សកម្មជនការពារព្រៃឈើ ជាពលរដ្ឋ​ដែលធ្វើ​សកម្មភាព​ណាមួយ​យ៉ាងសកម្ម ក្នុងការ​លះបង់ដើម្បី​ផលប្រយោជន៍​សង្គមជាតិ ជាពិសេស​ពាក់ព័ន្ធនឹង​ការការពារ​ព្រៃឈើ​។ លោក ឆេន ផាន ជាអនុ​ប្រធាន​សហគម​ព្រៃឈើ​ក្បាលខ្លា ជាសមាជិក​បណ្ដាញ​ព្រៃឡង់ និងជា​សមាជិក​​តំបន់​​អភិរក្ស​បឹងធំ ដែល​តែង​ចុះ​ល្បាត​ក្នុង​​ព្រៃ​ដើម្បី​ទប់ស្កាត់​បទល្មើសព្រៃឈើ និង​សត្វព្រៃ​។

ខាង​ក្រោម​នេះ​ជាបទ​សម្ភាសន៍​​រវាង​លោក ឆេន ផាន ជាអនុ​ប្រធាន​សហគម​ព្រៃឈើ​ក្បាលខ្លា ជាសមាជិក​បណ្ដាញ​ព្រៃឡង់ និងជា​សមាជិក​​តំបន់​អភិរក្ស​បឹងធំ​ជាមួយ​​​​កញ្ញា ជា បញ្ញា សិក្ខាកាម​​​​មកពី​​ញូសន៍រូម​​ខេមបូឌា (Newsroom Cambodia)៖

Q: ជម្រាបសួរលោក!

A: បាទ! ជម្រាបសួរ។​

Q: ជាដំបូង​ខ្ញុំចង់​ដឹងថា តើ​ហេតុអ្វី​​បានជា​លោក​សម្រេចចិត្ត​ ចូលរួម​​ក្នុង​សកម្មភាព​​ការពារ​ព្រៃឈើ?

A: ព្រោះ​ព្រៃឈើ​មាន​ប្រយោជន៍​ចំពោះ​មនុស្ស​គ្រប់គ្នា ហើយ​សម្រាប់​ពួកខ្ញុំ​ជាជនជាតិ​ដើមភាគតិច អាច​អាស្រ័យ​អនុផល​ព្រៃឈើ។ បើយើង​មិនការពារ​ទេ ជនល្មើស​នឹងកាប់​រានទន្រ្ទាន​អស់ព្រៃ ហើយនឹង​មានផល​ប៉ះពាល់​ដល់យើង​ទាំង​អស់គ្នា មាន​ខ្យល់ព្យុះ ទឹកជំនន់ គ្រោះ​រាំង​ស្ងួត​ជាដើម។

Q: ក្នុងនាម​ជាសកម្មជន​ការពារព្រៃ តើលោក​បាន​ធ្វើ​សកម្មភាព​​អ្វីខ្លះ​​ក្នុង​ការ​ការពារ​​ព្រៃឈើ?

A: ខ្ញុំតែងតែ​ចុះល្បាត​ព្រៃ ចុះស៊ើប​អង្កេត ចុះទប់ស្កាត់​បទល្មើស ធ្វើ​ផែនការណ៍​ជាមួយ​បណ្ដាញ ​(បណ្ដាញ​ព្រៃឡង់​ទាំង៤ខេត្ត មានខេត្ត​ព្រះវិហា កំពង់ធំ ស្ទឹងត្រែង និង​ខេត្តក្រចេះ) ដើម្បី​​ចុះស៊ើប​អង្កេត​នៅតាម​តំបន់​ដែល​ជនល្មើស​គេកាប់​បំផ្លាញ។ មានការ​ចូលរួម​ប្រជុំ​ជាមួយ​​បណ្ដាញ​ថ្នាក់ស្រុក ​(បណ្ដាញព្រៃឡង់) ដើម្បី​​រ​ក​ដំណោះ​ស្រាយ​​ទប់ស្កាត់​​បទល្មើស។

Q: តើសកម្មភាព​​ការពារ​ព្រៃឈើ​​ទាំង​នេះ​បាន​ផ្ដល់​ឱកាស ឬភាព​វិជ្ជ​មាន​​អ្វីខ្លះ​​ដល់​​លោក?

A: ខ្ញុំ​បាន​យល់ដឹង​ពីការ​ការពារ​ធនធាន​ធម្មជាតិ អត្ថប្រយោជន៍​នៃព្រៃឈើ យល់ដឹង​ពី​របៀប​ការពារព្រៃ។ ពេល​ចូលរួម​បុណ្យ​ព្រៃ បុណ្យ​បំបួស​ដើមឈើ និងកម្មវិធី​ផ្សេងៗ ធ្វើ​ឱ្យខ្ញុំ​មាន​ឱកាស​​បាន​​បង្កើត​​ទំនាក់​ទំនង និង​​ជួប​ជជែក​​ជាមួយ​​និស្សិត​​មក​ពី​​ភ្នំពេញ និង​បងប្អូន​សហគមន៍​​ផ្សេ​ងៗ ដើម្បី​ដោះដូរ​​យោបល់​​គ្នា។ ហើយ​ខ្ញុំបាន​រៀន ​(ទទួល​បាន​ការបណ្ដុះ​បណ្ដាល) ប្រើអែប (កម្មវិធី​ទូរស័ព្ទ​ដៃ​) ​ផ្តិត​យក​​រូបភាព​​ដើមឈើ​ឈរ និង​​ត្រូ​វ​បាន​​គេ​កាប់ ថត​យក​បទល្មើសដឹកឈើ ឬគេ​ដឹកសត្វ(សត្វព្រៃ)។ រៀនពី​ការកាត់ត​វីដេអូ សរសេរ​ព័ត៌មាន និង​សរសេរ​របាយការណ៍​អ៊ីចឹងទៅ។

Q: តើលោក​​​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ ក្នុង​នាម​ជា​សកម្មជន​ការពារ​ព្រៃឡង់?

