្តិចដើម្បីជាចំណែកក្នុងការការពារធនធានធម្មជាតិ។ ឧទាហរណ៍ យុវជនសកម្ម ឬសកម្មជន គាត់ចុះទៅស្រាវជ្រាវ ហើយគាត់បានជាព័ត៌មានអីមកផ្សព្វផ្សាយមក ប្រជាជនផ្សេងទៀត យុវជនផ្សេងទៀត គាត់គួរហ៊ានចែករំលែកទៅកាន់អ្នកផ្សេងទៀតចឹង»។
កំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំ២០២៤ ក្រៅពីព្រឹត្តិការណ៍ជិះកង់នេះ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជន ក៏នឹងមានការរៀបចំការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការជួបជុំគ្នានៅតាមសហគមន៍ ការដាំកូនឈើ និងដើមកោងកាងផងដែរ។ អង្គការសង្គមស៊ីវិលទាំងនោះ គ្រោងប្រារព្ធវេទិកាបរិស្ថានជាទ្រង់ទ្រាយធំ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅឯរាជធានីភ្នំពេញផងដែរ។
យុវនិសិត្សប្លាសិ្ទកដែលដើរប្រមូលសំរាមគ្រប់ទិសទីនៃរាជធានីភ្នំពេញ លោក ហែម សុផេម វ័យ ២២ឆ្នាំ បានស្នើឱ្យប្រជាពលរដ្ឋ កុំចោលសំរាមពាសវាសពាសកាល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីភាពថ្លៃថ្នូរបស់សង្គមជាតិ។
លោកនិយាយថា៖ «សូមគិតឡើងវិញ អាហ្នឹងជាទឹកដីរបស់យើង ជាមាតុភូមិរបស់យើង ទុកដាក់ [សំរាម] ឱ្យបានត្រឹមត្រូវ ដើម្បីមុខមាត់ប្រទេសជាតិយើង ដើម្បីភាពថ្លៃថ្នូរប្រជាពលរដ្ឋយើង»។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា កាលពីពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ និងគោលដៅនានា ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រួមទាំងការវេចខ្ចប់និងទុកដាក់សំរាមឱ្យត្រឹមត្រូវ។
យុទ្ធនាការកាត់បន្ថយប្លាស្ទិករបស់រាជរដ្ឋាភិបាល លោកថា មានមនុស្សចូលរួមជិត ៨លាននាក់ ក្នុងនោះមានគ្រូនិងសិស្សជាង ៣លាន៤សែននាក់ ហើយពួកគេបានចូលរួម និងប្ដេជ្ញាចិត្តថា មិនប្រើថង់ប្លាស្ទិកយ៉ាងតិចមួយថ្ងៃក្នុងមួយសប្ដាហ៍។
សម្រាប់ទិវាបរិស្ថានពិភពលោកនាពេលខាងមុខនេះ អ្នកនាំពាក្យរូបនេះ ក៏បានឱ្យដឹងដែរថា ក្រសួងនឹងមានការរៀបចំពិធីនៅខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែមិថុនា និងមនុស្សចូលរួមប្រមាណ ១ ០០០នាក់ ដោយគ្រោងធ្វើការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក និងមានការដាំដើមឈើផងដែរ។ លោកបន្តទៀតថា កម្ពុជាក៏នឹងមានទិវាជីវៈចម្រុះ ដែលគ្រោងធ្វើនៅខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែឧសភានេះដែរ។
លោកថា៖ «គម្រោងរបស់យើងគឺអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ជំរុញឱ្យមានការដាំដើមឈើឱ្យបានច្រើន»។ បន្ថែមពីលើនេះ លោកថា ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការទប់ស្កាត់កុំឱ្យមានសំរាមហូរចូលទន្លេសាប តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិកកុំឱ្យមាននៅតាមដងព្រែកដែលអាចហូរចូលទន្លេ និងការបង្ហូរទឹកកខ្វក់ដែលចេញពីរោងចក្រឧស្សាហកម្ម។ លោកបន្ថែមទៀតថា ក្រសួងក៏បានចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលសំរាមតាមដងទន្លេសាបចាប់ពីរាជធានីភ្នំពេញ ដល់ក្រុងតាខ្មៅ ហើយសំរាមប្រមូលបាន គឺត្រូវយកទៅដុតកម្ទេចចោល ហើយបង្កើតទៅជាថាមពល រួមនិងសកម្មភាពផ្សេងៗទៀត ដើម្បីកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ៕