ក្រសួងបរិស្ថាន បានផ្តួចផ្តើមការសារសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា ដែលមាន​សមត្ថភាពផលិតកូនឈើប្រមាណជាង ១លានដើមក្នុង១ឆ្នាំ ដោយ​គ្រោង​នឹង​លេច​ចេញជារូបរាង នៅក្នុងខេត្តត្បូងឃ្មុំ។

ថ្នាលបណ្តុះកូនឈើ​នេះ ស្ថិតនៅ​ក្នុងឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានប៉ាន់ស្មានថា អាចផ្គត់ផ្គង់កូនឈើប្រចាំឆ្នាំបាន​ប្រហែល ១លាន ២សែន​ដើម និងជាថ្នាលដែលបានបំពាក់ដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។ នេះបើតាមការដឹងក្នុងទំព័រហ្វេសប៊ុក​របស់​ក្រសួងបរិស្ថាន។

ប្រភពដដែល បន្តថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាពលរដ្ឋ​​ ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ​ថា គម្រោងនេះ ​នឹងចាប់ផ្តើមការសាងសង់នៅក្នុងរយៈពេលដ៏ឆាប់ខាងមុខ តែលោកមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់បាននៅឡើយទេ។ ​លោកបន្តថា គម្រោងនេះ កំពុងស្ថិតក្រោមការសិក្សា ទាំងការចំណាយ និងបច្ចេកទេសនៅក្នុងការសាងសង់។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងទៀត​​ថា ក្រសួងបានបណ្តុះកូនឈើបានជាង ១លានដើម​រួចមក​ហើយ ដែលស្របទៅតាមយុទ្ធនាការចែកកូនឈើយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយ​​គិតត្រឹមខែមេសា ឆ្នាំ២០២៤ ក្រសួងបាន​ចែកចាយកូនឈើប្រមាណជាង ២០ម៉ឺនដើម រួចមកហើយ។

លោកបញ្ជាក់ថា៖ «បច្ចុប្បន្នយើងបានបណ្តុះ និងបានលូតលាស់បានជាង១លានដើមរួចហើយ នៅតាមរោងបណ្តុះកូនឈើនានានៃមន្ទីរ​បរិស្ថាននៅតាមខេត្ត […] យើងបានចែកជាបណ្តើរៗ បានជាង២០ម៉ឺនដើម ដល់ប្រជាពលរដ្ឋយកទៅដាំតាមសាលរៀន វត្តអារាម ទីសាធារណៈ និងដាំស្តារព្រៃនៅតាមសហគមន៍»។

លោកបានបន្ថែមថា ដើម្បីធានាឱ្យ​​បាននូវនិរន្តរភាពក្នុងការយុទ្ធនាការ«ពន្លកបៃតង» ក្រសួងក៏មានគម្រោងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតតំបន់​ចំនួន៥កន្លែង ដោយក្នុងនោះមាននៅខេត្តសៀមរាប កំពង់ស្ពឺ កោះកុង ត្បូងឃ្មុំ និងមណ្ឌលគីរី។

គិតត្រឹមខែមីនា ឆ្នាំ២០២៤ ស្ថានីយ៍បណ្តុះកូនឈើសរុបទូទាំងប្រទេស បានបណ្តុះកូនឈើសរុបចំនួន ១ ១៤៤ ៥៤៧ ដើម និងមានការឧបត្ថម្ភផ្ទាល់ពីរដ្ឋមន្ត្រីកក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចំនួន ៣៧០ ០០០ ដើម។

ដោយឡែក នៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ​ ក្រសួងបរិស្ថានគ្រោង​​ធ្វើយុទ្ធនាការមួយនៅមុខទីស្តីការ​ក្រសួង ដោយ​ចែកកូនឈើដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ។

លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា បាន​សាទរ​ចំពោះការ​យកចិត្តទុកដាក់របស់ក្រសួង​ចំពោះការបង្កើនគម្របព្រៃឈើនៅកម្ពុជា។ តែទន្ទឹមនឹងការសាទរនេះ លោក​ក៏បានបង្ហាញពីក្តីកង្វល់ផងដែរ ដោយសារតែលោកសង្កេតឃើញ​បទល្មើសព្រៃឈើនៅតែមានចំនួនច្រើន។

លោកក៏បានស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន​​ បន្តជំរុញ និងរឹតបន្តឹងការអនុវត្តគោលនយោ​បាយ​ឱ្យបានកាន់តែតឹងរឹងបន្ថែមទៀត ព្រមទាំង​​ពន្យល់ប្រជាពលរដ្ឋឱ្យ​មានការយល់ដឹងស៊ីជម្រៅពីសារប្រយោជន៍នៃព្រៃឈើ ធ្វើយ៉ាងណាឱ្យ​ពួកគាត់ដាំហើយ មើលថែទាំ ដើម្បីធានាឱ្យ​ការដាំដើមឈើទាំងអស់បានទទួលជោគជ័យ។

លោកបន្តថា៖ «យើងថែទាំព្រៃឈើចាស់ផង ហើយយើងក៏ដាំបន្ថែមផង។ […] ការបណ្តុះកូនឈើ ខ្ញុំគិតថាវាជាជំហានដំបូង ដែលជាសញ្ញាបង្ហាញថាយើងចាប់ផ្តើមខ្វាយខ្វល់ពីធនធានធម្មជាតិ តែជាក្តីបារម្ភមួយទៀតដែរ ដោយសារប្រជាពលរដ្ឋគាត់មានការស្រឡាញ់ដើមឈើ តែគាត់អត់សូវចូលរួមចំណែកនៅក្នុងការថែរក្សាទេ»។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យ​ក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃ និងឱ្យ​បានច្រើនតាមតែអាចធ្វើបានទៅដល់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឱ្យ​អាជ្ញាធរពាក់ព័ន្ធ បំផុសចលនាដាំដើមឈើឱ្យ​បាន​ទូលំទូលាយ ដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកម្តៅ និងការពារបរិស្ថាន៕