ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៤ស្ថាប័ន ស្នើទៅដល់រដ្ឋាភិបាលចាត់វិធានការជាប​ន្ទាន់ ដើម្បីដោះស្រាយបញ្ហានៃការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និងការអនុវត្តការប្រមូលប្រាក់សងបំណុលដោយបំពាន ក្នុង​វិ​ស័យ​​មីក្រូ​ហិរញ្ញវត្ថុនៅក្នុងប្រទេស ស្របពេលដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវត្រួតពិនិត្យ​​នៅ​​​​ក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

គេហទំព័រ Newsroom Cambodia ទើបទទួលបានរបាយការណ៍មួយច្បាប់ នៅថ្ងៃអង្គារនេះ ក្រោយ​មួយថ្ងៃ​នៃ​​ការចេញរបាយការណ៍​​ដោ​​យ​​ក្រុមអង្គការមិ​ន​​មែ​​នរដ្ឋាភិបាល។តាមរយៈរបាយការណ៍ដដែលនេះ បង្ហាញថាកម្ពុជាមានទំហំកម្ចីខ្នាតតូចជាមធ្យមខ្ពស់ជាងគេបំផុតនៅក្នុងសកលលោកដោយកម្ចីខ្នាតតូចជាមធ្យមនេះ គឺ​​​លើ​សពី ៥០០០ ដុល្លារអាមេរិក ច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋជាច្រើនដង​។​

របាយការណ៍ដែលចេញរួមគ្នាដោយអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ អង្គការ Fian របស់អាល្លឺម៉ង់ អង្គការសម​ធម៌កម្ពុជា និងអង្គការសមាគមធាងត្នោត បង្ហាញទៀតថា​ការ​ស្តង់​មតិ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​កុមារ​ច្រើនជាង​ ​៣​% ​នៅ​ក្នុង​គ្រួសារ​​​ដែល​ផ្តល់​បទសម្ភាសន៍​ ​បាន​ឈប់​រៀន​ ​ជាពិសេស​ដោយសារតែ​បញ្ហា​មីក្រូ​ហិរញ្ញវត្ថុ​ ​ហើ​យ​​​​​បន្ថែម​ពីនេះទៅ​ទៀត​ ​កុមារ​ច្រើនជាង​៤​% (​រួម​ទាំង​កុមារ​ដែល​មាន​អាយុ​ក្មេង​ត្រឹម​១​០​ឆ្នាំ​) ​បាន​ចេញទៅ​ធ្វើ​​ការ​ដើម្បី​សងបំណុល​ទៅ​កាន់មីក្រូ​ហិរញ្ញវត្ថុ​ ​។

សេចក្តីថ្លែងការណ៍លើកឡើងថា៖ «​ រហូត​មកដល់ពេលនេះ​ ​នៅ​មិនទាន់​មាន​ចំណាត់​ការ​ណាមួយ​ដែល​ច្បា​​ស់​​លាស់​ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​លើ​កំណែ​ទម្រង់​នោះ​ទេ​ ​។​ ​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​​​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ​សូម​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ធានា​ឱ្យ​មាន​ការបញ្ឈប់​នូវ​ការ​រំលោភបំពាន​ទាំ​​ងនេះ​​ ​» ។

បន្ថែមលើរបាយការណ៍នេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ឱ្យដឹងថា កម្ចីមីក្រូហិរញ្ញវត្ថុខ្នាតតូច គឺទំហំកម្ចីដែលមានកិច្ចសន្យាទំហំទឹកប្រាក់កម្ចីខ្នាតតូចរបស់គ្រឹស្ថានមីគ្រូហិរញ្ញវត្ថុ និងធនាគារ ជាមួយអ្នកខ្ចី ហើយការំលោភសិទ្ធិមនុស្សក្នុងវិស័យហិរញ្ញវត្ថុគឺការរំលោភសិទ្ធិទៅលើកូនបំណុល (អ្នកខ្ចីលុយ) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុខ្នាតតូច ដូចជាការដាក់សម្ពាធ ការគំរាមកំហែង ការបង្ខំឱ្យលក់ដីសងបំណុល ការធ្វើឱ្យមានពលកម្មកុមារ ការបាត់បង់ការសិក្សារបស់កុមារ និងការធ្វើឱ្យប៉ះពាល់ដល់សុខភាព( ការកាត់បន្ថយរបបអាហារ) និងការប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចដោយសារកម្ចីមីក្រូហិរញ្ញវត្ថុ។

