សង្គមស៊ីវិលមួយចំនួនបានបង្ហាញការព្រួយបារម្ភពីគម្រោងអភិវឌ្ឍដែលអនុម័តដោយរដ្ឋាភិបាលដែលភាគច្រើនមានទុនវិនិយោគពីប្រទេសចិន ដោយពួកគេចង់ឱ្យរដ្ឋាភិបាលការពារផលប្រយោជន៍ និងសិទ្ធិកម្មករដែលពួក​គេ​​អា​ចក្លាយជានយោជិតរបស់គម្រោងមួយនេះ នៅពេលណាមួយ។

ការលើកឡើងបែបនេះធ្វើឡើងខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចេញរបាយការណ៍រប​​ស់​​ខ្លួ​​ន ប្រចាំ​​ខែ​​​មេសា ឆ្នាំ២០២៤នេះ។តាមរយៈរបាយការណ៍សង្ខេបដែលផ្សព្វផ្សាយកាលពីថ្ងៃទី៧ មេសា ហើយគេហ​​ទំព័រ New​​sr​​oom Cambodia ទើបទទួលបាននៅថ្ងៃទី៨ មេសា នេះបង្ហាញថាគម្រោងវិនិយោគថ្មីដែលរដ្ឋាភិ​​បាលបា​​ន​​អ​​នុម័ត​ជាង២០គ​​ម្រោង គឺមានទុនច្រើនលើសល​​ប់​​ពីប្រទេសចិន។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៨ ខែឧសភានេះថា លោកសាទរចំពោះការកៀគរវិនិយោគទុនបរទេសមកអភិវឌ្ឍនៅកម្ពុជា ក៏ប៉ុន្តែលោកចង់ឱ្យរដ្ឋាភិបាលការពារផលប្រយោជន៍កម្ពុជា ដោយផ្ដល់ដំណោះស្រាយសមរម្យដល់អ្នករងផលប៉ះពាល់ពីការអភិវឌ្ឍន៍ និងមានតម្លាភាពក្នុងការបង្ហាញពីផលប៉ះពាល់នៃគម្រោងវិនិយោគទាំងនោះ ខណៈលោកថាផលប៉ះពាល់នៃការវិនិយោគត្រូវបានសិក្សាដោយក្រុមហ៊ុនវិនិយោគផ្ទាល់ ដែលអាចធ្វើឱ្យគ្មានតម្លាភាពក្នុងការបញ្ចេញព័ត៌មានទាំងនោះ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលខ្មែរត្រូវគិតនៅពេលដែលយើងមានឱកាសនៅក្នុងការប្រមូលវិនិយោគទុនមក យើងក៏ត្រូវគិតផងដែរអំពីទី១ ថាតើយើងត្រូវធ្វើអីខ្លះដើម្បីការពារផលប្រយោគពលរដ្ឋរបស់យើង ព្រោះយើងឃើញថាការវិនិយោគទុននេះ វាកន្លែងខ្លះវាធ្វើឱ្យមនុស្សហ្នឹងឥឡូវនេះចាប់ផ្ដើមមានការភ័យព្រួយនឹងរឿងអភិវឌ្ឍហ្នឹងហ្មង។ ព្រោះគេគិតថាកាលណាមានការអភិវឌ្ឍន៍វាតែងតែមានអ្នករងគ្រោះ ហើយអ្នករងគ្រោះហ្នឹងមិនសូវជាបានទទួលការដោះស្រាយសមរម្យទេ ច្រើនត្រូវគេបណ្ដេញចេញ ឬត្រូវបានទទួលរងការដាក់ទោសទណ្ឌចាប់ដាក់គុកអីចឹង អាហ្នឹងជារឿងដែលយើងធ្លាប់ឃើញពីមុនហើយ ពិសេសគឺការវិនិយោគទុនពីប្រទេសចិនហ្នឹង អាការសិក្សានូវផលប៉ះពាល់អី បរិស្ថានអីគឺមិនសូវមានការបង្ហាញឱ្យឃើញជាតម្លាភាពអីត្រឹមត្រូវទេ»

