ការបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែមួយ ថ្នាក់ក្រុង ស្រុក ខណ្ឌ មានគោលបំណងសំខាន់ៗ ក្នុងការលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាព សេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។ កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល ហើយលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាល។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក អុឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃក្រសួងមហាផ្ទៃជាមួយនឹងលោក ទេព សួគានី ជាសិក្ខាកាមមកពីញូវសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរលោក អុឹង កែវរតនៈ!
A: បាទ ជម្រាបសួរ!
Q: ជាដំបូងខ្ញុំសូមសួរថា តើអ្វីទៅជាការិយាល័យច្រកចេញចូលតែមួយ?
A: ជាដំបូង ខ្ញុំសូមបញ្ជាក់ថា ពាក្យការិយាល័យច្រកចេញចូលតែមួយ សំដៅដល់ច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៣ថ្នាក់រដ្ឋបាល ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ រួមមាន៖ ១.នៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត បង្កើតឱ្យមានអង្គភាពច្រកចេញចូលតែមួយ។ ២.នៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ។ ៣.នៅថ្នាក់ឃុំ សង្កាត់ បង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់។
ជារួមយន្តការទាំងបីនេះ ទោះបីយើងមានយន្តការដាច់ដោយឡែកសម្រាប់ថ្នាក់រដ្ឋបាលនីមួយៗ ក៏ដោយ ប៉ុន្តែគោលបំណងរួមតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ មកសាកសួរព័ត៌មាន មកទទួលពាក្យស្នើសុំ ដាក់ពាក្យសុំសេវា បង់កម្រៃសេវា និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព។
Q: យើងឃើញថាប្រព័ន្ធសេវាច្រកចេញចូលតែមួយត្រូវបានបង្កើតឡើងជិត១០ឆ្នាំមកហើយ តើនៅមុនពេលមានការបង្កើតប្រព័ន្ធសេវាច្រកចេញចូលតែមួយនេះ តើការផ្តល់សេវាសាធារណៈនាពេលនោះ យ៉ាងម៉េចដែរ?
A: យើងបានចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយកាលពីឆ្នាំ២០០៥ ដោយ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តសាកល្បងជាដំបូងនៅស្រុកគោលដៅចំនួនពីរ គឺស្រុកបាត់ដំបង នៃខេត្តបាត់ដំបង និងស្រុកសៀមរាប នៃខេត្តសៀមរាប ហើយយើងក៏បានព្យាយាមពង្រីកជាដំណាក់កាលៗ ក្រោមការជួយគាំទ្រទាំងថវិកា និងបច្ចេកទេសពីសហភាពអឺរ៉ុប តាមរយៈអង្គការខុនរ៉ាដអាឌិនណៅអ៊ែរ និងការជួយគាំទ្រដោយផ្ទាល់ពីស្រុករ៉ែកស៊ីករបស់ប្រទេសអាល្លឺម៉ង់ និងក្រុងស្បូឡេតូរបស់ប្រទេសអ៊ីតាលី។
ប្រសិនបើយើងមើលទៅលើស្ថានភាពមុនឆ្នាំ២០០៥ នៅពេលប្រជាពលរដ្ឋមានតម្រូវការស្នើសុំសេវា បញ្ហាប្រឈមដំបូងគេ ពួកគាត់មិនដឹងថាត្រូវទៅស្នើសុំសេវានៅទីកន្លែងណា? អស់តម្លៃប៉ុន្មាន? រយៈពេលប៉ុន្មានទទួលបានលទ្ធផលសម្រេច? ឧទាហរណ៍ ការបញ្ជាក់សញ្ញាបត្រទី១២ គាត់មិនដឹងថា តើគាត់គួរទៅស្នើសុំបញ្ជាក់នៅសាលាក្រុង ឬនៅទីកន្លែងណា? នៅពេលពួកគាត់ដឹងទីកន្លែងស្ថាប័នមានសមត្ថកិច្ចដើម្បីស្នើសុំសេវាហើយ នៅពេលទៅដល់មិនមានមន្ត្រីមកទទួលច្បាស់លាស់ទេ។ ការផ្តល់ព័ត៌មានអំពីតម្រូវការឯកសារភ្ជាប់រយៈពេលនៃការផ្តល់សេវា និងតម្លៃសេវា សុទ្ធតែមិនមានព័ត៌មានច្បាស់លាស់។
មួយវិញទៀត នៅពេលដែលយើងដឹងព័ត៌មាន និងបានដាក់ឯកសារស្នើសុំហើយ ពួកគាត់បាត់ព័ត៌មានត្រឹមហ្នឹងទៀត មិនដឹងថាយើងមានវិធីសាស្ត្រណាមួយទៅតាមដាន ឬសាកសួរអំពីឯកសាររបស់យើងទៅដល់ទីណានោះទេ ទាល់តែយើងសាកសួរតាមរយៈខ្សែរបណ្តាញ ឬពេលខ្លះសាកសួរតាមអ្នករត់ការ ហើយព័ត៌មានពេលខ្លះក៏ឱ្យមិនច្បាស់ដែរ។ នៅពេលប្រជាពលរដ្ឋបានមកស្នើសុំសេវា យើងមិនមានយន្តការណាមួយដើម្បីស្នើសុំសេវានោះទេ ខ្វះទាំងព័ត៌មាន ខ្វះទាំងតម្លាភាព ខ្វះទាំងការឆ្លើយតបទៅលើការស្នើសុំសេវារបស់ប្រជាពលរដ្ឋ។
Q: តើការអនុវត្តយន្តការច្រកចេញចូលតែមួយនៅកម្ពុជារួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈយ៉ាងដូចម្តេចខ្លះ?
