តុលាការខេត្តសៀមរាបបានចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន២នាក់បន្ថែមទៀតក្នុងសំណុំរឿងឆបោករបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ តួលេខនៃការចាប់ខ្លួនចំពោះរឿងក្តីព្រហ្មទណ្ឌមួយនេះ បានធ្វើឱ្យជនត្រូវចោទបន្តកើនឡើងជិត៣០នាក់ហើយ ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់របស់កូនបំណុល។
សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែឧសភា ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃទី៨ ឧសភា នេះលើកឡើងថាជនត្រូវចោទឈ្មោះ ស៊ាង អូន និងប៊ី ពិសិដ្ឋ ទាំងពីរនាក់នេះត្រូវបានចៅក្របស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នហើយនៅក្នុងពន្ធនាគារខេត្ត ក្រោយចាប់ខ្លួនបាន។
ប្រភពបន្តថា ពួកគេត្រូវបានចៅក្រមស៊ើបសួរសម្រេចចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស(ជាក្រុមមានការចាត់តាំង) » តាមបញ្ញតិមាត្រា៣៧៧ និងបញ្ញតិមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។បន្ថែមពីលើនេះ មុនការសម្រេច ចៅក្រមស៊ើបសួរពិនិត្យឃើញថាជនត្រូវមានមានភស្តុតាង និងចម្លើយសារភាពគ្រប់គ្រានក្នុងការដាក់បន្ទុក នៅក្នុងរឿងក្តីមួយនេះ។
ប្រភពបន្តថា៖«ការឃុំខ្លួនជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមបានពិនិត្យភស្តុតាង និងសួរចម្លើយជនត្រូវចោទឃើញថាជនត្រូវចោទទាំងពីរនាក់ មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ »។
បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ លោក យិន ស្រាង អ្នកនាំពាក្យតុលាការខេត្ត បញ្ជាក់នៅថ្ងៃពុធនេះថាតុលាការនឹងមិនបកស្រាយអ្វីវែងឆ្ងាយទេ ជុំវិញសំណុំរឿងព្រហ្មទណ្ឌមួយនេះ។ក្នុងន័យនេះតុលាការនឹងបំភ្លឺលម្អិតនៅក្នុងនីតិវិធីរបស់ខ្លួនដាច់ដោយឡែកមួយ។
លោកបន្តថា៖ «មានព័ត៌មានប៉ុន្នឹងពីព្រោះចៅក្រមស៊ើបគាត់ ជាកិច្ចការសំខាន់នៅក្នុងកិច្ចការស៊ើបសំណុំរឿងរបស់គាត់ចឹងសូមបើមានព័ត៌មានថ្មី អ្នកនាំពាក្យនឹងប្រកាសជូនបន្តទៀតពាក់ព័ន្ធនឹងសំណុំរឿងខាងលើហ្នឹង សូមអរគុណ »។
បើតាមមន្រ្តីនាំពាក្យរបស់សាលាដំបូងខេត្តសៀមរាប ឱ្យដឹងថាលោក ស៊ាង អូន និងលោក ប៊ី ពិសិដ្ឋ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ចាប់ខ្លួនក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី៧ ខែឧសភា។ក្នុងចំណោមជនជាប់ចោទទាំងពីរនាក់នេះ ម្នាក់ចាប់ខ្លួនបាននៅនៅខេត្តកំពង់ធំ និងម្នាក់ទៀតនៅស្វាយរៀង។ ក្រោយចាប់ខ្លួនបាន ជនត្រូវចោទត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅខេត្តសៀមវិញ មុននឹងចៅក្របស៊ើបសួរសម្រេចចោទប្រកាន់អ្នកទាំងពីរពីបទ «ឆបោកមានស្ថានទម្ងន់ទោស »។
អ្នកស្រី ឡេង ចាន់ណា ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ មានទីតាំងនៅខេត្តសៀមរាបត្រូវជាប់ចោទពីបទឆបោកលុយពីពលរដ្ឋប្រមាណ ៣០០លានដុល្លារអាមេរិក តាមរយៈគំរោងវិនិយោគទទួលបានការប្រាក់ខ្ពស់ ។កាចេញដីកាឃុំខ្លួនមនុស្សចំនួន ២នាក់បន្ថែមទៀតនៅពេលនេះ តួលេខនាំនេះ ដោយចៅក្រមស៊ើបសួរ នៃតុលាការខេត្តសៀមរាប បានធ្វើចំនួនជនត្រូវចោទ នៅក្នុងសំណុំរឿងមួយនេះ កើនឡើងចំនួន២៦នាក់ហើយ។
យ៉ាងនេះក្តី អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តសៀមរាប លោ ក ចាន់ ចំរើន ហាក់មិនប្រាកដទេនៅក្នុងសំណុំរឿងមួយនេះ។ ប៉ុន្តែក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស លោកចង់ឃើញការអនុវត្តច្បាប់ប្រព្រឹត្តទៅតាមនីតិវិធី និងយុត្តិធម៌ បានន័យថាផ្អែកទៅលើភស្តុតាងឱ្យបានច្បាស់លាស់ និងមានធាតុផ្សំគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។
លោកបន្តថា៖«ចំពោះការចាត់ខ្លួនឬការចោទប្រកាន់ជាកិច្ចការតុលាការក៏ប៉ុន្តែសូមអោយមានការប្រព្រឹត្តទៅដោយមានភស្តុតាងច្បាស់លាស់ ខ្ញុំសូមសំណូមពរថាបើការចោទប្រកាន់អ្វីមួយបើការចោទប្រកាន់អ្វីមួយអោយមានភស្តុតាង គឺផ្អែកតាមផ្លូវច្បាប់ »។ ដោយឡែក សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការខេត្តសៀមរាប បង្ហាញជំហររបស់ខ្លួនថាសុំរឿងព្រហ្មទណ្ឌមួយនេះ តុលាការនឹងបន្តនីវិធីឱ្យឆាប់។មិនតែប៉ុណ្ណោះតុលាការប្តេជ្ញាថា នឹងអនុវត្តដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងរឿងក្តីមួយនេះ៕