ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ចំនួន៥០ស្ថាប័ន ស្នើឱ្យមានដោះលែង ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត ឱ្យមានសេរីភាពវិញ និងបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើពួកគេ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ ស្តីពី ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសសាលដីការបស់តុលាការកំពូល ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសអតីតនិងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ហើយមកដល់ពេលនេះ អាជ្ញាធរ និងតុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនពួកគេនៅឡើយ។
ករណីនេះ ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ ស្នើដល់អាជ្ញាធរដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទផ្សេងទៀត អាចរស់នៅដោយមិនមានការភ័យខ្លាចពីការចាប់ដាក់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ។
សេចក្តីថ្លែងការណ៍រួមនោះ បញ្ជាក់ថា៖ «នេះគឺជាមធ្យោបាយមួយចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយចំពោះការចោទប្រកាន់ និងការធ្វើទុក្ខបុកម្នេញដោយមិនត្រឹមត្រូវ ទៅលើសមាជិកសហជីពមួយចំនួន ដែលកំពុងតស៊ូមតិដើម្បីសិទិ្ធកម្មករ។ អាជ្ញាធរត្រូវតែគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិត និងឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីព ជាបទល្មើសព្រហ្មទណ្ឌ»។
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូល បានប្រកាសសាលដីកា ដោយតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទចំនួន ៨រូប ដែលជាអតីត និងបច្ចុប្បន្នថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏។ អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ១ឆ្នាំ ដល់ ២ឆ្នាំ ហើយក្នុងនោះកញ្ញា ឈឹម ស៊ីថរ ជាជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារ។
សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល យល់ថា ការសម្រេចរបស់តុលាការកំពូល នឹងធ្វើឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគារដដែល និងអាចធ្វើឱ្យអាជ្ញាធរចាប់បញ្ជូនខ្លួនជនជាប់ចោទចំនួន ៥នាក់ផ្សេងទៀត ទៅកាន់ពន្ធនាគារភ្លាមៗ។
បើតាមសេចក្តីថ្លែងការណ៍រួម ក្រៅពីទទួលរងការរំលោភបំពានតាមរយៈប្រព័ន្ធតុលាការ សមាជិក និងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៏ ក៏ទទួលរងការរំលោភបំពានតាមគ្រប់រូបភាពពីកងសន្តិសុខ និងអាជ្ញាធររាជធានីភ្នំពេញ ហើយសកម្មភាពទាំងនេះ បានបង្ហាញថាអាជ្ញាធរព្យាយាមបំភិតបំភ័យ គំរាមកំហែង រំលោភបំពាន និងធ្វើទុក្ខបុកម្នេញលើកូដករដែលធ្វើកូដកម្មដោយអហិង្សា ជាជាងជួយដោះស្រាយបញ្ហាដែលសហជីព និងសហព័ន្ធសហជីពកំពុងជួបប្រទះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារល្អប្រសើរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក ទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការជាតិនិងអន្តរជាតិ ក៏បានទាមទារដល់តុលាការ និងរដ្ឋាភិបាល ដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ផ្សេងទៀតផងដែរ ដោយពួកគេមើលឃើញសកម្មភាពរបស់ពួកគេធ្វើឡើងដើម្បីសិទ្ធិការងារ និងសហជីព។
លោកបន្តថា ដើម្បីជៀសវាងការរិះគន់ធ្ងន់ធ្ងរបន្ថែមទៀត រដ្ឋាភិបាល គួររកមធ្យោបាយសមស្របណាមួយ ដើម្បីដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៏ផ្សេងទៀតឱ្យមានសេរីភាពពេញលេញឡើងវិញ។
លោកលើកឡើងថា៖ «សាលដីកាតុលាការកំពូលជាសាលដីកាចុងក្រោយ និងបិទផ្លូវតវ៉ាតាមនីតិវិធីតុលាការ ប៉ុន្តែក៏នាំឱ្យមានការរិះគន់ថាសាលដីកានេះ ជាសារមួយជះឥទ្ធិពលមិនល្អសម្រាប់សិទ្ធិមេដឹកនាំសហជីព សមាជិកសហជីព និងសិទ្ធិការងារ របស់សហជីពណាហ្គាវើលដ៏ ក៏ដូចសហជីពផ្សេងទៀត ដែលគេអាចចាត់ទុកថាជាការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ និងបំភិតបំភ័យដល់មេដឹកនាំសហជីពណាហ្គាវើលដ៏ និងសិទ្ធិការងារ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល និងលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅថ្ងៃចន្ទនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល គឺជាសិទ្ធ និងសេរីភាពរបស់ពួកគេ ប៉ុន្តែការទាមទារឱ្យដោះលែងជនជាប់ចោទណាម្នាក់នោះ ជារឿងដែលមិនគប្បី។
លោកលើកឡើងថា៖ «ការចេញសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល គឺជាសិទ្ធរបស់គាត់ ថ្លែងការណ៍អ្វីក៏បានដែរ ឱ្យតែស្ថិតនៅក្រមខណ្ឌច្បាប់ ប៉ុន្តែការចេញសេចក្តីថ្លែងការណ៍ ហើយទាមទារឱ្យដោះលែងអ្នកនេះ ដោះលែងអ្នកនោះ គឺជារឿងមួយដែលមិនគួរគប្បី ពីព្រោះការកាត់សេចក្តីរឿងអ្នកណាមានទោស អ្នកណាមិនមានទោស ត្រូវចោទប្រកាន់ ឬត្រូវដោះលែង ជាឆន្ទានុសិទ្ធរបស់តុលាការតែម្នាក់គត់ អត់មាននរណាមកអាចបញ្ជាតុលាការបានទេ ចឹងសូមឱ្យអង្គការសង្គមស៊ីវិលមើលចំណុចហ្នឹងផង»។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ក៏បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ដោយបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence ពាក់ព័ន្ធនឹងការតម្កល់បទចោទប្រកាន់លើ កញ្ញា ឈឹម ស៊ីថរ របស់តុលាការកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍ព័ត៌មានបន្តថា កញ្ញា ឈឹម ស៊ីថរ និងអ្នកផ្សេងទៀត បានធ្វើកូដកម្មជាច្រើនខែដោយខុសច្បាប់ និងមានការឧបត្ថម្ភគាំទ្រពីបរទេសកាលពីចុងឆ្នាំ២០២១ ហើយត្រូវបានតុលាការកាត់ទោសពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីថ្លែងការណ៍ព័ត៌មានបន្តថា៖ «ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត»។
កាលពីខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន ៩នាក់ ពីបទ ញុះញង់។ ការផ្តន្ទាទោសនេះ ពាក់ព័ន្ធនឹងកូដកម្មអហិង្សារបស់សហជីពដែលជំទាស់នឹងការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏។ ជនជាប់ចោទ ៨នាក់ ក្នុងចំណោមអ្នកទាំងនោះ បានប្តឹងឧទ្ធរណ៍ ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង កាលពីខែតុលា ឆ្នាំ២០២៣។
ជនជាប់ចោទចំនួន ៩រូប ត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ និងត្រូវឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំសវនាការ មុនពេលតុលាការដោះលែងពួកគេឱ្យនៅក្រៅឃុំក្នុងខែមីនា ឆ្នាំ២០២២។ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្តងទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពេលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី៕