A: ការអនុវត្តយន្តការច្រកចេញចូលតែមួយនៅកម្ពុជា រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ។ តាមរយៈយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន៥ រួមមានដូចជា ៖
១. ពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ គ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវារដ្ឋបាលនានា ប្រកបដោយប្រសិទ្ធភាព ឆ្លើយ តបទាន់ពេលវេលាទៅនឹងតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២. បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំសេវារដ្ឋបាល និងទទួលលទ្ធផលសម្រេចនៅកន្លែងតែមួយ។ តាមរយៈនៃការរៀបចំនូវយន្តការនេះ ប្រជាពលរដ្ឋដែលមានតម្រូវការសេវារដ្ឋបាល អាចដាក់ពាក្យស្នើសុំសេវារដ្ឋបាល និងទទួលលទ្ធផលសម្រេចនៅកន្លែងតែមួយ បើទោះបីសេវាទាំងនោះតម្រូវឱ្យមានការពិនិត្យ និងបញ្ជាក់ ដោយអង្គភាពមានសមត្ថកិច្ចជាច្រើនក៏ដោយ។ យន្តការច្រកចេញចូលតែមួយនឹងកាត់ បន្ថយនូវការចំណាយពេលវេលា និងថវិការបស់ប្រជាពលរដ្ឋ ដោយសារបែបបទ និង នីតិវិធីនៃការផ្តល់សេវារបស់អង្គភាពនេះមានលក្ខណៈសាមញ្ញ ឆាប់រហ័ស និងមាន តម្លាភាព។
៣. ងាយស្រួលធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលទាំងនោះតាមប្រព័ន្ធព័ត៌មានវិទ្យា ឬប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ដែលធានាឱ្យការគ្រប់គ្រងការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផល ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំសេវា អាចដាក់ពាក្យស្នើសុំ សេវាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
៤. ការរៀបចំឱ្យមានយន្តការច្បាស់លាស់មួយសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការនៃការផ្តល់សេវារដ្ឋបាល និងសម្រាប់ប្រជាពលរដ្ឋ ដែលមិនពេញចិត្ត ឬមានបញ្ហាពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់។
៥. ពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយ តម្លាភាព និងទប់ស្កាត់នូវអំពើពុករលួយ។
Q: តើការបង្កើតយន្តការសេវាច្រកចេញចូលមួយក្នុងប្រទេសកម្ពុជាបានរួមចំណែកយ៉ាងណា ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងកំណើនអាជីវកម្ម?
A: ការបង្កើតយន្តការសេវាច្រកចេញចូលមួយ គឺជាការប្រមូលផ្តុំការផ្តល់សេវាមិននៅកន្លែងតែមួយ កែសម្រួលពាក្យស្នើសុំ តម្រូវការឯកសារភ្ជាប់ឱ្យខ្លី សាមញ្ញ កាត់បន្ថយនីតិវិធីស្នើសុំសេវាឱ្យងាយស្រួល មានការបង់កម្រៃសេវា ដែលមានជាក់លាក់ប្រកបដោយតម្លាភាព ផ្តល់លទ្ធផលសម្រេចជូនពួកគាត់បានទាន់ពេលវេលា តាមច្បាប់កំណត់។ នៅពេលមានគេមករំខានដល់អាជីវកម្ម សេវាកម្មរបស់ពួកគាត់ មានអាជ្ញាធរ មកជួយការពារ នោះចង់មិនចង់ សន្ទុះនៃការស្នើសុំសេវារបស់ម្ចាស់អាជីវកម្ម សេវាកម្មដែលធ្លាប់តែមិនមកសុំច្បាប់ប្រាកដជាមកសុំច្បាប់។ ទន្ទឹមនេះ វាក៏ជាកត្តាទាក់ទាញមួយដែលបាន បង្ហាញពីបរិយាកាសដ៏ល្អនៃការស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច ពិនិត្យ សម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដល់អ្នកវិនិយោគឱ្យបានឃើញ។ នៅពេល ដែលអ្នកវិនិយោគបានដឹង បានឮ បានឃើញ ទោះជាពួកគាត់មិនសូវមានបំណងចង់បណ្តាក់ទុកក៏ពួកគាត់អាចនឹងប្រែចិត្តបាន ដោយសារតែច្រកចេញចូលតែមួយបានបង្កើតបរិយាកាស ស្នើសុំសេវាងាយស្រួលជូនពួកគាត់។
Q: តើបច្ចេកវិទ្យាមានតួនាទីអ្វីខ្លះ ក្នុងការសម្រួលដល់ការអនុវត្តប្រព័ន្ធ សេវាច្រកចេញចូលតែមួយនៅកម្ពុជា ហើយតើវាអាចបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មដោយរបៀបណា?
