អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម​​​​ បង្ហាញក្តីបារម្ភអំ​ពីគុណភាពកងទ័ព បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារថានឹង​ផ្តល់​ក្រ​ប​ខ័​​ណ្ឌ​​​​ជូនដល់សាច់ញាតិ​បង្កើតរបស់​យោធិន​ពលី​ ២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ​ទី៣ ដោយមិនបានឆ្លងកាត់ការប្រលង និងការសិក្សា​រៀនសូត្រ។

​​កាល​ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុករបស់​លោកថា លោកនឹង​ផ្តល់​ក្រ​ប​ខ័​​ណ្ឌ​​​​ជូនដល់សាច់ញាតិ​បង្កើតរបស់​យោធិន​ពលី​ទាំង​២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ឱ្យចូលបម្រើ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​ដើម្បីបានបន្តវេនពីឪពុក។  ​

ការបង្ហោះសារ​របស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីលោកបានឃើញ​សារបង្ហោះរបស់លោក ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលី ក្នុង​ឧបទ្ទវហេតុផ្ទុះគ្រាប់ ដែលស្នើសុំក្របខ័ណ្ឌពីលោកនាយករដ្ឋមន្ត្រី ដើម្បីបានចូលបម្រើ​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​ ​បន្ត​វេន​​ពីឪពុក។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «​មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់​ក្របខ័ណ្ឌ​ជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជា​បងប្អូន​​បង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាច​បានចូល​បម្រើក្នុង​ជួរកងទ័ព​បន្តវេន​ពីឳពុក ឬបងប្អូនរបស់គាត់»។​

លោកបណ្ឌិត មាស​​ នី ​អ្នកសិក្សា​ពី​ការ​វិវត្ត​សង្គម​លើកឡើង​​ថា ការបញ្ចូលគ្រួសាររបស់យុទ្ធជនពលី​មកនេះ គឺជា​ការលើកទឹកចិត្ត ប៉ុន្តែ​លោក​ថា រដ្ឋាភិបាលគួរ​គិត​ពី​សមត្ថភាព​និង​​គុណភាព​កងទ័ពទាំងមូល។​

លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំមានការព្រួយបារម្ភ វា [ការផ្តល់ក្របខណ្ឌ] ខ្លាចថារឿងអស់ហ្នឹង វា​ក្លាយ​ជា​ប្រពៃណីមួយធម្មតា ឱ្យតែមានបងប្អូន ឬសាច់ញាតិណាមួយស្លាប់ គឺអ្នកមួយទៀត​អាច​នឹង​ឡើង​ទៅ​ជំនួសបានអ៊ីចឹង»។

លោកបន្ថែមថា ការផ្តល់ក្របខណ្ឌនេះ ​ហាក់​ស្ថិត​​ក្នុងទិដ្ឋភាពនយោបាយ ជាជាង​ទិដ្ឋភាព​តម្រូវការ​ផ្នែក​បច្ចេកទេស ដែល​រួមមាន​ទាំងការបញ្ចូល​មន្ត្រីឱ្យចូលរួម​ជីវភាពនយោបាយ​ក្នុង​គណបក្សកាន់​អំណាច​​កន្លងមក​។

លោកថ្លែងថា៖ «នៅពេលយើងទទួលក្នុងន័យ​នយោបាយ ថាតើវាប៉ះពាល់ដល់កម្រិតស្ថាប័ន​នីមួយៗ​របស់ប្រទេសកម្រិតណា។ ឧទាហរណ៍​ថា មនុស្សដែលយើងបញ្ចូលទៅនឹងថា​តើមាន​សមត្ថភាព​ក្នុងការធ្វើការទៅតាម​តួនាទីដែលខ្លួនឯងទទួលថ្មីដែរឬអត់?»។

ចំណែកលោក អុឹម នរិន្ទ នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា​យល់ឃើញថា ការបញ្ចូលគ្រួសារ​របស់​យោធិនពលី អាចជាការតបស្នង​សម្រាប់​អ្នក​ដែល​បាន​ពលី​ជីវិត​ ប៉ុន្តែ​លោក​បារម្ភ​ថា​​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​នាយ​ទាហាន។​ លោក​ថា រដ្ឋាភិបាល​គួរ​ជួយ​សាច់ញាតិ​ជអ្នកពលី​ជួយក្នុងរូបភាពផ្សេង ដូចជា​​ឧបត្ថម្ភ​ទៅ​​ដល់​​គ្រួសារ ឬដំឡើងគោរមងារ ឬគ្រឿងអស្សរិយស ដែលគេធ្លាប់បានផ្តល់ឱ្យអអ្នកស្លាប់​នាពេលកន្លងមក។​