លោកបន្តថា ៖ « បច្ចុប្បន្ននេះគិតជាទំហំទឹកប្រាក់កម្ចីខ្នាតតូច ជាមធ្យមក្នុងមួយកម្ចីទំហំទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារ ដែលទំហំកម្ចីគិតជាមធ្យមនេះមានភាពខ្ពស់ខ្លាំង។តាមការស្រាវជ្រាវរបស់អង្គការ លីកាដូ គិតដ​ល់​​​​ឆ្នាំ២០២៣ គឺកម្ចីខ្នាតតូចនៅកម្ពុជាមានចំនួន ២.៨ លានកម្ចី គិតជាទឹកប្រាក់ជាង១៥ពាន់លានដុលារ[…] តាមការស្រាវជ្រាវរបស់អង្គការ លីកាដូ និងអង្គការដៃគូ យើងមានការព្រួយបារម្ភពីហានីភ័យនៃបំណុល កម្ចីខ្នាតតូច ព្រោះយើងរកឃើញពីការបង្ខំឱ្យលក់ដីសងបំណុល ពលកម្មកុមារ កុមារបោះបង់ការសិក្សាដើម្បីជួយរកចំណូលសង់ត្រលប់ទៅមីក្រូហិរញ្ញវត្ថុ ការកាត់បន្ថយរបបអាហារ ដើម្បីសន្សំប្រាក់សងបំណុល និងការប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច ដោយសារជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ » ។

លើសពីនេះទៅទៀត ការហាមឃាត់ការប្រើប័ណ្ណកម្មសិទ្ធដីធ្លីជាទ្រព្យធានាសម្រាប់កម្ចីខ្នាតតូច ដោយផ្តល់អា​​ទិ​ភាពលើកម្ចីដែលផ្តល់អទិភាពដល់ជនជាតិដើមភាគតិច និងអ្នកដែលមានប័ណ្ណក្រីក្រ។ក្រៅពីនេះ ការបង្កើតយ​​ន្ត​ការអនុគ្រោះលើបំណុលសម្រាប់គ្រួសារដែលជំពាក់បំណុលច្រើ​នលើសលុប និងផ្តល់អាទិភាព នៃការអនុ​​គ្រោះ​បំណុលនោះដល់ជនជាតិដើមភាគតិច និងគ្រួសារដែលមានប័ណ្ណក្រីក្រ ។

‍លោកបន្តថា៖ « ទោះបីជាមីក្រូហិរញ្ញវត្ថុជាវិស័យឯកជន ប៉ុន្តែនៅពេលមានផលប៉ះពាល់ និងការំលោភសិទ្ធិមនុស្សមួយចំនួនដែលកើតចេញពីបំណុលមីក្រូហិរញ្ញវត្ថុ រដ្ឋត្រូវពិនិត្យមើលនិងជួយអន្តរាគមន៍លើករណីនេះ […] ចាត់វិធានការជាក់ស្តែងក្នុងការផ្តល់សេវាថែទាំសុខភាព និងការអប់រំកម្រិតបឋម និងមធ្យមសិក្សា ដោយឥតគិតថ្លៃពេញលេញ សម្រាប់ប្រជាពលរដ្ឋទាំងអស់ដើម្បីកាត់បន្ថយការជាប់បំណុលដែលកើតចេញពីការចំណាយទាំងនេះ‍ »។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ ប៉ុន្តែមិនមានការឆ្លើយតប គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ។​

ចំណែកឯ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងថា កិច្ចប្រជុំស្ដីពីវិធានការពិនិត្យឡើងវិញជាសកល  ជាយន្តការមួយសម្រាប់សមាជិកទាំងអស់របស់អង្គការសហប្រជាជា​​តិ មិនថាកម្ពុជា ឡាវ អាមេរិក កាណាដា អង់គ្លេស គឺមានកាតព្វកិច្ចក្នុងការរៀបចំ និងការបញ្ជូនរបាយការ​​ណ៍​UPR លើការអនុវត្តសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិរៀងរាល់បួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង។លោកបន្តថាស​ម្រា​​ប់​​ការ​ពារទៅលើរបាយការណ៍របស់ខ្លួនដែលធ្វើក្នុងជុំទីបួននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ឧសភាឆ្នាំ២០២​៤ ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកបន្តថា៖ «ការទៅប្រជុំUPR នេះ គឺមិនមែនជាវេទិកាក្នុងការរិះគន់បន្តុះបង្អាប់ការវាយប្រហារអំពីបញ្ហានោះទេ ប៉ុន្តែជាវេទិកាសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ ក្នុងគោលដៅចែករំលែកបទពិសោធ ចំណុចខ្វះខាតបញ្ហាផ្សេងៗ ដើម្បីធានានូវការលើកកម្ពស់អង្គការការពាសិទ្ធិមនុស្សជាសកល។ ហើយទោះបីជាមានជំងឺ ឬការរីករាលដាលនៃជំងឺកូវីដ នឹងវិបត្តិផ្សេងៗរបស់សកល ក៏ដោយក៏ក្រសួងស្ថាប័ន មានសមត្ថកិច្ចបានខិតខំប្រឹងប្រែងអនុវត្ត នូវអនុសាសន៍ដែលកម្ពុជាទទួលយកកាលពីជុំទីបីនោះ គឺ១៧៣ បាននៅបានយ៉ាងខ្ជាប់ខ្ជួនដែលជាការឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់កម្ពុជានៅក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស »។