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះទទួលស្គាល់ថា ការវិនិយោគនៅកម្ពុជាផ្ដល់ការងារដល់ពលរដ្ឋបានច្រើន ។ ក៏ប៉ុន្តែលោកថាកម្រៃដែលបានពីការធ្វើការនៅតាមរោងចក្រ និងក្រុមហ៊ុនទាំងនោះ សម្រាប់កម្មករកម្ពុជាភាគច្រើនប្រាក់ខែនៅមានកម្រិតទាប មិនសមរម្យសម្រាប់ជីវភាពហើយត្រូវរស់នៅដោយភាពត្រដាបត្រដួស។

លោកបន្តថា៖ «អាហ្នឹងវាជារឿងមួយទៀតហើយដែលរដ្ឋាភិបាលត្រូវតែគិតមើលដែរអំពីការជួយដល់កម្មករយើងធ្វើម៉េចឱ្យមានប្រាក់ខែមួយដែលសមរម្យផងដែរ។ ព្រោះយើងដឹងហើយថា ការវិនិយោគទុនវានឹងជួយឱ្យ GDP ហ្នឹងកើន ប៉ុន្តែបើសិនជា GDP ហ្នឹងកើន ប៉ុន្តែជីវភាពរបស់ពលរដ្ឋនៅក្នុងថ្នាក់ម៉ាក្រូខាងក្រោមហ្នឹងតាមគ្រួសារមិនឡើងទៅមុខរួចទេ ហ្នឹង GDP ឡើងកាន់តែខ្ពស់ គម្លាតរវាងអ្នកក្រនិងអ្នកមាននឹងអាចមានកាន់តែឆ្ងាយគ្នាទៅ​​ៗ​​ »

លោកបណ្ឌិត មាស នី ក៏ស្នើឱ្យរដ្ឋាភិបាលគិតគូពីសិទ្ធិរបស់កម្មករធ្វើការនៅគម្រោងវិនិយោគទាំងនោះដែរ ដោ​​យ​​លោកសង្កេតឃើញកន្លងមកមានព័ត៌មានជាច្រើនដែលបានបង្ហាញចេញថា នៅក្នុងរោងចក្រ ឬការវិនិយោគក្រោ​ម​ការគ្រប់គ្រងរបស់ចិន ការគោរពសិទ្ធិរបស់កម្មករគឺមិនសូវជាមានការយកចិត្តទុកដាក់ខ្ពស់ទេដោយមានកា​​របង្ខំធ្វើ​ការច្រើនហួសម៉ោងធ្វើការជាដើម។

លោកបន្តថា៖«ជួនកាលពេលខ្លះយកវិនិយោគទុកមកកាន់តែច្រើនពីប្រទេសចិន ប៉ុន្តែក៏អាចធ្វើឱ្យកម្មករមានការមិនសប្បាយចិត្តជាមួយនិងរដ្ឋាភិបាលប្រសិនបើរោងចក្រឬក្រុមវិនិយោគទុនទាំងអស់ហ្នឹងមិនធ្វើការគោរពឱ្យបានត្រឹមត្រូវកម្មករស្របទៅតាមអ្វីដែលបានចែក្នុងច្បាប់ទេនោះ អញ្ចឹងវានឹងអាចធ្វើឱ្យផលប៉ពាល់អវិជ្ជមានត្រឡ​ប់​​ទោរករដ្ឋាភិបាលវិញ »

ចំណែកឯប្រធានសមាគមន៍ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(Idea) លោក វន់ ពៅ យល់ឃើ​ញ​​ថា​​ការដែលរដ្ឋាភិបាលទាក់ទាញវិនិយោគទុនពីបរទេសមកអភិវឌ្ឍនៅកម្ពុជាជារឿងប្រសើរដោយអាចផ្ដល់ការ​​ងា​រ​​ដល់ពលរដ្ឋខ្មែរ។

