អង្គការសង្គមស៊ីវិល និងក្រុមយុវជនចំនួន ២៥នាក់​ បានធ្វើ​​យុទ្ធនាការជិះកង់ចម្ងាយជិត ១ពាន់គីឡូម៉ែត្រ ដោយផ្តើម​ចេញពីខេត្តរតនៈគិរី ទៅ​កាន់​ខេត្តកំពត ដើម្បីជំរុញឱ្យពលរដ្ឋនិងអាជ្ញាធរត្រូវថែទាំបរិស្ថាននិងការពារធនធានធម្មជាតិ ជាពិសេសត្រៀមខ្លួនក្នុងការទប់ស្កាត់និងបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ។

យុទ្ធនាការ​ជិះកង់នេះ បានធ្វើឡើង​ស្របពេលដែល​​​​អង្គការសង្គមស៊ីវិលចំនួន ១៣ស្ថាប័ន និងក្រុមយុវជន​ប្រារព្ធ​ទិវា​​​បរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា រហូតដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី «សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»

ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ដែលចូលរួមយុទ្ធនាការ​នេះ មានប្រសាសន៍នៅថ្ងៃទី០៦ ខែឧសភា​នេះ​ថា ការបង្កើតឱ្យមានព្រឹត្តការណ៍ជិះកង់​នេះឡើង ក្នុង​គោល​បំណងផ្សព្វផ្សាយដល់ពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងផ្លូវដែលក្បួនកង់ឆ្លងកាត់ ឱ្យចូលរួមការពារបរិស្ថាន និងការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ ហើយក៏ជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតពាក់ព័ន្ធនឹងការការពារបរិស្ថាន។

លោក​ថា«បញ្ហាបរិស្ថានស្រុកខ្មែររាល់ថ្ងៃ ព្រៃឈើគេកាប់ច្រើនណាស់ រ៉ែមាសក៏គេជីក កម្ដៅក៏ក្ដៅ សីតុណ្ហភាពកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាសំរាមបញ្ហាអីច្រើន។ ចឹងអាហ្នឹង វាជាកត្តាលីករដែលនាំឱ្យយើងនាំគ្នាធ្វើយុទ្ធនាការនេះឡើង»។

លោក គឹមហុង បន្ត​ថា ការជិះកង់ជានិមិត្តសញ្ញានៃការមិនបញ្ចេញឧស្ម័នពុលផ្សេងៗ ទៅកាន់បរិយាកាស ហើយ​វាក៏បានបង្ហាញអំពីការតាំងចិត្តខ្ពស់ ក្នុងការការពារបរិស្ថានរបស់ក្រុមយុវជនឱ្យសាធារណជនបានឃើញផងដែរ។

បន្ទាប់ពីបញ្ចប់ព្រឹត្តការណ៍ជិះកង់នេះ លោក​រំពឹង​ថា អាជ្ញាធរនឹងបើកលម្ហសិទ្ធិក្នុងការចូលរួមការពារបរិស្ថានឱ្យបានទូលំទូលាយជាងនេះ ហើយសាធារណជនគួរបង្កើនការទទួលខុសត្រូវលើកិច្ចការពារបរិស្ថាន និងទប់ស្កាត់កត្តាដែលនាំឱ្យប្រែប្រួលអាកាសធាតុផងដែរ។

យុវតីមួយរូបដែលចូលរួមក្នុងយុទ្ធនាការជិះកង់នេះដែរ កញ្ញា ដាំ សុស្រីនាង មានវ័យ ២៤ឆ្នាំ បានជំរុញ​ដល់​​យុវជនដទៃទៀត ហ៊ានចូល​រួមក្នុង​​សកម្មភាពផ្សេងៗ​ដើម្បីការពារបរិស្ថាន។

កញ្ញានិយាយថា៖ «ខ្ញុំសង្ឃឹមថាទី១ បងប្អូនប្រជាជនគ្រប់គ្នា គាត់នឹងចូលរួមម្នាក់បន្តិច​ដើម្បីជាចំណែកក្នុងការការ​ពារ​ធន​ធាន​ធម្មជាតិ។ ឧទាហរណ៍ យុវជនសកម្ម ឬសកម្មជន គាត់ចុះទៅស្រាវជ្រាវ ហើយគាត់បានជាព័ត៌មានអីមកផ្សព្វផ្សាយមក ប្រជាជនផ្សេងទៀត យុវជនផ្សេងទៀត គាត់គួរ​ហ៊ានចែករំលែកទៅកាន់អ្នកផ្សេងទៀតចឹង»។

កំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំ២០២៤ ក្រៅពីព្រឹត្តិការណ៍ជិះកង់នេះ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជន ក៏នឹងមានការរៀបចំការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការជួបជុំគ្នានៅតាមសហគមន៍ ការដាំកូនឈើ និងដើមកោងកាងផងដែរ។ អង្គការសង្គមស៊ីវិលទាំងនោះ គ្រោងប្រារព្ធវេទិកាបរិស្ថានជាទ្រង់​ទ្រាយធំ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅឯរាជធានីភ្នំពេញផងដែរ។

យុវនិសិត្សប្លាសិ្ទកដែលដើរប្រមូលសំរាមគ្រប់ទិសទីនៃរាជធានីភ្នំពេញ លោក  ហែម សុផេម វ័យ ២២ឆ្នាំ បានស្នើឱ្យប្រជាពលរដ្ឋ កុំចោលសំរាមពាសវាសពាសកាល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីភាពថ្លៃថ្នូរបស់សង្គមជាតិ។

លោក​និយាយ​ថា៖ «សូមគិតឡើងវិញ អាហ្នឹងជាទឹកដីរបស់យើង ជាមាតុភូមិរបស់យើង ទុកដាក់ [សំរាម] ឱ្យបានត្រឹម​ត្រូវ ដើម្បីមុខមាត់ប្រទេសជាតិយើង ដើម្បីភាពថ្លៃថ្នូរប្រជាពលរដ្ឋយើង»។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា កាលពីពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ និងគោលដៅនានា ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រួមទាំងការវេចខ្ចប់និងទុកដាក់សំរាមឱ្យត្រឹមត្រូវ។

យុទ្ធនាការកាត់បន្ថយប្លាស្ទិករបស់រាជរដ្ឋាភិបាល លោកថា មានមនុស្សចូលរួមជិត ៨លាននាក់ ក្នុងនោះមានគ្រូនិងសិស្សជាង ៣លាន៤សែននាក់ ហើយ​ពួកគេ​បានចូលរួម និងប្ដេជ្ញាចិត្តថា​ មិនប្រើថង់ប្លាស្ទិកយ៉ាងតិចមួយថ្ងៃក្នុងមួយសប្ដាហ៍។

សម្រាប់​ទិវាបរិស្ថានពិភពលោកនា​ពេល​ខាងមុខនេះ អ្នកនាំពាក្យ​រូបនេះ ក៏បានឱ្យដឹងដែរ​​ថា ក្រសួងនឹងមានការរៀបចំពិធី​នៅខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែមិថុនា និងមនុស្សចូលរួមប្រមាណ ១ ០០០​នាក់ ដោយគ្រោងធ្វើការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក និងមានការដាំដើមឈើផងដែរ។ លោកបន្តទៀតថា កម្ពុជាក៏នឹងមានទិវាជីវៈចម្រុះ ដែលគ្រោងធ្វើនៅខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែឧសភានេះដែរ។

លោក​ថា៖ «គម្រោងរបស់យើងគឺអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ជំរុញឱ្យមានការដាំដើមឈើឱ្យបានច្រើន»។ បន្ថែមពីលើនេះ លោកថា ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការទប់ស្កាត់កុំឱ្យមានសំរាមហូរចូលទន្លេសាប តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិកកុំឱ្យមាននៅតាមដងព្រែកដែលអាចហូរចូលទន្លេ និងការបង្ហូរទឹកកខ្វក់ដែលចេញពីរោងចក្រឧស្សាហកម្ម។ លោក​បន្ថែមទៀតថា ក្រសួង​ក៏បានចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល​ ដើម្បីប្រមូលសំរាមតាមដងទន្លេសាបចាប់​ពីរាជធានីភ្នំពេញ ​ដល់ក្រុងតាខ្មៅ ហើយសំរាមប្រមូលបាន គឺត្រូវយកទៅដុតកម្ទេចចោល ហើយបង្កើតទៅជាថាមពល រួមនិងសកម្មភាពផ្សេងៗទៀត ដើម្បីកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ៕