ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើទៅមេដឹកនាំយោធាភូមា អនុញ្ញាតឱ្យលោកបានជួបលោកស្រី អ៊ុង សានស៊ូជី ដើម្បីបានដឹងពីសុខទុក្ខ ស្របពេលអ្នកតាមដានភូមិសាស្រ្តនយោបាយ យល់ឃើញថា គោលបំណងរបស់ប្រធានព្រឹទ្ធសភារូបនេះ គឺចង់បង្វែរស្ថានការណ៍នយោបាយមិនសូវល្អនៅក្នុងស្រុក ដោយការទាញយកចំណាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។
នៅព្រឹកថ្ងៃអង្គារនេះ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ មេដឹកនាំយោធាភូមា លោក មីន អ៊ួងឡាំង តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៧ ឧសភា នេះ។
កិច្ចពិភាក្សាគ្នាជាមួយមេដឹកនាំរបបសឹកយោធានេះ លោក ហ៊ុន សែន បានលើកឡើងថា ក្នុងគោលបំណងសួសុខទុក្ខគ្នា និងដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍន៍អំពីស្ថានភាពនៅប្រទេសភូមាផង។
ក្រៅពីការសួរសុខទុក្ខ និងសំដែងគារវកិច្ចរវាងមេដឹកនាំទាំងពីរ ក្នុងកិច្ចសន្ទនា លោក ហ៊ុន សែន ក៏ស្នើឱ្យ មេដឹកនាំយោធាភូមា លោក មីន អ៊ួងឡាំង ពិចារណាក្នុងការរៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង លោក និងលោកស្រី អ៊ុង សានស៊ូជី ហើយលោកក៏អាចបានសួរសុខទុក្ខមេដឹកនាំសំឡេងជំទាស់ដោយផ្ទាល់ដែរ។
បើតាមលោក ហ៊ុន សែន មេដឹកនាំភូមា លោក មីន អ៊ួងឡាំង បានសន្យាថានឹងយកសំណើនេះទៅពិចារណា។មេដឹកនាំយោធារូបនេះ ក៏បានឯកភាពក្នុងការបញ្ជូនតំណាងមិនមែនអ្នកនយោបាយរបស់ខ្លួនឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានបន្តទៀតដែរ។ បន្ថែមពីលើនេះ របបយោធាភូមា ក៏នឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលឆាប់ៗ ដើម្បីសិក្សាស្វែងយល់អំពីការរៀបចំការបោះឆ្នោតនៅកម្ពុជាពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែមទៀតផង។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបង្វែរសំណួរទាក់ទិននឹងកិច្ចសន្ទនានេះ ទៅអ្នកនាំពាក្យព្រឹទ្ធសភាជាអ្នកទទួលខុសត្រូវវិញ។
ចំណែក អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ថ្លែងថា បដិសេធថារូបលលោកមិនមែនជាអ្នកនាំពាក្យព្រឹទ្ធសភាក្នុងអាណត្តិថ្មីនេះទេ ហើយលោកបញ្ជាក់ថា ព្រឹទ្ធសភាក៏មិនទាន់តែងតាំងអ្នកនាំពាក្យថ្មីដែរ។
អ្នកវិភាគភូមិសាស្រ្តនយោបាយ លោកបណ្ឌិត រ៉ូ វណ្ណៈ យល់ឃើញថា ការស្នើសុំជួបអតីតមេដឹកនាំភូមាដែលកំពុងជាប់ឃុំរបស់លោក ហ៊ុន សែន នេះ ចង់បង្ហាញថាកម្ពុជាក៏ផ្ដល់តម្លៃក្នុងការទំនាក់ទំនង ចំពោះលោកស្រី អ៊ុង សានស៊ូជី ដែរ។
លោកបន្តថា៖ «បង្ហាញថាក្នុងនាមជាអតីតនាយករដ្ឋមន្រ្តី ជាប្រធានព្រឹទ្ធសភាសព្វថ្ងៃនេះ ក៏ឱ្យតម្លៃខ្លាំងទៅលើតំណាងគណបក្សប្រឆាំងលោកស្រី អោង សាងស៊ូជី ដែរ»។
បើតាមលោក រ៉ូ វណ្ណៈ រាល់ស្ថានការណ៍នយោបាយនៅក្នុងប្រទេសមិនសូវមានភាពល្អប្រសើរ ជាទូទៅមេដឹកនាំ រមែងប្រើយុទ្ធសាស្រ្តទាញចំណាប់អារម្មណ៍ពីមហាជនបែបនេះ។ក្នុងន័យនេះ វាគឺជាការបង្កើតចលនាជាតិនិយម និងមួយទៀតគឺជាការបង្កើតសកម្មភាពនៅលើឆាកអន្តរជាតិ ដូចជាករណីលោក ហ៊ុន សែន ជាដើម ដែលប៉ុនប៉ងចាប់ដៃលោកស្រី អ៊ុង សានស៊ូជី ដែលជាអតីតម្ចាស់ពានរង្វាន់ណូបេលសន្តិភាព និងមេដឹកនាំរបស់របស់សឹកយោធាភូមា។
លើសពីនេះទៅទៀត ការស្នើសុំដើម្បីបើកផ្លូវឱ្យមានជំនួបកំពូលនេះកើតឡើង វានឹងមិនជះផលប៉ះពាល់ធ្ងន់ធ្ងរពីទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងរបបសឹកភូមាឡើយ ដោយសារប្រទេសទាំងពីរ ក៏មិនសូវមានទំនាក់ទំនងអ្វីជាដុំកុំភួនដែរ។
គេសង្កេតឃើញថា កាលពីពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសភូមា ដែលរង់ការបំផ្លិចបំផ្លាញដោយសារសង្រ្គាមផ្ទៃក្នុងចាប់តាំងពីរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០២១ ក្នុងជំនួបកំពូលពិសេសរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចក្នុងការដោះស្រាយស្ថានការណ៍នៅភូមា។
ទន្ទឹមនឹងនេះ សម្រាប់ជំនួបជាមួយមេដឹកយោធាភូមានៅថ្ងៃអង្គារនេះវិញ លោក ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចនេះដែរ។បើតាមលោក ហ៊ុន សែន លោកក៏មានសុទិដ្ឋិនិយមដែរថាការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដល់ប្រទេសភូមាដែរ៕