លោកបន្តថា៖«ខ្ញុំយល់ឃើញថាបើសិនជារដ្ឋាភិបាលទាក់ទាញវិនិយោគហើយវិនិយោគបានដាក់ទុនមានកិច្ចព្រមព្រៀងអីចឹងវាជារឿងប្រសើរហើយសម្បូរវិនិយោគទុនជនជាតិចិន ហើយអាហ្នឹងវាជារឿងល្អហើយដែលជាការអភិ​​វឌ្ឍ​ន៍បន្ថែមធ្វើឱ្យកម្លាំងពលកម្មការងារពលរដ្ឋខ្មែរមានទីផ្សារឡើងវិញ »

ក្រៅពីការវិនិយោគពីប្រទេសចិន លោក វន់ ពៅ ក៏ចង់ឱ្យមានការបន្តាក់ទុនវិនិយោគពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដូចគ្នាដែរ ហើយគួរមានការវិនិយោគលើគ្រឿងអេឡិចត្រូនិកជាដើម។លើសពីនេះទៀតអ្នកវិនិយោគគួរសិក្សាពីច្បាប់នៅកម្ពុជាសម្រាប់ឱ្យមានការគោរពសិទ្ធិរបស់កម្មករ  និងមានលក្ខខណ្ឌការងារប្រសើរសម្រាប់កម្មករ។

លោកបន្តថា៖«ហើយម៉្យាងទៀតការវិនិយោគយើងចង់ឱ្យវិនិយោគទុនហ្នឹងសិក្សាពីច្បាប់ស្រុកខ្មែរឱ្យបានច្បាស់​​លាស់ដើម្បីapplyទៅតាមច្បាប់ ចៀសវាងថាមកដាក់ទុនហើយមិនគោរពច្បាប់ស្រុកខ្មែរ មិនគោរពសិទ្ធិកម្មករ អាហ្នឹងក៏រៀងពិបាកដែរ អ៊ីចឹងយើងចង់ឱ្យគោរពច្បាប់ស្រុកខ្មែរ គោរពសិទ្ធិ លក្ខខណ្ឌការងារប្រសើរសម្រាប់កម្មករផងដែរ »

លោកបានបន្ថែមថា៖ «ខ្ញុំគិតថាការវិនិយោគមួយៗរដ្ឋាភិបាលគួរត្រូវសិក្សាដែរ ថាតើការវិនិយោគហ្នឹងមានផលប៉ះពាល់អវិជ្ជមានអីខ្លះ ទទួលបានផលវិជ្ជមានអីខ្លះ។ ខ្ញុំឧទាហរណ៍ថា វិនិយោគលើដីសម្បទានកសិកម្ម ថាតើវិនិយោគហ្នឹង រដ្ឋាភិបាលត្រូវសិក្សាមើលតើមានផលប៉ះពាល់ទៅដល់ពលរដ្ឋអត់? ទៅដល់ពលរដ្ឋប៉ុន្មាន? ហើយផលប៉ះពាល់ទៅដល់ធនធានធម្មជាតិអត់? អីចឹងត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីផលចំណេញនិងផលខាត។ បើ​​សិនជាគិតថាវិនិយោគសិក្សាទៅវាខាតសម្រាប់ជាតិសម្រាប់សង្គម មិនបាច់វិនិយោគទេ តែបើសិក្សាមើលទៅវិនិ​យោគទៅចំណេញសម្រាប់ជាតិសម្រាប់សង្គម មិនប៉ះពាល់ធនធានធម្មជាតិ មិនបំផ្លាញបរិស្ថាន មិនធ្វើឱ្យឧស្សាហកម្មហ្នឹងទៅជាឧស្សាហកម្មកខ្វក់ អាហ្នឹងខ្ញុំគិតថាគួរតែទទួលទៅ ប៉ុន្តែបើសិក្សាទៅមានផលប៉ះពាល់ រដ្ឋាភិបាលគួរគិតពិចារណាផងដែរ »

