មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងត្រីមាសទី១​ឆ្នាំ២០២៤ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បាន​បង្ក្រាប​​បទ​ល្មើស​ធនធានធម្មជាតិ បានជិត ៦០០ករណី ក្នុងនោះបញ្ជូនសំណុំរឿង​ទៅតុលាការជាង ៨០ករណី។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះ បទល្មើសធ​នធានធម្មជាតិមាន​ចំនួន ២ ៥២៩លើក ក្នុងនោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ​បង្ក្រាបបទល្មើសបានចំនួន ៥៩២ករណី និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៨៥ករណី។

តែយ៉ាងណា លោកពុំទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ថាតើបទល្មើសទាំងនោះ​កើត​មាន​នៅតំបន់ការពារ ឬខេត្តណាខ្លះ និង​​ចំនួនដីដែលបានឃ្លុំ​ព័ទ្ធយកមកជាកម្ម​សិទ្ធិដីរដ្ឋវិញ។

អ្នកនាំពាក្យរូបនេះ បន្តទៀត​​ថា ដើម្បី​ធានាដល់​ការ​បន្ត​​កិច្ចការពារ ថែរក្សា និង​អភិរក្សធន​ធានធម្ម​ជាតិទាំង​អស់ ដែលមាន​នៅក្នុងតំបន់ការពារធម្មជាតិ ការដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជារឿងមួយចាំបាច់ ក្រោមក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

លោកថា៖ «ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ​យុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺជា​​ប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ស្របពេលគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ ក៏បាន​ដាក់ចេញនូវវិធានការមួយចំនួន​ ដើម្បីបន្តពង្រឹង​ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ធនធានធម្មជាតិ ក្រោយពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលទៅកាប់ទន្ទ្រាន​ដីព្រៃដោយ​ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការ​មោឃភាពចោលនូវរាល់​លិខិត​លក់-ទិញឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់​នៅតំបន់ការពារធម្មជាតិ ដកហូត​យក​មកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃដែលបានកាប់គាស់ រុករាន ទន្ទ្រានដាំដំណាំ និង​សង់លំនៅដ្ឋាន ដែលជាសកម្មភាពខុសច្បាប់។ រដ្ឋបាលខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការ​ចូលកាប់ទន្ទ្រាន​ឈូសឆាយដីព្រៃនៅតំបន់ការពារ ព្រមទាំងត្រូវរុះរើនូវសំណង់ខុសច្បាប់នៅតំបន់ការពារ តាមការប្រើវិធានការរដ្ឋបាល ឬដោយការស្ម័គ្រចិត្ត​។

រដ្ឋបាលខេត្តបញ្ជាក់ថា៖ «ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ គណៈបញ្ជាក់ការឯកភាពខេត្តនិងស្រុក ពាក់ព័ន្ធនឹងចាត់វិធាការអនុវត្តតាមនីតិវិធីច្បាប់»។

ចំណែក មន្ទីរបរិស្ថានខេត្ត​​ពោធិ៍សាត់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ​ដែលបាននិងកំពុងសាង​សង់សំណង់ផ្សេងៗនៅក្នុង​​តំបន់ការពារ ត្រូវ​សហការជាមួយសមត្ថកិច្ចជំនាញ ដោយរុះរើរោង ឬ​សំណង់ផ្សេងៗរបស់ខ្លួន និងចាកចេញពីទីតាំងនោះជាបន្ទាន់ផងដែរ។ នេះបើតាម​ការលើក​ឡើង​ក្នុងទំព័រហ្វេសប៊ុករបស់មន្ទីរ​កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

ប្រភពដដែល បន្តថា បើតាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ​មាត្រា​៤១ ចែងថា «តំបន់​ការ​ពារធម្មជាតិ​នីមួយៗ ត្រូវការពារ និងទប់ស្កាត់នូវរាល់សកម្មភាព​ដែលធ្វើឱ្យខូចខាត ឬ​ប៉ះ​ពាល់ជា​អវិជ្ជ​មាន​ក្នុង​តំបន់ការពារធម្មជាតិ ដែល​បណ្តាលមកពីការកាប់គាស់ រុក​រាន ទន្ទ្រានដីដោយរំលោភ ការធ្វើ​អាជីវកម្ម ការបំពុលមជ្ឈដ្ឋានធនធានធម្មជាតិជីវៈចម្រុះ ភ្លើងឆេះព្រៃ និង​ការធ្វើកសិកម្មពនេចរជាដើម»។

លោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា យល់​​ថា រដ្ឋាភិបាល និងក្រសួងស្ថាប័ន​​ពាក់​ព័ន្ធ គួរបង្កើនការយកចិត្តទុកដាក់ និងរឹងបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត ព្រមទាំងតាមរក​អ្នកនៅពីក្រោយ​នៃបទល្មើស​នោះ ទើបអាច​​​ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងបទល្មើសធនធានធម្មជាតិមានប្រសិទ្ធភាព។

លោកថា៖​ «ទាក់ទងជាមួយនឹងការកាប់ទន្រ្ទានដីដោយខុសច្បាប់ ដូចជា ដីរដ្ឋក្តី ដីតំបន់ការពារធម្មជាតិក្តី ឬក៏ដីផ្សេងៗក្តី ខ្ញុំគិតថា ជារឿងមួយដែលគួរតែត្រូវបានគិតគូរ​ឱ្យបានច្បាស់លាស់ ការប្រើប្រាស់វិធានការទប់ស្កាត់កុំឱ្យ​មាន​​ការ​បន្ត​ការ​កាប់​បំផ្លាញ ហើយអាជ្ញាធរក៏ត្រូវតែសហការជាមួយភាគីពាក់ព័ន្ធ បង្កើនវិធានការ យកវិធានការច្បាប់​ដែលមានស្រាប់ ទៅបង្ក្រាប​ស្វែងរកបណ្តាញនៃការជួញដូរអីហ្នឹង ជាជាងការចោទប្រកាន់តែម្ខាង​ដោយ​អត់មាន​ការស្វែងរកបណ្តាញនៅពីខាងក្រោយ»។

លោក គឹមហុង បន្តថា សម្រាប់តំបន់ដីដែលចាស់រិច​រិល រដ្ឋាភិបាលអាចពិចារណាផ្តល់ជាដី​សម្បទាន​ទៅប្រជាជន ប៉ុន្តែសម្រាប់ដីដែលមានគុណភាពសម្រាប់ជីវចម្រុះ រដ្ឋាភិបាលគួរតែទប់​ស្កាត់ជាមុន កុំឱ្យមានការកាប់បំផ្លាញ និងទន្ទ្រាន​យក ហើយ​ត្រូវរួមគ្នាដាំដើមឈើឡើងវិញ​ក្នុងតំបន់ដែលរងការកាប់បំផ្លាញនោះ។ បើតាមមន្ត្រីអ្នកនាំពាក្យ​ គឺ​ក្រសួងបរិស្ថាន​បានដាក់ចេញនូ​វវិធានការបង្ការចំនួន៤ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ក្នុងនោះមាន ការអនុវត្តច្បាប់ ១០០ភាគរយ ដោយ​​មិន​លើក​លែង​ចំពោះជនល្មើសដែ​លបំពានធនធានធម្មជាតិ, ពង្រឹងការការពារ​ធនធានធម្មជាតិ​ជាមួយ​អាជ្ញាធរថ្នាក់ក្រោមជាតិ​, សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងកងរាជអាវុធហត្ថ​ដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញ​ឱ្យមានការដាំដើមឈើឡើងវិញ​ដើម្បីបង្កើនគម្របព្រៃ៕