លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កត់សម្គាល់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងដើរតួសំខាន់នៅក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាសម្រួលមួយផ្នែកដល់ដំណើរការធ្វើពាណិជ្ជកម្មនៅកម្ពុជាដែរ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលលោក ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ នៅឯសណ្ឋាគារសុខាភ្នំពេញ។
លោកបន្តថា៖«ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់ទៅនឹងប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងកែសម្រួលនីតិវិធីនៃការស្នើរសុំអញ្ញាប័ណ្ណ លិខិតអនុញ្ញាតិ និងឯកសារពាក់ព័ន្ធនានា ពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញ ដែលកន្លងមកពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួងស្ថាប័នជាច្រើនជាច្រើនលើកច្រើនសារ មកជាការស្នើរសុំតែមួយលើករួមគ្នាតាមទម្រង់អេឡិចត្រូនិក »។
ប្រព័ន្ធបញ្ជរជាតិតែមួយ អាចចាត់ទុកថាជាប្រព័ន្ធដែលថ្មីមួយសម្រាប់អាណត្តិទី៧នេះ នឹងបម្រើឱ្យសេចក្តីត្រូវការរបស់ពលរដ្ឋផង និងជាតំណរភ្ជាប់នៅក្នុងប្លុកប្រទេសជាសមាជិកអាស៊ានផង។
តាមរបាយការណ៍របស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានឱ្យដឹងថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយនឹងប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម។
ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញកត់សម្គាល់ដែរថា ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកដែលខ្វះមិនបាននៅក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន បង្កើតការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។
លោកបន្តថា៖«កម្ពុជាស្ថិតនៅក្រោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និងលើសកលលោក។ […] មុនវិបត្តិនៃជម្ងឺកូវីដ១៩ កម្ពុជាសម្រេចកំណើនសេដ្ឋកិច្ចបានខ្ពស់ក្នុងអត្រាជាមធ្យម៧%ក្នុងមួយឆ្នាំ ដែលបានអនុញ្ញាតិឲ្យកម្ពុជាប្រែខ្លួនពីប្រទេសដែលមានចំណូលទាប ទៅប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥»។
ថ្លែងនៅក្នុងពិធីបើក លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានគូសបញ្ជាក់ថា គម្រោងបញ្ជរតែមួយជាតិ ត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយប្រើប្រាស់ថវិកា សរុបក្នុងរយៈពេល ៧ឆ្នាំ ពោលគឺ ពី ២០១៨ ដល់ ២០២៤ ប្រមាណ ៣,៤ លានដុល្លារ អាមេរិក។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។
សម្រាប់រដ្ឋាភិបាលនីតិកាលទី៧នេះ បានប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ តាមអនឡាញ នឹងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ។
ពាក់ព័ន្ធនឹងរឿងនេះ លោកបណ្ឌិត តិច ជ័យ អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះ គឹជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអាណត្តិទី៧។ជាងនេះទៀត ការដាក់ឱ្យអនុវត្តកម្មវិធីថ្មីនេះ ក៏ជាការរួមចំណែកជួយសម្រួលឯកសារសម្រាប់ប្រតិបត្តិការ អន្តរក្រសួងដែរ ក្រៅពីជាតំណរភ្ជាប់ សម្រាប់ធ្វើសមារណកម្មនៅក្នុងតំបន់អាស៊ានហើយនោះ។
លោកបន្តថា៖ «វាជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ គឺមានទាក់ទងទៅនឹងការជួយ ការសម្របសម្រួលពាណិជ្ជកម្ម កែសម្រួលបរិយាកាស ក៏ដូចជាទាក់ទងទៅនឹងកោណទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដែលទាក់ទងទៅនឹងរាជរដ្ឋាភិបាលឌីជីថល ពាណិជ្ជកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល និងប្រជាពលរដ្ឋឌីជីថលជាដើម។ […] ហើយឥលូវនេះយើងមានសមាហរណកម្មអន្តរក្រសួង ដែលតម្រូវការទៅលើឯកសារ ការចុះបញ្ជីអនុញ្ញាតិក្នុងការនាំចេញនាំចូល »។
លោកបានគូសបញ្ជាក់ពីគុណតម្លៃនៃប្រព័ន្ធនេះដែរថាវាបានជួយសម្រួលច្រើនទាក់ទងនឹងពេលវេលា ដំណើរការនៃការស្នើរសុំ ក៏ដូចជាជួយរួមចំណែកនៅក្នុងការកាត់បន្ថយការចំណាយថែមទៀត និងទាក់ទាញនូវវិនិយោគិនឲ្យមកដាក់ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមផង។លោកក៏បានបង្ហាញពីគោលជំហរគាំទ្រ នូវការធ្វើសមាហរណកម្មប្រព័ន្ធនេះ ជាមួយនឹងសមាគមអាស៊ានផងដែរ។
លោកបន្តថា៖ «ហើយការសមាហរណកម្មប្រព័ន្ធយើងជាមួយនឹងប្រព័ន្ធអាស៊ាននេះ គឹជាការល្អណាស់។ ការពិនិត្យមើលទៅលើបរិយាកាសវិនិយោគនៅក្នុងតំបន់អាស៊ាន គឺមានព័ត៌មានដ៏ច្រើន ហើយក៏អាចទទួលបាននូវព័ត៌មានទាក់ទងនឹងការចុះឈ្មោះផ្សេងៗតាមរយៈប្រព័ន្ធរួមរបស់អាស៊ាននេះដែរ។ […] វាជួយលើកកម្ពស់វិស័យធុរកិច្ចរបស់កម្ពុជានៅក្នុងចំណោមប្រទេសអាស៊ានផងដែរ »។
អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរូបនេះបន្តថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះនឹងចូលរួមចំណែកនៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាដែរ តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក។ លោកបន្តថា៖«វាពិតណាស់ ប្រព័ន្ធនេះនឹងជួយលើកកម្ពស់សេដ្ឋកិច្ច ការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាបន្ថែមទៀត។ […] វាចូលរួមចំណែកនៅក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជាយើង ដូចជាជួយសម្រួលការចេញលិខិតអនុញ្ញាតិ ការបង់ពន្ធឯកសារផ្សេងៗដើម្បីធ្វើការនាំចេញ ដើម្បីជួយជម្រុញការនាំចេញនូវសម្ភារៈផលិតផលកម្ពុជាអីផ្សេងៗទៅកាន់ក្រៅប្រទេសបានកាន់តែងាយស្រួល ដូចគ្នានឹងការនាំចូលមកកម្ពុជាដែរ »៕