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​​(CDC) បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង និងគ​​ម្រោ​​ងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ ហើយគម្រោងទាំងនោះប្រមាណ៩៨ភាគរយនៃទុនវិនិយោគសរុបគឺពីប្រទេសចិន។

សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា គម្រោងវិនិយោគទាំងនោះមានដូចជាផលិតស្រោមជើង ស្រោមដៃ, ក​ន្សែ​​ង​​បង់ក មួក ស្បែកជើងពាក់ក្នុងផ្ទះ ផលិតកម្មផលិតសំបកកង់យានយន្ត ម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំង និងគម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម។ ហើយក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ៧គម្រោង ខេត្តកណ្ដាល ៣គម្រោង ខេត្តស្វាយរៀង ៦គម្រោង ខេត្តព្រះសីហនុ ២គម្រោង ខេត្តបន្ទាយមានជ័យ ១គម្រោង និងនៅរាធានីភ្នំពេញ ចំនួន៣គម្រោង។

ដោយឡែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់ Newsroom Cambodia ថាគ្មានគម្រោ​ងវិនិ​​យោ​គ​ណាមួយ ដែលអនុវត្តទៅហើយគ្មានទើសទាស់នោះទេ។លោកបន្តថាការអនុវត្តផែនការវិនិយោគ ចៀស​​មិ​​នផុ​ស​​ពីជួបបញ្ហាប្រឈមខ្លះមិនខាន។ប៉ុន្តែភាពប្រឈមកើតឡើងយ៉ាងណាក៏ដោយ មិនមែនមា​នន័យថាគ្រ​ប់​ប​​ញ្ហា​​​​​ទាំងនោះ ត្រូវកប់ចោលនោះឡើយ។

លោកបន្តថា៖ «គម្រោងណាធ្វើអីទៅដែលវាល្អផូរផង់ទាំងអស់គ្រប់ដប់១០០ភាគរយវាអត់មាននៅលើលោកនេះ ធម្មតាវាមានផលប៉ះពាល់បន្ដិចបន្ដួចយ៉ាងណាយ៉ាងណីគេដោះស្រាយតាមហ្នឹងទៅ វាធម្មតាតាស៎ គម្រោងអីក៏ដោយ ធ្វើកិច្ចការងារអីក៏ដោយ អាហ្នឹងទី១ ទី២រឿងប្រាក់ខែៗនៅស្រុកយើងប្រាក់ខែឡើងរហូតៗអូនឯងមើលៗសូម្បីតែកម្មករ កម្មការីរោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងអីឡើងរហូតឡើងដល់២០០ជាងសហរដ្ឋអាមេរិកប្រាក់ខែអប្បបរមា រួចហើយបូកផ្សំនិងប្រាក់អីផ្សេងៗទៀតទៅឡើង៣-៤ រយដុល្លារមួយខែៗ »

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ស្តីពីការបោះទុនវិនិយោគនៅកម្ពុជា ដែលផ្សព្វផ្សាយកា​​ល​ពី​​​ថ្ងៃ​​​ទី៥ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាទទួលបានការដាក់ទុនវិនិយោគលើគម្រោងវិនិយោគថ្មី និងគម្រោ​​ង​​ពង្រីកផលិតកម្មចំនួន១០៦គម្រោងដែលគិតជាទឹកប្រាក់មានប្រមាណ២,២ពាន់លានដុល្លារអាមេរិក និងបង្កើ​​ត​​បានការងារជាង១០៧ពាន់កន្លែង។តួលេខនេះបានជំរុញឱ្យមានកំណើនទុនវិនិយោគបានកើនឡើងជិត ២ពាន់លា​នដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