លោកថ្លែងថា៖ «ប្រសិនជាយើងជ្រើសរើស ដោយមិនមានលក្ខណៈសម្បត្តិ និងគុណសម្បត្តិ​ត្រឹម​ត្រូវ​​​ទេ អាចធ្វើឱ្យសមត្ថភាពរបស់នាយទាហានយើងក៏អាចធ្លាក់ចុះដែរ កាលធ្វើបែបហ្នឹង ប្រសិនបើ​​ប្រតិបត្តិ អនុវត្តន៍ទ្រង់ទ្រាយធំទៅ អញ្ចឹងបានន័យថា យើងជ្រើសរើសមនុស្ស​ដែល​មិនមាន​​ទឹកចិត្ត​ច្បាស់លាស់ ហើយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលធ្វើកិច្ចការ​ហ្នឹង»។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើង​ថា ការ​ផ្តល់​ក្រ​ប​ខ័​​ណ្ឌ​​​​ជូនដល់សាច់ញាតិ​បង្កើតរបស់​យោធិន​ពលី​ទាំង ២០នាក់ គឺជាគុណធម៌របស់ថ្នាក់ដឹកនាំ ដែល​យ​ក​ចិ​ត្ត​ទុ​កដា​ក់​ចំ​ពោះ​គ្រួសារ​យោធិនដែល​​បាន​ពលីជីវិត។ លោក​ថា លោក​សោកស្ដាយ​ចំពោះការ​លើកឡើង​​របស់អ្ន​ក​វិភាគ​​​ណាមួយដែល​លើកឡើងពីការបារម្ភ​ទាំងនោះ។​

លោកថ្លែងប្រាប់​ Newsroom Cambodia តាមរយៈ​ប្រព័ន្ធ​តេឡេក្រោម​ថា៖ «ពាក្យ​ផ្ត​ល់​ក្រ​ប​ខ​ណ្ឌ​ពិសេស​ ទាល់តែក្នុងករណីពិសេស ពិសេសគឺចឹង ដូចដែលយោធិន២០នាក់ហ្នឹង គឺពិសេសហើយ អាហ្នឹងគឺយោង​លើគុណធម៌ ប្រជាពលរដ្ឋទូទាំងប្រទេស គេអបអរសាទរ​ គេកោតសរសើរ​គុណធម៌​សម្តេចនាយករដ្ឋមន្ត្រី ប៉ុន្តែម៉េចក៏មានអ្នកវិភាគអីចេញមកភ្លាវខុសគេអញ្ចឹង»។

លោកបន្ថែមថា នៅពេល​ដែល​ជនណាម្នាក់ចូលជាយោធិនក្នុងក្របខ័ណ្ឌពិសេសអ្វីក៏ដោយ គឺនឹង​ត្រូវ​ទទួលបាន​ការ​ប​ណ្តុះបណ្តាល​ចំណេះជំនាញ ហើយកិច្ចការទាំង​នោះ​ជាសមត្ថកិច្ច​របស់​ក្រសួង​ការពារជាតិ។

លោកបញ្ជាក់ថា៖ «ប្រសិនបើយោធារបស់កម្ពុជាអត់មានសមត្ថភាពទេ មិនអាចស្វែងរកសន្តិភាព មិនអាចការពារសុខសន្តិភាព សុវត្ថិភាពជូនប្រទេសបានដូចសព្វថ្ងៃទេ សូមឱ្យ​អ្នកវិភាគ​ទាំងអស់​ហ្នឹង យល់ដឹងពីរឿងហ្នឹងផងបាទ»។ 

គួរបញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់នៅទីបញ្ជាការ​​យោធភូមិភាគ​៣ នៅខេត្តកំពង់ស្ពឺ កើត​ឡើង កាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ត្រូវ​បាន​រដ្ឋាភិបាល​​អះអាងថា គឺជា​បញ្ហា​បច្ចេកទេស ដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួម​ជាមួយ​អាកាសធាតុ​ក្តៅ។ ក្នុង​ហេតុការណ៍​នោះ ​បាន​បណ្តាល​ឱ្យ​យោធិនចំនួន​២០​នាក់ ​ទទួល​មរណៈភាព៕​