A: សម្រាប់បច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាការកែទម្រង់ដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកការកសាង រដ្ឋាភិបាលឌីជីថល ដូចមានកំណត់នៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២- ២០៣៥ ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ព័ត៌មានវិទ្យាឌីជីថលរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សមភាព គុណភាព និងតម្លាភាពនៃ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្រាប់ប្រជាពលរដ្ឋ ពួកគាត់ មានភាពងាយស្រួលដោយអាចដាក់ពាក្យស្នើសុំសេវា របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើ ដំណើរមកដាក់ពាក្យស្នើសុំសេវា និងបង់កម្រៃសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយ ឡើយ ដែលចំណុចនេះនឹងចូលរួមចំណែកសន្សំទាំងពេលវេលា ទាំងថវិកា ព្រមទាំងកាត់បន្ថយ ហានិភ័យនៃការធ្វើដំណើរជូនប្រជាពលរដ្ឋផងដែរ។
សម្រាប់ការទូទាត់ថ្លៃសេវារដ្ឋបាល ក្រសួងមហាផ្ទៃក៏បានដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) សម្រាប់ការទូទាត់កម្រៃសេវានៅអង្គភាពច្រកចេញចូលតែមួយ។ ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និង មានជម្រើសកាន់តែច្រើន ក្នុងការទូទាត់កម្រៃសេវាសម្រាប់ការស្នើសុំសេវារដ្ឋបាលនៅអង្គភាព ច្រកចេញចូលតែមួយ ដោយប្រជាពលរដ្ឋអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធ ធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន។ ប្រព័ន្ធទូទាត់វិក្កយបត្រក៏បានចូលរួម ចំណែកលុបបំបាត់អំពើពុករលួយ និងការទាមទារកម្រៃសេវាក្រៅផ្លូវការផងដែរ។
Q5: តើយុទ្ធសាស្ត្រ និងវិធានការអ្វីខ្លះដែលរាជរដ្ឋាភិបាលកម្ពុជាគួរតែអនុវត្ត ដើម្បីធានាឱ្យមានការអនុវត្តប្រកបដោយជោគជ័យ និងនិរន្តភាពនៃយន្តការសេវាច្រកចេញចូលតែមួយ លើវិស័យផ្សេងៗ និងកម្រិតរដ្ឋបាល?
A: ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារដោយ ជោគជ័យស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន មានគន្លឹះសំខាន់មួយចំនួនដែលទាមទារឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវបន្តចូលរួម និងផ្តល់កិច្ចសហការគាំទ្រ រួមមាន៖
ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវផ្ទេរសេវារដ្ឋបាលថ្មីៗបន្ថែមទៀតរដ្ឋបាលថ្នាក់ក្រោមជាតិមកអនុវត្ត តាមយន្តការច្រកចេញចូលតែមួយ និងត្រូវកែសម្រួលបែបបទ និងនីតិវិធីបច្ចេកទេសផ្តល់សេវា តាមវិស័យជំនាញឱ្យភាពសាមញ្ញ ខ្លី ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីបែបបទ តាមវិស័យជំនាញនីមួយៗ និងនីតិវិធីបច្ចេកទេសសម្រាប់ការផ្តល់សេវា។
រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវប្រមូលផ្តុំគ្រប់ប្រភេទសេវារដ្ឋបាលដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់ខ្លួនទាំងអស់ឱ្យមកអនុវត្តតាមយន្តការច្រកចេញចូលតែមួយ និងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រីក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋត្រូវចូលរួមស្នើសុំសេវារដ្ឋបាលដោយខ្លួន ដោយមិនត្រូវពឹងពាក់អ្នករត់ការ និងត្រូវចូលរួមមតិយោបល់កែលម្អចំពោះយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
Q: អរគុណលោក អុឹង កែវរតនៈ សម្រាប់ការផ្តល់សម្ភាសន៍។
A: បាទ អរគុណ!៕