លោកបញ្ជាក់ថា យន្ដការនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់នេះ គឺជាយន្តការជាវេទិកាសម្រាប់ជាកិច្ចសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា បើផ្អែកលើរបាយកា​​រណ៍​នេះ គឺមិនមែនជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជាទេ ប៉ុន្តែទោះជាយ៉ាងណា ប្រាក់កម្ចីមិនមានកំហុសទេ គ្រាន់តែត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពី វិធីសាស្ត្រ នីតិវិធី ការផ្តល់ប្រាក់កម្ចី និងនីតិវិធីក្នុងការទទួលប្រា​​ក់​​​​​កម្ចី អាចជាវិធីក្នុងការស្វែងរកដំណោះស្រាយដ៏ល្អបានសម្រាប់វិបត្តិមួយនេះ។

លោកបន្តថា៖«យើងមើលត្រឡប់ទៅវិញជាង២០ឆ្នាំមុន យើងឃើញថាការផ្តល់ប្រាក់កម្ចី ជាពិសេសមីក្រូហិរញ្ញវត្ថុតូចៗនោះ គឺមានលក្ខណៈល្អណាស់ ដោយសារតែនីតិវិធីនៃការផ្ដល់ប្រាក់កម្ចីនោះ គឺត្រូវមានការពិនិត្យបានពិចារណាបានច្បាស់លាស់ ពិនិត្យទៅលើលទ្ធភាពរបស់អ្នកខ្ចី អំពីគោលបំណងរបស់អ្នកខ្ចី អំពីផែន​​ការក្នុងការប្រើប្រាស់ប្រាក់កម្ចី គឺមានភាពល្អិតល្អន់ និងការផ្តល់យោបល់បន្ថែមធានាថា អ្នកដែលខ្ចីប្រាក់នោះយកទៅប្រើប្រាស់ អាចមានយកទៅធ្វើអាជីវកម្ម ឬ វិនិយោគអ្វីមួយមានប្រាក់ចំណេញដើម្បីត្រលប់សងត្រឡប់មកវិញ »។

លោកបន្ថែមថា៖«ប៉ុន្តែសម្រាប់បច្ចុប្បន្នយើងឃើញថា ការផ្តល់ប្រាក់កម្ចីជាពិសេសខាងមីក្រូហិរញ្ញវត្ថុនោះ គឺហាក់បីដូចជា ជាលក្ខណៈដាក់បន្ទុកឬក៏ធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រទៅទៅវិញ […] ដោយសារតែទីផ្សារប្រ​​កួត​ប្រជែង ខាងមីក្រូហិរញ្ញវត្ថុនីមួយៗ មានតែជំរុញ និងបង្ករភាពងាយស្រួលខ្លាំងដោយមិនខ្វល់ថា គាត់ខ្ចីយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វី អាចសងត្រឡប់មកវិញបើមិនបាន គឺពួកគាត់គឺធ្វើយ៉ាងម៉េចដើម្បីឱ្យសម្រេចទៅ គោលដៅប្រចាំឆ្នាំប្រចាំខែរបស់ពួកគាត់ »។

លោកបន្ថែមពីលើនេះទៀត ខាងមីក្រូហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យា​​បាល ត្រូវពិ​ភាក្សាគ្នាអំពីនីតិវិធី អំពីអត្រាការប្រាក់ និងបែបបទនៃការផ្តល់ប្រាក់កម្ចីឡើងវិញ ។

ស្របពេលជាមួយគ្នានេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ បង្ហាញថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ធ្លាប់​បាន​ព្រមាន​អំពី​ការ​បាត់បង់​ដី​ ​ដោយ​ផ្អែកលើ​ទំហំ​នៃ​ការ​សង​ត្រឡប់​លើក​ម្ចី​ខ្នាត​តូច​ ​ជាមធ្យម​ ​ដែល​មាន​ក​ម្រិ​ត​ខ្ពស់​នៅ​កម្ពុជា​ ​និង​ការប្រើប្រាស់​ដីធ្លី​ជា​ទ្រព្យ​ធានា​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ម្តងហើយដែរ​។​ ចំណែក​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌ក៏​បាន​សម្តែង​ការ​ព្រួ​​យ​​​​បារម្ភ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ដែរ​ថា​ ​ប្រាក់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សិទ្ធិ​ទទួល​បាន​ការរស់នៅ​សមរម្យ​ ​នៅកម្ពុជា៕