A: ពេល​ចុះការពារ​ម្ដងៗ មន្ត្រី​ឧទ្យានុរក្ស​រារាំង​មិនឱ្យ​យើងចូល ​(ព្រៃ) គេតាម ​(ឃ្លាំមើល) ​យើង​​រហូត មិន​ងាយ​​ចូលព្រៃ​​បាន។ ហើយ​អាជ្ញាធរ​នៅភូមិស្រុក​យើង គេ​តាមដាន​យើងដែរ ដើម្បី​យក​​ដំណឹង​​ប្រាប់​​ជនល្មើស​មុន។ ពេល​ចុះល្បាត​ម្ដងៗ សឹងតែ​គ្មាន​ជីវិត​ត្រឡប់​មកផ្ទះ​វិញទេ ព្រោះ​ជនល្មើស​ប្រើ​អាវុធ​កែច្នៃ​តដៃ។ អ្នកជិត​ខាង​ស្អប់​ពួកខ្ញុំ គេ​មិនចូលរួម​ការពារ​ជាមួយ​យើង គេ​គិតតែ​បំផ្លាញ ពេល​យើង​ការពារ​ធ្វើឱ្យ​ប៉ះពាល់​ដល់គេ។

ខ្ញុំ​ក៏ធ្លាប់​ត្រូវគេ​វាយ​តប់​ដែរ ពេល​ដើរលេង​បុណ្យ​នៅវត្ត។ គេថា ឱ្យតែ​ឃើញ​ពួក​សហគមន៍​ព្រៃក្បាលខ្លា ឃើញ​អ្នកណា​គេវាយ​អ្នកហ្នឹង។ ពេល​យើង​ប្ដឹងទៅ​អាជ្ញាធរ គេ​អត់ជួយ​ដោះស្រាយ។ ជួប​រឿង​បែបនេះ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ណាស់ដែរ។

Q: កត្តា​អ្វី​ដែល​ធ្វើឱ្យ​​លោក​​​នៅតែ​បន្ត​ធ្វើការងារ​នេះ ទាំង​​ដែល​​​លោក​​​រងនូវ​ការគំរាមកំហែង និង​​​ការបំបាក់​ទឹកចិត្ត?

A: ព្រោះខ្ញុំគិតថា ប្រជាជន​គ្រប់រូប​មាន​សិទ្ធិ​ការពារ​ព្រៃឈើទាំ​ងអស់គ្នា មិនមាន​ច្បាប់​ណា​ហាម ឬទៅ​ការពារគេ​ចាប់ដាក់​គុកទេ។ ខ្ញុំមាន​ការជំរុញ​ខ្លះៗពី​គ្រួសារដែរ ហើយក្នុង​ក្រុម​បណ្ដាញ​​មាន​​ការលើក​​ទឹកចិត្ត សាមគ្គីគ្នា​ល្អ ចេះជួយគ្នា​ទៅវិញ​​ទៅមក។

Q: តើលោក​ប្តេជ្ញាចិត្ត​បែបណា​ខ្លះក្នុង​ការបន្ត​សកម្មភាព​ការពារ​ព្រៃឈើ?

A: ខ្ញុំប្ដេជ្ញា​ថា ដរាបណា​ព្រៃឈើ​នៅតែ​មាន ខ្ញុំ​នៅតែ​ការពារ​បន្ត​រហូតដល់​ជីវិត​ខ្ញុំសូន្យ។

Q: ជា​ចុងក្រោយ តើ​លោក​​​មា​ន​អ្វី​​ជាសារ ឬសំណូមពរ​​អ្វីខ្លះ​​ពាក់ព័ន្ធ​​នឹង​ការ​ការពារ​​ព្រៃឈើ​?

A: ខ្ញុំសូម​​សំណូមពរ​​ទៅ​ដល់​​រាជ​​រដ្ឋាភិបាល មន្ត្រី​​ជំនាញ​​ដែល​​ពាក់ព័ន្ធ​​នឹង​​ព្រៃឈើ​ជួយ​ទប់ស្កាត់​ការពារ​ព្រៃឈើ​ឱ្យបាន​គង់វង្ស ព្រោះ​ជាតួនាទី និង​កាតព្វកិច្ច​របស់​ពួកគាត់​ និង​សូមផ្ដាំផ្ញើ​ទៅដល់​យុវជ​នជាទំពាំង​ស្នងឫស្សី​ទាំងអស់គ្នា សូម​ចូលរួម​ការពារ​ព្រៃឈើ។

Q: ចា៎! អរគុណច្រើន។

A: បាទ! អរគុណ៕