ក្រសួងបរិស្ថាន បានផ្តួចផ្តើមការសារសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើប្រមាណជាង ១លានដើមក្នុង១ឆ្នាំ ដោយគ្រោងនឹងលេចចេញជារូបរាង នៅក្នុងខេត្តត្បូងឃ្មុំ។
ថ្នាលបណ្តុះកូនឈើនេះ ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានប៉ាន់ស្មានថា អាចផ្គត់ផ្គង់កូនឈើប្រចាំឆ្នាំបានប្រហែល ១លាន ២សែនដើម និងជាថ្នាលដែលបានបំពាក់ដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។ នេះបើតាមការដឹងក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
ប្រភពដដែល បន្តថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាពលរដ្ឋ ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះថា គម្រោងនេះ នឹងចាប់ផ្តើមការសាងសង់នៅក្នុងរយៈពេលដ៏ឆាប់ខាងមុខ តែលោកមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់បាននៅឡើយទេ។ លោកបន្តថា គម្រោងនេះ កំពុងស្ថិតក្រោមការសិក្សា ទាំងការចំណាយ និងបច្ចេកទេសនៅក្នុងការសាងសង់។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងទៀតថា ក្រសួងបានបណ្តុះកូនឈើបានជាង ១លានដើមរួចមកហើយ ដែលស្របទៅតាមយុទ្ធនាការចែកកូនឈើយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយគិតត្រឹមខែមេសា ឆ្នាំ២០២៤ ក្រសួងបានចែកចាយកូនឈើប្រមាណជាង ២០ម៉ឺនដើម រួចមកហើយ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នយើងបានបណ្តុះ និងបានលូតលាស់បានជាង១លានដើមរួចហើយ នៅតាមរោងបណ្តុះកូនឈើនានានៃមន្ទីរបរិស្ថាននៅតាមខេត្ត […] យើងបានចែកជាបណ្តើរៗ បានជាង២០ម៉ឺនដើម ដល់ប្រជាពលរដ្ឋយកទៅដាំតាមសាលរៀន វត្តអារាម ទីសាធារណៈ និងដាំស្តារព្រៃនៅតាមសហគមន៍»។
លោកបានបន្ថែមថា ដើម្បីធានាឱ្យបាននូវនិរន្តរភាពក្នុងការយុទ្ធនាការ«ពន្លកបៃតង» ក្រសួងក៏មានគម្រោងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតតំបន់ចំនួន៥កន្លែង ដោយក្នុងនោះមាននៅខេត្តសៀមរាប កំពង់ស្ពឺ កោះកុង ត្បូងឃ្មុំ និងមណ្ឌលគីរី។
គិតត្រឹមខែមីនា ឆ្នាំ២០២៤ ស្ថានីយ៍បណ្តុះកូនឈើសរុបទូទាំងប្រទេស បានបណ្តុះកូនឈើសរុបចំនួន ១ ១៤៤ ៥៤៧ ដើម និងមានការឧបត្ថម្ភផ្ទាល់ពីរដ្ឋមន្ត្រីកក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចំនួន ៣៧០ ០០០ ដើម។
ដោយឡែក នៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ក្រសួងបរិស្ថានគ្រោងធ្វើយុទ្ធនាការមួយនៅមុខទីស្តីការក្រសួង ដោយចែកកូនឈើដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ។
លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា បានសាទរចំពោះការយកចិត្តទុកដាក់របស់ក្រសួងចំពោះការបង្កើនគម្របព្រៃឈើនៅកម្ពុជា។ តែទន្ទឹមនឹងការសាទរនេះ លោកក៏បានបង្ហាញពីក្តីកង្វល់ផងដែរ ដោយសារតែលោកសង្កេតឃើញបទល្មើសព្រៃឈើនៅតែមានចំនួនច្រើន។
លោកក៏បានស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន បន្តជំរុញ និងរឹតបន្តឹងការអនុវត្តគោលនយោបាយឱ្យបានកាន់តែតឹងរឹងបន្ថែមទៀត ព្រមទាំងពន្យល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងស៊ីជម្រៅពីសារប្រយោជន៍នៃព្រៃឈើ ធ្វើយ៉ាងណាឱ្យពួកគាត់ដាំហើយ មើលថែទាំ ដើម្បីធានាឱ្យការដាំដើមឈើទាំងអស់បានទទួលជោគជ័យ។
លោកបន្តថា៖ «យើងថែទាំព្រៃឈើចាស់ផង ហើយយើងក៏ដាំបន្ថែមផង។ […] ការបណ្តុះកូនឈើ ខ្ញុំគិតថាវាជាជំហានដំបូង ដែលជាសញ្ញាបង្ហាញថាយើងចាប់ផ្តើមខ្វាយខ្វល់ពីធនធានធម្មជាតិ តែជាក្តីបារម្ភមួយទៀតដែរ ដោយសារប្រជាពលរដ្ឋគាត់មានការស្រឡាញ់ដើមឈើ តែគាត់អត់សូវចូលរួមចំណែកនៅក្នុងការថែរក្សាទេ»។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃ និងឱ្យបានច្រើនតាមតែអាចធ្វើបានទៅដល់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ ដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកម្តៅ និងការពារបរិស្ថាន៕